ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​យល់​ថា​វប្បធម៌​សន្ទនា​មិន​ជួយ​ដល់​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ


លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

«វប្បធម៌​សន្ទនា​‍»​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​កំពុង​តែ​លើក​តម្កើង​នេះ​កំពុង​មាន​ផល​អវិជ្ជមាន​ចំពោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដោយ​សារ​វាមាន​លក្ខណៈ​ជា​ការ​ព្យាយាម​ច្របាច់​គណបក្សបញ្ជូល​គ្នា​តាមរយៈ​ការ​ឈប់​ឲ្យមាន​ការ​រិះគន់​គណបក្ស​កាន់​អំណាច​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​អ៊ូ វីរៈ ប្រធាន និង​ជា​ស្ថាបនិក​នៃ​វេទិការ​អនាគត​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ថា៖ «នៅ​ពេល​ដែល​ដូរ​មក​ការ​សន្ទនា​នេះ​ហាក់​ដូច​ជា​ផ្ទុយ​នឹង​គំនិត​ប្រជាធិបតេយ្យ​វិញ​។ នៅ​ពេល​ថ្មីៗ​នេះ​លោក ហ៊ុន សែន គាត់​គិត​ថា​ការ​សន្ទនា​នេះ​បានន័យ​ថា មិន​អាច​រិះគន់​បាន​ទេ​។ បើ​សិន​មិន​អាច​រិះគន់​បាន​ទេ នោះ​បាន​ន័យ​ថា​មិន​មែន​ជា​ការ​សន្ទនា​ទេ តែ​គឺ​ជា​ការ​ព្យាយាម​ច្របាច់​គណបក្ស​ប្រឆាំង​ឱ្យ​ទៅ​ជាមួយ​គណបក្ស​កាន់​អំណាច។ បើ​សិន​ជា​អញ្ចឹង​មែន​គឺ​យើង​ទៅ​ជា​ឯកបក្ស​ដូច​ជា​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ដែល​ជា​គ្រោះថ្នាក់​មួយ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​យើង‍»។

ដំណើរ​ការ​នៃ​ការ​អនុវត្ត​អ្វី​ដែល​ជា​ការ​សន្ទនា​គ្នា​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣។ ប៉ុន្តែ​ដំណើរការ​នេះ​ហាក់​ដូច​ជា​មិន​ទៅ​មុខ​បាន​ល្អ​នៅ​ឡើយ ដោយ​សារ​តែ​លោក កឹម សុខា អនុប្រធាន​គណបក្ស​នៅ​តែ​លើក​ឡើង​ពី​បញ្ហា​អវិជ្ជមាន​ក្នុង​សង្គម និង​បន្ត​រិះគន់​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​មាន​លក្ខណៈ​កម្មុយនិស្ត ដែល​បណ្តាល​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គំរាម​បញ្ចប់​ទៅ​វិញ បើ​មិន​មាន​ការ​កែប្រែ​អ្វី​ផ្សេង​ទេ។

លោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត (Future Forum) ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​«ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុក​មក​លើ​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត (Future Forum) ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​«ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុក​មក​លើ​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​គាំទ្រ​ដល់​«វប្បធម៌សន្ទនា‍»នេះ ហើយ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ចុង​ខែ​មេសា​ថា​៖ «គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឃើញ​វប្បធម៌​សន្ទនា​នេះ​មិន​ត្រឹម​តែចំពោះ​ថ្នាក់​ដឹកនាំ​កំពូល​ទេ ​តែ​រីក​ដុះដាល​ទូទាំង ប្រទេស ហើយ​ជ្រួតជ្រាប​ដល់​ថ្នាក់​មូលដ្ឋាន‍»។

គណបក្ស​នេះ​ក៏ បាន​បញ្ជាក់​ដែរ​ថា៖ «វប្បធម៌​សន្ទនា​នេះ ក៏​តម្រូវ​ផង​ដែរ​ឱ្យ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ខុសគ្នា​បោះបង់​ចោល​នូវ​ទម្លាប់​ចាត់​ទុកគ្នា​ជា​សត្រូវ វាយ​ប្រហារ​គ្នា ហើយ​ប៉ុនប៉ង​សងសឹក​គ្នា​ទៅវិញ​ទៅមក ដូច​ធ្លាប់​ឃើញ​ពី​អតីតកាល‍»។

កាយ​វិការ​ល្អូកល្អឺន​ដែល​បាន​បង្ហាញ​រវាង​លោក​សម រង្ស៊ី និង​លោក ហ៊ុន សែន ត្រូវ​បាន​លោក​អ៊ូ វីរៈ​វាយ​តម្លៃ​ថា៖ «វាជាការ​បង្ហាញ​នូវ​ភាព​ជាក់ស្តែង​របស់​លោក សម រង្ស៊ី ព្យាយាម​យក​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​លួង​ចិត្ត​លោក ហ៊ុន សែន ដើម្បី​ក្រែងលោ​លោក ហ៊ុន សែន អនុគ្រោះ​ហើយ​ធ្វើ​យ៉ាង​ម៉េច​អាច​ឱ្យ​មានការ​រៀបចំ​គ.ជ.ប រៀបចំ​ច្បាប់​បោះឆ្នោត រៀបចំ​ក្រែង​ថ្ងៃ​ក្រោយ​ចាញ់​ឆ្នោត​មិន​ឱ្យ​មាន​ការ​ដូរ​តំណែង​ដោយ​សន្តិវិធី‍»។

លោក​បាន​បន្ថែម​ថា៖ «នេះ​គ្រាន់​តែ​ជា​ការ​លួងលោម ថា​តើ​សិល្បៈ​នៃ​ការ​លួងលោម​នេះ​នឹង​បាន​លទ្ធផល​យ៉ាងណា​យើង​ចាំ​មើល​នៅ​ឆ្នាំ​២០១៨‍»។

យ៉ាងណា​ក៏ដោយ​លោក អ៊ូ ​វីរៈ យល់​ថា អ្នក​នយោបាយ​បច្ចុប្បន្ន​មាន​«ភាព​ចាស់​ទុំ​‍»​ជាង​មុន​ច្រើន​ដោយ​បាន​កាត់​បន្ថយ​ហិង្សា​ក្នុង​ការ​ប្រើប្រាស់​អាវុធ​កំញើញ​ដាក់​គ្នា ក៏​ប៉ុន្តែ​ក៏​នៅ​តែ​មិន​ទាន់​ប្រសើរ​ដែរ​ដោយ​សារ​នៅ​តែ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​គូប្រជែង​អំណាច។

«វាជា​យន្តការ​មួយ​គាប​សង្កត់ ប៉ុន្តែ​មិន​ហិង្សា​ដូច​ទសវត្សរ៍​មុនៗ​ទេ។ វា​ជា​ចំណុច​វិជ្ជមាន​ប៉ុន្តែ​នៅ​តែ​ជា​រឿង​មួយ​ខ្វះខាត​ធំ​មែនទែន​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ‍»។

គណបក្ស​សង្គ្រោះជាតិ​ដែល​បង្កើតឡើង​ដោយ​ការច្របាច់​បញ្ជូល​គ្នា​នៃ​គណបក្ស​សិទ្ធិ​ម​នុស្ស​របស់​លោក​កឹម សុខា និង​គណបក្ស​សម រង្ស៊ី​របស់​លោក សម រង្ស៊ី បាន​ជំរុញ​ឱ្យ​មាន​កម្លាំង​ទឹកចិត្ត​ពុះ​កញ្ជ្រោល​កាលពី​ឆ្នាំ​២០១៣​ ពេលដែល​លោក សម រង្ស៊ី បាន​វិល​មក​ពី​នីរទេស​ខ្លួន​នៅ​បរទេស​វិញ។ លោក វីរៈ យល់​ថា ពេល​ខាងមុខ​គឺ​ពិបាក​ក្នុង​ការ​បំផុស​ទឹកចិត្ត​បែប​នេះ​ឡើង​វិញ​ណាស់។

លោក​យល់​ថា ​អ្វី​ដែល​អាច​ជួយ​សម្រួល​ឱ្យ​មានការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ក្នុង​ប្រទេស​កម្ពុជា​គឺ​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ដើរ​តួនាទី​ខ្លាំង​ដោយ​ឯករាជ្យ។

​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាមាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​ច្រើន ​ហើយ​បើ​គណបក្ស​សង្គ្រោះជាតិ​ចង់​ទាក់​ទាញ​អ្នក​ជំនួញ​ទាំងអស់​នោះ​គឺ​តាមរយៈ​គោល​នយោបាយ​សេដ្ឋកិច្ច​ល្អ ដូច​ជា​កែទម្រង់​ប្រព័ន្ធ​ពន្ធដា​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ូ វីរៈ។

ក្រោយ​ពី​ការបញ្ចប់​ការ​ជាប់​គាំង​នយោបាយ​នៅ​ខែកក្កដា​ឆ្នាំ​២០១៤ និង​បង្កើត​វប្បធម៌​សន្ទនា​គណបក្ស​ដែល​មាន​អាសនៈ​ក្នុ​ងសភា​ទាំងពីរ​នេះ​បាន​បង្កើត​នូវ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ និង​ច្បាប់​បោះឆ្នោត​មួយ​ដ៏​ចម្រូង​ចម្រាស៕

XS
SM
MD
LG