គណៈកម្មការរៀបចំការបោះឆ្នោតថៃនិយាយថា សមាជិកសភាគណបក្សប្រឆាំងលោក Pita Limjaroenratដែលជាបេក្ខជនកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រីគួរតែគ្មានលក្ខណៈសម្បត្តិសម្រាប់តំណែងនាយករដ្ឋមន្ត្រីពីព្រោះលោកបានរំលោភច្បាប់បោះឆ្នោត។
ករណីនេះបានត្រូវបញ្ជូនទៅតុលាការធម្មនុញ្ញរបស់ថៃដើម្បីសម្រេចចុងក្រោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ គឺមួយថ្ងៃមុនលោកPitaត្រូវគេរំពឹងថានឹងឈរឈ្មោះនៅក្នុងសភាសម្រាប់តំណែងនាយករដ្ឋមន្ត្រី គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថាមានភស្តុតាងថាមេដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ (Move Forward) កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញព័ត៌មានមួយ ដែល ការរំលោភនេះនឹងរារាំងលោកមិនឱ្យឈរឈ្មោះកាន់តំណែងសាធារណៈ។
ការសម្រេចនេះកើតមានឡើងជិត២ខែបន្ទាប់ពីគណបក្សឆ្ពោះទៅមុខបានទទួលជ័យជម្នះដែលមិននឹកស្មានទុកជាមុននៅក្នុងការបោះឆ្នោតសភាដែលបានផ្តល់អាសនៈចំនួន៣១២នៃក្រុមចម្រុះមួយដែលមានគណបក្សចំនួន៨នៅក្នុងរដ្ឋសភាដែលមានសមាជិក៥០០នាក់នៅពេលដែលពួកអ្នកបោះឆ្នោតបានបដិសេធពួកបេក្ខជនមកពីគណបក្សដែលគាំទ្រដោយពួកយោធាដែលបានគ្រប់គ្រងប្រទេសថៃអស់រយៈពេល៩ឆ្នាំ។
គណៈកម្មការនោះក៏បាននិយាយដែរថា លោក Pitaត្រូវតែបញ្ឈប់ពីសភាចំពោះការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន iTV ដែលលែងមានអស់ជាច្រើនឆ្នាំមកហើយ។
លោក Pitaនៅខ្វះសំឡេងឆ្នោតទាំងអស់៦៤ទៀតដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ លោកនឹងត្រូវស្វែងរកសំឡេងឆ្នោតមកពីគណបក្សផ្សេងៗទៀតដែលមិនមែនជាផ្នែកមួយនៃក្រុមចម្រុះរបស់លោកនៅក្នុងរដ្ឋសភាឬនៅក្នុងព្រឹទ្ធសភាដែលគាំទ្រដោយពួកអភិរក្សនិយមដែលធ្វើឱ្យការតែងតាំងរបស់លោកស្ថិតក្នុងការមន្ទិលសង្ស័យ។
លោក Pita ក៏អាចត្រូវហាមឃាត់មិនឱ្យធ្វើនយោបាយនិងប្រឈមការជាប់ពន្ធនាគារជាច្រើនឆ្នាំ ប្រសិនបើ លោកត្រូវបានកាត់ទោសហើយមានទោសដូចការចោទប្រកាន់ទាំងនេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters