ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រួម​ជាមួយ​អាស៊ាន ​​បារម្ភ​អំពី​​ស្ថានភាព​នៅ​មីយ៉ាន់ម៉ានិង​ជំរុញ​ឲ្យមាន«ដំណោះស្រាយ​​ដោយ​​សន្តិវិធី»


រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំតាមអនឡាញស្តីអំពីស្ថានភាពនៅមីយ៉ាន់ម៉ា កាលពិថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

កម្ពុជា​ដែល​ជាសមាជិក​អាស៊ាន​បាន​ចូលរួម​សម្តែង​ក្តី​ព្រួយ​បារម្ភ​លើ​ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​កំពុង​គ្រប់គ្រង​ដោយ​យោធា​ ដោយ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។ នេះ​បើ​យោ​ង​តាម​សេចក្តី​ថ្លែង​ការណ៍រួម​មួយ ដែល​ចេញផ្សាយ​ក្រោយ​ពី​មាន​ជំនួប​ក្រៅផ្លូវ​ការ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ កាល​ពី​ថ្ងៃ​អង្គារ ទី២​ខែមីនា តាម​រយៈ​ប្រព័ន្ធ​វីដេអូ​។

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ដោយ​រដ្ឋមន្រ្តី​ការ​បរទេស​ប្រ៊ុយណេ លោក Dato Erywan Pehin Yusof។ នេះ​បើ​តាម​ការ​បញ្ជាក់របស់​ក្រសួង​ការបរទេស​កម្ពុជា​។ កិច្ច​ប្រជុំ​នោះ​ ក៏​មាន​ការ​ចូលរួម​ពី​រដ្ឋមន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា​ផង​ដែរ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម អាស៊ាន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ និង​អំពាវនាវ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​បន្ត​ទៀត​។

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា៖ «យើង​មានក្តី​ព្រួយ​បារម្ភ​ទៅ​លើ​ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​អំពាវនាវ​ឲ្យ​គ្រប់ភាគី​បញ្ចៀសការ​ដុត​ឲ្យ​មាន​អំពើ​ហិង្សា​បន្ថែមទៀត និង​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​គ្រប់​គ្រងខ្លួន​ឯង​ឲ្យ​បាន​ខ្ពស់​បំផុត ជាមួយ​ភាព​បត់​បែន»។

អាស៊ាន​ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ស្វែង​រក​ «ដំណោះស្រាយ​ដោយសន្តិវិធី» តាមរយៈ​«ការពិ​ភាក្សាដោយ​ស្ថាបនា» និង ​«ការ​ផ្សះផ្សា​»។

ទោះ​ជា​យ៉ាងណា អាស៊ាន​មិន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ឬ​ប្រគល់​អំណាច​ទៅ​គណបក្ស​ដែលឈ្នះឆ្នោតតាម​បែប​ប្រជាធិប​តេយ្យរបស់​លោកស្រី Aung San Suu Kyi នោះ​ទេ។ អាស៊ាន​ក៏​មិន​បាន​អំពាវនាវ​ចំៗ​ឲ្យ​មាន​ការ​ដោះ​លែង​មេដឹកនាំ​ និង​អ្នកនយោបាយ​ផ្សេងៗ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ។

ប៉ុន្តែ​អាស៊ាន​បាន​លើក​ឡើង​ថា ​ពួកគេ​បាន​ឮ​អំពី​ការ​អំពាវនាវ​នានា​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​នយោបាយ​ជាប់​ឃុំ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​រដ្ឋប្រហារ​យោធា​ កាល​ពី​ថ្ងៃទី​១ ខែ​កុម្ភៈ។

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ បាន​ពិភាក្សា​គ្នា​ «យ៉ាង​ស៊ី​ជម្រៅ​» និង​ប្រកប​ដោយ​ «ភាព​ស្មោះ​ត្រង់» ​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​បន្ត​លើក​កម្ពស់​វឌ្ឍន​ភាព​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន និង​ការ​ពង្រឹង​ទំនាក់ទំនង​របស់​អាស៊ាន​ជាមួយ​ដៃ​គូ​ខាង​ក្រៅ​ជាដើម។

សេចក្តីប្រកាស​ព័ត៌មាន​បន្ត​ថា ​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់ផង​ដែរ​ លើ​បញ្ហា​តំបន់ និង​អន្តរ​ជាតិ​ដែល​ជា​ក្តី​បារម្ភ និង​ចំណាប់​អារម្មណ៍​រួមគ្នា​រួម​ទាំង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​ការ​ជជែក​ពិភាក្សាគ្នា​លើ​បញ្ហា​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​អង្គារ ដោយ​ប្រាប់​ឲ្យ​មើល​សេចក្តីថ្លែង​ការណ៍​រួម​របស់​អាស៊ាន​។ លោក​បន្ត​ថា ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ទាំង ​១០ ​បាន​ចូលរួម​កិច្ច​ប្រជុំ កាល​ពី​ថ្ងៃ​អង្គារ។

កាល​ពី​កន្លង​ទៅ រដ្ឋាភិបាលកម្ពុជា​បាន​រក្សា​ជំហរ​ដើមរបស់ខ្លួន​លើ​បញ្ហា​វិបត្តិ​នយោបាយនៅ​មីយ៉ាន់​ម៉ា។ ក្រោយ​រដ្ឋប្រហារ​យោធា ​នា​ថ្ងៃទី១ ខែ​កុម្ភៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋា​ភិ​បាល​លោក​នឹង​មិន​បញ្ចេញ​យោបល់​អ្វី​លើបញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ឡើយ។

រដ្ឋប្រហារទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi នាំ​ឲ្យ​មាន​ការ​ខឹង​សម្បារ​និង​បាតុកម្ម​ដ៏​ធំពី​ប្រជាពលរដ្ឋ​នៅ​តាមផ្លូវ​ទូទាំង​ប្រទេស។ ការបង្ក្រាប​ដ៏​បង្ហូរ​ឈាមក៏​បាន​កើត​ឡើង ដែល​បណ្តាល​ឲ្យ​មនុស្ស​សរុប​យ៉ាង​តិច​ ២០ នាក់​បាន​ស្លាប់ ក្នុង​រយៈ​ពេលមួយ​ខែ​មកនេះ។

យោធាមីយ៉ាន់ម៉ា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ក្នុង​រយៈ​ពេល​១ឆ្នាំ ក្រោយ​រដ្ឋប្រហារ​យោធា​។

កងកម្លាំងយោធាមីយ៉ាន់ម៉ាបង្ក្រាបលើការប្រមូលផ្តុំតវ៉ារបស់អ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
កងកម្លាំងយោធាមីយ៉ាន់ម៉ាបង្ក្រាបលើការប្រមូលផ្តុំតវ៉ារបស់អ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ​ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថាគោល​ការណ៍​រ​បស់​អាស៊ាន​ ដែល​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង ​ជា​បញ្ហា​មួយ​ដែល​អាស៊ាន​មិន​អាច​រិះគន់ ​ឬ​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅមក។ ប៉ុន្តែ​លោក​ថា ​អាស៊ាន​ក៏​មាន​គោល​ការណ៍មួយក្នុង​ការលើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស ដែល​លោក​ថា​ អាស៊ាន​ត្រូវ​រក្សា​តម្លៃ​នេះ។

លោក​ប្រាប់​ VOA​ ថា៖ «តម្លៃ​នៃ​សមាគម​អាស៊ាន​អាច​ធ្លាក់​ចុះ ប្រសិនបើអាស៊ាន​មិន​មាន​ការ​លើក​ឡើង ឬ​ការ​អំពាវនាវណាមួយ ​ឬ​ពុំ​មាន​យន្ត​ការ​ចាត់​វិធានការ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​នេះ»។

លោក​បន្ថែម​ថា​ កម្ពុជា​ក៏​មិន​អាច​ថ្កោល​ទោស​ឬ​រិះគន់​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ ដោយ​សារ​កម្ពុជា​ក៏​មាន​បញ្ហា​ផ្ទៃ​ក្នុង​ ដែល​ក្នុង​នោះ​មានការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ការ​រឹតត្បិត​សិទ្ធិសេរីភាព និង​ការ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ​របស់​ខ្លួន​។

លោក​បញ្ជាក់​ថា៖ «ទៅ​ថ្កោល​ទោស​ភូមា​ម៉េច ខុស​គ្នា​តែ​បន្តិច​បន្តួច​តើបាទ»។

លោក​បន្ថែម​ថា៖ «កម្ពុជា​ពិបាក​បញ្ចេញ​មតិ​យោបល់​ណាស់ ពី​ព្រោះ​ដោយសារ​ស្ថានភាព​ប្រទេស​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​សហគមន៍​អន្តរ​ជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ហ្នឹង យក​ចិត្ត​ទុក​ដាក់ទៅ​លើ​ការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ»។

លោក​បណ្ឌិត Paul Chambers ​ដែល​ជា​អ្នក​វិភាគ​នយោ​បាយ​និង​ជា​សាស្ត្រាចារ្យ​ នៅ​សាកល​វិទ្យា​ល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ មាន​ប្រសាសន៍​ថា ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ​«ទំនង​ជា​ការ​ប្រុង​ប្រយ័ត្ន​មួយ​ក្នុង​ការ​ពិភាក្សា»​ លើ​ករណី​រដ្ឋប្រហារ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា។

លោក​ប្រាប់ ​VOA​ តាម​សារ​អ៊ីមែល​ថា៖ «នេះ​ពិត​ជា​ជំហរ​របស់​កម្ពុជា​ដែរ។ សេចក្តី​ថ្លែង​ការណ៍​នោះ​គឺ​ប្រើ​ពាក្យ​បែប​ការទូត​សមរម្យ​ ជាជាង​ការទាមទារ​ចង់​បាន​អ្វីមួយពិត​ប្រាកដដោយ​អាស៊ាន»។

លោក​បណ្ឌិត​អៀ សុផល សាស្ត្រាចារ្យជំនាញ​ការ​ទូត​នៅ​មហា​វិទ្យាល័យ ​Occidental​ សហរដ្ឋ​អាមេរិក ប្រាប់​ VOA តាម​សារ​អ៊ីមែល​ថា៖ «ប្រទេស​កម្ពុជា​ចង់​បញ្ចៀស​ការ​និយាយ​អ្វី​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា ដោយ​សារ​វា​នឹង​ដូចជារិះគន់​ខ្លួន​ឯង​ដែរ»។

លោក​បន្ថែម​ថា ​ការ​ងើប​ឡើងរបស់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ប្រឆាំង​នឹងយោធា​ជា​ «ព័ត៌មាន​អាក្រក់​សម្រាប់កម្ពុជា»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG