ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​កុំ​ឱ្យ​រិះគន់​វិធានការ​គ្រប់គ្រង​ជំងឺ​កូវីដ​របស់​ប្រទេស​នីមួយៗ​ក្នុង​កិច្ច​ប្រជុំ​ពិសេស UNGA


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន​ បាន​ថ្លែង​នៅ​ក្នុងកិច្ច​ប្រជុំ​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ ​(អ.ស.ប) ​ថា​ វិបត្តិ​សុខភាព​សាធារណៈ​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩​ មិន​គួរ​ណាប្រទេស​ផ្សេង​ទៀត​យក​មក​ធ្វើ​ជា«របៀបវារៈភូមិ​សាស្ត្រ​នយោបាយ»​នោះ​ទេ។

ដោយ​មិន​បានបញ្ចេញ​ឈ្មោះ​ប្រទេស​ណាមួយ​នោះ លោក ហ៊ុន សែន ក៏​បាន​ស្នើ​សុំ​កុំ​ឱ្យមាន​ការ​រិះគន់​លើ​សមត្ថភាព​នៃការ​គ្រប់គ្រង​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ នេះ​ដែរ។

តាម​រយៈ​វីដេអូ​អនឡាញ​ទៅ​កាន់​សម័យ​ប្រជុំ​ពិសេស​លើកទី​៣១​របស់​មហាសន្និបាត​អ.ស.ប. ​ស្តីពី«ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩»​រៀប​ចំ​ឡើង​នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ដែល​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ នៅ​កម្ពុជា លោក ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ ជំងឺ​ឆ្លង​កូវីដ​១៩ ​បាន​រាល​ដាល​ដល់​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​សកល​លោក​ ដែល​តម្រូវឱ្យ​មាន​ការ​ឆ្លើយតប​ជា​លក្ខណៈ​សកល។


ស្រប​ពេល​ដែល​ជំងឺ​ឆ្លង​នេះ​ បាន​សម្លាប់​ប្រជាពលរដ្ឋជាង​១,៥​លាន​នាក់​ និង​ឆ្លង​ជាង​៦៥​លាន​នាក់​នៅ​លើ​ពិភព​លោក​នោះ​ លោក ហ៊ុន សែន ថា​ ការ​រិះ​គន់​មក​លើ​ការ​គ្រប់​គ្រង​ជំងឺ​ឆ្លង​នេះ​ គួរ​ត្រូវ​ចៀស​វាង​ ហើយ​ប្រទេស​ណា​ក៏​ដោយ មិន​គួរ​យក​រឿង​នេះ​ មក​បម្រើ​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​ន័យ​នេះ​ កម្ពុជា​យល់​ឃើញ​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ មិន​គួរ​ត្រូវ​បាន​ប្រទេស​ណា​មួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀប​វារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ។ ខណៈ​ពេល​ដែល​ជីវិត​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​កំពុង​ស្ថិត​នៅក្នុង​ហានិភ័យ​ ការ​ធ្វើ​នយោបាយ​របស់​ប្រទេស​ណា​មួយ​លើ​បញ្ហា​សុខភាព​សាធារណៈ​ និង​បរិហារ​របស់​ពួក​គេ​លើ​សមត្ថភាព​គ្រប់គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​ គឺ​មិន​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ​ឡើយ»។

លោក​នាយក​រដ្ឋមន្ត្រី​ ស្នើឱ្យ​មេដឹកនាំ​ប្រទេស​នីមួយៗ​គោរព​អធិបតេយ្យ​ភាព​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​កំពុង​ទប់​ទល់​នឹង​វិបត្តិ​ជំងឺ​ឆ្លង​សាកល​មួយ​នេះ។

លោក​បញ្ជាក់​ថា៖ «បន្ថែម​លើ​នេះ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ជា​សាកល​បែប​នេះ​ ទាម​ទារ​នូវ​ការ​សម្រេច​ចិត្ត​រួម​គ្នា​ប្រកប​ដោយ​ភាព​ហ្មត់ចត់​ ក្រោម​យន្តការ​ពហុភាគី​និយម​ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ គោរព​អធិបតេយ្យ​ភាព​របស់​រដ្ឋ​នីមួយ​ៗ​ទោះ​ជា​រដ្ឋ​នោះ​ធំ​ ឬ​តូច​ មាន​ ឬ​ក្រ​ក៏ដោយ​ ដោយ​មាន​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​សុខភាព​ពិភព​លោក​ជា​ស្នូល»។

កាល​ពី​ខែ​កញ្ញា ក្នុង​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​រំឭក​ខួប​លើក​ទី​៧៥​ នៃ​អង្គការ​សហ​ប្រជា​ជាតិ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ថា​ ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាច​ បាន​បង្ក​ជា​ការ​រាំង​ខ្ទប់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​ការ​ជ្រើស​រើស​យក​ឯករាជ្យ​ និង​អធិបតេយ្យ​ជា​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍ។

លោក​បញ្ជាក់​ថា​ នេះ​ជា​ឧបសគ្គ​ពិត​ប្រាកដ​ដ៏​ចម្បង​មួយ​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​របៀប​វារៈ​ឆ្នាំ​២០៣០ បន្ថែម​ពី​លើ​បញ្ហា​ប្រឈម​បន្ទាន់​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ធ្វើឡើង​ខណៈប្រទេស​កម្ពុជា​បាន​កត់​ត្រាការ​ឆ្លង​ជំងឺ​កូវីដ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ចុង​ខែ​វិច្ឆិកា។ គិត​មក​ត្រឹម​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​នេះ​ មាន​ករណី​ឆ្លង​ថ្មី​ចំនួន​២៣​ ដែល​ត្រូវ​បាន​កត់​ត្រា​ ចេញ​ពី​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​ ដែល​លោក​ ហ៊ុន សែន​ ឱ្យ​ឈ្មោះ​ថា «ព្រឹត្តិការណ៍​២៨​ វិច្ឆិកា»។


អាជ្ញាធរ​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា ​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ ដើម្បី​រឹត​ត្បិត​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ ដោយ​មាន​ការ​កោះ​ហៅ​សាកសួរ និង​ឃុំ​ខ្លួន​មនុស្ស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​អំពី​វិធានការ​របស់​រដ្ឋាភិបាល​លើ​ជំងឺ​កូវីដ​១៩។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកា​ដូ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ប្រទេស​កម្ពុជា បាន​ទទួល​ការ​កោត​សរសើរ​នា​ពេល​កន្លង​មក​ថា​ បាន​រក្សា​ករណីឆ្លង​ជំងឺ​កូវីដ​១៩​នេះ ​ក្នុង​កម្រិត​ទាប​ និង​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​រាត​ត្បាត​ជំងឺ​នេះ​ទៅ​ដ​ល់​សហគមន៍។

លោក​បន្ថែម​ថា​ ដើម្បី​បញ្ចៀស​ការ​រិះគន់​ ដែល​អាច​កើត​ឡើង​ចំពោះ​វិធានការ​គ្រប់​គ្រង​ជំងឺ​ឆ្លង​នេះ​ អាជ្ញាធរ​គួរ​បង្កើន​ការ​អប់រំ​ និង​ផ្តល់​ដំណឹង​ជាក់​លាក់​ដល់​ពលរដ្ឋ​ ជុំវិញ​ការ​វិវឌ្ឍ​នានា​នៃ​ការ​ឆ្លង​ជំងឺ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ធ្វើ​ម៉េច​រដ្ឋ​ ឬ​ក៏​អាជ្ញាធរ​ហ្នឹង​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ប្រជា​ពលរដ្ឋ​ ហើយ​ប្រជាពលរដ្ឋ ​បើ​សិន​ជា​មាន​បញ្ហា​កើត​ឡើង​ជាក់​ស្តែង​ពិត​ប្រាកដ​ ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ។ ហើយ​ខ្ញុំ​គិត​ថា​ ដំណាក់​កាល​នេះ​ វា​ជា​រឿង​មួយ​ដែល​ទាំង​រដ្ឋាភិបាល ទាំង​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ចូលរួម​គ្នា ​ដើម្បី​ធ្វើ​ការ​សហការ​ក្នុង​ការ​ទប់​ស្កាត់​ និង​បង្ការ​នូវ​កូវីដ​១៩​នេះ»។

របាយការណ៍​វាយ​តម្លៃ​មួយ​របស់​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​សេណេហ្គាល់​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា​ ក​ម្ពុជា​អាច​គ្រប់គ្រង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ ​និង​ផល​ប៉ះ​ពាល់​បាន​ល្អ ដោយ​ជាប់​លេខ១​នៅ​អាស៊ី និង​លេខ​៣​ក្នុង​ពិភពលោក។

គួរ​បញ្ជាក់​ថា គិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៩ ​រហូតដល់​ឆ្នាំ២០២០​នេះ​ កម្ពុជា​បាន​ជួប​វិបត្តិ​ជា​បន្ត​បន្ទាប់ គឺការ​រាត​ត្បាតជំងឺ​កូវីដ​១៩ និង​ការ​ដក​ឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «សព្វមុខ​ទំនិញ​លើកលែង​សព្វាវុធ»​ឬ​ EBA (Everything But Arms) មួយ​ផ្នែករបស់​សហគមន៍​អឺរ៉ុប ដោយ​សារ​ការ​រក​ឃើញ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន​ធ្ងរ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG