សមាជិកសភាអាមេរិក និងអ្នកជំនាញខាងកិច្ចការតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា មេដឹកនាំពិភពលោកដែលនឹងជួបប្រជុំគ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍នៅចុងសប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ គួរតែនាំគ្នាដោះស្រាយស្ថានការណ៍ ដែលកាន់តែធ្លាក់ដុនដាបនៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនរួមទាំងនៅកម្ពុជាផងដែរ។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងវេទិកាពិភាក្សាគ្នាមួយនៅឯសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ដែលរៀបចំឡើងរួមគ្នាដោយមជ្ឈមណ្ឌលEast-West Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងក្រុមការងារសភាទទួលបន្ទុកកិច្ចការអាស៊ាន (Congressional Caucus on ASEAN)។
លោកបណ្ឌិត Satu Limaye នាយកមជ្ឈមណ្ឌល East-West Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយVOA ក្រោយកិច្ចពិភាក្សានេះថា លោករំពឹងថា សហរដ្ឋអាមេរិក នឹងបន្តធ្វើសេចក្ដីថ្លែងការណ៍ទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្សក្នុងតំបន់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅសប្ដាហ៍ក្រោយ។
«គោលជំហរផ្លូវការរបស់រដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោកប្រធានាធិបតី ត្រាំ ត្រូវបានគេដឹងឭសុះសាយអស់ទៅហើយតាមរយៈសេចក្ដីថ្លែងការណ៍ជាសាធារណៈ សេចក្ដីប្រកាសព័ត៌មាននានា និងការអត្ថាធិប្បាយក្នុងសន្និសីទសារព័ត៌មានជាដើម ដូច្នេះ ខ្ញុំអាចស្រមៃឃើញថា យើងនឹងឭសេចក្ដីថ្លែងការណ៍ស្រដៀងគ្នានេះដែរនៅក្នុងកិច្ចប្រជុំទាំងនោះ»។
ការលើកឡើងនេះ គឺចំពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកទៅកាន់តំបន់អាស៊ី ជាពិសេសគឺ ការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)ក្នុងប្រទេសវៀតណាមនៅចុងសប្ដាហ៍នេះ និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកក្នុងប្រទេសហ្វីលីពីននៅសប្ដាហ៍ក្រោយ។
សមាជិកសភាអាមេរិក លោក Joaquin Castro ដែលជាសហប្រធានស្ថាបនិកនៃក្រុមការងារសភាទទួលកិច្ចការអាស៊ាន មានប្រសាសន៍ថា ក្រៅពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង មេដឹកនាំពិភពលោក ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលទាំងនេះ នឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យផងដែរ។
«ប្រាកដណាស់ ខ្ញុំគិតថា នោះនឹងក្លាយជាប្រធានបទដែលនឹងត្រូវលើកឡើងជាមិនខានរវាងលោកប្រធានាធិបតីត្រាំ និងមេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន»។
កិច្ចពិភាក្សាគ្នានេះ ត្រូវបានរៀបចំឡើង ខណៈដែលស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម ភូមា និងកម្ពុជា កំពុងរងការរិះគន់យ៉ាងខ្លាំង។
នៅកម្ពុជា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំមកហើយនោះ បានចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ។ គណបក្សសង្គ្រោះជាតិ គឺជាដៃគូប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែលបានចែកចាយនៅក្នុងកិច្ចពិភាក្សាគ្នានេះ អង្គការHuman Rights Watch បានអំពាវនាវឲ្យប្រមុខដឹកនាំរដ្ឋាភិបាលជុំវិញពិភពលោកដែលមកជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលនៅតំបន់អាស៊ីនេះ ដោះស្រាយវិបត្តិនិងស្ថានការណ៍ដែលកាន់តែធ្លាក់ដុនដាបនៅក្នុងប្រទេសវៀតណាម ភូមា និងកម្ពុជា។
លោក John Sifton នាយកផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ VOA នៅឯកិច្ចពិភាក្សានេះថា ទោះបីជារដ្ឋាភិបាលកម្ពុជា ប្រហែលជាមើលឃើញថា រដ្ឋាភិបាលអាមេរិក ហាក់មិនចាប់អារម្មណ៍ ឬមិនចង់ប្រឡូកនឹងបញ្ហាកម្ពុជាក៏ដោយ ក៏លោកថា មេដឹកនាំពិភពលោកផ្សេងទៀត អាចនិយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជាដែរ។
«ទោះបីជាសហរដ្ឋអាមេរិក មិនចង់ក៏ដោយ រដ្ឋាភិបាលកាណាដា ក៏ចូលរួមកិច្ចប្រជុំកំពូលទាំងនោះ រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុបក៏នៅទីនោះ រដ្ឋាភិបាលអូស្ត្រាលី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ទៅចូលរួមដែរ ដូច្នេះមេដឹកនាំទាំងនេះ អាចជួបគ្នា ហើយនិយាយជាមួយ លោក ហ៊ុន សែន »។
នៅថ្ងៃទី១៦ខែវិច្ឆិកា ខាងមុខនេះ តុលាការកំពូលរបស់កម្ពុជា គ្រោងនឹងបើកសវនាការសម្រេចថាតើនឹងគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយតាមពាក្យបណ្ដឹងរបស់រដ្ឋាភិបាលដែរ ឬយ៉ាងណា។
លោក John Sifton ថ្លែងបន្តថា បើគណបក្សប្រឆាំង នឹងត្រូវបានរំលាយមែន នោះលទ្ធផលនៃការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំក្រោយ នឹងខ្វះភាពស្របច្បាប់ និងខ្វះការទទួលស្គាល់ជាអន្តរជាតិ។
«បណ្ដាប្រទេសដែលពាក់ព័ន្ធ ជាពិសេសគឺ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អាចប្រមូលផ្តុំគ្នា ហើយរួមគ្នានិយាយជាមួយលោក ហ៊ុន សែនថាបើគាត់រំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកាមែននោះ សហគមន៍អន្តរជាតិ នឹងមិនអាចចាត់ទុកការបោះឆ្នោតឆ្នាំ២០១៨ថា ជាការបោះឆ្នោតដែលសេរី និងត្រឹមត្រូវនោះបានទេ។ ហើយបើលោក ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសរើសម្ដងទៀតនៅក្នុងការបោះឆ្នោតនោះ ដែលមិនមែនជាការបោះឆ្នោតដ៏ពិតប្រាកដ តែជាការបោះឆ្នោតក្លែងក្លាយមួយនោះ នោះគាត់ នឹងមិនត្រូវបានប្រជាពលរដ្ឋខ្មែរ ទទួលស្គាល់ថាជាមេដឹកនាំ ដែលត្រូវបានជ្រើសរើសត្រឹមត្រូវស្របច្បាប់តាមបែបប្រជាធិបតេយ្យនោះឡើយ»។
ប្រមុខដឹកនាំរដ្ឋាភិបាលមកពីសហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កាណាដា អូស្ត្រាលី និងម៉ិកស៊ិក នឹងជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកានេះ ហើយកិច្ចប្រជុំកំពូលអាស៊ាន នឹងប្រព្រឹត្តធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃទី១២ ខែវិច្ឆិកា ហើយបន្ទាប់មក មេដឹកនាំភាគច្រើន នឹងបន្តចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ចាប់ពីថ្ងៃទី១៣ដល់១៤ ខែវិច្ឆិកាទៀត។
អាស៊ាន មានចំនួនពលរដ្ឋសរុបរួមជាង ៦០០លាននាក់ និងផលទុនក្នុងស្រុកសរុបរួមគ្នាមានជាង២,៤ លានលានដុល្លារអាមេរិក។
សមាគមអាស៊ានមានសមាជិក១០ប្រទេសរួមមាន ប្រ៊ុយណេ ភូមា កម្ពុជា ឡាវ វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងសិង្ហបុរី៕