ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មួយ​ចំនួន​ស្ទាក់​ស្ទើរ​ចាក់​វ៉ាក់សាំង​កូវីដ​របស់​ចិន ខណៈ​លោក ហ៊ុន សែន ប្រាប់​​ឲ្យ​ទុកចិត្ត​


លោក ញ៉ែម សុភី  អ្នក​រត់ម៉ូតូ​ឌុប កំពុង​អង្គុយ​លើ​ម៉ូតូ​របស់​លោក​នៅ​មុខ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្នុង​​រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ (ធីតា វីន/វីអូអេ)

ប្រជា​ពល​រដ្ឋកម្ពុជា​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ខុសៗពី​គ្នា​ជុំ​វិញ​ទំនុក​ចិត្ត​ទៅ​លើ​គុណ​ភាព​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​របស់​ប្រទេសចិន ​ដែល​នឹង​ផ្តល់​ដល់កម្ពុជា​ចំនួន​១​លាន​ដូស។ ​អ្នក​ខ្លះ​បង្ហាញ​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​នេះ និង​ខ្លះ​ទៀត​លើក​ឡើ​ង​ថា​កម្ពុជាមិន​ទាន់​មាន​ភាព​ចាំ​បាច់​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សុខភាព​ពិភព​លោក (World Health Organization)​ នោះ​ទេ​ ដោយ​សារ​កម្ពុជា​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​មករា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា​រដ្ឋា​ភិបាល​ចិន​នឹង​ផ្តល់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​កម្ពុជា​ចំនួន​១​លាន​ដូស​ ដែល​អាច​ចាក់​បាន​មនុស្ស​៥០​ម៉ឺន​នាក់។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​ មាស​ តារា ​ជា​គ្រូ​ពេទ្យ​នៅ​គ្លីនិក​ឯក​ជន​ក្នុង​ខេត្ត​សៀមរាប ​មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់មាន​ទំនុក​ចិត្ត​ចំពោះ​វ៉ាក់​សាំង​កូវីដ​១៩​របស់​ប្រទេស​ចិន​នោះ​ទេ​ ដោយ​សារ​វ៉ាក់សាំង​នេះ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ពី​អង្គការ​សុខ​ភាព​ពិភព​លោក ​(WHO)។​ លោក​បង្ហាញ​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដែល​នឹង​ផ្តល់​ដោយ​ប្រទេស​ចិន​នេះ។

រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនចិន CNBC ដែលជាផ្នែកមួយនៃក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន Sinopharm ត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនចិន CNBC ដែលជាផ្នែកមួយនៃក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន Sinopharm ត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

លោក​ប្រាប់​ VOA ​ថា​៖ «របស់​ចិន ​ខ្ញុំ​ពិចារណា​ច្រើន​ជាង​អាច​ពន្យារ​ពេល​សិន ​រង់​ចាំ​មើល​គេ​ចាក់​សិន។ ​ពាក្យ​ថា​របស់​ចិន​ [ទី]មួយ​ វា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ប៉ុន្មាន​ទេ។ ​អា​ហ្នឹង​បទពិសោធន៍ខ្ញុំ​ប្រើ​ថ្នាំ​ប្រើ​អី​កន្លង​មក​ ដល់​ចឹង​ភាព​ជឿ​ជាក់​របស់​យើង​ហ្នឹង ​វា​នៅ​មាន​កម្រិត​នៅ​ឡើយ។ ​បើ​តាម​គំនិត​ខ្ញុំ ​ខ្ញុំ​គិត​ថាព្យាយាម​ការពារ​ខ្លួន​ឯង​សិន។ យើង​កុំ​ទាន់​ចង់​សាក​ល្បង​ទៅ​អា​ហ្នឹង​អី​ បើ​ពាក្យ​ថា​វ៉ាក់​សាំង​មាន​ន័យ​ថា​ចាក់​មេ​រោគ​ចូល​ទៅ​ក្នុង​ខ្លួន​យើង»។

