ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ជំរុញ​ឱ្យ​អភិបាល​ខេត្ត​យក​គំរូ​តាម​ក្មួយ​ប្រសា​របស់​លោក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ ក្នុង​អំឡុងពេល​នៃ​​កិច្ចប្រជុំ​​រដ្ឋមន្ត្រីការពារ​ជាតិ​អាស៊ានបូក ក្នុង​ខេត្ត​សៀមរាប ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ ក្នុង​អំឡុងពេល​នៃ​​កិច្ចប្រជុំ​​រដ្ឋមន្ត្រីការពារ​ជាតិ​អាស៊ានបូក ក្នុង​ខេត្ត​សៀមរាប ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ជំរុញឱ្យ​អភិបាល​ខេត្ត​ទាំង​អស់​ យក​គំរូ​តាម​អភិបាល​ខេត្ត​កំពត ​លោក ​ម៉ៅ ធនិន ដែល​ត្រូ​វ​ជា​ក្មួយ​ប្រសា​របស់​លោក ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ។​

​លោក​ថ្លែង​បែប​នេះ​នៅក្នុង​ពិធី​បើក​ការដ្ឋាន​ស្តារ ​និង​លើក​កម្រិត​គុណភាព​ផ្លូវ​ពីរ​ខ្សែ​គឺ​ផ្លូវ​ជាតិ​លេខ​ ៣១​ និង​លេខ​ ៣៣ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត ​និង​ខេត្ត​កែប។

លោក​នា​យក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន ​ថ្លែង​ថា បើអភិបាល​ខេត្ត​ផ្សេងៗ​ធ្វើ​បាន​ត្រឹម​អភិបាល​ខេត្ត​កំពត​ លោក​ ម៉ៅ ធនិន ​ដែល​តែង​តែ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ​នោះ​បញ្ហា​ដីធ្លី​នេះ​នឹង​អាច​ដោះ​ស្រាយ​បាន​ល្អ​ប្រសើរ។​

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​អភិបាល​ខេត្តគ្រប់​ខេត្ត​ធ្វើ​ត្រឹម​តែ​បាន​ប៉ុន ​ម៉ៅ ធនិន ​ធ្វើ​នៅ​ពោធិ៍សាត់​ ហើយ​បន្ត​មក​ធ្វើ​នៅ​កំពត ​ខ្ញុំ​គិត​ថា ​ជម្លោះ​ដី​ធ្លីនេះ​វា​នឹង​ស្ងប់​ឯង​ ព្រោះ​វា​អត់​មាន​អី​ច្រើន​ទេ»។ ​

លោក ​ម៉ៅ ធនិន ​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កំពត​ ដោយលោក​បាន​ផ្លាស់​មក​ពី​ខេត្ត​ពោធិ៍សាត់ ​ហើយ​ត្រូវ​បាន​ប្រជា​ព​រដ្ឋ​ស្គាល់​លោក​តាម​រយៈ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លីប្រជា​ពលរដ្ឋនៅ​តាម​វេទិកា​សាធារណៈ​ ដែល​ភាគ​ច្រើន​ចែក​ចាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក ​វណ្ណ សុផាត​ កត់​សម្គាល់​ថា​ ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​លោក ម៉ៅ ធនិន ​នៅ​ពេល​លោក​កាន់​តួនាទី​ជា​អភិបាលខេត្ត​ពោធិ៍សាត់​ក្តី​ និង​មក​ខេត្ត​កំពត​នេះ​ក្តី ​គឺ​ភាគ​ច្រើន​លោក​ដោះ​ស្រាយបាន​នូវ​បញ្ហា​ជា​លក្ខណៈ​គ្រួសារ។​ ប៉ុន្តែ​ប្រសិន​ជា​បញ្ហា​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​របស់អ្នក​មាន​អំណាច ​ឬ​របស់​ឧកញ៉ា ​គឺ​លោក ​ម៉ៅ ធនិន​ មិន​ទាន់​អាច​ដោះ​ស្រាយ​បា​នល្អ​ប្រសើរ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG