ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​សន្យា​ឈប់​រិះគន់​ដោយ​សម្តី​អសុរោះ​និង​ជេរប្រមាថ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដើរ​ចេញ​ពី​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដើរ​ចេញ​ពី​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​កម្ពុជាចំនួន​ពីរ​បាន​សន្យា​ឈប់​ប្រើ​ពាក្យ​សំដី​ធ្ងន់ៗ​ដើម្បី​រិះគន់​គ្នា​និង​ប្តេជ្ញា​លុបបំបាត់​ចោល​នូវ​នយោបាយ​ប្រកាន់​ពូជសាសន៍និង​ជ្រុលនិយម។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាបក្ស​ប្រឆាំង​ដែល​បាន​ចេញផ្សាយ​នៅ​ ថ្ងៃសុក្រនេះ​ឱ្យ​ដឹង​ថា​គណបក្ស​ទាំងពីរ​ប្តេជ្ញា​ជំរុញ​នូវ​អ្វី​ដែល​គេ​ហៅ​ថា«វប្បធម៌​សន្ទនា‍‍»​ហើយ​សន្យា​ចៀសវាង​ការញុះញង់ ការលាប​ពណ៌គ្នា​ ការប្រើ​ពាក្យ​អសុរោះ ​និង​ការ​ជេរប្រមាថ​គ្នា។​

ក្នុង​ចំណោម​ពាក្យ​ទាំងនោះ​គឺ​ការ​ឈប់​ប្រើ​ពាក្យ​«ពួកកុម្មុយនីស្ត​ផ្តាច់ការ‍» ​«អាយ៉ង​យួន‍» ​«អាក្បត់​ជាតិ‍»​ ‍«អាលក់ជាតិ‍» ‍​«អាមេចោរ‍»​និង​«អាកូនចោរ‍»​ជាដើម។

កន្លងមក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​តែងតែគំរាម​ថា​បើ​លោក​ចាញ់​ឆ្នោត​កម្ពុជា​នឹង​មាន​សង្គ្រាម​ហើយ​គណបក្ស​ទាំងពីរនេះ​ក៏​សន្យា​មិន​ឱ្យ​មាន​ការ​បំភិត​បំភ័យ​របៀបនេះ​តទៅទៀ​ត​ឬ​គំរាម​ចាប់​អ្នក​រិះគន់​ដាក់​គុក​ទេ។

​ក្រុមអ្នក​តាមដាន​និង​វិភាគ​នយោបាយ​កម្ពុជា​បានរិះគន់​ថា​វប្បធម៌​សន្ទនា​នេះ​ធ្វើ​ឱ្យ​ខូច​ដល់​ការជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយសារ​តែ​គណបក្ស​កាន់​អំណាចព្យាយាម​បញ្ឈប់​ការរិះគន់​លើ​ចំណុច​អវិជ្ជមាន​នានា។

សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចុះ ​ហត្ថលេខា​ដោយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​និង​ត្រូវ​បាន​ចែកផ្សាយ​ជា​សាធារណៈ​ក៏​បាន​លើក​ឡើង​ពី​ចំណុច​នេះ​ដែរ។

សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា៖«ទន្ទឹម​នឹង​ការ​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា​គណបក្ស​ទាំងពីរ​នៅ​តែ រក្សា​ការប្រើ​ប្រាស់​យន្តការ​ប្រជាធិបតេយ្យ​តាម​តួរនាទី​និង​ភារកិច្ច​រៀងៗខ្លួន​ដោយ​មាន​ទាំងការរិះគន់​តាម​របៀបថ្លៃថ្នូរ ចំពោះ​ភាព​អសកម្ម​និង​ភាព​អវិជ្ជមាន​ក្នុង​ន័យ​និង​ក្នុង​បំណងស្ថាបនា​ធ្វើ​ជា​កញ្ចក់​ដើម្បី​កែលម្អ​ស្ថាប័ន​រដ្ឋ​និង​នយោបាយ​របស់​រដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍប្រទេស​ជាតិ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង‍»។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ណែនាំ​មន្ត្រី​របស់​ខ្លួន​ឱ្យ​តាម​ដាន​រាល់ការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះជាតិ​ក្រែងលោក​មាន​មន្ត្រី​ណា​នៅ​ប្រើ​ប្រាស់​ពាក្យ​រិះគន់​ដែល​លោក​អាច​នឹង​យក​មក​ធ្វើ​ជាលេស​ដើម្បី​បញ្ចប់​ «វប្បធម៌សន្ទានា‍»​នេះ៕

XS
SM
MD
LG