ជា​មួយ​គ្នា​នេះ​ដែរ ​កញ្ញា ​ តែ ​សូ​ចេង​ អាយុ​២១​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​៣​ នៅ​ដេ​ប៉ា​តឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនា​គមន៍​នៃ​សាក​ល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ និយាយ​ថា​កញ្ញា​ហ៊ាន​ចាក់​វ៉ាក់​សាំង​ណា​ដែល​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សុខ​ភាព​ពិភព​លោកតែ​ប៉ុណ្ណោះ​ ទោះ​បីវ៉ាក់​សាំង​នោះមក​ពី​ប្រទេស​ណា​ក៏​ដោយ​ រួម​មាន​ប្រទេស​ចិន​ផង​ដែរ។

កញ្ញា​និយាយ​ថា៖ «ខាង​ WHO ​គាត់​អត់​ទាន់​បាន​យល់​ព្រម​ទៅ​ហ្នឹង​វ៉ាក់​សាំង​ហ្នឹង​ទេ។ ចឹង​សម្រាប់​ខ្ញុំ ​ខ្ញុំ​មិន​សម្រេច​ចិត្ត​ថា​នឹង​ទៅ​ចាក់​ទេ។ ​ប្រទេស​ណា​ក៏​ដោយ​អនុញ្ញាត​ពី ​WHO​ អាច​ជឿ​ជាក់​បាន»។

VOA​ មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​និង​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​នៅឡើយ​ទេ។

កាល​ពី​ចុង​ឆ្នាំ​២០២០ ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​សម្រេច​បញ្ចូល​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន​ Pfizer ​ក្នុង​បញ្ជី​ប្រើ​ប្រាស់​បន្ទាន់ ​ដោយ​អះ​អាង​ថា​វ៉ាក់​សាំង​ដែល​ក្រុម​ហ៊ុន​ Pfizer​ អភិ​វឌ្ឍ​រួម​គ្នា​ជា​មួយ​ដៃ​គូ​អាល្លឺម៉ង់​ BioNTech ​មាន​គ្រប់​លក្ខ​ខណ្ឌ​និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ទល់​ជំងឺ​កូវីដ​១៩។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ​ឲ្យ​ដឹងថា​វ៉ាក់​សាំង​កូវីដ​១៩ ​ដែល​ទទួល​បាន​ពី​ចិន​នោះ ​អ្នក​ទទួល​ចាក់វ៉ាក់​សាំង​មុន​គេ ​គឺ​អ្នក​ដែល​នៅ​ជុំ​វិញ​រូប​លោក ​ព្រះ​មហា​ក្សត្រ​ ប្រធាន​ព្រឹទ្ធ​សភា​ ប្រធាន​រដ្ឋ​សភា។​

លោក​បន្ថែម​ថា​នឹងមាន​រៀប​ចំ​ខ្សែ​ត្រៀម​ជួរ​មុខ​ជា​ពិសេស​គ្រូ​ពេទ្យ​ គ្រូ​បង្រៀន​ កង​កម្លាំង ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​នគរ​បាល​យុត្តិធម៌​គ្រប់​ផ្នែក ​អ្នក​អនាម័យ​ អ្នក​រត់​ម៉ូតូ​ឌុប​ កង់​បី ​និង​តាក់​ស៊ី​ជា​ដើម​។​ នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ការ​ចាក់​នេះ​ធ្វើ​ឡើង​ដោយ​ឥត​គិត​ថ្លៃ ​និង​តាម​គោល​ការណ៍ស្ម័គ្រ​ចិត្ត​។

ចំណែក​កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​ក៏​បាន​ប្រកាស​បន្ថែម​ថា​លោក​នឹង​ចាក់​វ៉ាក់សាំង​របស់​ចិន​ ដែល​លោក​ថា​ដើម្បីបង្កើត​ជំនឿ​ទុក​ចិត្ត​លើ​វ៉ាក់​សាំង ​និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលទទួលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលទទួលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

លោក ​សូ​ វណ្ណា ​អាយុ​៤២​ឆ្នាំ​ជា​គ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ​មាន​ប្រសាសន៍​ថា​លោក​មិន​ហ៊ានចាក់​វ៉ាក់​សាំង​ទាំង​ប្រថុយប្រថាន​ ដោយ​ពុំ​មានការ​ទទួល​ស្គាល់​ពី​អង្គ​ការ​សុខភាព​ពិភព​លោក​ឡើយ។ ​

លោក​បន្ត​ថា​កម្ពុជា​ក៏​អាច​គ្រប់គ្រង​ជំងឺ​កូវីដ១៩នេះ​បាន​ល្អ ហើយ​មិន​មាន​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​អ្វី​នោះ​ទេ។

លោក​ប្រាប់ ​VOA ​ថា៖ «ចំពោះ​ខ្ញុំ ​បើ​សិន​មិន​ទាន់​មាន​ការ​ឆ្លង​កាត់​ពី ​WHO​ ទេ ​ខ្ញុំ​មិនទាន់​ហ៊ាន​ចាក់​នៅ​ឡើយ​ទេ​ ពី​ព្រោះ​អី​ការ​ចាក់​ផ្សង​ព្រេង​មិន​មែន​ជា​មធ្យោ​បាយ​ដែល​ល្អ​នោះ​ទេ ​ហើយ​ណាមួយ​ប្រទេស​កម្ពុជា​យើង​ មិន​ទាន់​ដល់​ថ្នាក់​ថា​ភ័យ​ខ្លាច​ជំងឺ​នេះ​ខ្លាំង​ទេ​ ពី​ព្រោះ​អី​មាន​ការ​ទប់​ស្កាត់​បាន​ល្អ​ប្រសើរ​ដែរ»។

ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ VOA បាន​សាកសួរ ​ក៏​បាន​លើក​ឡើង​ថាពួកគេ​នៅ​មិន​ទាន់សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​ចាក់​ឬ​អត់​នៅ​ឡើយ​ទេ​ ដោយ​រង់​ចាំ​មើល​ជាក់​ស្តែង​ពេល​វ៉ាក់​សាំង​នោះ​មក​ដល់​សិន។ ចំណែកប្រជា​ពល​រដ្ឋខ្លះ​ទៀត ​ក៏បង្ហាញ​ភាពរីក​រាយ​ក្នុង​ការ​ដែល​កម្ពុជា​នឹង​ទទួល​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ពី​ប្រទេស​ចិន​ផង​ដែរ។

លោក​ កែម​ កួន ​អាយុ​៣២​ឆ្នាំ ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​កំពុង​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​មុខ​មជ្ឃម​ណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​លើក​ឡើង​ថា​លោក​រីក​រាយ​នឹង​ទទួល​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​នេះ ​មិន​ថា​ប្រទេស​ណា​ជា​អ្នក​ផ្តល់ឲ្យនោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ «ត្រេក​អរ​ណាស់​ឲ្យតែ​បាន​គេ​មក​ចាក់ ​ពី​ព្រោះ​យើង​មិ​ន​ប្រាកដ​ថាយើង​នឹង​កើត​ឬ​អី​ មិន​ដឹង​ទេ។ តែ​យើង​ចាក់​ការ​ពារ​ល្អ​ជាង​អត់។ ​មិន​សំខាន់​លើ​ប្រទេស​ណា​ជា​អ្នក​ឲ្យទេ។ បើ​ឯក​ជន​អី ​មិន​សូវ​ហ៊ាន​ចាក់​ទេ ​តែ​បើ​រដ្ឋ​ហ៊ាន»។

ចំណែក​លោក​ ញ៉ែម​ សុភី ​អាយុ​៣៥​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ ក៏​បាន​យល់​ឃើញ​ស្រដៀង​គ្នា​នឹងលោក​ កែម​ កួន ​ដែរ​។

លោក​មាន​ប្រសាសន៍​ថា៖ «សំខាន់​ក្រសួង​សុខាភិបាល​យើង ​គាត់​អនុញ្ញាត​ចេញ​មក ​គឺ​ខ្ញុំ​អត់​ខ្លាច​ទេ​ ខ្លាច​តែ​ដូច​ថា​ខាង​ឯក​ជន​គាត់​យក​មក​ស្ងាត់​ៗ​អី។ ចង់​ឲ្យយើង​ចាក់​មាន​អារម្មណ៍​មួយ​ភ័យ​ខ្លាច​ដែរ​ ហើយ​ខ្ញុំ​ក៏​មិន​អាច​ចាក់​ផ្តេស​ផ្តាស​បាន​ដែរ»។

លោក កែម កួន អ្នក​រត់​រ៉ឺម៉ក​កង់បី កំពុង​អង្គុយ​លើ​រ៉ឺម៉ក​កង់​បី​របស់​លោក​នៅ​មុខ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាម ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០២១។ (ធីតា វីន/វីអូអេ)
លោក កែម កួន អ្នក​រត់​រ៉ឺម៉ក​កង់បី កំពុង​អង្គុយ​លើ​រ៉ឺម៉ក​កង់​បី​របស់​លោក​នៅ​មុខ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាម ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០២១។ (ធីតា វីន/វីអូអេ)

រដ្ឋាភិបាល​មិន​ទាន់​អាច​បញ្ជាក់កាល​បរិច្ឆេទ​ដាក់​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង នៅពេល​ណា​នោះ​ទេ។ ​ប៉ុន្តែលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ គ្រាន់​តែ​បញ្ជាក់​ថា​ប្រជា​ពលរដ្ឋ​កម្ពុជានឹង​ទទួល​បាន​វ៉ាក់​សាំង​កូវីដ​១៩​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​បាន​ស្នើ​ជំនួយ​វ៉ាក់​សាំង​កូវីដ​១៩​ពី​ប្រទេស​ឥណ្ឌា​ដែល​បាន​ផលិត​វ៉ាក់​សាំង​បាន​ដោយ​ខ្លួន​ឯង​ផង​ដែរ។ការ​ស្នើ​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ និង​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សាធា​រ​ណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា។

លោក​ស្រី​ ឱ​ វណ្ណ​ឌីន​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល ​បាន​បដិសេធ​សុំ​មិន​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ផ្តល់​វ៉ាក់​សាំង​កូវីដ​១៩​របស់​ប្រទេស​ចិន ​ដោយ​លោក​ស្រី​ថា​រង់ចាំ​ព័ត៌​មាន​ឲ្យច្បាស់​លាស់ ​ជាង​នេះ។

​កាល​ពី​ពាក់​កណ្តាល​ខែ​ឆ្នូ ​ឆ្នាំ​២០២០​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន ធ្លាប់​បាន​ប្រកាស​ថា​ប្រទេស​កម្ពុជា​ប្រើ​ប្រាស់​វ៉ាក់​សាំង​ណា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខ​ភាព​ពិភព​លោក​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​កម្ពុជា​នឹង​មិន​យក​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​តេស្តវ៉ាក់​សាំង​សម្រាប់​ក្រុម​ហ៊ុន​ឬ​ប្រទេស​ណា​មួយ​នោះ​ឡើយ។​

ការ​ផ្លាស់​ប្តូរ​គោល​ជំហររបស់​រដ្ឋាភិបាល​កម្ពុជា ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ បាន​អះ​អាង​ថា​ដោយ​សារ​វ៉ាក់​សាំង​កូវីដ​១៩​របស់​ចិន​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​ទូ​លំ​ទូលាយ​រួច​ទៅ​ហើយ​នៅ​ប្រទេស​ចិន​និង​មាន​ប្រទេស​ផ្សេង​ទៀត​មិន​តិច​ជាង​១០​ប្រទេស​ទេ​ ដែល​ប្រើវ៉ាក់សាំង​របស់​ចិន​រួច​ទៅ​ហើយ​ ។ ​ម្យ៉ាង​វិញ​ទៀត​ នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​កម្ពុជា​មិន​អាច​រង់​ចាំ​បន្ត​ទៅ​ទៀត​បាន​ទេ​ ដោយ​សារ​តែ​ភាព​ចាំ​បាច់ក្នុង​ការ​ការ​ពារ​សុខ​ភាព​របស់​ប្រជា​ពលរដ្ឋ។

លោក​បណ្ឌិត​ មាស​ នី ​អ្នក​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ ​មាន​ប្រសាសន៍ថា​ការ​ផ្តល់​ទំនុក​ទុក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ចំពោះ​វ៉ាក់​សាំង​កូវីដ​១៩​នេះ ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន ទទួល​ចាក់​មុន​ដំបូង​គេ​នោះ ​នៅ​មិន​ទាន់​ធ្វើ​ឲ្យប្រជា​ពល​រដ្ឋ​ទុក​ចិត្ត​បាននោះ​ទេ។

លោកបញ្ជាក់​ថា៖ «​គាត់​អាច​ដឹង​ថា​ពល​រដ្ឋ​មិន​ព្រម​ទទួល​យក​វ៉ាក់​សាំង​ហ្នឹង​មក​ប្រើ​ដោយ​មិន​ទុក​ចិត្ត​ ដូច្នេះ​មាន​តែ​ការ​បង្ហាញ​នូវ​ជំហរ​មួយ​ គឺ​គាត់​ត្រូវ​ទទួល​យក​អា​ហ្នឹង​មុន​គេ​ដើម្បី​ធ្វើ​ជា​គំរូ​ឲ្យ​គេ​ទុក​ចិត្ត​។​ ទោះ​បី​ជា​ប៉ុណ្ណឹង​ក៏​ដោយ ​ក៏​ប្រហែលមិនទាន់​ផ្តល់​នូវ​ទំនុក​ចិត្ត​គ្រប់​គ្រាន់​ដល់​ពល​រដ្ឋ​ខ្មែរ​ក្នុង​ការ​ចូល​ទៅ​ទទួល​យក​ថ្នាំ​នោះ​ដែរ​បើ​សិន​មិន​ទទួល​ស្គាល់​ពី​អង្គ​ការ​សុខភាព​ពិភព​លោក​នោះ»។

លោក ​មាស​ នី ​បន្ត​ថា​ស្រប​ពេល​ដែល​ស្ថាន​ភាព​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​គ្រប់​គ្រង​

បាន​នៅ​ឡើយ លោក​ស្នើ​ឲ្យរដ្ឋាភិបាល​មិន​គួរ​ប្រញាប់​ប្រញាល់​ទទួល​យក​វ៉ាក់​សាំង​កូវីដ​១៩​របស់​ចិន​ទាំង​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​នោះ​ទេ។

លោក​បន្ថែមថា៖ «សម្រាប់​ការ​ទទួល​យក​វ៉ាក់​សាំង​នេះ ​គឺ​ខ្ញុំ​ចង់​ឲ្យរដ្ឋាភិបាល​កម្ពុជា ​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ ហើយ​ពិចារ​ណា​ឡើង​វិញ​ទៅ​លើ​គុណភាព​នៃ​វ៉ាក់​សាំង​ហ្នឹង​ ហើយ​ត្រូវ​ធ្វើ​ម៉េច​ឲ្យបាន​ច្បាស់​ថា​វ៉ាក់​សាំង​នេះ​បាន​ទទួល​ស្គាល់​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ជា​មុន​សិន​ មុន​នឹង​យក​មកឲ្យពល​រដ្ឋ​កម្ពុជា​ប្រើ​បែប​នេះ​ទេ។ ​ខ្ញុំ​អត់​ចង់​ឃើញ​ពល​រដ្ឋ​ខ្មែរ​ហ្នឹង​បាន​ត្រូវ​គេ​ប្រើ​គ្រាន់​តែ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​ទេ។ ​អា​នេះ​រឿង​សំខាន់»។

កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០​២០ ​របាយការណ៍​វាយ​តម្លៃ​មួយ​របស់​ការិយាល័យ​ចក្ខុ​វិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​សេណេហ្គាល់ ​បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១​លើ​ពិភព​លោក​ ជា​ប្រទេស​ដែល​គ្រប់​គ្រង​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​បាន​ល្អ​ជាង​គេ។

​ក្រសួង​សុខា​ភិបាលកម្ពុជា​ ឲ្យដឹង​ថា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ ​ទី​១៨​ខែ​មករា​នេះ​ អ្នក​ឆ្លងកូវីដ​១៩​សរុប​មាន​៤៣៩នាក់ ​អ្នក​ព្យាបាល​ជា​ស្បះ​ស្បើយ​ចំនួន​៣៨៦​នាក់​ និង​អ្នក​សម្រាក​ព្យាបាល​ចំនួន​៥៣​នាក់ ​និង​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG