ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក្សា​ជំហរ​ថា​ បោះ​ឆ្នោត​ឡើង​វិញ​ឬ​អត់ ជា​«កិច្ចការ​ផ្ទៃ​ក្នុង»​របស់​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ក្នុងជំនួបទ្វេភាគីមួយនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ក្នុងជំនួបទ្វេភាគីមួយនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

រដ្ឋាភិបាលកម្ពុជា​បាន​រក្សា​ជំហរ​ដើមរបស់ខ្លួនលើបញ្ហា​វិបត្តិ​នយោបាយ​ នៅមីយ៉ាន់​ម៉ា​ ឬ​ភូមា ជិត​មួយ​ខែ​ក្រោយ​យោធា​ប្រទេស​នេះ​ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋា​ភិបាល​ស៊ីវិល​ជាប់​ឆ្នោត។

ប៉ុន្តែ​ កម្ពុជា​ថា ខ្លួន​នឹងស្រប​តាម​ជំហរ​រួម​ណា​មួយ​ក្រោម​មូលដ្ឋាន​កុង​សង់​ស៊ីស​របស់​អាស៊ាន គឺ​សំឡេង​ ១០ ប្រទេស​ឯក​ភាព​គ្នា​ទាំង​ស្រុង។

កាល​ពី​ថ្ងៃ​អង្គារ លោក Wunna Maung Lwin រដ្ឋមន្ត្រី​ការ​បរទេស​នៃ​របប​សឹក​ភូមា​ បាន​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​បាងកក និង​បាន​ជួប​នាយក​រដ្ឋមន្ត្រីថៃ Prayut Chan-o-cha រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ Don Pramudwinai និង​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​លោកស្រី Retno Marsudi។

ឥណ្ឌូនេស៊ី​កំពុង​ស្វះ​ស្វែង​រក​ដំណោះស្រាយថ្នាក់​តំបន់​តាមយន្តការអាស៊ាន ដើម្បី​ទម្លុះវិបត្តិ​រដ្ឋ​ប្រហារ​ភូមា ដែល​មាន​បាតុកម្ម​មហាជន​ទូទាំង​ប្រទេស​ចេញ​មុខប្រឆាំង​នឹង​របប​សឹក ដែល​បាន​ធ្វើ​រដ្ឋប្រហារ​តាំង​តែ​ពី​ដើម​ខែ​កុម្ភៈ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោកស្រី Retno Marsudi រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី ក៏​បាន​ទាក់​ទង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជារូប​នេះ​មាន​ប្រសាសន៍​យ៉ាង​ខ្លី​តាម​ប្រព័ន្ធ​ Telegram ​ថា៖ «ជំហរ​កម្ពុជា គឺ​ស្រប​តាម​ជំហរ​រួម​របស់​អាស៊ានផ្អែក​លើ​គោល​ការណ៍​ Consensus [ជា​ឯក​ច្ឆន្ទ]»។

ការ​ប្រាថ្នា​ចាប់​យក​តួនាទី​ជា​អ្នក​សម្រប​សម្រួល​របស់​ឥណ្ឌូនេស៊ី ត្រូវ​បាន​រាយ​ការណ៍​ដំបូង ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ច័ន្ទ​។

Reuters បាន​ដក​ស្រង់​សម្ដី​ប្រភព​មន្ត្រី​រដ្ឋា​ភិបាល​ឥណ្ឌូនេស៊ី​ថា ​ទីក្រុង​ហ្សាការតា​ស្វះ​ស្វែង​រកការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង ​១០ ​ប្រទេស ដើម្បី​ជំរុញ​របប​សឹក​ភូមា​គោរព​សន្យា​ក្នុង​ការ​រៀប​ចំការ​បោះ​ឆ្នោត​ឡើង​វិញ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​នេះ។

ប្រទេស​ភូមា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ក្នុង​រយៈ​ពេល ​១ ​ឆ្នាំ ក្រោយ​រដ្ឋប្រហារ​យោធា។

យ៉ាង​ណា​ក៏​ដោយ សំណើ​នេះ​បាន​រង​ការ​ជំទាស់​ពី​សំណាក់​បាតុករ​មហាជន​ភូមា ដែល​ទាម​ទារ​ឱ្យ​ឥណ្ឌូនេស៊ី និង​ប្រទេស​សមាជិក​អាស៊ាន គោរព​លទ្ធផលបោះ​ឆ្នោតកាលពី​ខែ​វិច្ឆិកា ដែល​បក្ស​សម្ព័ន្ធ​ភាព​ជាតិ ដើម្បី​លទ្ធិប្រជាធិប​តេយ្យ ​(NLD) របស់​លោកស្រី Aung San Suu Kyi ដែល​ត្រូវ​បាន​ចាប់​ខ្លួន ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។

ក្រោយ​មក គម្រោង​ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Retno Marsudi ទៅ​ប្រទេស​មីយ៉ាន់​ម៉ា ដើម្បីជជែក​ជាមួយមេ​ដឹកនាំ​យោធា​នៅ​ទីក្រុង​ណៃពិដោ ក៏​ត្រូវ​លុប​ចោល ហើយ​ទីក្រុង​ហ្សាការតាបាន​ចេញ​ម​ក​ប្រកែក​ថា​សំណើ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ជាថ្មី​នៅ​ភូមា​ មិន​មែន​ជា​ជំហរ​របស់​ឥណ្ឌូនេស៊ី​ឡើយ។

តប​នឹង​សំណួរ​ថា​ តើ​កម្ពុជា​គាំទ្រ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ប្រទេស​ភូមា​ឬ​យ៉ាងណា លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​តប​ថា​៖ «ជា​កិច្ចការ​ផ្ទៃក្នុង​របស់​មីយ៉ាន់ម៉ា»។​

បដាប្រឆាំងនឹងអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ត្រូវបានឃើញនៅលើរបងដែលមានរុំដោយលោះ ខណៈក្រុមបាតុករប្រមូលគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
បដាប្រឆាំងនឹងអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ត្រូវបានឃើញនៅលើរបងដែលមានរុំដោយលោះ ខណៈក្រុមបាតុករប្រមូលគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

កម្ពុជា​ប្រកាស​ជំហរ​បែប​នេះ ទោះ​ភ្លាមៗ​ក្រោយ​បោះ​ឆ្នោត​ភូមា​កាល​ពី​ខែ​វិច្ឆិកា ដោយ​ស្ថានទូត​កម្ពុជា​នៅ​ទី​ក្រុង​រ៉ង់ហ្គូន ​បាន​វាយ​តម្លៃ​ថា ​«ត្រឹម​ត្រូវ​និង​យុត្តិធម៌» ហើយ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ថែម​ទាំង​បាន​សរសេរលិខិត​អបអរ​សាទរ និង​សរសើរ​ចំពោះ​ជ័យ​ជម្នះ​របស់​លោកស្រី Aung San Suu Kyi ទៀត​ផង។

កាលពី​ថ្ងៃ​ពុធ នាយ​ឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​ ក៏​បាន​ទទួល​ជួប​ឧត្ដម​សេនីយ៍​ត្រី Thura Hla Min អនុ​ព័ន្ធ​យោធា​អម​ស្ថាន​ទូត​មីយ៉ាន់ម៉ា​នៅ​ភ្នំពេញ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​នៃ​លទ្ធផល​ជំនួប​ដែល​ផ្សព្វផ្សាយ​ដោយ​អគ្គ​បញ្ជា​ការ​ដ្ឋានកងយោធពលខេមរ​ភូមិន្ទ លោក Thura Hla Min ដែល​ទើប​តែង​តាំង​ថ្មី​បាន​បក​ស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​ប្រទេស​ខ្លួន​ ប្រាប់​មេដឹកនាំ​យោធា​កម្ពុជា។

សេចក្ដី​ប្រកាស​ឲ្យ​ដឹងថា៖ «ឧត្តម​សេនីយ៍​ត្រី​បាន​បញ្ជាក់​ថា​ប្រទេស​មីយ៉ាន់ម៉ា​ នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​ឱ្យ​មាន​ភាព​សេរី​ត្រឹម​ត្រូវ និង​ធានា​ដល់​គោល​នយោបាយ​បរទេស»។​

ជា​ការ​ឆ្លើយ​តប​នាយឧត្ដមសេនីយ៍​ វង្ស ពិសេន​ បាន​លើក​ឡើង​នូវ​ជំហរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ «តែង​គោរព​លើ​អធិបតេយ្យ​ភាព​ប្រទេស​ជា​មិត្ត មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ផង​គ្នា ពិសេស​ការ​គោរព​ចំពោះ​ធម្មនុញ្ញ​អាស៊ាន»។

បើ​តាម​សេចក្ដី​ប្រកាស​ដដែល មេដឹក​នាំ​យោធា​កម្ពុជា​ប្រាថ្នា​ចង់​ឱ្យ​ភូមា ​«រក្សា​បាន​នូវ​ស្ថិរ​ភាព​ល្អ​ឡើង​វិញ» ហើយ​ថា «អ្វី​ដែល​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ត្រូវ​ប្រកាន់​ភ្ជាប់​ទៅ​ថ្ងៃ​ខាង​មុខ គឺ​ការ​[រក្សា​]​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា»។

ក្រោយ​រដ្ឋប្រហារ​ភូមា ​នា​ថ្ងៃទី១ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋា​ភិ​បាល​លោក​នឹង​មិន​បញ្ចេញ​យោបល់​អ្វី​លើ​ការ​ក្រសោប​អំណាច​នៃ​យោធា​ក្រុង​ណៃពិដោ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា​បាន​ប្រមូល​ផ្តុំរយៈ​ពេល​ខ្លី នៅ​ខាង​មុខ​ស្ថាន​ទូត​មីយ៉ាន់ម៉ា​ នៅ​ភ្នំពេញ ដោយ​ទាមទារ​ឱ្យ​របប​សឹក​ដោះ​លែង​លោក​ស្រី Aung San Suu Kyi និង​អ្នក​ជាប់​ឃុំ​ក្រោយ​រដ្ឋ​ប្រហារ​ទាំង​អស់ ហើយ​ប្រគល់​អំណាច​ជូន​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​វិញ។

លោក ប៉ូ សុវីនដា បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យា​ល័យ Griffith ប្រទេស​អូស្ត្រាលី និយាយ​ថា​ជំហរ​កម្ពុជា​លើ​បញ្ហា​ភូមា​គឺភ្នំពេញ​ចង់​បង្ការ​ការ​ជ្រៀត​ជ្រែក​ពី​ខាងក្រៅ​ចូល​កិច្ចការ​របស់​ខ្លួន​ដែរ​ នៅ​ពេល​ខាង​មុខ។

លោក​បាន​ប្រាប់​វីអូអេតាមទូរស័ព្ទ​ថា៖ «នេះ​បើ​ក្នុង​ទ្រឹស្ដី បើ​សិន​ជា​ខ្ញុំ​មិន​ប៉ះ​ពាល់​អ្នក អ៊ីចឹង​អ្នក​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ខ្ញុំ​ដែរ។​បើ​កម្ពុជា​មិន​ប៉ះពាល់​នយោបាយ​ផ្ទៃ​ក្នុង​ភូមា អ៊ីចឹង​ភូមា​ក៏​មិន​អាច​ប៉ះពាល់​នយោ​បាយ​ផ្ទៃក្នុង​កម្ពុជា​ដែរ។ អ៊ីចឹង​ រឿង​នេះ​ដូច​ថា​ម្ដង​គេ​ម្ដង​យើង​អ៊ីចឹង​ទៅ​ណា»។

លោក សុវីនដា ដែល​សិក្សា​ផ្នែក​កិច្ចការ​បរទេស​បន្ថែម​ថា​ជំហរ​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​នូវ​គោល​គំនិត​រក្សា​ព្រំដែន​អធិប​តេយ្យ​ភាពនៅ​កម្ពុជា ដែល​ស្រដៀង​គ្នា​នឹង​ឡាវ ថៃ និង​វៀតណាម ដែលនេះ​នឹង​ដាក់​កម្រិត​លើ​ភាព​ខ្លាំងក្លា​នៃ​គំនិត​ផ្ដួច​ផ្ដើម​របស់​ឥណ្ឌូ​នេស៊ី ឬ​អាស៊ាន​លើ​បញ្ហា​ភូមា។

យោធា​ភូមា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​លោកស្រី Aung San Suu Kyi តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​រដ្ឋសភា​អាណត្តិ​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្នុងខែ​វិច្ឆិកា​ ត្រូវ​កោះ​ប្រជុំ​ដំបូង​។ យោធា​ថា​ការ​បោះ​ឆ្នោត​ដែល​បក្ស​សម្ព័ន្ធ​មិត្តខ្លួន​បាន​ចាញ់​យ៉ាង​ចាស់​ដៃ​នោះ មាន​ការ​លួច​បន្លំ៕

XS
SM
MD
LG