ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បន្ត​ចោទ​គ្នា​ទៅវិញ​ទៅមក


លោក​ កឹម សុខា​ ចូលរួម​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ
លោក​ កឹម សុខា​ ចូលរួម​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ
មេដឹកនាំ​គណបក្ស​ជំទាស់​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កំពុង​កាន់​អំណាច​ថា ​បាន​ប្រើ​យុទ្ធសាស្ត្រ​«គំរាម​កំហែង»​ដល់​ខ្លួន​ និង​អ្នក​បោះឆ្នោត។​

លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ដោយ​ចោទ​ចំៗ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។​

«មេដឹកនាំ​គណបក្ស​កាន់​អំណាច​តែងតែ​លើក​ពី​បញ្ហា​ភ្ជាប់​ទៅ​រឿង​ខ្មែរក្រហម ​ បញ្ហា​គាត់​ចាញ់​ឆ្នោត​នឹង​មាន​សង្គ្រាម។​ ទាំងអស់​នេះ​គឺ​សុទ្ធតែ​ជា​របៀប​មួយ ​យុទ្ធ​សាស្ត្រ​មួយ​ដែល​គាត់​គំរាម​កំហែង​មក​លើ​គូ​ប្រកួត​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គំរាម​កំហែង​ទៅ​លើ​ប្រជា​ពលរដ្ឋ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​យើង​ធ្វើ​ទាំងអស់​គ្នា​យើង​ដឹង»។​
គណបក្ស​ប្រឆាំង​រៀបចំ​បាតុកម្ម​ប្រឆាំង​គ.ជ.ប.
សូម​រង់ចាំ

No media source currently available

0:00 0:04:07 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើឡើង​ ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន សែន​ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្ទួនៗ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មន្ត្រី​ដឹកនាំ​ក្នុង​គណបក្ស​នេះ​ រួមមាន​លោក​កឹម សុខា​ និង​លោក​គង់ គាំ ​ដែល​ជា​ប្រធាន​គណបក្ស​សម រង្ស៊ី ​និង​ជាទី​ប្រឹក្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ហ៊ុន សែន​បាន​ព្រមាន​ថា​ គណបក្ស​ជំទាស់​នឹង​នាំមក​យក​របប​ខ្មែរក្រហម​មក​វិញ ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះឆ្នោត ​ហើយ​ថា ​លោក​គង់ គាំ​បាន​ចោទ​ប្រកាន់​ថា​ ​អតីត​ព្រះ​មហាក្សត្រ​សម្តេចឪ ​នរោត្តម សីហនុ​បានរៀបចំ​គម្រោង​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ដោយ​ព្រះ​អង្គ​ឯង។ ​ក៏​ប៉ុន្តែ​លោក​គង់ គាំ​បាន​បដិសេធ​ ដោយ​និយាយ​ថា​ លោក​ហ៊ុន សែន​បាន​ប្រឌិត​រឿងនេះ​ដើម្បី​ទម្លាក់​កំហុស​លើ​រូប​លោក។​

បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​បន្ថែម​នូវ​ឯកសារ​មួយ​ចំនួន​ទៀត​ ដែល​ជា​បច្ច័យ​សម្រាប់​ធ្វើកា​រ​ចោទ​ប្រកាន់​ទៅលើ​មន្ត្រី​គណបក្ស​ជំទាស់។​

លោក​កឹម សុខា​និយាយ​ថា ​គណបក្ស​កាន់​អំណាច​តែងតែ​បង្កើត​ឲ្យ​មានការ​យល់​ច្រឡំ​ នៅ​ពេល​ការ​បោះឆ្នោត​មក​ដល់។​
«ជា​ទម្លាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​រាល់​ពេលណា​ដែល​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​ម្តងៗ ​គាត់​តែង​បង្កើត​ឲ្យ​ភន្ត​ច្រឡំ​នូវ​មតិ​មហាជន។​ គាត់​តែងតែ​ធ្វើ​ការ​ចោទ​ប្រកាន់ ​ឬ​មួល​បង្កាច់។​ ​គាត់​តែងតែ​ដើរ​ទិញ​ដូរ​ តែង​ដើរ​បំបែក​បំបាក់​ និង​គំរាម​កំហែង​មកលើ​គូ​ប្រកួត​របស់​គាត់ ​ដែល​គូប្រកួត​ណា​ដែល​ទំនង​អាច​ឈ្នះ​គាត់»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​សេចក្តី​ពន្យល់ពី​លោក​ជាម យៀប ​តំណាងរាស្ដ្រ​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​តែមិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ដោយឡែក ​លោក​ទិ​ត្យ សុធា ​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ទាមទារ​ឲ្យ​លោក​កឹម សុខា​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ​ហើយ​លោក​បាន​និយាយ​ការពារ​ថា ​គណបក្ស​កាន់​អំណាច​មិន​បាន​បង្ក​ការ​គំរាម​ណា​មួយ​នោះ​ទេ។​
«មិន​មែន​ជា​ការ​គំរាម​កំហែង​របស់​រាជ​រដ្ឋាភិបាល​ទៅលើ​លោក​កឹម សុខា​ នោះ​ទេ ​ផ្ទុយ​ទៅវិញ​ ការ​ផ្សព្វ​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះផ្អែក​ទៅលើ​ភ័ស្តុង​ដែល​ជា​ខ្សែអាត់​សំឡេង​ច្បាស់​ណាស់​ គឺ​កឹម សុខា​បាន​និយាយ​នៅ​មូលដ្ឋាន។ ​អ្នក​នយោបាយ​គួរ​មាន​ភាព​ក្លាហាន​ យក​ការណ៍​ពិត ​ដែល​នេះ​ខ្ញុំ​គិត​ថា​ ជា​មូលដ្ឋាន​មិន​ទទួល​ខុស​ត្រូវ​របស់​អ្នក​នយោបាយ​ប្រឆាំង​ម្នាក់»។​

ប្រទេស​កម្ពុជា​នឹងធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​អាណត្តិ​ទី៥​នៅ​ថ្ងៃ​ទី២៨​ ខែកក្កដា ​គឺ​នៅ​សល់តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ។​

នៅ​ក្នុង​ពេល​នេះ​ គេ​សង្កេត​ឃើញ​គណបក្ស​គូប្រជែង​ដែល​មាន​សក្តានុពល​ចំនួន​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ទុះ​សង្គ្រាម​ពាក្យ​សម្តី​ដាក់គ្នា​នៅមុន​ការ​ឃោសនា​បោះឆ្នោត​មក​ដល់។ ​ការ​ឃោសនា​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៧​ ខែមិថុនា​នឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី២៦ខែ​កក្កដា​គឺ​រយៈ​ពេល​មួយខែ៕
XS
SM
MD
LG