តុលាការខេត្តរតនគិរី កាលពីថ្ងៃពុធ បានសម្រេចផ្តន្ទាទោសសកម្មជនព្រៃឈើមួយរូប គឺលោក ឆន ផល្លា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ក្រោយលោកត្រូវបានអាជ្ញាធរចំនួន៦រូប ប្តឹង និងចោទរូបលោកថា កាប់រុករានព្រៃ។
លោក ឆន ផល្លា អាយុ៤៣ឆ្នាំ រស់នៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលការពារព្រៃឈើច្រើនឆ្នាំមកហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោយលោកត្រូវបានហៅឲ្យទៅធ្វើអត្តសញ្ញាណបណ្ណថ្មីនៅប៉ុស្តិ៍នគរបាល ហើយត្រូវបានឃាត់ខ្លួននៅទីនោះ។
លោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋានរដ្ឋបាលរបស់តុលាការខេត្តរតនគិរី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា លោក ឆន ផល្លា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ក្រោមបទចោទ«កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ»នៃមាត្រា៩៧នៃច្បាប់ស្តីពីព្រៃឈើ។
មាត្រានេះមានន័យដើមថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ដកហូតកិច្ចព្រមព្រៀង អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងកម្ទេចចោលវត្ថុតាងក្លែងជាដើម។
លោក កែវ ភក្តី អ្នកនាំពាក្យអយ្យការតុលាការខេត្តរតនគិរីមួយរូបទៀត ប្រាប់វីអូអេថា កាលពីដើមឡើយ លោក ឆន ផល្លា ត្រូវបានចោទពីបទ«កាប់គាស់ រុករានដីព្រៃឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ»នៃមាត្រា៦២ចំណុចទី១នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ប៉ុន្តែក្រោយមក តុលាការបានប្តូរបទចោទវិញ បន្ទាប់ពីមន្រ្តីបរិស្ថាន បានចុះទៅត្រួតពិនិត្យទីតាំងផ្ទាល់ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្រ្តីជំនាញ ដែលស្ថិតនៅក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងពីម្សិលមិញនេះ គឺបានន័យថា បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះគាត់ ធ្វើការសវនាការជំនុំជម្រេះរួចមក ឆន ផល្លា រួចហើយ។ អ៊ីចឹងបានន័យថា គាត់ប្រកាសសាលក្រមពីម្សិលមិញនេះ ផ្តន្ទាទោសរួចហើយចង់និយាយអ៊ីចឹងនឹងហា៎។ ក្នុងករណីដែលគាត់មិនសុខចិត្តជាមួយនឹងសេចក្តីសម្រេចហ្នឹងទេ គឺគាត់អាចប្តឹងឧទ្ធរណ៍បាន» ។
លោក សំ ទិត្យសីហា មេធាវីការពារក្តីឲ្យលោក ឆន ផល្លា ថ្លែងថា ការប្រកាសសាលក្រមកូនក្តីរបស់លោក មានភាពឆាប់រហ័សពេក ព្រមទាំងមិនមានភាពយុត្តិធម៌នោះទេ ខណៈសាលក្រមដែលកូនក្តីរបស់លោក ធ្លាប់បានប្តឹងទៅតុលាការពីករណីបទល្មើសព្រៃឈើ តាំងពីឆ្នាំ២០១៧ មិនទាន់មានការប្រកាសទេ រហូតមកទល់ពេលនេះ។
លោកប្រាប់វីអូអេថា៖ «សម្រាប់ខ្ញុំជាមេធាវីការពារសិទ្ធិឲ្យគាត់ឃើញថា ការសម្រេចរបស់សាលាដំបូងសាលារាជធានី មិនបានផ្តល់យុត្តិធម៌ទៅដល់លោក ឆន ផល្លា ទេ។ ដោយហេតុថា ទី១ លោក ឆន ផល្លា មិនបានប្រព្រឹត្តដូចជាការចោទប្រកាន់ទេ។ ទី២ គាត់មិនមានដីរហូតដល់ដូចការប្តឹងទេ។ ហើយទី៣ គាត់ជាបុគ្គលម្នាក់ដែលមានភាពក្លាហានជួយទៅដល់អាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសព្រៃឈើដូចជាការទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ យកទៅលក់ឲ្យឈ្មួញ»។
លោកមេធាវីស្នើសាលាឧទ្ធរណ៍ដែលលោកបានប្តឹងទាស់ ឲ្យជួយស្វែងរកការណ៍ពិត និងកាត់ក្តីដោយយុត្តិធម៌ជូនកូនក្តីរបស់លោក។
បើតាមមេធាវី ក្នុងបទចោទប្រកាន់នោះ លោក ឆន ផល្លា ត្រូវបានប្តឹងថា រំលោភយកដីខុសច្បាប់ប្រមាណ ៦២ ហិកតា ប៉ុន្តែមេធាវីការពារក្តីអះអាងថា កូនក្តីរបស់លោក មិនមានដីនោះទេ។
លោកបន្ថែមថា៖ «គាត់អត់មានដីសូម្បីតែកន្លះហិកតា សូម្បីតែ១០ ឬក៏២០ម៉ែត្រក៏អត់មាន។ មានតែកម្មសិទ្ធិដីប្រពន្ធរបស់គាត់ ដែលប្រពន្ធគាត់ជាជនជាតិដើមភាគតិចទំពួន ទៅរស់នៅតាំងពីយូរយារណាស់មកហើយ។ ប្រពន្ធគាត់មានដីតាំងពីមរតកតាំងពីឪពុកម្តាយរបស់គាត់ទេ។ ចំណែកលោក ឆន ផល្លា គាត់អត់មានអីទេ សម្បីតែមួយចង្អាមក៏អត់មានដែរ»។
ភរិយារបស់លោក ឆន ផល្លា អ្នកស្រី ខាំ សាលុង ធ្លាប់ប្រាប់វីអូអេថា ស្វាមីមិនដែលបានទៅឈូសឆាយដីអ្វីនោះទេ ហើយស្វាមីជាអ្នកការពារព្រៃឈើ និងស្រឡាញ់ព្រៃឈើ។
លោក ឌិន ខន្នី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី បានឲ្យដឹងថា លោក ឆន ផល្លា ធ្លាប់ដាក់ពាក្យបណ្តឹងទៅតុលាការ ប្រឆាំងនឹងបទល្មើសព្រៃឈើ។ លោកបន្ថែមថា ក្រោមការស៊ើបអង្កេត តាំងពីឆ្នាំ២០១៧ លោក ឆន ផល្លា ជាមនុស្សស្អាតស្អំ និងសកម្មក្នុងការការពារបរិស្ថាន។
លោកថ្លែងថា៖ «បើយើងនិយាយទៅមុនឆ្នាំ២០១៧ទៀត យើងបានធ្វើការជាមួយគាត់ហ្នឹង គឺនៅក្នុងឆ្នាំ២០១៧ ឃើញគាត់ដាក់ពាក្យបណ្តឹងប្តឹងរហូតដល់ទៅ៧ ទៅ៨បណ្តឹងឯនោះ។ ហើយទាក់ទិនជាមួយនឹងការការពារបទល្មើសព្រៃឈើហ្នឹង កាលដែលគាត់ប្តឹងមិនមែនប្តឹងធម្មតាទេ គាត់ប្តឹងរហូតដល់មេភូមិ មេឃុំ មេប៉ុស្តិ៍ អីទាំងអស់មន្រ្តីបរិស្ថាន ទាក់ទងជាមួយនឹងការអនុគ្រោះឲ្យមានបទល្មើសព្រៃឈើហ្នឹងផង អាហ្នឹងយើងដឹងទាំងអស់គ្នា» ។
លោកបន្ថែមថា ការចោទប្រកាន់ និងកាត់ទោសសកម្មជនរូបនេះឲ្យជាប់ទោសដល់ទៅ៥ឆ្នាំនេះ ជា«ទំហំទោសធ្ងន់ធ្ងរ» និងជា«ការសោកស្តាយជាខ្លាំង»។ លោកបន្ថែមថា លោក ឆន ផល្លា កំពុងមានជំងឺទឹកនោមផ្អែមប្រចាំកាយ និងសុខភាពចុះទ្រុឌទ្រោមផងដែរ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ការផ្តន្ទាទោសនេះ នឹងធ្វើឲ្យសកម្មជនបរិស្ថានដទៃទៀត សកម្មជនដីធ្លីដទៃទៀតដែលគាត់ធ្វើការងារដោយស្មគ្រ័ចិត្ត គ្មានប្រាក់ខែសោះហ្នឹង ងាយនឹងទទួលរងការគំរាមគំហែងដល់ពួកគាត់ វាអាចធ្វើឲ្យពួកគាត់អាក់ដំណើររបស់គាត់ វាអាចធ្វើឲ្យគាត់មិនហ៊ានចូលរួម។ ហើយប្រសិនបើពួកគាត់លែងហ៊ានសូវចូលរួមទេ ហើយប្រសិនបើពួកគាត់អាក់ដំណើរទេ មានន័យថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានដីរបស់រដ្ឋ មានព្រៃឈើអីជាដើមនោះ វាកាន់តែវិនាសទៅៗ»។
លោកស្នើឲ្យប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ ក៏ដូចជារដ្ឋាភិបាលត្រួតពិនិត្យករណីនេះឡើងវិញ ហើយផ្តល់សេរីភាពឲ្យលោក ឆន ផល្លាវិញ ដើម្បីលើកកម្ពស់ប្រជាសហគន៍ដែលចូលរួមការពារសម្បត្តិធម្មជាតិ៕