លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រតិកម្មនឹងមតិរិះគន់ចំពោះការនាំកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែតដែលជានាយទាហានជាន់ខ្ពស់មួយរូបផងនោះ ទៅចូលបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែកាលពីពេលថ្មីៗនេះ។
លោកបានថ្លែងថា៖ «ហើយថ្ងៃមុនគ្រាន់តែខ្ញុំនាំម៉ាណែតចូលទៅថ្វាយបង្គំគាល់សួរសុខទុក្ខព្រះករុណា និងហ្លួងម៉ែ គេយកទៅវិភាគបានទៀតហ្អា ...គេយកទៅវិភាគបានទៀត។ គេថា ហ៊ុន ម៉ាណែត ទៅវាំងហ្នឹងដូចជា វាអត់សម... វាអត់សម។ជាមេបញ្ជាការជើងគោកគ្មានភារកិច្ចអីត្រូវរាយការណ៍ថ្វាយព្រះមហាក្សត្រទេ។ហើយបើសិនជានាំទៅឱ្យស្គាល់ជាបេក្ខជននាយករដ្ឋមន្រ្តីកាន់តែខុសទៅទៀត ដោយសារតែវៀតណាម និង Min Aung Hlaing នៅមីយ៉ាន់ម៉ាស្គាល់មុនបាត់»។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើង អំឡុងពេលពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ។
លោក ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ការនាំកូនប្រុសរបស់លោកចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែគឺគ្រាន់តែជាការថ្វាយបង្គំទូលថាលោក ហ៊ុន ម៉ាណែត ដែលជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី គឺជាអ្នកស្នងតំណែងបន្តពីរូបលោក នៅពេលលោកដកខ្លួនចេញពីតំណែងជានាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២២ ខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលមានតំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលបង្គំគាល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចមហាក្សត្រិយានីនរោត្តម មុនីនាថសីហនុ ដើម្បីទូលថ្វាយពីការងារមួយចំនួនរបស់រដ្ឋាភិបាល និងបញ្ហាទាក់ទងនឹងកិច្ចការប្រទេសជាតិ។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃចន្ទថា ការចូលគាល់ព្រះមហាក្សត្ររបស់លោកហ៊ុន ម៉ាណែតគឺជាកាយវិការមួយស្របតាមពិធីការ ក្នុងនាមលោកជាមន្រ្តីជាន់ខ្ពស់យោធាសំខាន់មួយរូប ហើយថាមេដឹកនាំប្រទេសផ្សេងទៀតសប្បាយចិត្តដោយបានឃើញ និងស្គាល់មុខមាត់អនាគតមេដឹកនាំខ្មែរមួយរូប ដែលនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជាជាមួយនឹងភាគីខាងក្រៅ។
យ៉ាងណាក្តី លោក ឡៅ ម៉ុងហៃ បានលើកឡើងថាការរិះគន់គឺ អាចកើតមាន ដោយសារការមើលឃើញនូវរបៀបដែលនាយករដ្ឋមន្រ្តីតែងតាំងកូនរបស់ខ្លួនជាបេក្ខជននាយករដ្ឋមន្រ្តី ដែលលោកចាត់ទុកថា ស្ថិតក្រោមរូបភាព «គ្រួសារនិយម»និងអាចបង្កផលវិបាកអាក្រក់ៗជាយថាហេតុដល់របបនយោបាយរបស់ប្រទេស និងដល់សង្គមជាតិទៅពេលអនាគត។
លោក សេង សារី អ្នកវិភាគនយោបាយមួយរូបទៀត ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃចន្ទថាការរៀបចំផ្ទេរអំណាច និងសមាសភាពអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គឺមានជា យូរមកហើយ ហើយមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ មុននឹងមានការប្រកាសជាផ្លូវការនៅឆ្នាំ២០២១។
«អ៊ីចឹងហើយនៅក្នុងសមាជ គណៈកម្មាការកណ្តាលគណបក្សប្រជាជនកម្ពុជាហ្នឹងគឺមានការរៀបចំបេក្ខភាពនាយករដ្ឋមន្រ្តីជាផ្លូវការរួចហើយ តាំងពីរឿងរចនាសម្ព័ន្ធអ្នកបន្តវេនហ្នឹង។អ៊ីចឹងហើយ ការបន្តដំណើរការនៅក្នុងការផ្ទេរអំណាចបន្តហ្នឹងមិនមែនជារឿងថ្មីទេ»។
កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំមុន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី។
ការបោះឆ្នោតជ្រើសតាំងលោកហ៊ុន ម៉ាណែតជាបេក្ខជននាយករដ្ឋមន្រ្តីនោះ ធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសគាំទ្រលោកហ៊ុន ម៉ាណែតឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវមានការប្រកួតប្រជែងតាមការបោះឆ្នោត។
គួរបញ្ជាក់ផងដែរ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក West Point និងកាន់តំណែងសំខាន់ៗនៅក្នុងជួរកងទ័ពកម្ពុជា។ក្រៅពីមានតួនាទីជាមន្ត្រីយោធាជាន់ខ្ពស់លោកហ៊ុន ម៉ាណែតក៏ត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ផងដែរ៕