ក្រុមយុវជន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យមួយចំនួននៅក្នុងប្រទេសកម្ពុជាគ្រោងនឹងដាក់ញត្តិមួយនៅក្នុងសប្តាហ៍នេះដើម្បីអំពាវនាវឲ្យគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភាអាណត្តិទី៥នេះធ្វើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួន២អាណត្តិ ឬមួយមានរយៈពេល១០ឆ្នាំ។
នៅក្នុងញត្តិ ដែលបានចែកជូនក្រុមអ្នកសារព័ត៌មាន បានបញ្ជាក់ថា ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីវាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាដល់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងមានផែនការច្បាស់លាស់។
ការកំណត់អាណត្តិនេះគឺដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងផ្តល់ឱកាសដល់អ្នកនយោបាយជំនាន់ក្រោយ បុរសឬស្រ្តីដែលមានសមត្ថភាព និងគំនិតផ្តួចផ្តើមថ្មី និងមានលក្ខណៈគ្រប់គ្រាន់ចូលរួមក្នុងការដឹកនាំរដ្ឋាភិបាល។ នេះបើតាមខ្លឹមសារញត្តិរបស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាល។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតឈ្មោះខុមហ្រែល ដែលស្ថិតក្នុងចំណោមអង្គការសង្គមស៊ីវិលមួយចំនួនដែលបានផ្តួចផ្តើមឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី នៅថ្ងៃពុធនេះ បានធ្វើសន្និសីទកាសែតរួមគ្នាជាមួយលោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីក្នុងទសវត្ស៨០និងជាអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
លោក គល់ បញ្ញាមានប្រសាសន៍ថា លោកបានចលនាឲ្យមានការគាំទ្រពីអតីតនាយករដ្ឋមន្ត្រីចំនួនបីនាក់គឺលោកប៉ែន សុវណ្ណ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក អ៊ឹង ហួត អតីតនាយករដ្ឋមន្ត្រីក្នុងអំឡុងឆ្នាំ១៩៩៨។
លោកបានបន្តថា ក្នុងចំណោមអតីតនាយករដ្ឋមន្ត្រីចំនួនបីនាក់ មានម្នាក់បានគាំទ្រឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រី ចំណែកអតីតនាយករដ្ឋមន្ត្រីពីរផ្សេងទៀតបានគាំទ្រតាមរយៈការសំដែងមតិតាមសារព័ត៌មាន ចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានឆ្លើយតបទេ។
លោកនិយាយថា៖ «ឥឡូវមួយជាក់ស្តែងយើងបានមកជួបលោកបាននិយាយជាក់ស្តែងថា លោកគាំទ្រ។ ពីរទៀតលោកបាននិយាយក្នុងសារព័ត៌មាននៅក្នុងកម្មវិធីនយោបាយថា លោកគាំទ្ររឿងហ្នឹងដែរ។ ប៉ុន្តែយើងមិនទាន់បានជួបឲ្យបានទល់មុខឲ្យបានសម្តីជាក់ស្តែងទេ។ អញ្ចឹងយើងគិតថា នៅតែមួយទៀតគឺសម្តេចនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះគាំទ្រទៀត។ ខ្ញុំគិតថា រឿងហ្នឹងប្រហែលជារុញច្រានឲ្យអ្នកតំណាងរាស្ត្រទាំង១២៣នាក់ហ្នឹងពិចារណារឿងហ្នឹងហើយ។រឿងការដាក់ស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ»។
លោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនិងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកគាំទ្រឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រីដើម្បីចៀសវាងការដឹកនាំទៅរករបបផ្តាច់ការ និងបក្ខពួកនិយម។
លោកនិយាយថា៖ «នេះខ្ញុំយល់ព្រម អញ្ចឹងហើយ ពីព្រោះមួយអាណត្តិគឺល្អពីរអាណត្តិក៏ច្រើនពេកដែរ។ ប៉ុន្តែបើនាយករដ្ឋមន្ត្រីច្រើនអាណត្តិ វាបច្ច័យអាក្រក់ច្រើនណាស់ ផ្តាច់ការ បក្ខពួកនិយម បុណ្យស័ក្កិនិយម ហើយធ្វើឲ្យសង្គមជាតិយើងអត់វិវឌ្ឍបានទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់កាប់មុខតំណែងអស់រយៈពេលជិត៣០ឆ្នាំមកហើយ ដែលធ្វើឲ្យលោកជាប់ឈ្មោះជាអ្នកកាប់កាប់មុខតំណែងយូរជាងគេនៅក្នុងបណ្តាប្រទេសអាស៊ានទាំង១០។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មិនបានគាំទ្រឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួន២អាណត្តិទេ។
លោកយល់ថា ការតែងតាំងនាយករដ្ឋមន្ត្រី គណបក្សនយោបាយនីមួយៗជាអ្នកជ្រើសតាំងដើម្បីឲ្យឈរឈ្មោះប្រកួតប្រជែងសម្រាប់ការបោះឆ្នោត៕