ក្រសួងអប់រំនឹងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ទូទាំងប្រទេស នាចុងសប្តាហ៏នេះបន្ទាប់ពីបញ្ចប់ការកែវិញ្ញាសា សរុបពិន្ទុបេក្ខជនដែលចូលរួមប្រឡងជាង៨០,០០០នាក់។ អ្នកឃ្លាំមើលការប្រឡងបានអះអាងថា យ៉ាងហោចណាស់ បេក្ខជនជាង៧០ភាគរយនឹងអាចជាប់ក្នុងការប្រឡងនេះ ដោយសារតែចេតនារបស់ក្រសួងអប់រំ។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីព្រឹកថ្ងៃសុក្រនេះបានឲ្យដឹងថាក្រសួងអប់រំគ្រោងនឹងផ្សព្វផ្សាយលទ្ធផលប្រឡងជាផ្លូវការនារសៀលថ្ងៃសៅរ៍សម្រាប់មណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ហើយនៅព្រឹកថ្ងៃអាទិត្យគឺសម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្តនានា។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងផងដែរថា លទ្ធលប្រឡងនេះគឺចេញ៣ថ្ងៃមុនពេលកំណត់ ដោយសារតែការកែវិញ្ញាសា និងបូកពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ «បានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អ ដោយគ្មានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសប្រានប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែសីហាកន្លងទៅក្នុងមណ្ឌលប្រឡងចំនួន១៥០មណ្ឌល ហើយមានបេក្ខជនដែលមានឈ្មោះប្រឡងចំនួនជាង៨០,០០០នាក់។ អ្នកឃ្លាំមើលការប្រឡងដែលមានរយៈពេលពីរថ្ងៃនេះត្រូវបានទទួលស្គាល់អំពីការរឹតបណ្តឹងទាំងសន្តិសុខ និងអំពីការលួចចម្លងគ្នា។
កាលពីឆ្នាំកន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសទៅលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់ការស៊ីសំណូកសូកប៉ាន់ក្នុងបន្ទប់ប្រឡងរវាង អនុរក្ស និងបេក្ខជន ក៏ដូចជាការលួចប្រើគ្រឿងអេឡិចត្រូនិក និងការយកសំណៅឯកសារចូលបន្ទប់ប្រឡងជាដើម។ ការណ៍នេះបានធ្វើឱ្យអត្រាជាប់របស់បេក្ខជនមានត្រឹមតែ៤០,៦៧ភាគរយ រួមទាំងការប្រឡងចំនួនពីរលើកនោះ។
ទោះជាមានការរឹតត្បិតក្នុងប្រឡងក៏ដោយ តែអ្នកឃ្លាំមើលការប្រឡងនឹងការធ្វើកំណែវិញ្ញាសាប្រឡងបានបញ្ជាក់ថា លទ្ធផលប្រឡងឆ្នាំនេះនឹងអាចឲ្យបេក្ខជនជាប់ពី៦០ទៅ៧០ភាគរយ ដោយក្រសួងអប់រំមានចេតនាបន្ធូរបន្ថយ វិញ្ញាសា និងបន្ថយពិន្ទុអប្បបរមាក្នុងការជាប់នោះ។
លោក កៅ ពឿន ជានាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍជាតិ ហៅកាត់ថាKIND ដែលបានចូលរួមអង្កេតការណ៍ការប្រឡងពេលកន្លងទៅបានប្រាប់ VOA ថាក្រសួងមានចេតនាក្នុងការបន្ធូរបន្ថយ ដើម្បីឲ្យបេក្ខជនជាប់ក្នុងការប្រឡងឆ្នាំនេះឲ្យបានច្រើនជាជាងគិតពីគុណភាពរបស់សិស្ស។
លោកបានបញ្ជាក់ពីក្តីបារម្ភអំពីគុណភាពនៃធនធានមនុស្សរបស់កម្ពុជាក្នុងប្រកូតប្រជែងទីផ្សារការងារជាមួយប្រទេសអាស៊ានផ្សេងៗ ដែលនឹងធ្វើសមាហរណកម្មនាចុងឆ្នាំ២០១៥នេះ។
«យើងមានការព្រួយបារម្ភដែរបញ្ហាការប្រឡងហ្នឹង គឺក្រសួងមានការបន្ថយពិន្ទុក្នុងការប្រឡង ដើម្បីឲ្យជាប់នឹងវាបានច្រើន។ ហើយខ្ញុំគិតថា វាជាសេចក្តីត្រូវការនៃសាលាឯកជនផ្សេងៗ ដែលវាមិនស្របទៅនឹងសេចក្តីត្រូវការនៃកម្លាំង ឬក៏ឧស្សាហកម្មពិតប្រាកដនៅក្នុងប្រទេសកម្ពុជា»។
លោក កៅ ពឿន បានបន្តទៀតថា៖ «បើយើងមានស្តង់ដា(បទដ្ឋាន)ទាបពេក គឺយើងឃើញថាជាប់មែន តែវាមិនស្របតាមក្របខ័ណ្ឌរបស់អាស៊ាន។ អញ្ចឹងធម្មតាម្នាក់ៗពេលដែលជាប់យល់ថា ខ្លួនឯងមានសមត្ថភាពហើយ។ ក៏ប៉ុន្តែជាការពិតគឺអត់មានសមត្ថភាពស្របទៅតាមស្តង់ដារបស់អាស៊ាន ដែលយើងអាចដំណើរការ អាចទៅធ្វើការនៅឯណាក៏បាន»។
លោកស្រី អ៊ុក ឆាយ៉ាវី ជាប្រធានស្តីទីនៃសមាគមគ្រូបង្រៀនឯករាជ្យ ដែលមានសមាជិកចំនួនជាង១០,០០០នាក់ទូទាំងប្រទេសបានបញ្ជាក់ថា តាមការឲ្យដឹងពីអ្នកគ្រូលោកគ្រូដែលកែវិញ្ញាសាកន្លងទៅបានឲ្យដឹងថា ក្រសួងអប់រំមានចេតនាធ្វើឲ្យខុសវិញ្ញាសាមួយក្នុងមុខវិជ្ជាគីមីវិទ្យា និងការចេញវិញ្ញាសាមិនមានក្នុងមេរៀនដូចជាឲ្យបេក្ខជនបរិយាយអំពីវប្បធម៌សន្ទនារវាងគណបក្សនយោបាយធំៗជាដើម។
«តាមពិតទៅអ្វីដែលខ្ញុំទំនាក់ទំនងជាមួយគ្រូៗ ដែលកែវិញ្ញាសាហ្នឹងឃើញថា មានជាប់បានច្រើនជាងឆ្នាំទៅ។ ក៏ប៉ុន្តែការច្រើនហ្នឹងគឺមិនមែនដោយចំណេះដឹងពិតប្រាកដរបស់សិស្សទាំងអស់នោះទេ គឺដោយសារតែការឆកល្វែងរបស់ក្រសួងអប់រំក្នុងការចេញវិញ្ញាសាហ្នឹងឲ្យវាខុស។ អញ្ចឹងហើយទាល់តែ ទៅកែទៅគឺសិស្សបានពិន្ទុពេញ១០០ភាគរយ»។
លោកស្រី អ៊ុក ឆាយ៉ាវី បានបញ្ជាក់ថា៖ «តាមពិតទៅនៅក្នុងការប្រឡងហ្នឹង ឃើញខុសមួយនេះ ហើយនឹងវប្បធម៌ទូទៅដែលខ្ញុំនិយាយថា វប្បធម៌សន្ទនាគឺនៅក្រៅមេរៀន។ អញ្ចឹងតាមច្បាប់គេអត់យកមកដាក់ក្នុងវិញ្ញាសាប្រឡងទេ ដែលគេនិយាយថាកែទម្រង់ហ្នឹង»។
VOA មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីក្រសួងអប់រំហើយនឹងលោករដ្ឋមន្ត្រី ហង្ស ជួនណារ៉ុន បានទេ ទាក់ទិននឹងលទ្ធផលនៃការប្រឡងទូទាំងប្រទេសដែលនឹងប្រកាសឲ្យដឹងនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ៕