អាជ្ញាធរនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបិទជាបណ្ដោះអាសន្ននូវវិមានកាណាឌីយ៉ា និងសាខាធនាគារកាថេយូណាយធីត ពាក់ព័ន្ធចង្កោមនៃការឆ្លងកូវីដថ្មីក្នុងសហគមន៍។
ការសម្រេចបិទនេះ ក្រោយក្រសួងសុខាភិបាលបានប្រកាសថាខ្លួនរកឃើញករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ លើបុរសវ័យ២៣ឆ្នាំជាបុគ្គលិកធនាគារចិន (Bank of China) ដែលមានទីតាំងក្នុងអគារកាណាឌីយ៉ា និងប្អូនស្រីវ័យ ២១ឆ្នាំ ជាបុគ្គលិកធនាគារកាថេយូណាយធីត។
ដោយបូករួមទាំងអ្នកទាំងពីរខាងលើ ករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ បានកើនឡើងដល់ចំនួន១៩នាក់ហើយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើតាមក្រសួងសុខាភិបាល។
ទាំងអគារកាណាឌីយ៉ាដ៏មមាញឹកដែលស្ថិតនៅតាមបណ្តាយមហាវិថីព្រះមុនីវង្ស និងសាខាធនាគារកាថេយូណាយធីតនៅវិថីសម្ដេចប៉ាន ត្រូវបិទជាបណ្ដោះអាសន្ន។ នេះបើតាមអ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី។
វិទ្យុបារាំងអន្តរជាតិ (Radio France International) ផ្នែកខេមរភាសា ដែលស្ថិតនៅជាន់ទី២១នៃអគារកាណាឌីយ៉ា បានប្រកាសផ្អាកការផ្សាយជាបណ្ដោះអាសន្ន។
កញ្ញា អ៊ឹម រចនា ជានិពន្ធនាយិការងនៃវិទ្យុបារាំង RFI បានប្រាប់ VOA ថា៖
«យើងអត់អាចផ្សាយទៀតទេ ដោយសារតែគេបិទអគារ យើងអត់អាចចេញចូលមកប្រតិបត្តិការអង់តែនយើងបាន។ អ៊ីចឹងយើងប្រកាសផ្អាកជាបណ្ដោះអាសន្ន រហូតដល់គេបើកវិញ»។
បុគ្គលិកមួយរូបនៃធនាគារចិន ដែលសុំមិនបញ្ចេញឈ្មោះដោយសារមិនមានការអនុញ្ញាតឲ្យនិយាយជាមួយសារព័ត៌មាន បានឱ្យដឹងថាផ្នែកផ្សេងទៀតនៃធនាគារបានដឹងថាបុរសវ័យ២៣ឆ្នាំរូបនោះ មានពាក់ព័ន្ធនឹងចង្កោមសង្ស័យនៃការឆ្លង និងបានធ្វើការលើរឿងនេះប៉ុន្មានថ្ងៃមកហើយ។
បុគ្គលិករូបនេះបានប្រាប់ VOA ថា លោកនៅតែបន្ដមកធ្វើការមកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅជាន់ផ្សេងពីបុរសវ័យ២៣ឆ្នាំ ដែលបម្រើការនៅជាន់ទីមួយនិងជាន់ទីពីរនៃអគារកាណាឌីយ៉ា។
បុគ្គលិករូបនេះមានប្រសាសន៍ថា៖
«សម្រាប់ខ្ញុំផ្ទាល់ខ្ញុំនៅផ្នែកផ្សេង ខ្ញុំទើបដឹងព្រឹកមិញទេ ... យើងមាន[ការធ្វើតេស្ដ] មិនអត់ទេ ថ្ងៃរសៀលហ្នឹងក្រសួងគាត់ចុះមកផ្ទាល់»។
ជាធម្មតា ក្រសួងសុខាភិបាលតែងប្រមូលលទ្ធផលនៃការធ្វើតេស្ដពេញមួយថ្ងៃសរុប ទៅប្រកាសនៅព្រឹកថ្ងៃបន្ទាប់។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព ប្រាប់ VOA ថា អាជ្ញាធរគប្បីផ្ដល់ព័ត៌មានឱ្យចំហនិងរហ័ស ក្នុងការទប់ទល់កូវីដឆ្លងក្នុងសហគមន៍លើកនេះ។
លោកមានប្រសាសន៍ថា៖
«បានន័យថាមានកង្វះខាតមួយហើយ។ បើសិនលទ្ធផលថា អ្នកនោះមាន ត្រូវតែឆ្លើយតបបន្ទាន់ ប្រាប់ទៅអ្នកដែលសង្ស័យក្នុងអគាររួមគ្នារៀបចំធ្វើតេស្ដ។ បើយើងចាំ យឺតពេលហើយ»។
ក្នុងទំព័រ Weixin/Wechat ផ្លូវការ ធនាគារចិនដែលគ្រប់គ្រងដោយរដ្ឋចិន បានឱ្យដឹងថា បុគ្គលិកវ័យ២៣ឆ្នាំរូបនេះ នៅបម្រើការជូនអតិថិជន៣៨នាក់ មកត្រឹមថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបដិសេធមិនផ្ដល់អត្ថាធិប្បាយ ដោយថាជាប់ប្រជុំ។
ក្រសួងសុខាភិបាលបានប្រកាសថា បុរសវ័យ២៣ឆ្នាំនេះ បានប៉ះពាល់ជាមួយនឹងស្ដ្រីវ័យ ៣៦ ឆ្នាំ ដែលត្រូវបានរកឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ។
អាជ្ញាធរកម្ពុជាកំពុងទប់ទល់នឹងការឆ្លងចូលសហគមន៍ដំបូងនៃកូវីដ១៩ រហូតមានការបិទសាលារៀនទូទាំងប្រទេស និងហាមឃាត់ការជួបជុំលើសពី២០នាក់នៅភ្នំពេញ និងខេត្តសៀមរាបទៀតផង។
ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ឆ្លងកូវីដ១៩ក្នុងសហគមន៍ដំបូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកាមក មានមនុស្សជិត១ ម៉ឺននាក់ហើយ ដែលត្រូវបានធ្វើតេស្ដ ក្នុងនោះមាន១៩នាក់វិជ្ជមាន៕