នៅគ្រាអវត្តមានគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំមួយ គណបក្សនយោបាយមួយចំនួនបានអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតសម្រាប់គណបក្សរបស់ខ្លួននៅក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខ ដើម្បីកុំឱ្យសភាមានលក្ខណៈឯកបក្សបន្តទៀត។
ការលើកឡើងរបស់អ្នកនយោបាយមកពីគណបក្សជំទាស់ ស្របពេលដែលលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជាបន្តបន្ទាប់ ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលដោយសម្ងាត់។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេថាការគូសសន្លឹកឆ្នោតចោល នឹងនាំឱ្យប្រជាជនខាតបង់ ហើយមិនបានផ្តល់ឱកាសដល់អ្នកនយោបាយផ្សេងទៀតអាចការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងរយៈពេល៥ឆ្នាំខាងមុខ។
លោកថ្លែងក្នុងពេលឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃចន្ទថា៖ «សូមមេត្តាកុំឱ្យមានការខាតសំឡេងប្រជាធិបតេយ្យរយៈពេល៥ឆ្នាំបន្តទៀត។ សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីយើងផ្តល់ឱកាសក្នុងការការពារសិទ្ធិ ការពារប្រយោជន៍ធ្វើម៉េចកុំឱ្យនៅអាណតិ្តក្រោយនេះសភាដឹកនាំប្រទេសដែលមានសំឡេងដឹកនាំបក្សតែមួយ។ សូមបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យមូលដ្ឋានដើម្បីប្រយោជន៍បងប្អូន ដើម្បីប្រយោជន៍ប្រទេសជាតិយើង»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ប្រាប់វីអូអេថា ការគូសសន្លឹកឆ្នោតចោលគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឱ្យប៉ះពាល់ដល់គណបក្សដទៃទៀត ជាពិសេសវាមិនផ្តល់ផលប្រយោជន៍សម្រាប់ជាតិឱ្យមានការរីកចម្រើននោះឡើយ។
លោកថា៖«ការគូសខ្វែងឬការបំផ្លាញសន្លឹកឆ្នោតណាមួយ ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ជាពិសេសសម្រាប់គណបក្សយើង[គណបក្សហ៊្វុនស៊ិនប៉ិច]ជាគណបក្សមួយដែលមានប្រវត្តិតស៊ូ ហើយចូលរួមធ្វើឱ្យមានសុខសន្តិភាព ជាពិសេសលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ គណបក្សហ៊្វុនស៊ិនប៉ិចនៅតែបន្តបេសកកម្ម។ គណបក្ស ហ៊្វុនស៊ិនប៉ិចយើងមានភាពឯករាជ្យ ជាពិសេសមានគោលដៅច្បាស់លាស់ណាស់»។
លោកជំរុញឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដោយអះអាងថាការគូសសន្លឹកឆ្នោតត្រឹមត្រូវ មានសារសំខាន់ណាស់ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯង ប្រសើរជាជាងការគូសសន្លឹកឆ្នោតចោល។
កាលពីកន្លងទៅ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សរបស់លោក ដើម្បីអាចក្លាយជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការតស៊ូមតិ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងអំពើអយុត្តិធម៌ និងការរើសអើង។
យ៉ាងណាមិញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅខេត្តបាត់ដំបងថាគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតខាងមុខនេះ សុទ្ធតែជាគណបក្សនយោបាយប្រកួតប្រជែង ហើយក៏ជាការបោះឆ្នោតមួយដែលស្របទៅតាមច្បាប់ជាធរមាន។
លោកថ្លែងថា៖ «មានការលើកឡើងថាការបោះឆ្នោតនេះមិនមានបក្សប្រឆាំងចូលរួមការបោះឆ្នោត ប៉ុន្ដែយើងពិនិត្យជារួមឃើញថា គណបក្សដែលបានចូលរួមបោះឆ្នោតសុទ្ធតែគណបក្សប្រកួតប្រជែង មិនមែនអត់មានទេ ព្រោះមិនដែលថាចូលរួមប្រកួតប្រជែងហើយ ទៅគាំទ្រគណបក្សនយោបាយរបស់គេទេ ត្រូវគាំទ្រគណបក្សរបស់ខ្លួន។ ដូច្នេះវាមានប្រឆាំង វាមានប្រកួតប្រជែងជាមួយគណបក្សមួយទៀតរាប់ទាំងគណបក្សកាន់អំណាចផង»។
លោកបន្ថែមទៀតថាអវត្តមាននៃគណបក្សភ្លើងទៀនក្នុងដំណើរការបោះឆ្នោតខាងមុខនេះ គឺដោយសារតែកំហុសឆ្គងរបស់គណបក្សភ្លើងទៀនខ្លួនឯងតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «គណបក្សដែលមិនបានចុះឈ្មោះឆ្នោតនោះ [គណបក្សភ្លើងទៀន]ដោយសារគាត់បានធ្វើកំហុសដោយខ្លួនឯងទេ ក្នុងឋានៈជារដ្ឋាភិបាល បានបំពេញតាមសំណូមពររបស់គាត់ អ្វីដែលក្រសួងមហាផ្ទៃ បានឆ្លើយទៅគាត់ មិនមែនឆ្លើយដោយស្មានទេ។ ឥឡូវបើតិះទៀនរិះគន់មកខ្ញុំថាខ្ញុំធ្វើខុស ក៏អត់បានដែរ ពីព្រោះ[ខ្ញុំ]ធ្វើតាមសំណើរបស់គាត់ដែលគាត់បានស្នើ»៕