លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានធ្វើដំណើរពីកម្ពុជាទៅកាន់ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ានមួយ ដែលក្នុងនោះនឹងមានការពិភាក្សាអំពីស្ថានភាពនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក ហ៊ុន សែន រួមជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន ក្នុងនោះមានរដ្ឋមន្រ្តីការបរទេសលោក ប្រាក់ សុខុន ផងដែរ បានចាកចេញពីរាជធានីភ្នំពេញកាលពីរសៀលថ្ងៃសុក្រ ខណៈទីក្រុងភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ២១ ខែមេសា ឲ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ដែលនឹងផ្តោតការយកចិត្តទុកដាក់លើប្រធានបទធំៗចំនួន ៣ គឺការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ និងកិច្ចប្រឹងប្រែងសេដ្ឋកិច្ចសង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវឌ្ឍនៃស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់ចំៗ ទៅលើការពិភាក្សាអំពីបញ្ហានយោបាយ នៅប្រទេសមីយ៉ាន់ម៉ានោះទេ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃសៅរ៍ «ភារកិច្ចខានមិនបាន»។ លោកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដលើកទី ២ មុនការកំណត់ និងយកសំណាកទៅពិនិត្យរកវីរុសដែលបង្កជំងឺកូវីដ១៩ ផងដែរ មុនពេលលោកធ្វើដំណើរទៅទីក្រុងហ្សាការតា។
សារព័ត៌មាន Reuters បានចុះផ្សាយថា បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ នឹងពិភាក្សាគ្នាអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ស្អែកនេះ។
អាស៊ានបានព្យាយាមស្វែងរកវិធីដើម្បីឲ្យប្រទេសមីយ៉ាន់ម៉ាចេញផុតពីភាពចលាចលបង្ហូរឈាម ដែលកើតឡើងក្រោយពីយោធាប្រទេសនេះធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី ១ ខែកុម្ភៈ។ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ចាប់តាំងពីការបង្រ្កាបបានចាប់ផ្តើម។
តាំងពីរដ្ឋប្រហារបានកើតមាននៅមីយ៉ាន់ម៉ា ជំហររបស់រដ្ឋាភិបាលកម្ពុជា គឺមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ានោះទេ ហើយថាកម្ពុជា នឹងធ្វើស្របតាមជំហររួមណាមួយ ក្រោមមូលដ្ឋានកុងសង់ស៊ីសរបស់អាស៊ាន គឺសំឡេង ១០ ប្រទេសឯកភាពគ្នាទាំងស្រុង។
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យរងជំនាញការទូតនិងកិច្ចការសកលនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លើកឡើងថា កម្ពុជានឹងមិននិយាយអ្វីមុនគេនោះទេ ទាក់ទងនឹងបញ្ហានៅមីយ៉ាន់ម៉ា ដោយសារកម្ពុជាតែងតែនិយាយថា ប្រទេសផ្សេងបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
លោកបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ាន ដែលបានប្រើអំពើហិង្សា និងគាបសង្កត់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ពលរដ្ឋ។
លោកប្រាប់ VOA តាមសារអ៊ីមែល នៅថ្ងៃសុក្រថា៖ «គ្មានផ្លូវទេ ដែលកម្ពុជានឹងតតាំងធ្វើអ្វីមួយពាក់ព័ន្ធនឹងបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