ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​វិវត្តន៍​ខ្លះៗ​ជុំវិញ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន


រូបឯកសារ៖ មេដឹកនាំ​អាស៊ាន​ទាំង​ដប់​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ចុះ​ហត្ថលេខា​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កាល​ពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ (AP/Lai Seng Sin)

អាស៊ាន​ត្រូវការ​ឆន្ទៈ​រួម​ខ្ពស់ និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុងការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​សម្រាប់​ប្រទេស​មាន​ការ​អភិវឌ្ឍ​យឺត ដើម្បី​ជួយ​ឲ្យ​អាស៊ាន​សម្រេច​គោលដៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​របស់​ខ្លួន។

មាន​ការ​វិវត្តន៍​គួរ​ឲ្យ​កត់​សម្គាល់​ខាង​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​បណ្តាក់​ទុន​ពី​ក្រុមហ៊ុន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ចាប់​តាំង​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​អនុម័ត​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៥​មក។ អ្នក​វិភាគ​យល់​ថា អាស៊ាន​ត្រូវការ​ឆន្ទៈ​រួម​ខ្ពស់ និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុងការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​សម្រាប់​ប្រទេស​មាន​ការ​អភិវឌ្ឍ​យឺត ដើម្បី​ជួយ​ឲ្យ​អាស៊ាន​សម្រេច​គោលដៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​របស់​ខ្លួន។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​គោលដៅ​បង្កើត​ទីផ្សារ និង​ស្តង់ដា​ផលិត​តែ​មួយ ដើម្បី​ទាក់ទាញ​វិនិយោគទុន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ពី​បរទេស ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ខ្លួន។ គោលដៅ​ផ្សេង​ទៀត​គឺ​បង្កើត​ឲ្យ​មាន​ការ​ចល័ត​នៃ​ពលកម្ម​មាន​ជំនាញ​ដោយ​សេរី​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ដែល​ជា​សមាជិក។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ចូល​ជា​ធរមាន​មក លោក ចាន់ សុផល ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ យល់​ថា ការ​វិវត្តន៍​ទៅមុខ​ជា​ដុំ​កំភួន​នៅ​មាន​តិចតួច​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖​«‍សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មិនមែន​ជា​ការ​ប្រែប្រួល​ជា​គំហុក​នោះ​ទេ។ គ្រាន់​តែ​ថា ដាច់​ឆ្នាំ​២០១៥ គេ​បាន​ឈាន​ដល់​ការ​លុបបំបាត់​ពន្ធ​នាំ​ចូល​ទំនិញ និង​សេវា​មក​ពី​ប្រទេស​នីមួយៗឲ្យ​អស់​តែ​ម្តង ដូចថា​មាន​ករណី​លើកលែង​លើ​ទំនិញ​ខ្លះ។ គេ​ចង់មាន​លំហូរ​ដោយ​សេរី​ខាង​ហរិញ្ញវត្ថុ ពលកម្ម​មាន​ជំនាញ ហើយ​និង​សេវាកម្ម​ទេសចរណ៍។ តាម​ការ​អង្កេត​របស់​ខ្ញុំ គឺ​មិនមាន​ការ​ប្រែប្រួល​ជា​ដុំកំភួន​នៅ​ឡើយ​ទេ»។

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន។ (នូវ ពៅលក្ខិណា VOA)
រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន។ (នូវ ពៅលក្ខិណា VOA)

ក៏​ប៉ុន្តែ លោក ឈាង វណ្ណារិទ្ធិ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ បាន​កត់​សម្គាល់​ឃើញ​ការ​បណ្តាក់​ទុន​ខាង​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​តំបន់ ដែល​វិស័យ​នេះ​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន។

