ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ៊ុន សែន៖ ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​ត្រូវ​នៅ​ក្រោម​ច្បាប់


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ជំទាស់​គឺ​មិនមាន​វិសាលភាព​គ្រប​ដណ្តប់​លើ​ច្បាប់​នានា​ និង​អំណាច​ធំៗ​ទាំង​បី​ គឺ​នីតិបញ្ញត្តិ​ នីតិ​ប្រតិបត្តិ និង​ប្រព័ន្ធ​តុលាការ​កម្ពុជា​នោះ​ទេ។​ ប៉ុន្តែ​វា​ហាមប្រាម​មិន​ឲ្យ​មាន​ការ​ជេរ​ប្រមាថ និង​គំរាម​គ្នា​ដើម្បី​ផល​ចំណេញ​នយោបាយ។​

«វប្បធម៌​សន្ទនា​នេះ​គឺ​អត់​ទៅ​លុប​ច្បាប់​ អត់​ទៅ​លុប​រដ្ឋធម្មនុញ្ញ​ និង​អត់​បំពាន​ទៅ​លើ​អំណាច​ណា​ទាំង​អស់​ គឺ​គ្រាន់តែ​កម្រិត​មន្ត្រី​ទាំងអស់​របស់​គណបក្ស​កុំ​ជេរ​ប្រទេចគ្នា​ កុំ​ប្រមាថ​គ្នា ​កុំ​គំរាម​គ្នា។ ឯ​យន្ត​ការ​ដទៃ​ប្រើប្រាស់​ទៅ​ ដូចជា​សភា​ភាគតិច​ ភាគ​ច្រើន​ ហៅ​រដ្ឋ​មន្រ្តី​ទៅ​សួរផ្តល់​មតិ​ឲ្យគ្នា»។

លោក​នាយ​ក​មន្ត្រី​បាន​ថ្លែង​ដូច្នោះ នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​មួយ​ដល់​និស្សិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​នាយក​រដ្ឋមន្រ្តី​ ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ​បានលើក​ឡើង​ដូច្នេះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្រ្គោះ​ជាតិ ​បានចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្នើ​សុំ​ឲ្យ​ដៃ​គូ​សន្ទនា​នេះ និង​សមាជិក​របស់​ខ្លួន​បញ្ឈប់​ការ​លាប​ពណ៌​គ្នា ​ចៀស​វាង​ការ​ញុះញង់​ និង​ការ​ប្រើ​ពាក្យ​អសុរស​ ការ​ជេរ​ប្រមាថ​ ដោយ​ប្រើ​ពាក្យ​ដូច​ជា «ពួក​កុម្មុយនីស្ត​ផ្តាច់ការ‍» ​«អាយ៉ង​យួន‍» ​«អាក្បត់​ជាតិ‍» ‍​«អា​លក់ជាតិ‍» ‍​«អាមេចោរ‍» និង​«អា​កូន​ចោរ‍»​ជា​ដើម។

សេចក្តី​ថ្លែង​ការណ៍​រួមនេះ​ក៏ឈប់​ឱ្យ​មាន​ការ​គំរាម ​និង​ការ​បំភិត​បំភ័យ​ថា​នឹង​មាន​សង្គ្រាម​ ដូច​ដែល​លោក ហ៊ុន សែន ​ធ្លាប់​បាន​ឃោសនា​ក្នុង​ពេល​កន្លង​មក ​និង​ការ​គំរាម​ចាប់​ដាក់​ពន្ធនាគារ​ជាដើម។ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិដែល​ជាគណបក្ស​ប្រឆាំងនោះ​ធ្លាប់​មាន​អរិភាព​នឹង​គ្នា​ក្រោយ​ការបោះឆ្នោតឆ្នាំ២០១៣។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​សន្ទុរកថា​នៅ​សាកល​វិទ្យាល័យ​ប៊ែលធី។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​សន្ទុរកថា​នៅ​សាកល​វិទ្យាល័យ​ប៊ែលធី។

ថ្លែង​ទៅ​កាន់​និស្សិត​ជិត​២០០០​នាក់​ ដែល​បញ្ចប់​ការ​សិក្សា​កាល​ពី​ព្រឹកមិញ​នេះ ​លោក​ ហ៊ុន សែន បាន​បញ្ជាក់​ចំៗ​ម្តង​ហើយ​ម្តង​ទៀត​ថា​ មន្ត្រី​របស់​គណបក្ស​ទាំង​ពីរ​ត្រូវតែ​បញ្ឈប់​រាល់​ការ​ជេរ​ប្រមាថ ​ញុះញង់​ និង​លាប​ពណ៌​គ្នា​គ្រប់​បែប​យ៉ាង​មិន​ត្រឹម​តែ​ប៉ុន្មាន​ពាក្យ​ដែល​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​សុក្រ​នោះ​ទេ។​

