ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សង្កេតការណ៍៖ សិស្ស​បាក់ឌុប​ជាប់​ច្រើន​ខណៈ​ពេល​វិញ្ញាសារ​ខ្លះ​មាន​បញ្ហា


រូបឯកសារ៖ សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)

បេក្ខជន​ប្រឡង​ជាប់​ក្នុង​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៥​ឆ្នាំ​នេះ​ មាន​ចំនួន​​៤៦.៥៦០នាក់​ ត្រូវ​ជា​៥៥,៨៨ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​ ៨៣.៣២៥នាក់។​

បេក្ខជន​ប្រឡង​ជាប់​ក្នុង​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៥​ឆ្នាំ​នេះ​ មាន​ចំនួន៤៦.៥៦០នាក់​ ត្រូវ​ជា​៥៥,៨៨ភាគរយ​នៃ​បេក្ខជនវត្តមានចំនួន​ ៨៣.៣២៥ នាក់។​ នេះ​បើយោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ដោ​យ​ក្រសួង​អប់រំ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់​រំ​ឲ្យ​ដឹង​ថា​ បេក្ខជន​ដែល​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្រ្ត​មាន​ចំនួន​ ជិត​៤ម៉ឺន​នាក់ ត្រូវ​ជា​៥៣,៨៧​ភាគរយ​ នៃ បេក្ខជនចំនួន​ ៧៣.៦៧០នាក់​ ហើយ​នៅថ្នាក់​វិទ្យាសាស្រ្ត​សង្គម​មាន​ចំនួនជិត​៤ម៉ឺននាក់​ដែរ។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​ប្រឡង​បាក់​ឌុប​បាន​ទទួល​ស្គាល់​ថា​ ការ​ប្រឡង​នៅ​ឆ្នាំ២០១៥​នេះ​ ​គឺ​មាន​ភាព​ប្រសើរ​ និង​តម្លា​ភាព​ដូចគ្នា​នឹង​ឆ្នាំ​២០១៤ ​តែ​ពួកគេ​ថា​ ក្រសួង​នៅ​មាន​ការ​ខ្វះ​ចន្លោះ​នៅ​ក្នុង​ការ​រៀប​ចំ​វិញ្ញាសារ​លើ​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​ដូច​ជាមុខ​វិជ្ជា​គីមី​វិទ្យា​ និង​រូប​វិទ្យា។​

លោក​សន​ ជ័យ​ តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ ការ​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​នេះ​គឺ​មានភាពប្រសើរ​ជាង​ឆ្នាំ​ណា​ទាំង​អស់​ ដោយ​សារ​បាតុភាព​នៃ​ការ​នាំឯកសារ​ចម្លង​ចូល​ក្នុង​បន្ទប់​ប្រឡង និង​ការ​ប្រមូល​លុយ​ឲ្យ​គ្រូ​ដើម្បីលួច​មើល​ឯកសារ​ចម្លង​ក្នុង​ពេល​ប្រឡង​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង។​ ទោះ​បី​ជាយ៉ាង​ណាក៏ដោយ​ ការ​ប្រឡង​ឆ្នាំ​នេះ​ មាន​លេចចេញ​នូវ​វិញ្ញាសារ​ដែល​ចោទ​សួរ​សំណួរ​ខុស​នៅ​ក្នុង​មុខវិជ្ជារូបវិទ្យា​ និង​គីមីវិទ្យា។​ លោក​ថ្លែង​ ថា​នេះ​ជា​ចំណុច​ដ៏​ចម្បង​មួយ​ដែល​ក្រសួង​អប់រំ​ត្រូវ​តែ​ជៀស​វាង​ សម្រាប់​ការ​ប្រឡង​នៅ​ឆ្នាំ​ក្រោយ។​ ​

«កំណែទម្រង់​តទៀត​ទីមួយ​ ការរឹត​បន្តឹង​ស្ថាន​ភាព​ការ​ប្រឡង​ហ្នឹង​នៅ​ដដែល​ ហើយ​ដំណើរ​ការ​នៃ​ការ​កែ​ហ្នឹង​ដដែល​ ប៉ុន្តែ​ក្រសួង​ឆ្នាំក្រោយ​ត្រូវ​តែ​ពិនិត្យ​មើល​វិញ្ញាសារ​ដែល​ជៀស​វាង​ ការ​ខុស​ដូច​ឆ្នាំ​នេះ។​ ឆ្នាំនេះ​ ពីរ​មុខ​វិជ្ជា​មាន​ សំណួរ​ខ្លះ​ខុស​ អញ្ចឹង​វានឹង​អាច​មាន​ការ​វិភាគ​ផ្សេងៗ​គ្នា​ ទៅលើការ​ឲ្យ​ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ​ ទៅលើ​មុខ​វិជ្ជា​ឬ​ក៏​វិញ្ញាសារ​ដែល​ខុស​ហ្នឹង​ដែរ»​។

លោក​បន្ត​ថា​ កំហុស​បច្ចេក​ទេស​នេះ​ ធ្វើ​ឲ្យ​ភាគ​រយ​នៃចំនួន​អ្នក​ជាប់​ក្នុង​ការ​ប្រឡង​កើន​ឡើង​ ដោយ​លោក​មាន​ប្រសាសន៍​ថា​៖ «អាហ្នឹង​ៗ​ វាអាច​រុញ​ច្រាន​ ឲ្យមាន​ភាគរយ​នៃ​ការ​ជាប់​ច្រើន​ ព្រោះ​អី​១៦​ពិន្ទុ​ណ៎ា​ ហើយ​ចំនួន​នេះ​វា​អាច​សម្រាប់​អ្នក​ជាប់​ ឬ​ក៏​សម្រាប់​អាច​អ្នក​ធ្លាក់។​ អញ្ចឹង​ វាអាច​មកពី​ចំណុច​នេះ​ ជា​ចំណុច​បចេ្ចកទេស​មួយ​ដែល​ត្រូវ​កែ​លំអ​សម្រាប់​អនាគត​ដែរ»។

លោក​បញ្ជាក់​បន្ថែម​ថា​ ក្រៅ​ពី​ការ​រឹតបន្តឹង​ការ​ប្រឡង​បាក់​ឌុប​ ក្រសួង​អប់រំ​ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​លុបបំបាត់​ការលក់​ឯកសារ​មេរៀន​នៅ​ក្នុង​ថ្នាក់​ និង​ធ្វើ​ឲ្យ​សិស្ស​មានស្ថាន​ភាព​គ្រួសារ​ខុស​ៗ​គ្នា​មាន​លទ្ធភាព​ទទួល​បាន​ការរៀនសូត្រ​លើ​មុខ​វិជ្ជា​សំខាន់​ៗ​នៅ​ក្នុង​ថ្នាក់ឲ្យ​បាន​ស្មើគ្នា ជាជាង​ការ​រៀន​គួរ​ក្រៅ​ម៉ោង។​ មុខវិជ្ជា​សំខាន់ៗ​ទាំងនោះ​ រួម​មាន​អក្សសាស្រ្ត​ខ្មែរ​ គណិតវិទ្យា រូបវិទ្យា ជីវៈវិទ្យា និង​គីមីវិទ្យាជាដើម។​

វីអូអេ​ពុំអាច​ទំនាក់​ទំនង​លោក​ហង់​ ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​បាន​ទេ។​ វីអូអេ​ក៏ពុំអាច​សុំការ​អធិប្បាយ​ពីលោក​រស់ សាលីន​ អ្នក​នាំពាក្យ​ក្រសួង​អប់​រំ​បាន​ដែរ​ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ដដែល​នេះ​ បាន​ឲ្យ​ដឹងដែរ​ថា​ បេក្ខជន​ទទួល​បាន​និទ្ទេស​ A មាន​ចំនួន​១០៨នាក់​ និទ្ទេស​ B មាន​ចំនួន​១.០៨៥នាក់​ និទ្ទេស​ C​ មាន​ចំនួន​៣.២៩២​នាក់​ និទ្ទេស​ D ​មាន​ចំនួន​ ៦.០៩៣នាក់​ និង​និទ្ទេស​ E​ មាន​ចំនួន​៣៥. ៩៨២នាក់​។​ ​បេក្ខជន​ទទូលបាន​និទ្ទេស​ A មក​ពី​រាជធានី​ភ្នំពេញ​មាន​ចំនួន​៤៨នាក់​ សៀមរាប​ ១៤នាក់​ បាត់ដំបង​៧នាក់​ ត្បូង​ឃ្មុំ​ និង​តាកែវ​ ៦នាក់​ ក្នុង​មួយ​ខេត្ត​ កណ្តាល​ និង​កំពង់​ចាម​៥នាក់​ ក្នុង​មួយខេត្ត​ កំពត​៤នាក់​ ព្រះ​វិហារ​ កំពង់​ធំ​ បន្ទាយ​មាន​ជ័យ​ ក្រចេះ​ និង​ព្រះ​សីហនុ​ ២នាក់​ ក្នុង​មួយ​ខេត្ត ហើយ​កំពង់​ស្ពឺ​ ស្វាយ​រៀង​ និង​ប៉ៃលិន​ ១នាក់​ ក្នុង​មួយ​ខេត្ត​។​

លោក​ស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​ស្តី​ទី​នៃ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​មាន​ប្រសាសន៍​ស្រដៀង​គ្នា​ទៅ​នឹង​លោក​សន ជ័យចំពោះ​ស្ថាន​ភាព​នៃ​ការ​ប្រឡង​ និង​កំហុស​បច្ចេក​ទេស​នៃ​ការ​ចោទសួរ​ក្នុង​វិញ្ញាសារ​រូបវិទ្យា​ និង​គីមី​វិទ្យា​ តែអ្នក​ស្រី​ស្នើ​ឲ្យ​ក្រសួង​អប់​រំ​កែសម្រួល​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​នៅ​ក្នុង​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​ក្រោយ​ ទាក់​ទង​នឹង​សកម្ម​ភាព​នៃ​អ្នក​ឃ្លាំ​មើល​ការ​ប្រឡង។

«អ្នក​ឃ្លាំមើល​ប្រើ​ទូរស័ព្ទ​ ប្រើ​ឥទ្ធិពល​របស់​គាត់​ហាក់​បី​ដូចជា​គ្រូ​បង្រៀន​ ដែល​នៅ​ក្នុង​បន្ទប់​ ជា​សិស្ស​ហ្នឹង​ហាក់​ដូច​ជា​ ជា​ចំណាប់​ខ្មាំង​របស់​គាត់‍»។ នេះ​ជា​សំណូមពរ​គួរ​តែ​កុំប្រើ​ទាំង​អស់​ក្នុង​ពេល​ប្រឡង​ ព្រោះ​អ្វី​ការ​ដាក់​ឃ្លាំ​ វាពេញ​ទឹក​ ពេញ​ដី​ហើយ​ ហើយ​ក៏​គ្មាន​អ្វី​កើត​ឡើង​ដែល​គួរ​ឲ្យ​ ដល់​ប្រើ​ទូរស័ព្ទ​បានមើល​បាន​ទាន់ ព្រោះ​អ្វី​នៅ​ក្នុង​មណ្ឌល​ប្រឡង​វាមាន​ ខ្សែ​បណ្តាញ​គេ​ ហើយ​មនុស្ស​ហាក់​បី​ដូច​ជា​ស្រមោច​ហើយ​ ហើយ​ពួក​គាត់​មាន​សិទ្ធិ​ប្រើ​ទូរស័ព្ទ​ឆ្វេចឆ្វាច​ ហាក់​បី​ដូច​ជាការ​គំរាម​កំហែង​ ការ​គាប​សង្កត់​ដល់​សតិ​អារម្មណ៍​ទាំង​សិស្ស​ទាំង​គ្រូ»។

លោក​ស្រី ​ក៏សំណូមពរ​ឲ្យក្រសួង​មាន​តម្លាភាព​នៅ​ក្នុង​ការ​ជ្រើសរើសគណៈមេប្រយោគ​ ដើម្បី​ជៀស​វាង​នៅ​អាក់​អន់​ចិត្ត​របស់​លោក​គ្រូ​ និង​អ្នក​គ្រូ​ដែល​បាន​ខិតខំបង្រៀន​ក្នុង​សាលា។​ ​

កាល​ពី​ឆ្នាំ​កន្លង​ទៅ​ក្រសួង​អប់​រំ យុវជន​ និង​កីឡា​ បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ​ជា​ពិសេស​ទៅ​លើ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ដោយ​សហការ​ជាមួយ​នឹង​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ ​ដើម្បី​លុប​បំបាត់​ការ​ស៊ី​សំណូក​សូក​ប៉ាន់​ក្នុង​បន្ទប់​ប្រឡង​រវាង​ អនុរក្ស ​និង​បេក្ខជន​ ក៏​ដូច​ជា​ការ​លួច​ប្រើ​គ្រឿង​អេឡិក​ត្រូនិក​ និង​ការ​យក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង​ជា​ដើម។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​អត្រា​ជាប់​របស់​បេក្ខជន​មាន​ត្រឹម​តែ​៤០,៦៧​ភាគរយ​ រួមទាំង​ការ​ប្រឡង​ចំនួន​ពីរ​លើក​នោះ៕

XS
SM
MD
LG