ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ កម្ពុជា​មិន​អាច​រង់​ចាំ​វ៉ាក់​សាំង​ទទួល​ស្គាល់​ដោយ​WHO ខណៈ​រើស​យក​វ៉ាក់សាំង​ចិន


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ទៅកាន់​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ទៅកាន់​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ថ្លែង​ថា ​កម្ពុជា​មិន​អាច​រង់​ចាំ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​(World Health Organization) ឬហៅកាត់ថា WHO បាន​ទេ ដូច្នេះ​លោក​ថា​ វ៉ាក់សាំងរបស់​ចិន​ឈ្មោះ​ស៊ីណូហ្វាម​ (Sinopharm) នឹង​ត្រូវ​បញ្ជូន​មកកម្ពុជា​ក្នុង​ខែ​កុម្ភៈ​ខាង​មុខនេះ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្តីការ​ថ្មីរបស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌ​ឬស្សីកែវ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា ​លោក​បាន​ទាក់ទង​ជាមួយ​ភាគី​ចិន​រួច​ហើយ​មក​ដល់​ពេល​នេះ ហើយ​ចិន​នឹង​បញ្ជូន​វ៉ាក់សាំងបង្ការជំងឺ​កូវីដ​១៩​ដែល​ផលិត​ដោយ​រដ្ឋចិន ក្នុង​ចន្លោះ​ពី​៣០​ម៉ឺន​ ទៅ​៦០​ម៉ឺន​ដូស មក​កម្ពុជា​នៅ​ក្នុង​ខែ​កុម្ភៈ។ វ៉ាក់សាំង​នេះ អាច​ចាក់​មនុស្ស​បាន​រហូត​ដល់​៣០ម៉ឺន​នាក់ ដោយ​សារមនុស្ស​ម្នាក់​ត្រូវ​ចាក់​២​ដូស។

លោក ហ៊ុន សែន ថ្លែង​ថា៖ «យើង​មិន​អាច​រង់​ចាំ​ត​ទៅ​ទៀត​ទេ។ មិន​អាច​រង់​ចាំ​ត​ទៅ​ទៀត​ទេ។ យើង​ត្រូវទាក់​ទង​រក​វ៉ាក់សាំង ដើម្បី​មក​ចាក់​ជូន​ប្រជា​ពលរដ្ឋ​របស់​យើង ដោយ​ឥត​គិត​ថ្លៃ និង​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត»។

លោក ហ៊ុន សែន បន្ត​ថា ​លោក​និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន រួម​មាន​ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ជា​ដើម នឹង​ចាក់​វ៉ាក់សាំង​នេះ​មុន​គេ ដើម្បី​បង្ហាញ​ពី​ភាព​ទុក​ចិត្ត។ លោក​រំពឹង​ថា ​មុន​ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្នុង​ខែ​មេសា ប្រជាជន​កម្ពុជា​យ៉ាង​តិច​៥០​ម៉ឺន​នាក់​ នឹង​អាច​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ។

លោក ហ៊ុន សែន ដែល​ពី​ដើម​ឡើយ​ប្រកាស​ថា​ លោក​ទទួល​យក​តែ​វ៉ាក់សាំង​ណា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក ក៏​បាន​ពន្យល់​ថា ការ​ចាក់​វ៉ាក់សាំង​របស់​ចិន​ជា​បន្ទាន់​នេះ គឺ​ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ឲ្យ​កម្ពុជា​អាច​ទទួល​បាន​អ្នក​វិនិយោគ​ឡើង​វិញ និង​ដើម្បី​កុំ​ឲ្យគេ​មើល​ឃើញ​កម្ពុជា​ ជា«​តំបន់​ហានិភ័យ»។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «យើង​ចាត់​ទុក​ជា​ទំនិញ​យុទ្ធ​សាស្រ្ត​និងជា​សុវត្ថិភាព​របស់​ប្រជា​ជន​កម្ពុជា។ ពិត​មែន​ហើយ មាន​ការ​ធ្វើ​សម្ភាសន៍ ខ្ញុំ​ក៏​ស្តាប់​ឮ។ ហើយ​ខ្ញុំ​ក៏​អរគុណ​អ្នក​ដែល​ចង់​ទទួល ហើយ​ក៏​អរគុណ​អ្នក​ដែល​មិន​ចង់​ទទួល ព្រោះ​ខ្ញុំ​បាន​ប្រើ​ហើយ​ភាសា​ថា ចាក់​មិន​យក​ថ្លៃ មិន​គិត​ថ្លៃ និង​ចាក់​ដោយ​ស្ម័គ្រ​ចិត្ត»។

រូបឯកសារ៖ បុគ្គលិកពេទ្យ​ម្នាក់ បង្ហាញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​មាន​ឈ្មោះ​ថា Sinopharm ផលិត​ដោយ​ចិន កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកពេទ្យ​ម្នាក់ បង្ហាញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​មាន​ឈ្មោះ​ថា Sinopharm ផលិត​ដោយ​ចិន កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

កាល​ពីសប្តាហ៍​មុន វីអូអេ​បាន​សាក​សួរ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​អំពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ទាក់​ទង​នឹង​វ៉ាក់​សាំង​កូវីដ​១៩​របស់​ប្រទេស​ចិន។ អ្នក​ខ្លះបាន​បង្ហាញ​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​នេះ និង​ខ្លះ​ទៀត​លើក​ឡើ​ង​ថា​កម្ពុជា​មិន​ទាន់​មាន​ភាព​ចាំ​បាច់​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សុខភាព​ពិភព​លោក​នោះ​ទេ​ ដោយ​សារ​កម្ពុជា​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន​នៅ​ឡើយ។

នៅ​ថ្ងៃ​សុក្រ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​រដ្ឋមន្រ្តីក្រសួង​សុខាភិ​បាល លោក ម៉ម ប៊ុន​ហេង ធ្វើ​ជំរឿន​ថា ​តើ​អ្នក​ណា​ចង់​ចាក់ និង​អ្នក​ណា​មិន​ចង់​ចាក់​វ៉ាក់សាំង​របស់​ចិន។ ប៉ុន្តែ​លោក​ថា ​ប្រជាជនដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស នឹង​ចាក់​វ៉ាក់សាំងកូវីដ​នេះ ដើម្បី​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន។

លោក ហ៊ុន សែន បន្ថែម​ថា ​នៅ​ថ្ងៃ​ក្រោយ ក៏​អាច​តម្រូវ​ឲ្យ​អ្នក​ចូល​ប្រទេសកម្ពុជា ត្រូវ​មាន​វិញ្ញា​បន​បត្រ​ចាក់​វ៉ាក់សាំង​កូវីដ​ផង​ដែរ។

លោក​បន្ថែម​ថា៖ «បន្តិច​ទៀត​អាច​នឹង​ប្រទេស​ដទៃ​ដាក់​លក្ខខណ្ឌបើ​អ្នក​ឯង​មិន​ទាន់​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ចាក់​វាក់សាំង​ទេ អ្នក​ឯង​មិន​អាច​ចាក់ ​អ្ន​កឯង​មិន​អាច​ចូល​ប្រទេស​ខ្ញុំ​បាន​ទេ»។

បើ​តាម​លោក ​ហ៊ុន សែន​ កម្ពុជា​មិន​ប្រកាន់​វ៉ាក់​សាំង​មក​ពី​ប្រទេស​ណា​នោះ​ទេ ហើយ​រដ្ឋាភិបាល​របស់​លោក​ក៏​បានស្នើ​សុំ​វ៉ាក់សាំង​ពីប្រទេស​ឥណ្ឌា និង​ប្រហែល​ជា​ស្នើ​ពីប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​ កម្ពុជា​អាច​រក​វ៉ាក់សាំង​បាន​តាម​៣​ច្រក គឺ​ច្រក​កូវ៉ាក់ ​(COVAX) របស់​អង្គការ​សុខភាព​ពិភព​លោក​ដែល​នឹង​ផ្តល់​ឲ្យ​កម្ពុជា​ចំនួន​២០%​នៃ​ប្រជាពលរដ្ឋ​សរុប​ជាង​១៦​លាន​នាក់ ច្រក​ទីពីរ​ចរចា​ជាមួយ​ដៃ​គូ​របស់​កម្ពុជា និង​ច្រក​ទីបី ចរចាដោយ​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុនឯកជនដែល​ផលិត​វ៉ាក់​សាំង​បង្ការជំងឺ​កូវីដ​។