លោក​បាន​លើក​ឡើង​ថា៖​«‍យើង​ឃើញ​មាន​ការ​រីកចំរើន​ផ្នែក​ផ្សារភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ជាពិសេស​គឺ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ដែក។ ចិន​បាន​ចុះ​ហត្ថលេខា​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ឡាវ ប្រទេស​ថៃ ដើម្បី​ផ្សារភ្ជាប់​ខ្សែ​រថភ្លើង​ពី​ទីក្រុង Kunming ប្រទេស​ចិន មក​បណ្តា​ប្រទេស​អាស៊ាន​យើង​នេះ ហើយ​ភ្ជាប់​ពី​ឡាវ ថៃ ម៉ាឡេ មកដល់​សិង្ហបុរី។ ហើយ​ខ្មែរ​យើង​ក៏​មាន​គម្រោង​តភ្ជាប់​ផ្លូវ​ដែក​ជាមួយ​នឹង​ប្រទេស​វៀតណាម។ ដូច្នេះ អនុតំបន់​ទន្លេមេគង្គ​នឹង​មាន​ការ​ផ្សារភ្ជាប់​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ»។

ជាក់ស្តែង ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ខ្លួន ដោយ​បង្កើត​សេវាកម្ម​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​រត់​ពី​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ មក​កាន់​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ដំណាច់​ឆ្នាំ​២០១៦​នេះ។

លោក ឈាង វណ្ណារិទ្ធិ បាន​បន្ថែម​ថា ក្រុមហ៊ុន​ធំៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចាប់​ផ្តើម​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​វិនិយោគ​តាម​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។

មក​ទល់​ពេល​នេះ របាំង​ពន្ធ​គយ​របស់​អាស៊ាន​ត្រូវបាន​គេ​ជឿ​ថា​លុប​បំបាត់​ទាំង​ស្រុង បើ​ទោះ​បី​ជា​អាច​មាន​ករណី​លើក​លែង​លើ​ផលិតផល​មួយ​ចំនួន​តូច​ក្តី។ លោក អ៊ុំ សុធា អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ខ្មែរ​មួយ​រូប ប្រចាំ​ប្រទេស​សិង្ហបុរី បាន​ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​ខ្លាំង​នោះ​គឺ​របាំង​មិនមែន​ពន្ធគយ ដែល​ប្រទេស​ជា​សមាជិក​របស់​អាស៊ាន​មាន​ការ​លំបាក​ក្នុងការ​សម្រួល​ច្បាប់​បញ្ញត្តិ​ផលិតកម្ម​របស់​ខ្លួន។

លោក​បាន​និយាយ​ថា៖​«‍របាំង​មិនមែន​ពាណិជ្ជកម្ម​គឺ​មាន​ការ​លំបាក​មែនទែន ពីព្រោះ​ប្រទេស​ជា​សមាជិក​ទាំង​១០​របស់​អាស៊ាន មាន​កម្រិត​នៃ​ការ​អភិវឌ្ឍ​ខុសៗ​គ្នា ហើយ​មាន​ប្រព័ន្ធ​ច្បាប់​ស្តង់ដា​បច្ចេកទេស​ខុសៗ​គ្នា។ វា​មាន​ការ​លំបាក​មែនទែន ដែល​ប្រទេស​ទាំង១០​ត្រូវ​ធ្វើ​យ៉ាងណា​ សម្រេច​ឲ្យ​បាន​នូវអ្វី​ដែល​ទទួល​យក​បាន ទាក់ទង​នឹង​ការ​ធ្វើ​សុខុដម​រមនីយកម្ម​ខាង​ផ្នែក​ប្រព័ន្ធ​ច្បាប់ ក៏​ដូចជា​ស្តង់ដា​បច្ចេកទេស​មួយ​ចំនួន។

អាស៊ាន​គឺជា​តំបន់​មួយ ដែល​មាន​សក្តានុពល​ខ្ពស់​ខាង​កំណើន​សេដ្ឋកិច្ច​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​មាន​អត្រា​៥,៦ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ។ ហើយ​តម្លៃ​សរុប​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​អាស៊ាន​ទាំង​មូល​ស្មើ​នឹង​២៤សែន​លាន​ដុល្លារ​អាមេរិក។

លើស​ពី​នេះ អាស៊ាន​គឺជា​តំបន់​មួយ ដែល​មាន​កម្លាំង​ពលកម្ម​ធំ និង​វ័យ​ក្មេង ដែល​ប្រជាជន​សរុប​មាន​ចំនួន​ជាង​៦២៦លាន​នាក់។ ហើយ​ប្រជាជន​ដែល​ស្ថិត​នៅ​ក្នុង​វណ្ណៈ​កណ្តាល ដែល​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​សេវាកម្ម និង​ទិញ​ទំនិញ​ក៏​កំពុង​តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ក្នុង​តំបន់​នេះ។

រូបឯកសារ៖ លោក ច័ន្ទ សុផល សេដ្ឋវិទូ​និង​ជា​អ្នក​នាំពាក្យ​នៃ​សមាគម​សេដ្ឋកិច្ច​កម្ពុជា ចូល​រួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​។ (លឹម សុធី/វីអូអេ)
រូបឯកសារ៖ លោក ច័ន្ទ សុផល សេដ្ឋវិទូ​និង​ជា​អ្នក​នាំពាក្យ​នៃ​សមាគម​សេដ្ឋកិច្ច​កម្ពុជា ចូល​រួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​។ (លឹម សុធី/វីអូអេ)

លោក ចាន់ សុផល យល់​ថា កម្លាំង​ពលកម្ម​ដ៏​សកម្ម និង​វ័យក្មេង​នេះ​បាន​ធ្វើ​ឲ្យ​អាស៊ាន​មាន​សក្តានុពល​ខ្ពស់ ក្នុង​ការ​ទាក់ទាញ់​វិនិយោគ និង​ពាណិជ្ជកម្ម​បរទេស។

លោក​បាន​និយាយ​ថា៖ «‍អាស៊ាន​ជា​តំបន់មួយ​ដែល​មាន​សក្តានុពល និង​មាន​ភាព​សកម្ម​ (Dynamics) ខាង​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម ជាពិសេស​គឺ​កំណើន​ពលរដ្ឋ​ដែល​មាន​អាយុក្រោម​៣០ឆ្នាំ មាន​ដល់​ទៅ​៥០ភាគរយ ដែល​ជា​កម្លាំង​ថ្មី​ចូល​ក្នុង​ទីផ្សារ​ផលិតកម្ម​ដែល​នៅ​ខ្ពស់ បើ​ធៀប​នឹង​តំបន់​ផ្សេងៗ។ ហើយ​នេះ​គឺជា​កត្តាវិជ្ជាមាន​មួយ​សម្រាប់​អ្នក​វិនិយោគ»។

ក៏ប៉ុន្តែ បញ្ហា​ខ្វះ​តម្លាភាព អំពើ​ពុក​រលួយ ការ​ខ្វះ​នីតិរដ្ឋ ត្រូវ​បាន​គេ​យល់​ថា ជា​កត្តា​ប្រឈម​ខាង​ស្ថាប័ន ដែល​ទាមទារ​ឆន្ទៈ​រួម​ខ្ពស់ និង​ភាព​ជា​អ្នក​ដឹកនាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក ឈាង វណ្ណារិទ្ធិ។

«‍បើ​យើង​អត់មាន​តម្លាភាព​ យើង​អត់មាន​ការ​ទទួល​ខុស​ត្រូវ​នោះទេ វា​ពិបាក​នឹង​ទាញ​អ្នក​វិនិយោគដើម្បី​អភិវឌ្ឍដែរ។ ដូច្នេះ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន យើង​ត្រូវការ​ទាំង​ឆន្ទៈនយោបាយ​របស់​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​ជា​សមាជិក និងតួនាទី​ពី​អង្គការ​តំបន់ និង​ដៃគូ​ពិភាក្សា​ផ្សេងៗ​របស់​អាស៊ាន ដើម្បី​ជួយ​ផ្នែក​កសាង​ស្ថាប័ន»។

បន្ថែម​លើ​នេះ ក៏​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​វិសមភាព​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជា​សមាជិក​របស់​អាស៊ាន។ គេ​ឃើញ​ថា សមាជិក​ចាស់​របស់​អាស៊ាន​ ដូចជា​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ មាន​ការ​អភិវឌ្ឍ​លឿន​ជាង​ប្រទេស​ជា​សមាជិក​ថ្មី ដូចជា​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​ជាដើម។

លោក អ៊ុំ សុធា បាន​បញ្ចាក់​ថា អាស៊ាន​មាន​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន ដូចជា​ការ​ពង្រឹង​ធនធាន​មនុស្ស ការ​ឧបត្ថម្ភ​ផ្នែក​បច្ចេកទេស និង​វគ្គបណ្តុះ​បណ្តាល និង​ខាង​គោល​នយោបាយ​ជាដើម។

ក៏​ប៉ុន្តែ​លោក​ថា៖​«‍នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ជាទូទៅ​ថវិកា​ពី​បណ្តា​សមាជិក​ចាស់ ដែល​មាន​ការ​អភិវឌ្ឍ​លឿន​ជាង​សមាជិក​ថ្មី គឺ​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ​ដើម្បី​ជួយ តែ​តម្រូវ​ឲ្យ​សមាជិក​ថ្មី​នីមួយៗ ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង។ វា​មិន​ដូច​នៅ​ក្នុង​សហគមន៍​អ៊ឺរ៉ុប ដែល​គេ​មាន​មូលនិធិ​ដើម្បី​យក​មក​ប្រើប្រាស់ ដើម្បី​យក​មក​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ ឬ​ក៏​ធ្វើ​ហរិញ្ញប្បទាន​ចាំបាច់​ណា​មួយ ដើម្បី​ជួយ​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​យឺត​ជាង​ប្រទេស​ចាស់ៗ​នោះ។ នៅ​ក្នុង​អាស៊ាន មិន​ទាន់​មាន​យន្តការ​នេះ​ទេ‍»។

យ៉ាងណា​ក៏ដោយ លោក ចាន់ សុផល បាន​បង្ហាញ​ទុទិដ្ឋនិយម​លើ​ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ច្រើន​ ឲ្យ​ដល់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​យឺត ដូចជា​កម្ពុជា និង​ឡាវ​នោះ​ទេ។

លោក​ថា៖​«ខ្ញុំ​មិន​សង្ឃឹម​ថា ប្រទេស​អ្នក​មាន​គេ​នឹង​ខំ​ជួយ​ប្រទេស​ក្រីក្រ ឲ្យ​មាន​កំណើន​ច្រើន​ថែម​ទៀត ធ្វើ​យ៉ាងណា​កុំ​ឲ្យគម្លាត​រវាង​ប្រទេស​អ្នក​មាន​ និង​ប្រទេស​អ្នក​ក្រ នៅ​ក្នុង​សមាគម​អាស៊ាន​នេះ​វា​ធំ​ពេក​ទេ។ ខ្ញុំ​បាទ​ផ្ទាល់​មិន​សូវ​រំពឹង​លើ​ចិត្តធម៌របស់​ប្រទេស​អ្នក​មាន​ទេ‍»។

នៅ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល បន្ទាប់​ពី​ប្រទេស​ចិន សមាគម​អាស៊ាន​គឺជា​តំបន់​ទី២ ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅ​ក្នុង​តំបន់ ដែល​ទាក់ទាញ​បណ្តា​ប្រទេស​ជា​ច្រើន​ឲ្យ​ចាប់​អារម្មណ៍​វិនិយោគ។

នៅ​ថ្ងៃទី​១៥ និង​ទី១៦​ ខែ​កុម្ភៈ​ខាង​មុខ​នេះ មេដឹកនាំ​អាស៊ាន​ទាំង​១០ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​ជួប​ជាមួយ​នឹង​លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​គណៈប្រតិភូ និង​អ្នក​វិនិយោគ​ធំៗ​របស់​អាមេរិក៕

XS
SM
MD
LG