មនុស្ស៣នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានទារកម្នាក់ អាយុ៧ខែផងដែរ ដែលជាករណីស្ថិតក្នុងការឆ្លងសហគមន៍លើកដំបូងនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃអង្គារនេះ។
ក្រសួងសុខាភិបាលឲ្យដឹងថាស្រ្តីម្នាក់អាយុ៦៤ឆ្នាំបានឆ្លងជំងឺនេះ ក្រោយស្វាមីដែលជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងកូនស្រី ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩នេះ។ ក្រសួងឲ្យដឹងទៀតថាពីរករណីទៀត គឺកើតលើស្រ្តីម្នាក់អាយុ២៥ឆ្នាំ និងទារកម្នាក់ អាយុ៧ខែ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្រ្តី និងទារកនោះជាសាច់ញាតិរបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលត្រូវបានរកឃើញថាឆ្លងជំងឺកូវីដនេះ តាំងពីចុងសប្តាហ៍មុន។
ក្រសួងសុខាភិបាលឲ្យដឹងថា ក្នុងព្រឹត្តិការណ៍«សហគមន៍ ២៨ វិច្ឆិកា» ដែលជាការឆ្លងតាមសហគមន៍ជាលើកដំបូង ក្រសួងបានធ្វើតេស្តមនុស្ស ប្រមាណ៤.៩០០នាក់ កាលពីថ្ងៃទី២៩ និង៣០ ខែវិច្ឆិកា ហើយរកឃើញ១៧នាក់ផ្ទុកវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩នេះ។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នេះជា«ករណីបាត់ដាន» ដោយមិនទាន់រកឃើញប្រភពនៃការឆ្លងនេះ។ នាយករដ្ឋមន្ត្រីកម្ពុជាបានកំណត់រយៈពេល១៥ថ្ងៃ ដែលលោកថានឹងកំណត់ជោគវាសនានៃការគ្រប់គ្រងជំងឺឆ្លងនេះ៕