នៅចំពោះមុខការឆ្លងកូវីដ១៩ចូលសហគមន៍ដំបូងចុងខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា រយៈពេល១៥ថ្ងៃខាងមុខ នឹងកំណត់ជោគវាសនានៃការគ្រប់គ្រងជំងឺឆ្លងនេះ។
សាលារៀនទូទាំងប្រទេសត្រូវបិទទ្វារ ហើយនៅសៀមរាប និងភ្នំពេញ ការប្រមូលផ្ដុំមានមនុស្សលើសពី២០នាក់ រួមមានអាពាហ៍ពិពាហ៍ បុណ្យទាន ជាដើម ត្រូវហាមឃាត់រយ:ពេលពីរសប្ដាហ៍។
ក្នុងពិធីបើកការដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការឆ្លងកូវីដ១៩ក្នុងសហគមន៍ បានកើនដល់១៤នាក់។
ចង្កោមនៃការឆ្លងកូវីដក្នុងសហគមន៍មិនធ្លាប់មាននេះ ត្រូវបានរកឃើញដំបូងក្នុងគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលមានសមាជិក៧នាក់ ក្នុងចំណោមអ្នកឆ្លងចំនួន១៤នាក់នេះ។
លោក ហ៊ុន សែន បានហៅដំណាក់កាលនេះថា ជាការ«សាកល្បងធំបំផុត»សម្រាប់កម្ពុជា ក្នុងការទប់ស្កាត់កូវីដ១៩។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ឥឡូវនេះ យើងអាចនិយាយបាន ថាយើងគ្រប់គ្រងបាន ឬមិនបាន ស្ថិតក្នុងពេល១៥ថ្ងៃខាងមុខ។ ហើយ១៥ថ្ងៃខាងមុខ វាចំណុះទាំងស្រុងលើការខិតខំរបស់យើងទាំងរដ្ឋនិងប្រជាជន»។
លោក ហ៊ុន សែន បានបន្ថែមថា នេះថា ជា«ករណីបាត់ដាន» ដ្បិត«រកអត់ទាន់ឃើញក្បាលកន្ទុយ»អំពីប្រភពនៃការឆ្លង។
លោក ហ៊ុន សែន បានបន្ថែមថា៖ «នេះហើយករណីលំបាកដែលយើងចាត់ទុកថា ជាមហន្តរាយមួយសម្រាប់ប្រទេសរបស់យើង បើយើងទប់ស្កាត់មិនទាន់ពេលវេលា»។
ក្រោយសមាជិក៧នាក់នៃក្រុមគ្រួសារលោក ឆែម សាវុធ ត្រូវបានរកឃើញថា មានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ អាជ្ញាធរ បានចាត់វិធានការជាបន្តបន្ទាប់ ផ្ដើមពីល្ងាចថ្ងៃសៅរ៍មក។
នេះជាការឆ្លងដែលមានការព្រួយបារម្ភមួយទៀត បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់កាលពីថ្ងៃទី១៨ ខែវិច្ឆិកា លើការឆ្លងជាប់ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមនុស្ស៤នាក់នៅកម្ពុជា ត្រូវបានរកឃើញថា មានឆ្លងជំងឺនេះ។
ដោយសារការឆ្លងក្នុងសហគមន៍នេះ រដ្ឋាភិបាលបានផ្អាកដំណើរការផ្សារទំនើបអ៊ីអនសាខាទីមួយ សណ្ឋាគារភ្នំពេញ និងផ្នែកខ្លះនៃក្រសួងមហាផ្ទៃ ហើយមនុស្សយ៉ាងតិច ចំនួន ៣.៣៣២នាក់ ត្រូវមន្ត្រីសុខាភិបាល ហៅមកធ្វើតេស្ដ។
លោក ហ៊ុន សែន បង្ហើបថា មនុស្សប្រមាណ២ពាន់នាក់បន្ថែមទៀត នឹងត្រូវធ្វើតេស្ដនៅថ្ងៃច័ន្ទនេះ។
ក្រសួងអប់រំបានប្រកាសបិទបញ្ចប់ឆ្នាំសិក្សានៅសាលារដ្ឋនៅទូទាំងប្រទេស រីឯសាលាឯកជនទាំងអស់ក៏តម្រូវឱ្យផ្អាកដំណើរការមួយរយៈដោយតម្រូវឱ្យប្ដូរទៅថ្នាក់រៀនអនឡាញ។
ក្រសួងវប្បធម៌ ក៏បានប្រកាសនៅថ្ងៃចន្ទនេះ បិទដំណើរការ សារមន្ទីរ រោងកុន រោងល្ខោន ទូទាំងប្រទេសពីរសប្ដាហ៍។
សមាជិកជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រី រួមមានឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក ដោយសារតែបានចូលរួមជួបផ្ទាល់ និងដោយប្រយោលជាមួយលោក ឆែម សាវុធ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក (WHO) បានប្រាប់ VOA ថា ការឆាប់កំណត់ដឹងនូវករណីឆ្លងសហគមន៍បែបនេះ ជា«សញ្ញាល្អ»។
មន្ត្រីអង្គការ WHO រូបនេះ បន្ថែមថា ក្រុមការងារជំនាញការសុខាភិបាលកម្ពុជា ត្រូវបានបំពាក់បំប៉ន ដើម្បីត្រៀមទប់ស្កាត់ជាមួយនឹងស្ថានភាពបែបនេះ។
លោកស្រីបានសរសេរក្នុងសារអេឡិចត្រូនិកថា៖ «ការស៊ើបអង្កេតករណីកំពុងបន្ត ហើយយើងប្រមើលមើលថា ស្ថានការណ៍នឹងវិវឌ្ឍនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលមានការធ្វើអន្តរាគមន៍ចំគោលដៅត្រូវបានអនុវត្តជាធរមាន។ គោលដៅរួមរបស់យើង គឺទប់ស្កាត់ការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ»។
អ្នកឃ្លាំមើលសម្ដែងការបារម្ភអំពីលទ្ធភាពនៃការឆ្លងក្នុងពន្ធនាគារ ដែលមានសភាពចង្អៀតណែន ពិបាករក្សាគន្លាត។
លោក ឆែម សាវុធ កាលពីថ្ងៃចន្ទសប្ដាហ៍មុន បានធ្វើជាអធិបតីក្នុងពិធីមួយនៅមណ្ឌលអប់រំកែប្រែទាំងពីរ នៅព្រៃស។ លោកត្រូវបានឃើញដើរទស្សនាបរិវេណពន្ធនាគារដោយមិនពាក់ម៉ាស់។
ចំណែកសាលាដំបូងរាជធានីភ្នំពេញ បានផ្អាកសវនាការដល់ថ្ងៃទី១៤ ខែធ្នូ តាមសំណើពន្ធនាគារព្រៃស «ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដល់ពន្ធនាគារនិងមណ្ឌលអប់រំកែប្រែ»។
អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ អំឡុងដំណាក់កាលកូវីដ១៩នេះ បានអំពាវនាវឱ្យមានការសម្រួលដោះលែងអ្នកជាប់ឃុំមួយចំនួនពីបណ្ដាពន្ធនាគារដ៏ចង្អៀតណែនរបស់កម្ពុជា ដែលមានចំនួនអ្នកជាប់ឃុំនិងទណ្ឌិតយ៉ាងហោចចំនួន ៣៨.៩៩០នាក់ ត្រឹមខែមីនាឆ្នាំនេះ។
លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ បារម្ភពី«ហានិភ័យខ្ពស់»នៃការឆ្លងកូវីដ១៩ នៅក្នុងពន្ធនាគារដែលផ្ទុកលើសចំណុះដែលអាចទទួលមនុស្សតែ ២៦.៥៩៣ នាក់។
«សំណើរបស់យើងនេះ យើងបានផ្ដល់យូរណាស់មកហើយ ទម្រាំមកដល់ពេលនេះ វាហួសពេលនៅក្នុងការអនុវត្ត»។
ប៉ុន្តែលោក អំ សំអាត ថា រដ្ឋាភិបាលគួរពិចារណាសំណើពីខាងដើមឡើងវិញ ឆ្លងតាមករណីហានិភ័យលើកនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា មិនបានឆ្លើយតបនឹងសំណើសុំព័ត៌មានរបស់ VOAទេ។
លោក ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ នៅពន្ធនាគារព្រៃស មានសំណាក៣៨២ ត្រូវបានប្រមូលយកមកធ្វើតេស្ដ តែលទ្ធផលយ៉ាងណាមិនទាន់មានការបញ្ជាក់នោះទេ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan បានលើកឡើងថា អង្គការសុខភាពពិភពលោក ក៏កំពុងពិនិត្យតាមដានករណីជាក់ស្ដែងនៅមូលដ្ឋាននេះផងដែរ ដែលអ្នកស្រីសំដៅដល់ករណីពន្ធនាគារ៕