VOA​ មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​និង​តំណាងអង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា តាម​អ៊ីមែល​បាននៅ​ឡើយ​ទេ។

កាល​ពី​ចុង​ឆ្នាំ​២០២០ ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​សម្រេច​បញ្ចូល​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន​ Pfizer ​ក្នុង​បញ្ជី​ប្រើ​ប្រាស់​បន្ទាន់ ​ដោយ​អះ​អាង​ថា ​វ៉ាក់​សាំង​ដែល​ក្រុម​ហ៊ុន​ Pfizer​ អភិ​វឌ្ឍ​រួម​គ្នា​ជា​មួយ​ដៃ​គូ​អាល្លឺម៉ង់​ BioNTech ​មាន​គ្រប់​លក្ខ​ខណ្ឌ​និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ទល់​ជំងឺ​កូវីដ​១៩។

លោក យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មាន​ប្រសាសន៍​ថា​ កាល​ពី​កន្លង​ទៅ​ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ​នឹង​ទិញ​វ៉ាក់សាំងណា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​តែ​ប៉ុណ្ណោះ​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​«កុំ​ប្រថុយ​ប្រថាន​»នឹង​វ៉ាក់សាំង ដែល​បង្ក​ហានិភ័យ​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ។

លោក​បញ្ជាក់​ថា៖ «ចំពោះ​បញ្ហា​ដែល​យើង​ទទួល​យក​វ៉ាក់​សាំង​នេះ យើង​មិន​ប្រកាន់​ថា​ វ៉ាក់សាំង​ប្រទេស​ណា​ទេ។ រឿងដែល​សំខាន់​ដែល​យើង​ត្រូវ​ចោទ​សួរ​ថា​ ប្រសិទ្ធ​ភាព​វា​កម្រិត​ណា ហើយ​វា​មាន​សុវត្ថិភាព​ប៉ុណ្ណា ​នៅ​ក្នុង​ការប្រើ​ប្រាស់​វ៉ាក់​សាំង​ហ្នឹង។ នេះ​ជា​រឿង​សំខាន់ ហើយ​ថា​តើប្រជា​ពល​រដ្ឋ​ទទួល​បានព័ត៌មាន​ច្រើន​ប៉ុណ្ណាដែរ ពាក់ព័ន្ធជាមួយ​វ៉ាក់​សាំង​ហ្នឹង​»។

លោក​បន្ត​ថា ​រដ្ឋាភិបាល​គួរ​តែ​មាន​តម្លាភាព​ទាក់ទង​នឹង​ព័ត៌មាន​វ៉ាក់សាំង​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ប្រជា​ពលរដ្ឋ​អាច​សម្រេច​ចិត្ត​ក្នុង​ការ​ទទួល​ចាក់​វ៉ាក់សាំង​។

លោក យង់ គិមអេង លើក​ឡើងទៀត​ថា​ ប្រសិន​បើ​ស្ថាន​ភាពនៃ​ជំងឺ​កូវីដ​ក្នុង​ប្រទេស​កម្ពុជា​អាច​ទប់​ទល់​និង​បង្ការ​បាន កម្ពុជា​គួរ​តែ​រង់​ចាំ​វ៉ាក់​សាំង​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ដែល​លោក​យល់​ថា​ជា«​រឿង​ប្រសើរ​មួយ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG