ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​ថា កម្ពុជា​មិន​យក​វ៉ាក់សាំង​កូវីដ ដែល​មិន​ទទួល​ស្គាល់​ដោយ WHO


រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (លើក​ដៃឡើង) ឈរ​ជាមួយ​នឹង​មន្ត្រី​កំពូលៗ​របស់​លោក​មួយ​ចំនួន ក្នុង​អំឡុងពេល​ជូន​ដំណើរ​ព្រះមហាក្សត្រ​ព្រះអង្គ សីហមុនី យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន​ដើម្បី​ពិនិត្យ​សុខភាព អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ថា កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​ប្រមាណ​១​លាន​ដូស​ ប៉ុន្តែលោក​ថា ​វ៉ាក់សាំង​នេះ ​ត្រូវ​តែទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ​(WHO)។

ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK)​ និង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ​វ៉ាក់​សាំង​ដែល​ត្រូវ​នាំ​យក​មក​កម្ពុជា​នោះ ផលិត​ដោយ​ប្រទេស​ណា​ និង​មក​ដល់​កម្ពុជា​នៅ​ពេល​ណា​ទេ។ ក៏​ប៉ុន្តែ​លោក​ថា​ កម្ពុជា​នឹង​ផ្អែក​តាម​យន្តការ​កូវ៉ាក់​ (Covax) ដើម្បី​ទិញ​វ៉ាក់​សាំង​ចាក់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដោយ​មិន​គិត​ប្រាក់។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «រៀបចំ​តាម​រយៈ​យន្តការ​កូវ៉ាក់​សម្រាប់​២០​ភាគរយ​ ធ្វើ​លិខិត​ស្នាម​រួចអស់​ហើយ​ ទិញ​ថែម​តាម​រយៈ​កូវ៉ាក់​...១​លាន​ដូសក៏​បាន​បញ្ជា​ទិញ​រួច​ហើយ​ តែ​ត្រង់​ថា​មក​ដល់​ពេល​ណា​ ខ្ញុំ​ឆ្លើយ​អត់​ទាន់​បាន​ ព្រោះ​សុំ​បញ្ជាក់​ថា​ កម្ពុជា​ទទួល​ទិញ​តែ​វ៉ាក់សាំង​របស់​ប្រទេស​ណា​ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​តែ​ប៉ុណ្ណោះ។ កម្ពុជា​នឹង​មិន​យក​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​តេស្ត​វ៉ាក់សាំង​សម្រាប់​ក្រុម​ហ៊ុន​ ឬ​ប្រទេស​ណា​នោះ​ទេ»។

កូវ៉ាក់​ គឺ​ជា​មជ្ឈមណ្ឌល​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ការ​ផលិត​ និង​អភិវឌ្ឍ​មធ្យោបាយ​ធ្វើ​តេស្ត ​ និង​បង្កើត​ឲ្យ​មានភាព​ដែល​អាច​ទទួល​បាន​ដោយ​សម​ធម៌​នូវ​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ និង​វ៉ាក់​សាំង​ប្រឆាំង​នឹងជំងឺ​នេះ។ អង្គការ​សុខភាព​ពិភព​លោក​ ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុមអ្នក​ស្រាវជ្រាវ​នេះ​ដែរ​ ហើយ​កម្ពុជា ​គឺ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មាន​ចំណូល​ទាប​ចំនួន​៩២ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មជ្ឈ​មណ្ឌល​នេះ។ កូវ៉ាក់បានសន្យា​ថា​ នឹង​ផ្តល់​វ៉ាក់សាំង​ឲ្យ​កម្ពុជា​២០​ភាគ​រយ​នៃប្រជាជន​សរុប។

នៅ​ក្នុង​ការ​ថ្លែង​រយៈពេល​ជិត​៤ម៉ោង លោក ​ហ៊ុន សែន លើក​ឡើង​ថា ​បើ​មិន​មាន​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ទេ​ ការ​ប្រើ​ប្រាស់ម៉ាស់​ត្រូវ​តែ​បន្ត ​និង​បង្កើន​វិធាន​ការ​ការពារ ជា​ជាង​យក​វ៉ាក់សាំង​ពី​បណ្តា​ប្រទេស​ដែល​បាន​ដាក់​វ៉ាក់​សាំង​របស់​ខ្លួន​ឲ្យប្រើ​ប្រាស់ តែ​មិន​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ សុខ​ចិត្ត​រង់​ចាំ​ អង្គុយ​រង់​ចាំ​ ហើយ​សុខចិត្ត​ពាក់​ម៉ាស់។ អង្គុយ​រង់​ចាំ​ប្រសើរ​ជាង​ភាព​មិន​ច្បាស់លាស់»។

បើ​តាម​លោក ​ហ៊ុន សែន​ ប្រទេស​ដែល​បាន​ផលិត​វ៉ាក់​សាំង​ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ទាំង​នោះ ​រួម​មានចិន រុស្សី​ សហរដ្ឋអាមេរិក​ អង់គ្លេស និង​អាល្លឺម៉ង់​ជាដើម។

លោក​បញ្ជាក់​ទៀត​ថា ការ​ទទួល​ស្គាល់ជា​អន្តរជាតិ​ទៅ​លើ​វ៉ាក់​សាំង​របស់​ប្រទេសណា​មួយ​នោះ​ អាច​នឹង​ធ្វើ​ឡើង​ក្នុង​ខែ​មករា​ខាង​មុខ។ លោក​ក៏​សូម​អភ័យទោសចំពោះ​ប្រទេស​នានា ដែល​កម្ពុជាមិន​ព្រម​យក​វ៉ាក់សាំង​ដែល​ផលិត​រួច​ហើយ តែ​គ្មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​អង្គ​ការ​សុខ​ភាព​ពិភពលោក។

លោក ហ៊ុន សែន ថ្លែង​ថា៖ «និយាយ​យ៉ាង​ដូច្នេះ​ សូម​អភ័យ​ទោស​ពី​ប្រទេស​នានា​ ក្រែង​គេ​ថា​ម៉េច អញ​មិន​ទាន់​បាន​ គេ​ក៏​មិន​ទាន់​ទទួល​ស្គាល់​ អញ​យក​ទៅ​ចាក់​ហើយ​ បែរ​ជា​ថា​ធ្វើ​តេស្ត​ មិន​មែន​ទេ​ តែ​នេះ​គឺ​ករណី​ដាច់​ដោយ​ឡែក​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ»។

កាល​ពី​សប្តាហ៍​មុន ប្រធាន​ផ្នែក​កិច្ចការ​នយោបាយ​ស្ថានទូត​ចិន​ លោក ​Wang Dexin បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ​មន្ត្រី​ទូត​ចិន​កំពុង​ធ្វើការ​ទំនាក់​ទំនង​ជាមួយ​ភាគី​កម្ពុជា ទាក់​ទង​នឹង​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្លង​កូវីដ​១៩ ​ផលិត​ដោយ​ប្រទេស​ចិន។ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​សុខាភិបាល​កម្ពុជា​ មិន​មាន​ការបំភ្លឺ​ណា​មួយ​ទៅលើ​ទំនាក់​ទំនង​នេះ​ទេ។ ​

លោក ​ទឹម វរ៉ា​ នាយក​ប្រតិបត្តិគណៈកម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព​ប្រាប់​ VOA​ ថា​ ការ​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ មាន​ភាព​ចាំបាច់ ​ដើម្បី​ធានា​ថា ​វ៉ាក់សាំង​ដែល​យក​មក​ប្រើ​នោះ មិន​បង្ក​ហានិភ័យ​ដល់សុខភាព​របស់​ពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ទិញ​ឱសថ​ណា​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​ចឹង​ បាន​យើង​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ ហើយ​គេ​មាន​ការ​ធានា​ត្រឹមត្រូវ។ នៅ​ពេល​ណា​ដែល​ WHO គាត់​ទទួល​ស្គាល់​ បាន​ន័យ​ថា ​គេ​មាន​ការ​ធ្វើ​តេស្ត​អី​ត្រឹមត្រូវ​ ជឿ​ជាក់​ច្រើន»។

លោក​បង្ហាញ​ជំនឿ​ថា​មន្ត្រី​សុខាភិបាល​កម្ពុជា​ បាន​ត្រៀម​រួចរាល់​ក្នុង​ប្រើប្រាស់​វ៉ាក់​សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩​នេះ​ ដោយ​ហេតុថា​នឹង​មាន​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ដល់​ក្រុម​បុគ្គលិក​សុខាភិបាល​នៅ​ពេល​ទទួល​បានវ៉ាក់សាំង។

អង្គការ​សុខភាព​ពិភព​លោកបាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា​ វ៉ាក់​សាំង​ ទំនង​មក​ដល់​កម្ពុជា​ដំបូង​នៅ​ខែ​មីនា ​ឆ្នាំ​២០២១​ខាង​មុខ។ ក៏​ប៉ុន្តែ​អង្គការ​អន្តរជាតិ​នេះ មិន​បាន​បញ្ជាក់​ពី​ប្រភព​នៃ​វ៉ាក់សាំង​ថា​ផលិត​ចេញ​ពី​ប្រទេស​ណា​ទេ។

លោក ហ៊ុន សែន លើក​ឡើង​ថា កម្ពុជា​ក៏បាន​ត្រៀម​បម្រុង​ថវិកា​ប្រមាណ១០០​ ទៅ​២០០​លាន​ដុល្លារ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​វ៉ាក់​សាំង បន្ថែម​នឹង​ជំនួយ​ចំនួន​ប្រមាណ​៥៣៨​លាន​ដុល្លារ​ ដែល​ផ្តល់​ដោយ​ដៃ​គូ​អភិវឌ្ឍន៍​ ក្នុង​នោះ​មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ និង​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​ជប៉ុន​ JICA។

បើ​តាម​លោក ហ៊ុន សែន គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី១៥ ខែ​ធ្នូ​ ថវិកា​ប្រមូល​បាន​ដើម្បី​ទិញ​វ៉ាក់សាំង មាន​ប្រមាណ​៤៨​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG