លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការរិះគន់ពីពលរដ្ឋថៃ និងអ្នកតាមដានមួយចំនួនចំពោះការភ្ជាប់លោក Pitaតំណាងរាស្រ្តថៃ មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃ មកវាយប្រហារក្រុមប្រឆាំងកម្ពុជា។
លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហោះសារនៅលើប្រព័ន្ធ Twitter របស់លោក ក្រោយលោក Pita Limjaroenra បរាជ័យក្នុងការទទួលបានសំឡេងគាំទ្រ។ លោកបញ្ជាក់ថាវាគឺជា«ការបរាជ័យដ៏ធំ»របស់ក្រុមប្រឆាំង។
លោក ហ៊ុន សែន បានសរសេរក្នុងប្រព័ន្ធសង្គមរបស់លោកថា៖ «ខ្ញុំសូមប្រកាសថ្ងៃនេះថាការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោកPita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថាខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ។ ខ្ញុំគ្រាន់តែចង់បង្ហាញថាព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថានៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ។ សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម»។
សាររបស់លោក ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋថៃជាច្រើនបានចូលទៅ Tweet ឬបញ្ចេញមតិរិះគន់ ដោយបង្ហាញការមិនពេញចិត្ត និងមានការប្រមាថផងដែរ។
លោក Phil Robertson នាយករងទទួលបន្ទុកនៅតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ក៏បានបញ្ចេញមតិថា៖«គួរឱ្យអស់សំណើចណាស់។ វាមិនមែនអ្វីទាំងអស់ ពិតជារឿងរបស់អ្នកនោះទេ។ អ្នកអាចប្រកាសនូវអ្វីទាំងអស់ដែលអ្នកចង់បាន ប៉ុន្តែអ្វីដែលបានកើតឡើងចំពោះលោក Pita នៅក្នុងសភាមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ»។
ក្រោយមានប្រតិកម្មពីពលរដ្ឋថៃ លោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ ក៏បានចេញសារមួយទៀត ដោយបកស្រាយថាការលើកឡើងរបស់លោកគឺគ្រាន់ចង់សំដៅទៅក្រុមប្រឆាំងរបស់កម្ពុជាតែប៉ុណ្ណោះ ដោយមិនបានប្រឆាំងលោក Pita និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃឡើយ។
លោក ហ៊ុន សែន បន្ថែមថាការចេញសាររបស់លោកបែបនេះ ដោយសារមេដឹកនាំក្រុមជ្រុលនិយមនឹងមកកម្ពុជា តាមទឹកដីថៃ ដែលប្រើប្រាស់ឈ្មោះលោក Pita ដើម្បីចង់ចូលមកកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ការដែលខ្ញុំចេញសារនេះ មានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថាបំណងរបស់ពួកអ្នក ត្រូវរលាយដូចអំបិលត្រូវទឹក។ ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសាថៃយ៉ាងច្រើនដែលខ្ញុំមិនយល់ ដោយមិនចេះអានភាសា»។
នៅថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានលុបសារដែលបង្ហោះលើកទីមួយរបស់លោកចេញពីTwitter។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថាការបញ្ចេញមតិរបស់ប្រជាជនថៃរិះគន់នាយករដ្ឋមន្រ្តីមិនមានអ្វីប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងថៃនោះទេ។ លោកថាការបញ្ចេញមតិទាំងនោះគ្រាន់តែជាការចង់បានរបស់អ្នកគាំលោក Pita ដែលចង់ឱ្យលោកធ្វើជានាយករដ្ឋមន្ត្រី។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេថាគណបក្សប្រឆាំងតែងតែទទួលរងនូវបញ្ហាប្រឈមជារឿយៗ មានទាំងការរំលាយគណបក្ស និងការមិនអនុញ្ញាតឱ្យចូលរួមការបោះឆ្នោត។ លោកក៏កត់សម្គាល់ថាក្រុមអ្នកប្រជាធិបតេយ្យ នៅតែមានឥទ្ធិពលក្នុងសង្គម ទើបត្រូវទទួលរងនូវបញ្ហាប្រឈមនានា ដូចជាការប្រើប្រាស់ពាក្យសម្តីវាយប្រហាររបស់លោក ហ៊ុន សែន នាពេលនេះ។
លោកថ្លែងថា៖ «បើយើងសិក្សាមើលទៅ ហាក់បីដូចជាខ្លាចវត្តមាន ក្រុមអ្នកប្រជាធិបតេយ្យ បើមើលឥរិយាបទដែលនិយាយអីតាមវេទិកាសាធារណៈនីមួយៗ តែងតែភ្ជាប់ទៅនឹងអ្នកប្រឆាំង [និង]អ្នកនៅក្រៅរដ្ឋាភិបាល»។
លោកចង់ឃើញអ្នកនយោបាយខ្មែរទាំងអស់ប្រកួតប្រជែងដោយស្មើភាពគ្នា និងតាមរយៈការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយត្រូវអង្គុយជជែកដោះស្រាយបញ្ហាជាតិ ទើបប្រសើរជាង។
គួរបញ្ជាក់ថាកាលពីខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សម្តែងការព្រួយបារម្ភអំពីគោលនយោបាយរបស់គណបក្សជំទាស់របស់ថៃដែលមានឈ្មោះ Move Forward ដែលលោកថាមានបំណងចង់បណ្តេញពលករខ្មែរ និងឡាវចេញពីប្រទេសថៃ។ ប៉ុន្តែក្រោយមក លោក ហ៊ុន សែន សាទរវិញ បន្ទាប់ពីគណបក្ស Move Forward បានបដិសេធថានឹងមិនមានការបណ្តេញពលករខ្មែរឡើយ៕