ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ «ប្រទេស​កម្ពុជា​របស់ ហ៊ុនសែន» ដោយ Sebastian Strangio


លោក Sebastian Strangio ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឯករាជ្យ និង​ជា​អតីត​អ្នករាយការណ៍ និង​កែ​សម្រួល​ឲ្យ​កាសែត​ជា​ភាសា​អង់គ្លេស​ឈ្មោះ The Phnom Penh Post ហើយ​លោក បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​កម្ពុជា​របស់​ហ៊ុន សែន»។
លោក Sebastian Strangio ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឯករាជ្យ និង​ជា​អតីត​អ្នករាយការណ៍ និង​កែ​សម្រួល​ឲ្យ​កាសែត​ជា​ភាសា​អង់គ្លេស​ឈ្មោះ The Phnom Penh Post ហើយ​លោក បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​កម្ពុជា​របស់​ហ៊ុន សែន»។

កំណត់និពន្ធ៖ ថ្មីៗ​នេះ​លោក Sebastian Strangio អ្នក​រាយការណ៍​ព័ត៌មាន​ឯករាជ្យ និង​ជា​អតីត​អ្នករាយការណ៍ និង​កែ​សម្រួល​ឲ្យ​កាសែត​ជា​ភាសា​អង់គ្លេស​ឈ្មោះ The Phnom Penh Post បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​កម្ពុជា​របស់​ហ៊ុន សែន»។ សៀវភៅនេះ ឆ្លុះ​បញ្ចាំង​ពី​សង្គម​ទំនើប​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​សង្គ្រាម​ស៊ីវិល​ជាច្រើន​ទសវត្សរ៍។ នៅក្នុង​សៀវភៅ​នេះ លោក Sebastian Strangio បាន​លើកឡើង​អំពី​ទិដ្ឋភាព​ជាច្រើន​របស់​សង្គម​កម្ពុជា​ក្នុង​នោះ​រួមមាន កេរ្តិ៍តំណែល​នៃ​របប​ខ្មែរក្រហម តួនាទី​បរាជ័យ​របស់​អាជ្ញាធរ​អន្តរកាល​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ហៅ​កាត់​ថា UNTAC របប​គ្រប់គ្រង​អំណាច​ផ្តាច់ការ​បែប​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ថ្មីៗ​នេះ​របស់​ប្រទេស​កម្ពុជា គម្លាត​ប្រាក់​ចំណូល អំពើ​ពុក​រលួយ ជំនួយ​អន្តរជាតិ និង​បញ្ហា​សិទ្ធិ​មនុស្ស។ ក្រោយ​ពី​បាន​ចំណាយ​ពេល​ជិត​៧ឆ្នាំ​បំពេញ​ការងារ និង​សរសេរ​អត្ថបទ​អំពី​ប្រទេស​កម្ពុជា លោក Sebastian Strangio សម្រេច​ចិត្ត​សរសេរ​សៀវភៅ​អំពី​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​កំពុង​តែ​ជួប​ប្រទះ​ការ​ផ្លាស់ប្តូរ​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ជា​ប្រទេស​ដែល​កំពុង​តែ​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច។ លោក​បានរាយការណ៍​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ជុំវិញ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ របាយ​ការណ៍​របស់​លោក​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​បោះពុម្ព​ផ្សព្វផ្សាយ​ចំនួន២០​ជុំវិញ​ពិភព​លោក។ សៀវភៅ​ដែល​មាន​ចំនួន៣៤៤​ទំព័រនេះ គ្រោង​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤​នេះ ​ក្រោម​ការ​បោះពុម្ព​ផ្សាយ​របស់​សាកល​វិទ្យាល័យ Yale និង​ក្រុមហ៊ុន​សៀវភៅ​ឈ្មោះ Silkworm Books របស់​ប្រទេស​ថៃ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

សំណួរ៖ តើ​លោក​អាច​បកស្រាយ​ថាតើ​ហេតុអ្វី​បាន​ជា​លោក​សរសេរ​សៀវភៅ​នេះ?

ចម្លើយ៖ អ្វី​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​នៅពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដំបូង​នៅ​ឆ្នាំ២០០៨ គឺ​ថា វា​នៅ​មាន​ចន្លោះ​ប្រហោង។ មាន​សៀវភៅ​ជាច្រើន​បាន​សរសេរ​អំពី​អំឡុង​ពេល​របប​ខ្មែរក្រហម និង​អំឡុង និង​ចុង​ទសវត្ស៩០។ គ្មាន​សៀវភៅ​ណា​មួយ​ដែល​វិភាគ​លើ​របប​គ្រប់គ្រង​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្ស​នេះ​ឡើយ។ ហើយ​ម្យ៉ាង​វិញ​ទៀត មាន​ព័ត៌មាន​ជាច្រើន​ដែល​សារ​ព័ត៌មាន​បាន​ផ្តល់​របាយការណ៍​របស់​អ្នក​ជំនាញ​ជាច្រើន ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក៏​បាន​បង្កើត​ឯកសារ​ជាច្រើន​អំពី​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ​ដែរ។ ប៉ុន្តែ វា​មិន​ទាន់​មាន​ឯកសារ ឬ​សៀវភៅ​ណា​មួយ​ដែល​រួម​បញ្ចូល​ព័ត៌មាន​សំខាន់​ទាំងអស់​នេះ​ទៅ​ជា​អត្ថបទ​ស៊ី​សង្វាក់​មួយ​ដែល​សិក្សា​ទាំង​ការផ្លាស់ប្តូរស្ថានភាព​ក្នុង​ស្រុក និង​បរិបទ​អន្តរជាតិ​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នៅ​ឡើយ។

សំណួរ៖ តើ​បញ្ហា​អ្វី​ខ្លះ​ដែល​លោក​បាន​យកមក​ពិភាក្សា​នៅក្នុង​សៀវភៅ​នេះ?

ចម្លើយ៖ សៀវភៅ​របស់​ខ្ញុំ​ផ្តល់​ជា​ការវិភាគ​ប្រវត្តិសាស្ត្រ​បែប​នយោបាយ​របស់​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​កាលពី​ឆ្នាំ១៩៧៩។ ពាក់​កណ្តាល​នៃ​សៀវភៅ​នេះ​គឺ​និយាយ​អំពីបញ្ហា​ខាងលើ​នេះ។ ហើយ​ពាក់កណ្តាល​មួយ​ទៀត​នៃសៀវភៅ​នេះ គឺ​និយាយ​អំពី​វិស័យ​នីមួយៗ​នៃ​សង្គម និង​នយោបាយ​នាពេល​បច្ចុប្បន្ន​នេះ។ ដូច្នេះ ខ្ញុំ​សម្លឹង​មើល​បញ្ហា​ដីធ្លី បញ្ហា​សង្គមស៊ីវិល បញ្ហា​ជំនួញ និង​សេដ្ឋកិច្ច បញ្ហា​ជំនួយ និង​ការ​អភិវឌ្ឍ និង​ទំនាក់ទំនង​អន្តរជាតិ។

សំណួរ៖ ប្រហែល​ដូច​លោក​បាន​ពិភាក្សា​នៅក្នុង​សៀវភៅ​របស់​លោក ប្រទេស​កម្ពុជា​កំពុង​តែ​ឆ្លងកាត់​ការ​ផ្លាស់ប្តូរ​វិស័យ​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​ដែល​គណបក្ស​ប្រឆាំង​ស្ទើរតែ​ទទួល​បាន​ជោគជ័យ​ក្នុង​សម័យ​បោះឆ្នោត​កាលពី​ខែកក្កដា ឆ្នាំ២០១៣ កន្លង​ទៅនេះ។ តាម​ទស្សនៈ​របស់លោក តើ​លោក​យល់​យ៉ាង​ដូចមេ្តច​ដែរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​នេះ?”

ចម្លើយ៖ ខ្ញុំ​យល់ថា​ការ​ផ្លាស់ប្តូរ​ខាង​នយោបាយ​ពេលថ្មីៗ​នេះគឺ​បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​ដ៏​ស៊ី​ជម្រៅ​នៃ​ប្រជា​សាស្ត្រ និង​សង្គម។ ប្រសិន​បើ​យើង​ក្រឡេក​មើល​អ្នក​បោះឆ្នោត​កាល​ពី ឆ្នាំ​មុន យើង​ឃើញ​ថា ១៥ភាគរយ​គឺជា​អ្នក​បោះឆ្នោត​លើក​ដំបូង ហើយ​លើស​ពី​នេះគឺ​ក្រុម​នេះ​មាន​អាយុ​ចន្លោះ​ពី​១៥ឆ្នាំ ទៅ​៣០ឆ្នាំ។ ដូច្នេះ ប្រទេស​កម្ពុជា​គឺ​ពិត​ជា​ប្រទេស​វ័យ​ក្មេង​យ៉ាង​ប្រាកដ​មែន ហើយ​នេះ​មាន​ន័យ​ថា ចាប់​តាំង​ពី​ការ​គ្រប់គ្រង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៩​មក និង​ជា​ពិសេស​ចាប់​តាំង​ពី​បេសកកម្ម​របស់ UNTAC មក ការ​ផ្លាស់ប្តូរ​នយោបាយ​នេះ​ឆ្លុះ​បញ្ចាំង​ថា​ការ​គ្រប់គ្រង​នយោបាយ​កំពុង​តែ​ចាប់ផ្តើម​ចុះ​ខ្សោយ។ ចាប់​តាំង​ពី​ឆ្នាំ១៩៧៩​មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​មក​លើ​ការណ៍​ដែល​ថា​ខ្លួន​បាន​ជួយ​ផ្តួល​រលំ​របប​ខែ្មរ​ក្រហម ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​វ័យ​ក្មេង​ជាច្រើន​ដែល​បាន​កើត​ក្នុង​អំឡុង​ទសវត្ស៩០ ការណ៍​នេះ​មិន​បាន​ជះ​ឥទ្ធិពល​មក​លើ​ពួកគេ ដូច​ឪពុក​ម្តាយ ឬ​ជីដូន​ជីតា​របស់គេ​ឡើយ ដែល​អ្នក​ទាំងអស់​នេះ​ធ្លាប់​មាន​បទពិសោធន៍​ព្រាត់ប្រាស់​គ្នា ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​យក​មក​ធ្វើ​នយោបាយ និង​សង្កត់​ធ្ងន់​បាន។ ទិដ្ឋភាព​មួយ​ផ្សេង​ទៀត​គឺ ខ្ញុំ​យល់​ថា របប​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ប៉ុន្មាន​ទសវត្ស​កន្លង​ទៅ​នេះ​បាន​កែប្រែ​ប្រទេស​កម្ពុជា​ទាំង​ផ្នែក​សង្គម​កិច្ច និង​ទាំង​ផ្នែក​សេដ្ឋកិច្ច។ បញ្ហា​កាប់​ព្រៃឈើ​ខុសច្បាប់ ការ​រឹបអូស​ដីធ្លី និង​គម្រោង​អភិវឌ្ឍ​កសិកម្ម​ទ្រង់ទ្រាយ​ធំ​បាន​រំខាន​ដល់​សេដ្ឋកិច្ច​នៅ​តាម​តំបន់​ជនបទ។ ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់រយ​រាប់ពាន់​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស និង​ស្វះស្វែង​រក​ឱកាស​ធ្វើ​ជា​ជន​អន្តោប្រវេសន៍​ខុស​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ និង​កំពុង​តែ​ភ័យខ្លាច​ជា​បន្តទៀត។ ដូច​ដែល​អ្នក​បាន​ដឹង បើ​ទោះបី​ជា​យើង​បាន​ឃើញ​ទ្រព្យ​សម្បត្តិ​កំពុង​តែ​សាយ​ភាយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ទីក្រុង​ភ្នំពេញ​ក៏​កំពុង​តែ​ផ្លាស់ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គម្លាត​ប្រាក់​ចំណូល​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​ឡើង។ ដូច្នេះ បើ​ទោះបី​ជា​មាន​កំនើន​សេដ្ឋកិច្ច​ក៏​ដោយ ក៏​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់ អនាគត​របស់​គេ​គឺ​នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ។ ខ្ញុំ​យល់​ថា បញ្ហា​មួយ​ទៀត​ដែល​ចាំបាច់​យក​មក​ពិភាក្សា​គឺ​ការ​វិឌ្ឍន៍​នៃ​វិស័យ​ទូរ​គមនាគមន៍ និង​ការ​សាយ​ភាយ​នៃ​ប្រព័ន្ធ​អ៊ីនធឺណែត។ ប្រព័ន្ធ​អ៊ីនធឺណែតបាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ហើយ​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ជា​ការ​តតាំង​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទាក់ទង​អំពី​ទស្សនៈ​នយោបាយ។ ហើយ​ប្រជា​ពលរដ្ឋ​កំពុង​តែ​ចាប់ផ្តើម​មើល​ឃើញ​ពី​ករណី​អំពើ​ពុក​រលួយ និង​ភាព​លំអៀង​ដែល​ជា​ផ្នែក​នៃ​បញ្ហា​សង្គម​ធំៗ ហើយ​ខ្ញុំ​យល់​ថា​ប្រជា​ពល​រដ្ឋ​កំពុង​តែ​ផ្សារ​ភ្ជាប់​បញ្ហា​ទាំងអស់​នេះ។

សំណួរ៖ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​គឺ​ថា​តើ​លោក​បាន​វិភាគ​អំពី​ភាព​ខ្លាំង និង​ខ្សោយ​របស់​គណ​បក្ស​ប្រឆាំង​ដែរ​ឬ​ទេ?

ចម្លើយ៖ បាទ ខ្ញុំ​ពិត​ជា​បាន​ពិភាក្សា​អំពី​ភាព​ខ្លាំង និង​ខ្សោយ​របស់​គណបក្ស​ប្រឆាំង​ដែរ។ ខ្ញុំ​យល់​ថា គណបក្ស​ប្រឆាំង​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​ពន្យល់​ពី​ខ្លឹមសារ​នៃ​ការ​បោះឆ្នាត​ដល់​ក្រុម​កម្មករ​រោងចក្រ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ចាស់ៗ ដូច​ជា​ការ​ផ្តល់​ជា​ប្រាក់​បៀរវត្ស៍​ខ្ពស់ និង​ប្រាក់​សោធន។ ហើយ​គណបក្ស​ប្រឆាំង​បាន​ដឹង​ថា ប្រជា​ពលរដ្ឋ​ដែល​ជា​កម្មករ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ទីក្រុង​ធំៗ​តាម​ខេត្ត​នានា ជា​ពិសេស​គឺ​ក្រុម​យុវជន​ជំនាន់​ក្រោយ​មិន​ទទួល​យក​ឥទ្ធិពល ឬ​ការ​គ្រប់គ្រង​របស់​មន្ត្រី​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ ប្រជា​ពលរដ្ឋ​ក្រុម​នេះ​គឺ​ពិត​ជា​អ្នក​ស្តាប់​ខាង​នយោបាយ​ដែល​ងាយ​នឹង​ទទួល​យក​មតិ​ថ្មី ហើយ​ខ្ញុំ​យល់​ថា ប្រជា​ពលរដ្ឋ​ក្រុម​នេះ​គឺ​ជា​គោលដៅ​របស់​គណបក្ស​ប្រឆាំង ដោយ​ផ្តល់​ជា​ការ​សន្យា​ការ​តម្លើង​ប្រាក់​បៀរវត្ស៍។ ខ្ញុំ​គិត​ថា ចំណុច​ដែល​គណបក្ស​ប្រឆាំង​មាន​ភាព​ទន់ខ្សោយ​គឺ​ការ​លាប​ពណ៌​មក​លើ​បញ្ហា​ជនជាតិ​វៀតណាម។ ខ្ញុំ​យល់​ថា ក្នុង​អំឡុង និង​ក្រោយ​ពេល​បោះឆ្នោត​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សេចក្តី​ថ្លែងការ​ក្នុង​ខ្លឹមសារ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​ទៅ​កាន់​ក្រុម​សារ​ព័ត៌មាន និង​អ្នក​បោះឆ្នោត​កម្ពុជា​ក្នុង​ពេល​ថ្លែង​សន្ទុរកថា​ជា​សាធារណ។ ហើយ​សម្រាប់​ខ្ញុំ បញ្ហា​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍ ប៉ុន្តែ​ជាមួយគ្នា​នោះ វា​ក៏​ប៉ះពាល់​ដល់​ភាព​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​របស់​គេ​ក្នុង​នាម​ជា​គណបក្ស​ប្រកាន់​លទិ្ធ​ប្រជាធិបតេយ្យ​សេរី​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​យល់​ថា នេះ​គឺ​ជា​បញ្ហា​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​តែ​បោះបង់​ចោល ប្រសិន​បើ​គេ​ចង់​រក្សា​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។

សំណួរ៖ តើ​លោក​មាន​គោល​បំណង​អ្វី​ក្នុង​ការ​បោះពុម្ព​សៀវភៅ​នេះ? តើ​លោក​យល់​ថា​សៀវភៅ​របស់​លោក​អាច​ឲ្យ​ដល់​ពិភព​លោក​ស្វែង​យល់​អ្វីខ្លះ​អំពី​ប្រទេស​កម្ពុជា?

ចម្លើយ៖ រឿង​មួយ​អំពី​ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​បាន​ពិភាក្សា​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ​គឺ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ ដែល​នៅ​ពេល​ជន​បរទេស​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ភ្លាមៗ​ពួកគេ​គិត​អំពី​របប​វាល​ពិឃាត ហើយ​ពួកគេ​មាន​ការ​គិត​ទុក​ជា​មុន​មួយ​ចំនួន​ទាក់ទង​នឹង​របប​មួយ​នេះ។ ហើយ​ការ​យល់​ឲ្យ​ច្បាស់​អំពី​ប្រទេស​កម្ពុជា​គឺ​នៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ ហើយ​ចំពោះ​បញ្ហា​នយោបាយ​មនុស្ស​ទូទៅ​ទំនង​ជា​ដើរ​តាម​វិធី​បែក​ចែក​បក្ខ​ពួក ជា​ក្រុម​គាំទ្រ​គណបក្ស​ប្រឆាំង និង​ក្រុម​គាំទ្រ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល។ ប៉ុន្តែ យើង​មិន​សូវ​ឃើញ​មាន​ក្រុម​កណ្តាល​អព្យាក្រិត្យ​ប៉ុន្មាន​ទេ។ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​គឺ សំយោគ​គោល​ជំហរ​នយោបាយ​ទាំង​ពីរ​នេះ ហើយ​ព្យាយាម​បង្ហាញ និង​ផ្តល់​ជា​ទស្សនៈ​ដ៏​ពិត​អំពី​ប្រទេស​កម្ពុជា។ ដូច្នេះ គោល​បំណង​របស់​សៀវភៅ​នេះ គឺ​ជួយ​ឲ្យ​មនុស្ស​ទូទៅ​ទទួលបាន​ព័ត៌មាន​ដ៏​ប្រសើរ ហើយ​បើ​វា​អាច​នឹង​ជួយ​ដល់​គម្រោង និង​អនុសាសន៍​អភិវឌ្ឍ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ នោះ​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ។

សំណួរ៖ តើ​លោក​មាន​សុទិដ្ឋិ​និយម​ថា​តើ​ការ​ផ្លាស់ប្តូរ​ដ៏​ប្រសើរ​អាច​នឹងកំពុង​តែ​កើត​មាន​ឡើង​នៅ​ប្រទេស​កម្ពុជា​ដែរ​ឬទេ?

ចម្លើយ៖ ប្រាកដ​ណាស់ ខ្ញុំ​ពិត​ជា​មាន​សុទិដ្ឋ​និយម​ថា និន្នាការ​ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​នឹង​ចង្អុល​ទិសដៅ​នៃ​ការ​ផ្លាស់ប្តូរ​របស់​ប្រទេស​នេះ។ ចំពោះ​ការ​ផ្លាស់ប្តូរ​មួយ​ដែល​ប្រទេស​លោក​ខាង​លិច​ចាត់​ទុក​ថា​ជា​លទ្ធិ​ប្រជាធិបតេយ្យ ខ្ញុំ​មិន​សូវ​ច្បាស់​ចំពោះ​រឿង​នេះ​ទេ។ ប៉ុន្តែ ខ្ញុំ​ពិត​ជា​យល់​ថា អនាគត​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​ភ្លឺ​ស្វាង។ ខ្ញុំ​គិត​ថា វា​អាច​មាន​ឱកាស​ល្អ​មួយ ដែល​ថា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​កាន់​អំណាច​ក្នុង​រយៈពេល​វែង ឬ​ក៏​រយៈពេល​ខ្លី ហើយ​វា​ចាំ​បាច់​ដែល​គណបក្ស​ដឹកនាំ​នេះ​ត្រូវតែ​ដោះ​ស្រាយ​ក្តី​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ។ ខ្ញុំ​មិន​រំពឹង​ថា​ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ភ្លាមៗ​នោះ​ទេ ហើយ​ខ្ញុំ​ច្បាស់​ជា​ឆោត​ល្ងង់ បើ​សិន​ជា​ខ្ញុំ​រំពឹង​ដូច្នេះ ប៉ុន្តែ​ខ្ញុំពិត​ជា​សង្ឃឹម​ថា​អំណាច​របស់​រដ្ឋាភិបាល​អាច​នឹង​បង្កើត​ប្រព័ន្ធ​មួយ​ដែល​មាន​ភាព​យុត្តិធម៌ និង​ត្រឹមត្រូវ​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ ទោះ​បី​ជា​មាន​នយោបាយ​លាប​ពណ៌​យ៉ាង​ណា​ក្តី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG