ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង ថា​ក្រសួង​មហាផ្ទៃ​មិន​មាន​កំហុស​​ធ្វើ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​អវត្ត​មាន​ក្នុង​ការបោះ​ឆ្នោត


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំមន្ត្រី ដុតបំផ្លាញគ្រឿងញៀន នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
រូបឯកសារ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំមន្ត្រី ដុតបំផ្លាញគ្រឿងញៀន នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អះអាង​ថា​លោក​មិន​មាន​កំហុស​ឡើយ​ក្នុង​ករណី​គណបក្ស​ភ្លើង​ទៀន​មិន​បាន​ចូលរួម​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី ២៣ ខែ​កក្កដា នៅ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ក្រសួង​មហាផ្ទៃ​មិន​បាន​ចេញ​លិខិត​បញ្ជាក់​ច្បាប់​ដើម​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ការ។

លោក ស ខេង ​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​មួយ​កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង។

លោកស ខេង ថ្លែង​ថា៖ «អ្វី​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​ឆ្លើយ​ទៅ​គាត់ មិន​មែន​ឆ្លើយ​ដោយ​ស្មាន​ទេ។ ហើយ​ដោយ​គ្មាន​ការ​ពិភាក្សា​គ្នា​នឹង​សំណើ​សំណូមពរ​របស់​គាត់​[គណបក្ស​ភ្លើង​ទៀន]​នោះ​ទេ​។ គាត់​បាន​សំណូមពរ​យ៉ាង​ដូច្នោះ សុំ​ឱ្យ​បញ្ជាក់​ឱ្យ​គាត់។ យើង​ក៏​បាន​បញ្ជាក់​ជូន​គាត់​តាម​សំណើ​នោះ។ ឥឡូវ​បើ​តិះ​ទៀន​រិះ​គន់​មក​ខ្ញុំ​ថា​ខ្ញុំ​ធ្វើ​ខុស ក៏​អត់​បាន​ដែរ ពីព្រោះ​[ខ្ញុំ]​ធ្វើ​តាម​សំណើ​របស់​គាត់​ដែល​គាត់​បាន​ស្នើ។ អ៊ីចឹង​បើ​ខ្ញុំ​ខុស គាត់​ក៏​ខុស​ដែរ​ ព្រោះ​គាត់​អ្នក​ស្នើ​មក​អ៊ីចឹង»។

លោក ស ខេង មិន​បាន​ពន្យល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ក្រសួង​មហាផ្ទៃ​មិន​អាច​បញ្ជាក់​ប្រកាស​លេខ​១៩៣ ដែល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ការ​ពី​គណបក្ស​ភ្លើង​ទៀន ហើយ​គណបក្ស​អះអាង​ថា​ប្រកាស​នោះ​បាន​បាត់។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​គណបក្ស​ភ្លើង​ទៀន​បាន​ព្យាយាម​ទាម​ទារ​ស្នើ​សុំទៅ​ក្រសួង​មហា​ផ្ទៃ​សុំ​ការ​បញ្ជាក់​បែប​ណា ដើម្បី​ឱ្យ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទទួល​ស្គាល់​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​បាន។ ប៉ុន្តែ​លោកថា​ក្រសួង​មហាផ្ទៃ​មិន​អាច​ចេញ​សេចក្តី​ចម្លង​បញ្ជាក់​អំពី​ឯកសារ​ច្បាប់​ដើម​សម្រាប់​គណ​បក្ស​ភ្លើង​ទៀន​បាន​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើឱ្យគណបក្ស​មួយ​នេះ​មិន​ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖«យើង​បាន​គិត​ហើយ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​រួច យើង​នឹង​ទៅ​សុំ​ជួប​ក្រសួង​មហា​ផ្ទៃ​ម្តង​ទៀត​ឱ្យ​បញ្ជាក់​ជំហរ​ឱ្យ​ច្បាស់​ តើ​គណបក្ស​ភ្លើង​ទៀន​ហ្នឹង​ស្រប​ច្បាប់​ដែរ​ឬទេ ហើយ​ចេញ​នូវ​លិខិត​ទុតិយតាឬ​ក៏​ធ្វើ​យ៉ាង​ណា ដើម្បី​បញ្ជាក់​ជា​មួយ​នឹង​គ.ជ.ប ដើម្បី​ថា​យើង​អាច​យក​ឯកសារ​ប្រើ​ប្រាស់​នោះ ទៅ​ប្រើ​ការ​នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​ខាង​មុខ​ទៀត។ នេះ​គឺ​ជា​រឿង​សំខាន់​ ហើយ​បើ​ក្រសួង​មហាផ្ទៃ​ធ្វើ​បាន ​ឬ​មិន​បាន​នោះ​[ត្រូវ​តែ] ប្រកាស​ប្រាប់​ជា​សាធារណៈ​អំពី​មូល​ហេតុ​ហ្នឹង​ទៅ​»។

លោក​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​គួរ​តែ​មាន​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ជា​សាធារណៈ​ ជុំវិញ​ករណី​នេះ​ ដើម្បី​កុំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ត​ទៅ​ទៀត។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា​ក្រសួងមិន​ទាន់​អាច​សម្រេច​យ៉ាង​ណា​លើ​ករណី​នេះ​ទេ។

លោក​បញ្ជាក់​ថា​៖ «ទាល់​តែ​រដ្ឋាភិ​បាល​អាណត្តិ​មក​ថ្មី​លោក​សម្រេច​ ក្រសួង​មហាផ្ទៃ​របស់​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ លោក​ជា​អ្នក​សម្រេច​[បែប]​ម៉េច។ បច្ចុប្បន្ន​នេះ​ យើង​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រោម​ការដឹក​នាំ​របស់​សម្តេច​តេជោ​សម្តេច​អគ្គសេនា​បតីតេ​ជោ ហ៊ុន សែន។ [រដ្ឋាភិបាល​អាណត្តិ]ទី​៧ ទុកឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​សម្រេច​ទៅ»។

កាល​ពី​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​តិះ​តៀន​គណបក្ស​ភ្លើង​ទៀន​ថា​ការ​ខ្វះ​ខាត​ឯក​សារ​ចុះ​បញ្ជី​ឈ្មោះ​របស់​គណ​បក្ស មិន​មែន​ជារឿង​ចៃដន្យទេ ហើយ​លោក​យល់​ថាវា​ជា​ឧបាយ​កល​នយោបាយ ដើម្បីឱ្យបរទេស​ដាក់​សម្ពាធ​មក​លើ​កម្ពុជា។

គួរ​បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​ដែល​នឹង​ជ្រើស​រើស​តំណាង​រាស្រ្ត​ចំនួន​១២៥​រូប​នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាង​មុខ នឹង​អវត្តមាន​គណបក្ស​ជំទាស់​ដ៏ធំមួយ គឺ​គណបក្ស​ភ្លើង​ទៀន ដែល​ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​១លាន​៦​សែន​នាក់ កាល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG