ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កុំ​បង្កើត​ច្បាប់​អង្គការ​​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់

  • នៅ វណ្ណារិន

លោក ​សួន ប៊ុនស័ក្តិ​ នាយក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគមការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ​លើក​កាន់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ក្នុង​អំឡុង​​​សន្និសីទ​​ព័ត៌មាន​អំពី​យុទ្ធនាការ​​«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់​​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​២៧០ ចូល​រួម​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ អំពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់​នេះ​ដែល​ពួក​គេ​​បារម្ភ​ថា ច្បាប់​នេះ​មាន​ចេតនា​​រិតត្បិត​សេរីភាព​របស់​ពួក​គេ។ (នៅ វណ្ណារិន/VOA)

អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាង​២៧០​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដាក់​សំណើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ដំណើរការបង្កើត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​និងកុំ​ឱ្យ​បើក​កិច្ច​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាសមួយ​នេះ។ តំណាង​អង្គការ​ទាំង​នោះ​បាន​បង្ហាញ​ថា​ ការ​អភិវឌ្ឍ​របស់​ប្រទេស​នេះ​នឹង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ប្រសិន​បើ​ច្បាប់​មួយ​នេះ​ត្រូវគេ​អនុម័ត​ដោយ​មិន​មាន​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​និង​អន្តរជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដោយ​មិនមាន​ការ​ចូលរួម​ពិគ្រោះ​យោបល់ពី​អង្គការ​ពាក់ព័ន្ធ​នឹងអាច​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​ទាំងមូល។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«ឈប់​និង​ពិគ្រោះ​យោបល់​លើច្បាប់ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល»​ នោះ​តំណាង​អង្គការ​ជាង​២៧០ រួម​ទាំង​អង្គការ​អន្តរ​ជាតិ​ ដែល​កំពុង​បំពេញ​កាងារ​ក្នុង​ប្រទេស​កម្ពុជា​បានលើក​ឡើង​ចំៗ​ថា​ ច្បាប់​នេះ​នឹង​ប៉ះពាល់ដល់​គម្រោង​ជាង​៤.០០០​គម្រោង​របស់​អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន។​ ជាង​នេះ​ទៀត​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​លាន​នាក់​ប្រឈម​នឹង​ការ​បាត់​បង់​ការងារ​ធ្វើ​ប្រសិន​បើ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ស្តី​ពី​ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាលថ្មី​នេះ។​ អង្គការ​ជាង​២៧០​ រួមមាន​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ហៅ​កាត់ថា​ NGO Forum​ អង្គការ​តម្លាភាព​កម្ពុជា​ TI​អាក់​ស៊ីន​អេដ​កម្ពុជា​ និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ជា​ដើម។​

​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ចូល​រួម​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​របស់​អង្គការ​ Oxfam​ នៅរាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ក៏​បាន​បន្ថែម​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ដាក់​សម្ពាធ​នឹង​រឹតត្បឹត​សេរីភាព​របស់​សង្គម​ស៊ីវិល​ជា​ពិសេស​សមាគមតូចៗ​ដែល​ធ្វើ​កិច្ចការ​ដោយផ្ទាល់​ជា​មួយ​ប្រជាពល​រដ្ឋ​ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ចុះបញ្ជី​និង​ធ្វើ​របាយការណ៍​ទាក់ទិន​និង​ថវិកា​ជំនួយ ដោយ​បង្ហាញ​ពីប្រភព​ច្បាស់​ទៀតផង។​ ហើយ​អង្គការ​ទាំង​នេះ​នឹង​អាច​បិទទ្វារ​ជា​បន្តបន្ទាប់​ក្រោយ​ពេល​ច្បាប់​ដែល​គេ​ពណ៌នា​ថា ​វា​មាន​ភាព​ស៊ាំញាំ​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​កិច្ច​ពិគ្រោះ​យោបល់និង​កែ​សម្រួល​ឡើង​វិញ។

លោក​ សឿង​ សារឿន​ នាយ​ប្រតិបត្តិរបស​គណកម្មាធិការ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា មាន​ប្រសាសន៍​ថា៖

«ទាក់ទង​នឹង​សង្គម​ ផល​ប៉ះពាល់​សង្គម គឺ​ខ្លាំង​មែន​ទែន​ សួរ​ថា ​កុមារ​អនាថា​ កុមារ​ពិការ​កុមារ​ដែល​ទទួល​រង​និង​ផ្ទុក​មេរោគ​អេដស៍​កន្លង​មក​ សួរ​ថា​កុមារ​ដែល​មាន​មជ្ឈមណ្ឌល​ថែទាំ​ សួរ​ថា​ តើ​នរណា​គេ​ធ្វើ​គឺ​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ធ្វើ​កន្លង​មក។​ ហើយ​សួរ​ថា​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ដែល​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ហ្នឹង ​គឺ​អ្នក​ណា​គេ​ធ្វើ​ដែរ​ គឺ​សង្គម​ស៊ីវិល»។​

​លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (ឆ្វេង) ​ថ្លែង​នៅ​ក្នុង​សន្និសីទព័ត៌មាន​អំពី​យុទ្ធនាការ«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។
​លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (ឆ្វេង) ​ថ្លែង​នៅ​ក្នុង​សន្និសីទព័ត៌មាន​អំពី​យុទ្ធនាការ«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។

លោក​បាន​បន្តថា​ ​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដោយ​អង្គការ​សង្គមស៊ីវិល​គឺ​ជា​ដៃគូ​ដ៏​ជិតដិត​របស់​រដ្ឋាភិបាល​និង​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ចាប់​តាំង​ ពីឆ្នាំ​១៩៩១​មក​ម៉្លេះ។​

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ធ្វើ​ឡើង​ដោយ​ រដ្ឋាភិបាល​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០១០​ មក​ម៉្លេះ។​ បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាស​កាល​ពី​ចុង​ឆ្នាំ​២០១១​ ទុក​ពេល​ឱ្យ​ពិភាក្សា​គ្នា​រវាង​ភាគី​ពាក់​ព័ន្ធ​នានា​ប៉ុន្តែ​មិន​មាន​ការ​ជួបជុំ​ណាមួយ​ទេ។​ នៅ​ដើម​ខែ​មេសា​ឆ្នាំ​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​បាន​លើក​យក​សេចក្តីព្រាងច្បាប់​នេះ​មក​ប្រកាស​សារ​ជា​ថ្មី​ម្តង​ទៀត​ ដោយ​ជំរុញ​ច្បាប់​នេះ​មាន​ការ​អនុម័ត​ឲ្យ​បាន​នា​ខែ​ឧសភា​នេះ​ជា​កំហិត​ ​ហើយ​គំរាម​ដាក់​ខ្នោះ​ជន​ណា​ដែល​មិន​គោរព​តាម​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​ដាក់​ឱ្យ​អនុវត្ត។​

​ច្បាប់​នេះ​តម្រូវ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ត្រូវ​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ​និង​អង្គការ​អន្តរជាតិ​ចុះ​ឈ្មោះ​នៅ​ក្រសួង​ការ​បរទេស ​ហើយ​ក៏​មាន​ការ​តម្រូវ​ឱ្យ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​និង​សកម្មភាព​ការងារ​ជូន​រដ្ឋាភិបាល​ផង​ដែរ។​ យោង​តាម​មាត្រា​ទី២៣​និង​៣០​នៃ​ច្បាប់​នេះ​អង្គការ​សង្គម​ស៊ីវិល​ សមាគម និង​អង្គការ​អន្តរជាតិដែល​ខកខាន​ក្នុង​ការ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុជា​លាយ​លក្ខណ៍​អក្សរ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ទៀត​ផង។​

អ្នកស្រី​ សារាស៍​ សិដស៍​ (Sarah Sitts) អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ​ផេក​កម្ពុជា​បាន​ថ្លែង​ថា​ការ​រឹត​បណ្ដឹង​នេះ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ទទួល​បាន​ជា​ពិសេស​គឺ​ថវិកា​ប្រមាណ​៦០០​ទៅ​៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​មួយ​ឆ្នាំៗ​ដែល​បាន​ផ្តល់​ដោយ​គម្រោង​នានា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

«សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ចុង​ក្រោយ​នឹង​ដាក់​ការ​រឹត​បន្តឹង​លើ​ថវិកា​ដែល​និង​គំរាមកំហែង​ដល់​លទ្ធភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ អន្តរជាតិ​ក្នុង​គម្រោង​នានា​ ប្រកប​ដោយ​ប្រសិទ្ធភាព​ចំណាយ។​ យើង​រំពឹង​ថា​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នឹង​ទទួលរងផល​ប៉ះពាល់​ជា​ទូទៅ​ទាំង​គ្រប់​វិស័យ​ រាប់​ចាប់​ពី​វិស័យ​សុខា​ភិបាល ​និង​ការ​អប់រំ​ រហូត​ដល់​របរ​ចិញ្ចឹម​ជីវិត​ បរិស្ថាន ​និង​អភិបាលកិច្ច​ល្អ»។​

នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​របស់​អង្គការ​សង្គមស៊ីវិល​ជាង​២៧០​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្តី​ព្រាងច្បាប់​នេះ​ជា​សាធារណៈ​និង​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សាធារណៈ​ជន​និង​អង្គការ​នានា​មុនពេល​ដែល​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ធ្វើ​កា​អនុម័ត។​

​ជា​មួយគ្នា​នេះ​ដែរ​លោក​ ថេង សាវឿន​ សម្ព័ន​សហគមន៍​កសិករ​កម្ពុជា​ដែល​ធ្វើ​ការ​ជិត​ដិត​ជាមួយ​សហគមន៍​កសិករ​នៅ​តាម​បណ្តា​ខេត្ត​នានា បាន​ស្នើ​សុំ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ក៏​ដូច​ជា​បក្ស​កាន់​អំណាច​បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​និង​បើក​ឱកាស​ឲ្យ​មាន​ការ​ជជែក​វែក​ញែក​រឿង​ច្បាប់​នេះ​ផង​ដែរ។ លោក​បន្តរ​ថាសហគមន៍​និង​សមាគមតូចៗ​ដូច​ជា​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​នឹង​ប្រឈមនឹង​ការ​បិទទ្វា​រដោយ​ពូកគាត់​មិន​មានលទ្ធភាព​និង​ពេលវេលាគ្រប់​គ្រាន់​ក្នុង​ការ​ចុះបញ្ជី​និង​ធ្វើ​សេក្តីរាយការណ៍​ជូន​អាជ្ញាធរ​ពីរបាយ​ការណ៍​ហិរញ្ញវត្ថុ​និង​សកម្មភាព​ការ​ងារជា​ប្រចាំ​នោះ​ទេ។​ ជា​ពិសេស​ទៀត​នៅ​ពេល​ដែល​ពួក​គាត់​ជួប​នឹង​បញ្ហា​ទំនាស់​ដីធ្លី។

«ប្រសិន​បើ​ច្បាប់​នេះ​ចេញ​ទៅ​តម្រូវ​ឲ្យ​គាត់​មាន​បញ្ជី​ការណ៍​ពី​ក្រសួង​មហាផ្ទៃ​ទើប​ធ្វើ​បាន​ អញ្ចឹង​ច្បាស់​ណាស់​ដីធ្លី​របស់​ពួក​គាត់​និង​ត្រូវ​បាត់​បង់​ហើយ។​ ​ហើយ​យើង​ក៏​ឃើញ​មួយ​ទៀត​គឺ​នៅ​ក្នុង​មាត្រា​២៥​និយាយ​អំពី​ការ​ផ្តល់​របាយការណ៍​សកម្មភាព​និង​ហិរញ្ញវត្ថុ អញ្ចឹង​សមត្ថភាព​នៃ​ការ​រៀប​ចំ​របាយការណ៍​ស្តីពី​របាយការណ៍​សកម្មភាព​និង​ហិរញ្ញវត្ថុពួកគាត់​មិនមាន​ដែរ។​ អញ្ចឹង​យើង​ឃើញ​ថា​ច្បាប់​នេះ​គឺ​មាន​កា​រឹតត្បឹត​សេរីភាព​ពួក​យើង​មែន​ទែន»។

​លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃអង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​ថា​ កម្ពុជា​ពុំ​ទាន់​ចាំ​បាច់​ត្រូវ​ការ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ទេ​ ព្រោះ​អី​មាន​មាត្រា​ខ្លះ​នៅ​ក្នុង​ច្បាប់​រដ្ឋប្បវេណី​ បាន​ចែង​ច្បាស់​ហើយ​ពី​ការ​ចុះ​បញ្ជី​និង​ដំណើរការ​បស់អង្គកា​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ហើយ​និង​មាន​ចែកទោសទណ្ឌនៅ​ក្នុង​ ក្រម​ព្រហ្មទណ្ឌ​ ជា​ស្រេច​ដើម្បីអនុវត្តន៍​លើ​អ្នក​ដែល​ប្រព្រឹត​ខុស។ ​លោក​បាន​បន្តរ​ថា​ការ​ បង្កើតច្បាប់​នេះគឺ​ជា​ចេទនា​ របស់​ រដ្ឋាភិបាល​ ក្នុងកា​បំបិទមិន​ឲ្យ​មាន​ការត​វ៉ា​ពី​ប្រជាពលរដ្ឋ​ទាក់ទិន​និង​ជម្លោះ​ដីធ្លី។​

​«អញ្ចឹង​បើ​ច្បាប់​នេះ​ចេញ​ហើយ​អង្គការ​ សមាគម ឬ​សហគមន៍​មូលដ្ឋាន​ដែល​មិន​បាន​ចុះបញ្ជី​ ហើយ​នៅ​តែ​បំពេញ​ភារកិច្ច​របស់​ខ្លួន​និង​គាត់​អាច​ប្រឈម​មុខ​ក្នុង​ការ​ជាប់​ពន្ធនាគារ​ដោយ​ត្រូវ​គេ​ចោទ​ពី​បទ​ចូលរួម​ជា​មួយនិង​សមាគម​នៃ​ជន​ទុច្ចរិត​»។​

លោក​ អំ សំអាត​ បាន​បន្ថែម​កន្លង​មក​នេះ​មាន​ប្រជាជន​ជា​ច្រើន​ដែល​តវ៉ា​រឿង​ដីធ្លី​ត្រូវ​បាន​ចោទ​ពី​បទ​ចូលរួម​និង​សមាគម​នៃ​ជន​ទុច្ចរិត​ តាម​មាត្រាទី​៤៩៩​របស់​ក្រម​ព្រហ្មទណ្ឌ។​

លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​ទាត់​ចោល​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដោយ​ថ្លែងថាច្បាប់​នេះ​និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ដំណើរការ​របស់​អង្គការ​នានា ​នៅ​កម្ពុជា​ ហើយមិន​អនុញ្ញាតិ​ឲ្យ​ជន​ណា​ម្នាក់​កេង​យក​ផល​ចំណេញពី​ការ​បង្កើតអង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច​ពេល​កន្លង​កម​ទេ។​

«នេះ​ជា​កា​លើក​ឡើង​តាម​ការ​ស្រមើ​ស្រមៃ​ បិទ​បាំង​នូវ​ការងារ​សម្ងាត់​របស់​ពួកគេ​។ ក្រុម​ឧទ្ទាម​មិន​ត្រូវ​ការ​ច្បាប់​ទេ​ អ្នក​រៀបចំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​មិន​ត្រូវ​ការ​ច្បាប់​ទេ​ នេះ​គឺ​ជា​បទ​ពិសោធ​ន៍​នៃ​ប្រទេស​និមួយៗ។​ ដូច្នេះ​ច្បាប់​នឹង​មិន​មែន​រារាំង​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​នៃ​ប្រទេស​មួយ​គឺ​មិន​មែន​ទេ»។​

លោក​ ផៃ ស៊ីផាន​ បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​រក្សា​សិទ្ធិ​ក្នុង​ការ​រក្សា​សេចក្តី​ព្រាង​ច្បាប់​នេះ​ ហើយ​វា​កំពុង​តែ​ដំណើរការ​តាក់តែង​ដោយ​ក្រុម​អ្នក​ច្បាប់​និង​មន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ។​ លោក​បាន​បន្ត​ថា ​អង្គការ​សង្គម​ស៊ីវិលគួ​តែ​ចាំ​ផ្ដល់​អនុសាសន៍​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ពេល​ដែល​វា​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ ដែល​ជា​ស្ថាប័ន​សាធារណៈនោះ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​យ៉ាង​ហោច​ណាស់​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង​៣.០០០​អង្គការ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃចាប់​តាំង​ពី​ឆ្នាំ​១៩៩១​មក៕

XS
SM
MD
LG