ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បដិសេធ​ការប៉ុនប៉ង​ផ្ទេរ​តំណែង​ឲ្យ​កូន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​​សុន្ទរកថា​ ក្នុង​ពិធី​អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃ​​​​ទិវា​ជ័យជម្នះ​៧មករា​លើ​របប​ខ្មែរក្រហម​ នៅ​មជ្ឈមណ្ឌលកោះពេជ្រ​ក្នុង​​រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២០។ (Facebook/Samdech Hun Sen Official Page)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​​សុន្ទរកថា​ ក្នុង​ពិធី​អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃ​​​​ទិវា​ជ័យជម្នះ​៧មករា​លើ​របប​ខ្មែរក្រហម​ នៅ​មជ្ឈមណ្ឌលកោះពេជ្រ​ក្នុង​​រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២០។ (Facebook/Samdech Hun Sen Official Page)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​បដិសេធ​ការ​លើក​ឡើង​ថា លោក ​កំពុង​ស្វះ​ស្វែង​«ផ្ទេរ​តំណែង»​ទៅ​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដោយ​លោក​អះអាង​ថា ​លោក​នឹង​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាងតិច​១០​ឆ្នាំ​ទៀត។​

លោក​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​សារព័ត៌មាន​ប្រចាំ​ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​នៅ​ល្ងាច​ថ្ងៃ​អង្គារ និង​ចំខួប​៣៥​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ​ជា​ប្រតិកម្ម​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​មតិ​មួយ​ចំនួន​ថា​លោក​មាន​គម្រោង​ផ្ទេរ​តំណែង​ឲ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក នៅ​ឆ្នាំ​២០២១។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន និង​មន្ត្រី​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ថ្លែង​ថា៖

«ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​១០​ឆ្នាំ​ទៀត ដើម្បី​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ​ ហ៊ុន ម៉ាណែត បើ​សិន​ជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ គេ​ក៏​ត្រូវ​រង់ចាំ រហូត​ទៅ​ដល់​ក្រោយ​ឆ្នាំ​២០២៨ ឬ​ក្រោយ​ឆ្នាំ២០២៩ ឬ​រហូត​ទៅ​ដល់​ឆ្នាំ​២០៣០ ទើប​អាច​ប្រឡូក​នៅ​ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​បាន។ នេះ​ជា​ការ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត។ បើ​ឪពុក​វា​កំពុង​តែ​ធ្វើ តើ​កូន​មាន​លទ្ធភាព​ឯណា ដើម្បី​មក​ដណ្ដើម​អំណាច​ពី​ឪពុក»។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន បាន​លើកឡើង​ថា​ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​មិន​អាច​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​បាន​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ត្រូវ​ធ្វើ​ឡើង​តាម​ការ​បោះ​ឆ្នោត។

លោក ហ៊ុន សែន បន្ត​ថា សមត្ថភាព​របស់​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​នៃ​កងយោធពលខេមរភូមិន្ទ អាច​ធ្វើ​ជា​រដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​បាន តែ​លោក​មិន​ដាក់​ក្នុង​តំណែង​រដ្ឋាភិបាល​នោះ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា៖

«ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ច្បាស់​ហើយ​ថា សំណួរ​កាន់​តែ​ច្រើន​ឡើង ច្រើន​ឡើង​អំពី​របស់​ដែល​ហៅ​ថា តើ​ក្រោយ ហ៊ុន សែន ជា​នរណា? នេះ​មិន​មែន​ជា​សំណួរ​តូចតាច ហើយ​វា​ត្រូវ​រក​ចម្លើយ​ជាក់​លាក់​នៅ​ពេល​ក្រោយ មិន​មែន​ពេល​នេះ​ទេ។ ពេល​នេះ ក្រោយ​ហ៊ុន សែន គឺ​ហ៊ុន សែន តែ​ម្ដង»។

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង ដោយ​សហគមន៍​អន្តរ​ជាតិ ក្នុង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប បាន​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ ​«ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ក្នុង​នោះ​មាន​ការ​ចាប់​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឃុំឃាំង ​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ ​និង​ការ​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​១១៨​នាក់​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

ដោយសារ​បញ្ហា​នេះ សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ» ឬEverything But Arms (EBA) ដែល​កម្ពុជា​ទទួល​បាន​តាំងពី​ឆ្នាំ​២០០១ បើ​សិន​ជា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មិន​ស្ដារ​ស្ថានការណ៍​មក​ដូច​ដើម​វិញ​ទេ។ ការ​សម្រេច​ជា​ចុង​ក្រោយ​របស់ ​EU ថា​តើ​ត្រូវ​ដក​ឬ​ព្យួរ​ EBA ឬ​យ៉ាងណា​នោះ នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​សំលៀកបំពាក់​នៅ​កម្ពុជា៕

XS
SM
MD
LG