គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់ទៅដល់មន្ត្រីរបស់ខ្លួនឱ្យធ្វើការប្រកបដោយឯករាជ្យនិងអព្យាក្រឹតដើម្បីឱ្យការបោះឆ្នោតលើកក្រោយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលអាចទទួលយកបាន។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ក្នុងវគ្គបណ្ដុះបណ្ដាលពីច្បាប់បោះឆ្នោតថ្មីដែលទើបត្រូវបានតាក់តែងឡើងដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)បានបញ្ជាក់ថា៖
«គ.ជ.បត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ អព្យាក្រឹត ឥតលម្អៀង ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិ និងការចូលរួមបោះឆ្នោតបានគ្រប់ៗគ្នាដោយរូមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់សំដៅឱ្យការរៀបចំការបោះឆ្នោតទទួលបានជោគជ័យសម្រាប់លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍប្រកបដោយចីរភាព និងមានសន្តិភាពដល់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា»។
គ.ជ.បមុនត្រូវបានគណបក្សសង្គ្រោះជាតិចោទប្រកាន់ថាបានលម្អៀងទៅរកគណបក្សកាន់អំណាចហើយត្រូវបានផ្លាស់ប្តូរក្រោយពីមានដំណោះស្រាយរវាងគណបក្សបក្សទាំងពីរ។
គ.ជ.បបានផ្តល់ការបណ្តុះបណ្តាលជាលើកដំបូងពីច្បាប់បោះឆ្នោតថ្មីនេះដល់មន្ត្រីចំនួន១៦៥នាក់របស់ខ្លួនដែលមកពីទីស្តីការគ.ជ.បនិងរាជធានីខេត្តដើម្បីផ្តល់ចំណេះដឹងនិងពង្រឹងសមត្ថភាពរបស់ពួកគេ។
កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិអាចធ្វើឡើងនៅដើមឆ្នាំ២០១៨៕