«អ្នក​ខ្លះ​ថា គេ​ដាក់​ពាក្យ​ប៉ុន្មាន​គឺ​យើង​កុំជេរ​តែ​អា​ហ្នឹង​ទៅ​បាន​ហើយ!‍» មាន​ពាក្យ​ «អា​ក្បាលយួនខ្លួន​ខ្មែរ‍» ​«ពួក​កុម្មុយនីស្ត​ផ្តាច់ការ‍»​ «អាយ៉ង​យួន‍‍» «អាក្បត់​ជាតិ‍‍» ​«អា​លក់ជាតិ‍‍‍» ​«អាមេចោរ» ​និង​‍«អា​កូន​ចោរ‍‍»។ ប៉ុន្តែ ​សូម​ផ្តាំ​មាន​ពាក្យ​ពីរ​ពាក្យ​ទៀត​នៅ​ខាងក្រោយ​ ជៀសវាង​ឲ្យ​ខាន​តែ​បាន​នូវ​ការ​ប្រើ​ពាក្យ​«ញុះញង់‍»​មួយ​ទៀត ពាក្យ​ថា​ «ការ​លាប​ពណ៌​គ្នា» ការ​ប្រើ​ពាក្យ​«អសុរស និង​ការជេរ​ប្រមាថ​គ្នា‍»។ បើ​មិន​បាន​ជេរ​ វា​រន្ទះ​បាញ់​ឬ​អី!»។

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ថា ​កិច្ច​សន្ទនា​និង​វប្បធម៌​សន្ទនា​នេះ​គឺ​ផ្តល់​ផល​ចំណេញ​ដល់​ប្រជាពល​រដ្ឋ​ច្រើន​ជាង​គណបក្ស​ទាំង​ពីរ ​ដោយ​វប្បធម៌​សន្ទនា​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ស្ថិរភាព​ផ្នែក​នយោបាយ និង​សន្តិភាព​នៅ​កម្ពុជា។ ហើយ​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​និង​បន្ត​កិច្ច​សន្ទនា​នេះ។

«សូម​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំងពីរ​ ហើយ​សកម្មជន​ ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​នៃ​គណបក្ស​ទាំង​ពីរ ​គ្រប់​ជាន់​ថ្នាក់​ គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ចែង​រួច​ហើយ។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ធ្វើ​ការ​ទិតៀន​លើ​អ្វី ដែល​រដ្ឋាភិបាល​នៅ​មាន​ចំណុច​ខ្វះខាត​ ផ្តល់​យោបល់​ក្នុង​ន័យ​រិះគន់​ស្ថាបនា ដើម្បី​ផល​ប្រយោជន៍​សង្គម​ទាំង​អស់​គ្នា»។​

គណបក្ស​នយោ​បាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​ការ​សន្ទនា​មួយ ដើម្បី​បញ្ចប់​អរិភាព​ផ្នែក​នយោបាយ​នឹង​គ្នា​ ក្រោយ​ពី​ការជាប់​គាំង​នយោបាយ​ជិត​១​ឆ្នាំ​ ក្រោយ​ពេល​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣។ ការ​ស្រុះស្រួល​ផ្នែក​នយោបាយ​ជា​មួយគ្នា​ក្រោម​ការ​សន្ទនា​នេះ ​បានឈាន​ទៅ​ដល់​ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ ដែល​មាន​សមាស​ភាព​ចម្រុះ​៩រូប ​នា​ដើម​ខែ​មេសា ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍នយោបាយ​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

ជាមួយគ្នា​នោះ​ដែរ​ សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សកម្ម​ជន​ដី​ធ្លី​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង​ និង​លើក​លែង​ទោស។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ វប្បធម៌​សន្ទនា​មួយ​នេះ​មិន​អាច​ជួយ​ពួក​គាត់​ឲ្យ​រួច​ពី​ចំណាត់​ការ​តុលាកា​មួយ​ណា​នោះ​ទេ​ ប្រសិន​បើ​ពួក​គេ​ធ្វើខុស​នឹង​ច្បាប់​នោះ។

«តិច​ថា​ បាន​វប្បធម៌​សន្ទនា​ ទៅ​បង្កើត​រឿង។​ ហើយ​តុលាការ​គេ​កោះ​ គេ​យក​ទៅ​កាត់​ទោស​ ហៅ​វប្បធម៌​សន្ទនា​ទៅ​ធានា។​ អត់ទេ ​អា​ហ្នឹង​អត់ទេ។​ សូម​ប្រាប់​ឲ្យ​ហើយ​ ព្រោះ​ឥឡូវ​ចាប់​ផ្តើម​មាន​ការ​បក​ស្រាយ​តែ​ពីស​តែពាស»។​

កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ​ លោក ហ៊ុន សែន បាន​ចោទ​អនុ​ប្រធាន​គណបក្ស​ជំទាស់​គឺ​លោក​កឹម សុខា​ថា ​បាន​ព្យាយាម​រក​កិច្ច​កល​នយោបាយ និង​ប្រើ​ពាក្យ​ប្រមាថ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រូប​លោក។​ លើស​ពី​នេះទៀត​ លោក ហ៊ុន សែន ក៏​បាន​គំរាម​ចំៗ​ថា​ នឹង​អាច​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង​ប្រសិន​បើ​មាន​ការ​សងសឹក​ណាមួយ​កើត​ឡើង៕

XS
SM
MD
LG