ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​ខួប​ទី៦២​នៃ​ពិធី​បុណ្យឯករាជ្យ​ជាតិ


សិស្សានុសិស្ស​ខ្មែរ​បង្ហោះ​ប៉េងប៉ោង​នា​ទិវា​អបអរ​សាទរ​ពិធី​បុណ្យ​ឯករាជ្យជាតិ​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ (AP/ហេង ស៊ីនិត)
សិស្សានុសិស្ស​ខ្មែរ​បង្ហោះ​ប៉េងប៉ោង​នា​ទិវា​អបអរ​សាទរ​ពិធី​បុណ្យ​ឯករាជ្យជាតិ​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ (AP/ហេង ស៊ីនិត)

នាព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យជាតិ​លើកទី​៦២​នៅ​វិមាន​ឯករាជ្យ​ដ៏​ឱឡារិក​ ​ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជការ ​សិស្សានុសិស្ស​ ​និង​ប្រជា​ពលរដ្ន​រស់នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​រាប់​ពាន់​នាក់។

នាព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យជាតិ​លើកទី​៦២​នៅ​វិមាន​ឯករាជ្យ​ដ៏​ឱឡារិក​ ​ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជការ ​សិស្សានុសិស្ស​ ​និង​ប្រជា​ពលរដ្ន​រស់នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​រាប់​ពាន់​នាក់។​ សំឡេង​ភ្លេង​នៃ​ពិធីបុណ្យ​នេះ​បាន​លាន់​កង​រំពង​នៅ​វិមាន​ឯករាជ្យ។​

ក្រោយ​ពេលថ្វាយ​ភ្លើង​ជ័យ​ ​ព្រះ​ករុណា​ព្រះបុរមនាថ​ នរោត្តម​ សីហមុនី​ ​សព្វ​ព្រះហឫ​ទ័យ​ចុះ​សួរ​សុខ​ទុក្ខ​កូន​ចៅ​របស់​ព្រះ​អង្គ​ ​ដែល​រង់ចាំ​ថ្វាយ​ព្រះពរ​ព្រះអង្គ​ជុំវិញ​វិមាន​ឯករាជ្យ។​ ក្នុង​នោះ​ក៏​មាន​ការ​ថតរូប​ដោយ​ព្រះអង្គ​ឯង​ជា​អនុស្សាវរីយ៍​ជា​មួយ​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​ផង​ដែរ។​

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងនិវត្តន៍ពីអង្គពិធី ក្រោមគារវកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ (អូន ឆេងប៉រ /VOA Khmer)
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងនិវត្តន៍ពីអង្គពិធី ក្រោមគារវកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ (អូន ឆេងប៉រ /VOA Khmer)

រស់ វីរៈយុត្តិ​ ជា​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។ ក្នុង​វ័យ​១៦​ឆ្នាំ​ ​យុវជន​រូប​នេះ​រំភើប​ និង​មាន​មោទន​ភាព​ដែល​បាន​ចាប់​ព្រះ​ហស្ត​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ។​

«មាន​អារម្មណ៍​ថា​ សប្បាយ​ចិត្ត​ខ្លាំង​ ដោយសារ​បាន​ចាប់​ដៃ​ព្រះ​ករុណា ​ដែលព្រះ​អង្គ​ជា​ស្តេច​នៃ​ប្រទេស​យើង​ ​ហើយ​គឺ​ថា ​ជា​លាភ​សំណាង​មួយ​ដែល​ខ្ញុំ​អាច​ចាប់​ដៃ​អ្នក​មាន​បុណ្យ​ អ្នក​មាន​បារមី​នៃ​ប្រទេស​របស់​យើង»។​

យុវ​សិស្សវ័យ​១៦​ឆ្នាំរូប​នេះបាន​បញ្ជាក់​ពី​តម្លៃនៃ​បុណ្យ​ឯករាជ្យជាតិ​ និង​សេរីភាព​យ៉ាង​ដូច្នេះ​ថា៖​

«ឯករាជ្យ​នេះ​គឺ​ជា​មុខមាត់​របស់​ប្រទេស​យើង​ ​ដែល​ធ្វើ​ឲ្យ​ប្រ​ទេស​មហា​អំណាច​ធំៗ​បាន​ឃើញ​ ហើយ​កោត​សរសើរការ​ខិត​ខំប្រឹង​ប្រែង​របស់​សម្តេច​តា​យើង​ដែល​បាន​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារំាង​ ​ហើយ​ធ្វើ​ឲ្យពួក​គេ​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​យើង»។​

ព្រះ​ជារាណាច​ក្រកម្ពុជា​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​និយម​បារាំង​ជិត​១០០​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៨៦៣​ ​ដល់ឆ្នាំ​១៩៥៣​ ​ពេល​ដែល​ព្រះ​មហា​វីរៈ​ក្សត្រ​ព្រះ​បាទ​នរោត្តម​ ​សីហនុ ទាមទារ​ឯករាជ្យ​ពី​បារាំង​មក​វិញ​នោះ។​

