ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្ត្រីខ្មែរ​ចំអក​ឱ្យ​អ្នក​មិន​ហ៊ាន​រិះគន់​អាមេរិក​ចំពោះ​ហិង្សា​នៅ​ Ferguson


បាតុករ​ស្រែកលើកដៃ​ កុំបាញ់ ពេលគេ​​ធ្វើបាតុកម្ម​​​​ប្រឆាំង​ការ​បាញ់​​ប្រហារ​​នៅ ​Ferguson, Missouri, ថ្ងៃទី២០ ខែសីហា​​
បាតុករ​ស្រែកលើកដៃ​ កុំបាញ់ ពេលគេ​​ធ្វើបាតុកម្ម​​​​ប្រឆាំង​ការ​បាញ់​​ប្រហារ​​នៅ ​Ferguson, Missouri, ថ្ងៃទី២០ ខែសីហា​​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​រិះគន់​ថាមាន​ស្តង់ដា​ខុសគ្នា​ដែល​ស្ថាប័ន​សិទ្ធិមនុស្ស​និង​សហរដ្ឋ​អាមេរិក​បាន​ដាក់​មក​លើ​ប្រទេស​របស់​លោកក្នុង​ពេល​កន្លងមក​ដោយ​លោក​បាន​លើក​យក​ឧទាហរណ៍​នៃ​ការបង្ក្រាប​ក្រុម​បាតុករតវ៉ា​នៅ​ទីក្រុង​ Ferguson ​ក្នុង​រដ្ឋ​មីស៊ូរី​ថា​មិន​មាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ណា​ហ៊ាន​រិះគន់​នោះទេ។

យ៉ាងហោច​ណាស់​មាន​អ្នក​តវ៉ា​ជាង​១០០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ក្នុងការតវ៉ា​រយៈ​ពេល​១១​ថ្ងៃ​បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​មូលដ្ឋានម្នាក់​បាន​បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ដែល​មិន​មាន​អាវុធ​កាលពី​ថ្ងៃ​ទី​៩​ខែ​សីហា។

លោក​ហ៊ុន សែន​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​មួយ​ក្នុងទីក្រុង​ភ្នំពេញ​ថា៖

«បាតុកម្ម​នៅ​អាមេរិក​គឺជា​រឿង​របស់​អាមេរិក​ហើយ​ប៉ុន្តែ​រឿងនៅ​អាមេរិក​វាដូចជា​ឆ្ងល់​ដែរ អាមេរិក​គ្រាន់​តែ​បាតុករ​គប់​ដប​ទឹកសុទ្ធ​ដាក់​សមត្ថកិច្ច​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ។ អាមេរិក​ដូច​អត់​ថា​អី។ ដល់​មក​ដល់​ស្រុក​យើង​គេ​ដុត​ទាំង​ឡាន​គេគប់​នឹង​ដុំ​ថ្ម​ គេបាញ់​ជំពាម​កៅស៊ូ​គ្រាប់​ដែក​ដល់​យើង​គ្រប់​គ្រង​ស្ថានការណ៍​គេ​ថា​យើង​រំលោភ​សិទ្ធិ​មនុស្ស។ ខ្ញុំ​មិន​ថា​ដៀមដាម​ឱ្យ​អាមេរិក​ទេ​ប៉ុន្តែ​ស្តង់​ដា​ខុសគ្នា»។

យុវជន ម៉ាយឃើល ប្រោន ​អាយុ​១៨​ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់។ នៅមុន​ពេល​រងការ​បាញ់​សម្លាប់​នេះ​ប្រោន​បាន​ចូល​លួច​បារី​មួយ​សុង​ពី​ហាង​តូច​មួយ។ នេះ​បើតាម​ការ​អះអាង​របស់​ប៉ូលិស។ ​ប៉ុន្តែ​គេ​មិន​អាច​បញ្ជាក់​បាន​ថា​ការបាញ់​សម្លាប់​នោះ​ដែល​កើត​មាន​ឡើង​នាពេល​ក្រោយ​មក​មាន​ជាប់​ទាក់​ទឹន​នឹង​ហេតុ​ការណ៍​នោះ​ឬ​យ៉ាង​ណា។​

ការតវ៉ា​បាន​ផ្ទុះ​ឡើង​ជាច្រើន​កន្លែង​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ម៉ាយឃើល​ ប្រោន​ ហើយ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ចាត់​ឱ្យ​មានការ​ស៊ើបអង្កេត​ដិតដល់​និង​ប្រកប​ដោយ​តម្លាភាព​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អេរិក ហូលដឺ ​បាន​ទៅដល់​កន្លែង​កើត​ហេតុ​ហើយ​កាលពីថ្ងៃ​ពុធ​បាន​ជួប​ជាមួយ​នឹង​ប្រធាន​សហគមន៍ ​ពលរដ្ឋ​ក្នុង​ទីក្រុង​ និង​ម្តាយ​ឱពុក​របស់​ប្រោន​ដោយ​សន្យា​ថានឹង«ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌ ​និង​ឯករាជ្យ» ​ចំពោះ​មរណភាព​កូន​របស់​ពួកគេ។

ក្រុម​គណៈវិនិច្ឆ័យ​ដែល​ស៊ើបអង្កេត​ករណី​សម្លាប់​នេះ​បានចាប់ផ្តើមពិនិត្យ​មើល​ភស្តុតាង​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​មក​ហើយ​នឹង​សម្រេច​ថា​ចោទប្រកាន់​ ឬ​មិន​ចោទដាក់​ លោក​ដារឹន​ វីលសុន​ដែល​ជា​អ្នក​បាន​បាញ់​សម្លាប់​ជន​រងគ្រោះ។

លោក​ដារឹន វិលសុន​ត្រូវ​បាន​ឱ្យ​សម្រាក​ពី​ការងារ​ប៉ុន្តែ​ក្រុម​គ្រួសារ​ប្រោន​និង​អ្នក​គាំទ្រ​បាន​អំពាវនាវ​ឱ្យ​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​រូបនោះ។​

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បន្ថែម​ទៀតថា៖​

«ហើយ​ស្រុក​អាមេរិក​មិន​ងាយ​បាតុកម្ម​បែបហ្នឹង​កើត​ឡើ​ងទេ​ប៉ុន្តែ​អានេះ​កង់ត្រាច​កង់​ធ្នង់​ថ្ងៃហ្នឹង​ប៉ះយើង​ថ្ងៃ​ស្អែក​ប៉ះគេ​។ រឿង​វាអញ្ចឹង។ អញ្ចឹង​យើង​ត្រូវ​មាន​ស្តង់​ដា​មួយ​ដល់​គេ​ធ្វើ​ថា​គេ​អញ្ចេះ​អញ្ចុះដើរ​ប្រដៅ​គេ។ ឥឡូវ​ខ្ញុំ​មិន​ទាន់​ឮ​អ្នក​ដែល​វាស្រែក​ឱ្យ​យើង​ជាពិសេស​ប្រែដ អាដាម​ស្រែក​ទៅ​រដ្ឋការ​អូបាម៉ា​យ៉ាង​ម៉េច​ប្រែដ​អាដាម?»។​

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​អះអាង​ថា​វិធានការ​កន្លង​មក​របស់​រដ្ឋាភិបាល​លោកលើ​សកម្មភាព​តវ៉ា​នានា​និង​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មានទំហំ​តូច​ជាង​តំបន់​ដែល​អាជ្ញា​ធ​រ​អាមេរិក​ដាក់​បម្រាម​គោរចរគឺ​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

នៅ​កម្ពុជា​ ការតវ៉ា​របស់​កម្មករ​និង​គណបក្ស​ប្រឆាំង​បាន​កើត​មាន​ឡើងក្នុង​រយៈ​ពេល​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣ ​ហើយ​យ៉ាងហោច​ណាស់​មាន​មនុស្ស​ចំនួន​៧​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ការ​បង្ក្រាប​ហិង្សា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ក្នុងចំណោម​ជន​រងគ្រោះ​មាន​ស្ត្រី​អ្នកលក់​ដូរ​តាម​ផ្លូវ​ម្នាក់​និង​កម្មករ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះវិញ​ហើយ​ជាប់​ក្នុង​ហេតុការណ៍​ហិង្សា​។ ប៉ុន្តែ​គ្មាន​ការដាក់​ទោស​និង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទាំង​នោះ​នៅ​ឡើយ​ទេ។ រីឯឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ ដែល​បាន​បាញ់​កម្មការិនី​៣​នាក់​ឱ្យ​រងរបួស​ស្ទើរ​បាត់​បង់​ជីវិត​នៅ​ខេត្ត​ស្វាយរៀង​នៅ ​មិន​ទាន់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅឡើយ។

អ្នក​វិភាគ​ខ្លះ​ថា​សភាព​ការណ៍​នៅ​ Ferguson​ ក្នុង​រដ្ឋ​មីស៊ូរី ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត​នៅឡើយ​ដែល​ពិបាក​ក្នុងការ​ទាញ​សន្និដ្ឋាន​ណាមួយ​ច្បាស់​លាស់ហើយ​អាជ្ញាធរ​ប៉ូលិស​ក៏​បាន​ព្យួរ​ការងារ​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​ជារៀងរហូត​ក្រោយ​ពីគេ​បាន​យក​កាំភ្លើង​ភ្ចង់​បាតុករ​កាលពី​យប់​ថ្ងៃ​ពុធ​ហើយ​គំរាម​ផ្ទាល់​មាត់​ថា​ចង់​សម្លាប់៕

XS
SM
MD
LG