ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​បង្កើន​ការវាយ​ប្រហារ​បក្ស​ប្រឆាំង​បន្ទាប់​ពី​មាន​អត្ថាធិប្បាយ​រឿង​ខ្មែរ​ក្រហម


លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ថ្លែងប្រាប់អ្នកយក​​ព័ត៌មាន​​​ក្រោយ​ការ​បោះឆ្នោត។​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ថ្លែងប្រាប់អ្នកយក​​ព័ត៌មាន​​​ក្រោយ​ការ​បោះឆ្នោត។​
នៅពេល​ដែល​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​គេ​សម្គាល់​ឃើញ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាន់តែ​ដុត​កំដៅ​ថែមទៀត​ប្រឆាំង​ទៅនឹង​គណបក្ស​ជំទាស់។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី៣០​ខែឧសភា ​ដោយ​ព្រមាន​លើ​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ជំនួស​ឲ្យ​ក្រុមបាតុករ​ថា ​បាតុកម្ម​អហិង្សា​របស់​មហាជន​មួយ​ប្រឆាំង​លោក​កឹម សុខា​នឹងធ្វើ​ឡើង​នៅពេល​ខាងមុខ​បើសិនជា​លោក​កឹម សុខា​មិន​សុំទោស​ជា​សាធារណៈ​នោះ​ទេ។

ការទាមទារ​ឲ្យ​សុំទោស​ដែល​ធ្វើឡើង​ដោយ​លោក​ជុំ ម៉ី ​ប្រធាន​សមាគម​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម ​ក្សេមក្សាន្ត​ដោយសារ​មានការ​ចោទប្រកាន់ថា​លោក​កឹម សុខា ​ចាត់ទុក​គុក​ទួលស្លែង​ឬ​មន្ទីរ​ស ២១​របស់​ពួក​ខ្មែរក្រហម​ជា​គុក​សិប្បនិមិត្ត​និង​រៀបចំឡើង​ដោយ​ប្រទេស​វៀតណាម។
ការទាមទារ​នោះ​ត្រូវគេ​ចាក់ផ្សាយ​យ៉ាង​ឱឡារិក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​និង​ឯកជន។

ប៉ុន្តែ​លោក​កឹម សុខា ​បដិសេធ​ធ្វើការ​សុំទោស​ដោយ​សំអាង​ថា​លោក​មិនបាន​និយាយ​ដូច្នោះ​ទេ​ហើយ​ថា​នេះ​ជា​ការ​ប្រឌិត​មួលបង្កាច់​លើ​អ្វីដែល​លោក​បាន​និយាយ។
លោក​ហ៊ុន សែន ​បាន​លូក​មាត់​ម្តង​ជា​ពីរ​ដង​ក្នុង​រឿងនេះ។
«បាតុកម្ម​ទ្រង់ទ្រាយ​ធំ​វា​អាច​នឹង​កើតមាន។ មិនមែន​តែ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នោះទេ។ តែ​គ្រប់​ទីកន្លែង​ក្នុង​ទូទាំង​ប្រទេស​តែម្តង។ ខ្ញុំ​មិនអាច​ហាមឃាត់​មិនឱ្យ​ប្រជាជន​មិនឱ្យ​ធ្វើបាតុកម្ម​នោះ​ទេ​តែ​អ្វី​ដែល​ខ្ញុំ​ស្នើ​សុំ​នោះ​គឺ​បាតុកម្ម​នោះ​ត្រូវធ្វើឡើង​ដោយ​ធើ្វ​ដោយ​ថ្លៃថ្នូរ ​មាន​របៀប​រៀបរយ​ សណ្តាប់ធ្នាប់​និង​ដាច់ខាត​មិន​ឱ្យ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង»។

លោក អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និយាយ​ថា​គម្រោង​បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា​គឺជា​នយោបាយ​ទាំង​ស្រុង​ក្នុង​អំឡុងពេល​នៃ​ការឃោសនា​នយោបាយ​ខាងមុខ​នេះ​ពោល​គឺជា​យុទ្ធសាស្រ្ត​នយោបាយ​របស់​លោក ហ៊ុន សែន។
«ជា​សិទ្ធិ​របស់​លោក​ហ៊ុនសែន​ក្នុងការ​និយាយ​ហ្នឹង។ គាត់​និយាយ​បែប​សន្តិវិធី។ ជាក់ស្តែង ​តើ​វា​គ្រប់គ្រង​ស្ថានភាព​បាន​ឬ​មិនបាន​ហ្នឹង​ជា​រឿង​មួយ​ទៀត។ ដូច​ខ្ញុំ​និយាយ​អីចឹ​ង​នេះ ​ជាការ​ធ្វើ​នយោបាយ​នៅ​ប្រទេស​កម្ពុជា។ គេ​ធ្វើ​បែប​ហ្នឹង។ បើសិនជា ​មាន​ការប្រឈម​មុខ ​រវាង ​ប្រជា​ពលរដ្ឋ​ និង​ប្រជា​ពលរដ្ឋ»។

លោក យ៉ែម បុញ្ញឫទ្ធិ​មន្ត្រី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា​ការលើកឡើង​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គឺជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​បុគ្គល​ម្នាក់។ លោកបុញ្ញឫទ្ធិ​បន្ថែម​ថា​គណបក្ស​លោក​នឹង​រង់ចាំ​គម្រោង​នៃ​បាតុកម្ម​នោះ​ពីព្រោះ​រៀងរាល់​ដង​ដែល​គណបក្ស​ប្រឆាំង​ស្នើសុំ​ធ្វើបាតុកម្ម​អហិង្សា​តែង​ត្រូវ​បាន​រារាំង​និង​ទប់ស្កាត់​ពី​ក្រុម​អាជ្ញាធរ។ គម្រោង​ធ្វើបាតុកម្ម​ត្រូវបាន​លោក បុញ្ញឫទ្ធិ​លើក​ឡើង​ថា​នឹង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ខាង​មុខ។
«បើតាម​ច្បាប់​គេ​កំណត់​គេ​ចង់ឱ្យ​ ១០នាក់ ​១០០នាក់។យើង​ចាំមើល​មើល​តើ​គេ ​ធ្វើ​ប៉ុន្មាន​នាក់។ បក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​ និង​ការធ្វើ​បាតុកម្ម ​ហើយ​ឬ​នៅ»។

លោក កែម ឡី​ អ្នកស្រាវជ្រាវ​ឯករាជ្យ​និយាយថា​អ្នកនយោបាយ​ត្រូវ​ហ៊ាន​ចេញមុខ​សុំទោស​ប្រសិន​បើ​គាត់​បាន​ធ្វើ​ខុស​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ដល់​ប្រជា​ពលរដ្ឋ។
ឆ្លើយតប​ទៅនឹង​ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​លោក កែម ឡី​បញ្ជាក់​ថា ​រដា្ឋ​ភិបាល​មាន​តួនាទី​ក្នុង​ការគាំទ្រ​រាល់​សកម្មភាព​ផ្សេងៗ​របស់​ប្រជា​ពលរដ្ឋ​ក្នុងន័យ​ធានា​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។
លោក​កែម ឡី ​បញ្ជាក់​ដោយ​ប្រយោល​ថា ​រដ្ឋាភិបាល​មិនគួរ​ជំរុញ​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​អ្វីមួយ​នោះ​ទេ។
«ក៏ប៉ុន្តែ​រដ្ឋាភិបាល​គ្មាន​តួនាទី​ក្នុងការ​ជំរុញ​ឱ្យ​មាន​ការធ្វើ​បាតុកម្ម​នោះទេ។ បើ​បាតុកម្ម​មែនមាន​ន័យ​ធ្វើ​បាតុកម្ម​ដើម្បី​ខ្លួនឯង​ពីព្រោះថា​ខ្លួនឯង​ជា​អ្នកដឹកនាំ»។

លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បញ្ជាក់​ផងដែរ​ថា​បាតុកម្ម​អាច​មិនមែន​កើតឡើង​តែ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះទេ។
លោក​កែម ឡី ​យល់ថា​ក្នុង​អំឡុងពេល​នៃ​ការ​ខិតជិត​ចូលមក​ដល់​នៃ​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត ​ប្រសិនបើ​មាន​បាតុកម្ម​ប្រឆាំង​ទៅនឹង​លោក កឹម សុខា​ប្រធានស្តីទី​នៃគណបក្ស​សង្គ្រោះ​ជាតិ​ហើយ​បាតុកម្ម​នោះ​មិន​មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​បក្សប្រឆាំង។ ហើយ​វា​ជា​កំហុស​របស់​រដ្ឋ​ដែល​មិនអាច​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ និង​ស្មើភាព​គ្នា​ឱ្យ​គណបក្ស​នយោបាយ​នីមួយៗ។

អ្នកនាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ លោក ផៃ ស៊ីផាន​ទទួល​ស្គាល់​ថា​ជា​រឿង​នយោបាយ​ ​ប៉ុន្តែ​វា​ជា​នយោបាយ​ដែល​ស្របតាម​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់បាន​និង​ស្រប​តាម​ច្បាប់។ អ្នកនាំពាក្យ​ដដែល​បន្ថែម​ថា​វា​ជា​រឿង​ធម្មតា​ដែល​រដ្ឋាភិបាល​តែង​មាន​ឆន្ទៈ​ក្នុង​ការគាំទ្រ​ការស្នើសុំ​ធ្វើបាតុកម្ម​ដោយ​អហិង្សា ​ដែល​មាន​គោលការណ៍​ត្រឹមត្រូវ​និង​មិន​បង្ក​ឱ្យ​មាន​ការប៉ះពាល់​ដល​សន្តិសុខ ​សណ្តាប់ធ្នាប់។
«យើង​ដឹង​ហើយ​លោក​គាំទ្រ​បាតុកម្ម​អហិង្សា​ដែល​មាន​ទិសដៅ​គោលការណ៍​ច្បាស់​លាស់។ មិនមែន​ការឆ្លង​ថ្នល់​ក្នុង​ការរំខាន​នូវ​សន្តិសុខ​ជាតិ ​និង​សណ្តាប់​ធ្នាប់។ អាហ្នឹង​ជា​គោលការណ៍​ច្បាស់​លាស់»។

វីអូអេ​មិនអាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​លោក ជុំ ម៉ី​ទេ។ ខណៈ​ដែល​លោក​ លោក បូ ម៉េង​ប្រាប់​ថា​ លោក​មិន​បានដឹង​ពី​គម្រោង​បាតុកម្ម​អ្វី​នោះ​ទេ​ហើយ​លោក​ក៏​មិនបាន​ស្នើ​សុំ​ឱ្យ​មាន​បាតុកម្ម​អ្វីដែរ។

លោក ប៊ូ ម៉េង​បន្ថែមថា​រឿង​លោក កឹម សុខា​ធ្វើការ​សុំទោស​មិន​សុំទោស​ជា​សិទ្ធិ​របស់​លោក កឹម សុខា៕
XS
SM
MD
LG