លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមយន្តហោះពិសេសរបស់រដ្ឋាភិបាល ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន~អាមេរិក រយៈពេល២ថ្ងៃ នៅរមណីយដ្ឋាន សាន់នីលែន (Sunnylands) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
ក្រោយពីបានជួបនិងចាប់ដៃជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ទាំងខាងស៊ីវិល និងយោធាជាង១០រូប ដែលបានជូនដំណើរលោកនោះ លោកនាយករដ្ឋមន្ត្រី បានឡើងយន្តហោះ ដែលចេញដំណើរនៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ ដោយមិនបានផ្ដល់អត្ថាធិប្បាយដល់អ្នកយកព័ត៌មាន នៅព្រឹកព្រលឹមថ្ងៃទី១៤ខែ កុម្ភៈ នេះទេ។
អ្នកវិភាគនយោបាយឯករាជ្យនិងមន្ត្រីសង្គមស៊ីវិល និយាយថា មន្ត្រីរដ្ឋាភិបាលកម្ពុជា មិនគួរមើលស្រាលលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក៧រូប ដែលបានផ្ញើមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
មន្ត្រីរដ្ឋាភិបាលបានអះអាងថា ពួកគេបានបញ្ជូនលិខិតនោះតាមអ៊ីមែលត្រឡប់ទៅវិញ ដោយមិនអានខ្លឹមសារលិខិតនោះទេ។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគត ឬ Future Forum ដែលសិក្សាអំពីគោលនយោបាយក្នុងប្រទេសកម្ពុជា ប្រាប់ VOA ថា ប្រតិកម្មរបស់រដ្ឋាភិបាលនេះ ផ្ទុយពីគោលនយោបាយការទូតរបស់ខ្លួន។
លោកនិយាយថា ទោះជាប្រទេសមានសង្គ្រាមនឹងគ្នា ក៏គេត្រូវមើល ហើយពិចារណាសាររបស់ភាគីម្ខាងទៀតដែរ។
អ្នកវិភាគនយោបាយរូបនេះ ក៏បាននិយាយដែរថា រដ្ឋាភិបាលកម្ពុជាគួរទទួលសារនោះ ហើយបំភ្លឺទៅតាមការយល់ឃើញរបស់រដ្ឋាភិបាល។
«ការធ្វើបែបហ្នឹង គឺខ្ញុំមើលទៅ ខ្ញុំសោកស្ដាយមែនទែន! រឿងអាណិត យើងអាណិតតែជាតិទេ។ យើងអាណិតប្រទេសជាតិយើង។ យើងចង់បានកិត្តិយស»។
សូមស្តាប់កម្មវិធី Hello VOA ពិសេសជាមួយលោកស្រី ចក់ សុភាព៖
លោក អ៊ូ វីរៈ បន្ថែមថា សំឡេងសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកមានឥទ្ធិពល គឺមិនខ្សោយដូចសមាជិកសភា និងសមាជិកព្រឹទ្ធសភានៅប្រទេសដែលលទ្ធិប្រជាធិបតេយ្យនៅទន់ខ្សោយនោះទេ។
លោកសង្កេតឃើញថា សហរដ្ឋអាមេរិកនិងកម្ពុជាមិនមានទំនាក់ទំនងជិតស្និទ្ធដោយសារកិច្ចការទូតរបស់កម្ពុជាជាមួយប្រទេសមហាអំណាចនេះ គឺទន់ខ្សោយ។
«វាប៉ះពាល់តាំងពីដើម។ សំណួរយើងសួរថា តើទំនាក់ទំនងកម្ពុជានិងអាមេរិកហ្នឹងជិតស្និទ្ធហើយឬនៅ? អត់មានទេ! អត់មានដោយសារអី? ដោយសារអញ្ចឹង! ដោយសារតាំងពីដើមមក គឺយើងមានលក្ខណៈបែបហ្នឹង។ ដោយសារអញ្ចឹងហើយ គេពិបាកក្នុងការបង្កឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកម្ពុជាយើង»។
ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រាប់ VOA ថា ការបកស្រាយរបស់សង្គមស៊ីវិលអំពីប្រតិកម្មរបស់រដ្ឋាភិបាល គឺមិនឲ្យតម្លៃអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋាភិបាលដែលកើតចេញពីឆន្ទៈមហាជនភាគច្រើនទេ។
«រាជរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រាន់ក្នុងការការពារអ្វីទៅអធិបតេយ្យភាព សេចក្ដីថ្លៃថ្នូររបស់យើង ហើយរាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋរបស់យើង អត់មានបម្រើបរទេសទេ»។
ទស្សនាមតិពលរដ្ឋក្រុងភ្នំពេញអំពីទស្សនកិច្ចលោកហ៊ុន សែននៅអាមេរិក៖
លោករដ្ឋលេខាធិការ បន្ថែមថា លិខិតរបស់សមាជិកព្រឹទ្ធសភារបស់អាមេរិកនោះ ធ្វើឡើងមានលក្ខណៈមិនប្រក្រតី និងមិនផ្លូវការ។
លោក ផៃ ស៊ីផាន បន្ថែមថា ទស្សនៈរបស់សង្គមស៊ីវិល បង្ហាញពីកង្វះបទពិសោធន៍របស់ពួកគេក្នុងការគោរព និងការពារអធិបតេយ្យភាពជាតិ។
«អង្គការក្រៅរដ្ឋាភិបាល កុំឲ្យបរទេសធំ ហើយមានឥទ្ធិពល មកត្រួតត្រាប្រទេសខ្លួនឯង ហើយមាក់ងាយ។ ខ្ញុំអត់ព្រមធ្វើដូច NGOs ទៅអញ្ចឹង ខ្ញុំមិនព្រមទេ បាទ!»
Facebook Live៖ លោកហ៊ុន សែន ជួបជុំសហគមន៍ខ្មែរនៅ Sunnylands៖
ក៏ប៉ុន្តែលោក អ៊ូ វីរៈ និយាយថា បើសិនជាមន្ត្រីរដ្ឋាភិបាល ស្ដាប់ ឬទទួលយកមតិរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ហើយធ្វើការបំភ្លឺទៅវិញនោះ នោះនឹងបង្ហាញពីភាពរឹងមាំរបស់ប្រទេសនេះ។
«ការណ៍ពិត បើយើងយកគំនិតអ្នកដទៃ មិនមែនឆ្លុះបញ្ចាំងពីភាពទន់ខ្សោយ របស់យើងទេ។ វា ឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់យើង។ យើង ទាត់ចោលភ្លាមៗបែបហ្នឹង ខ្ញុំមើលទៅវាឆ្លុះបញ្ចាំងពីភាពទន់ខ្សោយរបស់យើងទេបាទ»។
លោក អ៊ូ វីរៈ បានបន្តថា ការទាត់ចោលភ្លាមៗបែបនេះ មិនជួយដល់ការពិភាក្សារវាងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងកិច្ចប្រជុំពីរថ្ងៃ ដែលរួមមានកិច្ចប្រជុំកំពូលអាស៊ាន~អាមេរិក និងកិច្ចប្រជុំទ្វេភាគីរវាងអាមេរិក និងសមាជិកនីមួយៗនៃអាស៊ាននោះទេ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាននិយាយនៅថ្ងៃអាទិត្យថា ការមិនអើពើលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកនេះ មិនជួយដល់មុខមាត់កម្ពុជានៅកិច្ចប្រជុំនៅសហរដ្ឋអាមេរិកនោះទេ។
«បើថា អ្វីដែលគេលើកឡើងវាមិនត្រឹមត្រូវ មិនសមស្រប អាហ្នឹង យើងឆ្លើយបំភ្លឺទៅ! ប៉ុន្តែអ្វីដែលយើងបដិសេធ មិនទទួលនេះ គឺបង្ហាញឲ្យឃើញថា អ្វីដែលគេនិយាយហ្នឹង គឺត្រឹមត្រូវហើយបាទ»។
លោកបន្តថា ប្រតិកម្មបែបនេះ មានន័យថា រដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ស្ថាប័នកំពូលនេះរបស់សហរដ្ឋអាមេរិក។
លោក បន្ថែមថា ក្នុងនាមជាប្រទេសមួយ រដ្ឋាភិបាល គួរឆ្លើយតបជាលក្ខណៈការទូតទៅវិញ។
ក៏ប៉ុន្តែលោក សុខ ឦសាន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាធ្លាប់បានប្រាប់ VOA កាលពីថ្ងៃសុក្រថា លិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក៧រូបនោះ ឆ្លុះបញ្ចាំងពីមតិភាគតិច ដែលមានចរិតអាណានិគម ហើយមិនតំណាងឲ្យស្ថាប័នព្រឹទ្ធសភាអាមេរិកទាំងមូលទេ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន៧នាក់ បានសរសេរលិខិតមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា អនុញ្ញាតឱ្យសមាជិកសភាគណបក្សប្រឆាំង បានវិលត្រឡប់ចូលប្រទេសវិញ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬការកាត់ទោស។
ដោយឡែក លោក អេង ឆៃអ៊ាង បានឲ្យដឹងថា លោក សម រង្ស៊ី បានចាកចេញពីអាមេរិកទៅប្រទេសបារាំងវិញហើយ ក្រោយពីបានជួបសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រអាមេរិក និងមន្ត្រីរដ្ឋាភិបាលអាមេរិក មុនសមាជិកព្រឹទ្ធសភាអាមេរិកចំនួន៧នាក់នេះ សរសេរលិខិតមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រមជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិចំនួន៩ បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឲ្យលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ជំរុញឲ្យមានការជឿនលឿនខាងសិទ្ធិមនុស្សក្នុងប្រទេសអាស៊ាន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា រដ្ឋមន្ត្រី៤រូប ដែលអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនេះ រួមមានលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