លោក​ សូវ ថេង ​មន្ត្រី​រាជការ​មក​ពី​ក្រសួង​ការងារ ​បាន​ប្រាប់​ VOA ​ថា ​ទិដ្ឋភាព​នៃ​បុណ្យ​ឯករាជ្យ​លើក​ទី៦២​គឺ​ជា​មាន​ភាព​ឱឡារិក​ជាង​សព្វមួយ​ដង​ ដែល​ធ្វើ​ឲ្យប្រជាពល​រដ្ឋ​កាន់តែ​គោរព​ស្រឡាញ់​ព្រះ​មហា​ក្សត្រ​របស់​ខ្លួន​ថែម​ទៀត។​

«ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គឺ​ថា​ ប្រជាជន​យើង​មាន​ការ​យល់​ដឹង​ពី​បុណ្យជាតិ​ហ្នឹង​សំខាន់។​ អញ្ចឹង​ឆ្នាំ​ហ្នឹង​ពិត​ជា​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ទៅ​ទៀត​បាទ។ ព្រះ​មហា​ក្សត្រ​យើង​ ខ្ញុំ​មើល​ទៅ​គឺ​គាត់​មាន​ទឹក​ព្រះ​ទ័យ​ល្អ​ ​សម្រាប់​កូន​ចៅ​ខ្មែរ​យើង ​គឺ​ឆ្នាំ​ហ្នឹង​គឺថា គាត់​សប្បាយ»។​

ពលទាហានម្នាក់នៃកងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ឈរយាមភ្លើងជ័យដែលត្រូវបានប្រទានអុជដោយព្រះករុណាព្រះមហាក្សត្រកាលពីព្រឹកថ្ងៃទី៩វិច្ឆិកា ដើម្បីអបអរខួបលើកទី៦២នៃឯករាជ្យជាតិ។ (អូន ឆេងប៉រ /VOA Khmer)
ពលទាហានម្នាក់នៃកងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ឈរយាមភ្លើងជ័យដែលត្រូវបានប្រទានអុជដោយព្រះករុណាព្រះមហាក្សត្រកាលពីព្រឹកថ្ងៃទី៩វិច្ឆិកា ដើម្បីអបអរខួបលើកទី៦២នៃឯករាជ្យជាតិ។ (អូន ឆេងប៉រ /VOA Khmer)

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ ​Barack​ Obama​ និង​លោក​ ​John Kerry​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​របស់​ប្រទេស​មហា​អំណាច​នេះ​ បាន​សរសេរ​សារ​លិខិត​ថ្វាយ​ដល់​ព្រះ​មហា​ក្សត្រ​ខ្មែរ​ នរោត្តម ​សីហមុនី​ ​និង​ប្រជាជន​កម្ពុជា​ក្នុង​ថ្ងៃ​ឯករាជ្យ​ជាតិ​ផង​ដែរ។ ​លិខិត​នោះបញ្ជាក់​ពី​ការ​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀត។

លោក ​សូវ ថេង ​យល់​ថា​ សារ​លិខិត​ពី​ប្រទេស​មហា​អំណាច​នេះ​បញ្ជាក់​ពី​ឯករាជ្យ​ភាព​ និង​ការ​គាំទ្រ​របស់​អន្តរជាតិ។ ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក​ចង់​ឲ្យ​ប្រទេស​មហា​អំណាច​ដូច​អាមេរិក​ ​ជួយ​ជំរុញការ​អភិវឌ្ឍ​នៃប្រទេស​កម្ពុជា​ ​និង​ជួយ​ឲ្យប្រជា​ពលរដ្ឋកម្ពុជា​រស់​ក្នុង​ភាព​សុខដុម​រមនា ឯករាជ្យ​ភាព​ និង​សេរីភាព។​

«សម្រាប់ខ្ញុំជា​មន្ត្រី​រាជ​ការម្នាក់​ ក៏​ដូចជាប្រជា​ពល​រដ្ឋមួយ​រូប​ ខ្ញុំ​ចង់​បាន​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អន្តរជាតិ។​ ធម្មតា​ប្រទេស​យើង​គឺ​ប្រទេស​តូចតាច​ អញ្ចឹង​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិសុខ​ ​និង​ប្រជា​ពលរដ្ឋ​ទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​ដូច​ថា​ រស់​នៅ​បាន​សុខដុម​រមនា​ទាំងអស់​ ​ទាំង​ផ្លូវ​ច្បាប់​ ​ទាំង​ផ្លូវការ ​ទទួល​សិទ្ធិ​សេរីភាព​ និង​ការ​រស់​នៅ​ដោយ​សប្បាយ​រីករាយគឺ​ថា​ ចង់​ឲ្យ​មាន​គេ​យក​ចិត្ត​ទុកដាក់»។​

ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ប្រចាំ​ឆ្នាំ​លើកទី​៦២ ​នាថ្ងៃ​ច័ន្ទ ទី​៩​ ខែ​វិច្ឆិកានេះ​គឺ​ដើម្បី​រំឭក​ពី​វីរភាព​នៃ​វីរយុទ្ធជន​ និង​យុទ្ធនារី​កម្ពុជា​ ដែល​បូជាកាយដើម្បីឯករាជ្យ​ជាតិ​នៃ​កម្ពុជា​ ជាពិសេស​ព្រះ​មហា​វីរ​ក្សត្រ​កម្ពុជា​ ​ព្រះ​បាទ​នរោត្តមសីហនុ​ ដែល​ទ្រង់​បាន​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង​សេស​នាឆ្នាំ​១៩៥៣៕​

XS
SM
MD
LG