ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្តេជ្ញា​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ បើ​ស្ថាន​ភាព​កូវីដ​មិន​ធូរ​ស្បើយ​​​​​​​​​​​​


រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​នាំគ្នា​ហូប​អាហារ​ពេលព្រឹក​ ខណៈ​ពេល​ដែល​ពួកគេ​រង់ចាំ​ជិះ​រថយន្ដឈ្នួល​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេវិញ​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ដំណើរ​ចេញ​ពី​ច្រក​ព្រំដែន​អន្តរជាតិ​ខ្មែរ​ថៃ នៅ​ប៉ោយប៉ែត ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​នាំគ្នា​ហូប​អាហារ​ពេលព្រឹក​ ខណៈ​ពេល​ដែល​ពួកគេ​រង់ចាំ​ជិះ​រថយន្ដឈ្នួល​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេវិញ​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ដំណើរ​ចេញ​ពី​ច្រក​ព្រំដែន​អន្តរជាតិ​ខ្មែរ​ថៃ នៅ​ប៉ោយប៉ែត ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ផែនការ​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ពលរដ្ឋ​ក្រីក្រ​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ពី​រដ្ឋាភិបាល​បាន​កើន​ឡើង​ដល់​ជិត​៦៩​ម៉ឺន​គ្រួសារបើ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ហើយ​ចំនួន​ពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវ​ការ​ជំនួយ​លុយ​កាក់​ពី​រដ្ឋាភិបាល​អាច​កើន​ឡើង​ទៀត តាម​ស្ថានភាព​នៃ​ជំងឺកូវីដ​១៩

កាល​ពី​ខែ​មិថុនា​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​សាច់​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ចំនួន​ជាង​៥៦​ម៉ឺន​គ្រួសារ​ឬ​ស្មើ​នឹង​ជាង​២,៣​លាន​នាក់​ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​ ​ហើយ​ថា​ចំនួន​អ្នក​ក្រីក្រ​នេះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត​ដោយ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​២៥​លាន​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ពួក​គេ។

លោក ​ថេង បញ្ញាធន ​ប្រតិភូរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គនាយក​ផែនការ​នៃ​ក្រសួង​ផែនការ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​រដ្ឋាភិបាល​នៅ​បន្ត​ផ្តល់​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ដូច​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កាល​ពី​ពេល​កន្លង​មក​ថា​នឹង​ផ្តល់​ជូន​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២០​នេះ​ហើយ​ការ​ធ្វើ​ដូច​នេះ​នឹង​នៅ​បន្ត​ទៀត​បើ​ស្ថានភាព​កូវីដ​មិន​ថមថយ។

លោក​បន្ថែម​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ប្រមាណ​១៣៥​លាន​ដុល្លារ​លើ​ពលរដ្ឋ​ក្រីក្រ​ជិត​៦៩​ម៉ឺន​គ្រួសារ​ឬ​ស្មើ​នឹង​ជាង​២,៨​លាន​នាក់ ហើយ​ការ​ចំណាយ​នេះ​នឹង​នៅ​បន្ត​ដល់​ឆ្នាំ​២០២១​ប្រសិន​បើ​ពលរដ្ឋ​ប្រឈម​មុខ​នឹងការ​ខ្វះ​ខាត​ខាង​ថវិកា។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រសាសន៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ថា​ទី​មួយ គឺ​រដ្ឋាភិបាល​កម្ពុជា​មិន​បណ្តែត​បណ្តោយ​ឬ​ក៏​ទុក​ឲ្យ​ប្រជា​ជន​យើង​ដាច់​បាយ​ទេ។ បាទ​នេះ​ចំណុច​ទីមួយ។ ឯ​ចំណុច​ទី​ពីរ​ គឺ​ធនធាន​ថវិកា គឺ​យើង​ដឹង​ហើយ​ថា​រាជ​រដ្ឋាភិ​បាល​កម្ពុជា គឺ​ត្រៀម​បម្រុងថវិកា​ជាង​មួយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ជួយ​សម្រួល​នូវ​ផល​ប៉ះ​ពាល់​ដោយ​សារ​កូវីដនេះ។ បាទ​មិន​មែនថា​...ជាង​មួយ​ពាន់​លានហ្នឹង​គឺ​សម្រាប់​តែ​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ដល់​ប្រជាជន​ក្រីក្រ​ទេ​សម្រាប់​ជួយ​ទៅ​ដល់SMEs (Small and medium-sized enterprises) ​[សហគ្រាស​ធុនតូច​និង​មធ្យម​] រឿង​ផ្សេងៗ​ទៀត​ដែល​វា​រង​ផល​ប៉ះពាល់»។

សម្រាប់​ឆ្នាំ​២០២១​លោក​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​រដ្ឋាភិបាល​នឹង​បន្ត​ជួយ​ប្រជាពលរដ្ឋ បើ​ផល​ប៉ះពាល់កូវីដ​បន្ត​វាយ​ប្រហារ​ការ​រស់​នៅ​របស់​ពលរដ្ឋ។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​បើសិន​ជា​ដាច់​ឆ្នាំ​២០២០ ហើយ​ស្ថានភាព​ហ្នឹង​វា​នៅ​មិន​ប្រសើរ​ប្រហែល​ជា​រាជ​រដ្ឋាភិបាល​នឹង​ពិចារណា​តទៅ​ទៀត​ហើយ​សម្រាប់​ការ​ពន្យារ​ពេល​ក្នុង​ការ​បើ​កសាច់​ប្រាក់​យ៉ាង​ម៉េច​អី​ទៅ​ទៀត»។​

កាល​ពី​ថ្ងៃទី​២៤​ខែ​មិថុនា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ថា​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩​មិន​មែន​ជា​ការ​ផ្តល់​ប្រាក់​អចិន្ត្រៃយ៍​នោះ​ទេ​ហើយ​ថា​រដ្ឋាភិបាល​នឹង​បន្ត​តាម​ដាន​និង​វាយ​តម្លៃ​ផល​ប៉ះពាល់​ជាក់​ស្តែង​រៀង​រាល់​ពីរ​ខែ​ម្តង។

ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ចុងក្រោយ​នេះ​គឺ​ធ្វើ​ឡើង​៣​ខែ​ម្តង​ពោល​គឺ​គិត​ចាប់​តាំង​ពី​ខែ​តុលា​ដល់​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០២០។ សម្រាប់​ខែ​ធ្នូ​នេះ គឺ​ជា​ខែ​ទី៦​ដែល​ពលរដ្ឋ​ក្រីក្របាន​ទទួល​សាច់​ប្រាក់​ពីរដ្ឋាភិបាល។

លោក​ហ៊ុន សែន​ធ្លាប់​បាន​ព្រមាន​ចាត់​វិធាន​ការ​ក្តៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ប្រសិន​បើ​ហ៊ាន​ឃុំឃិត​គ្នា​ដាក់​បញ្ចូល​សាច់​ញាតិ​ខ្លួន​ឯង​ដែល​មិន​មែន​ជា​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ពិត​ប្រាកដ​ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ។

យ៉ាង​ណាក៏​ដោយ​មាន​ការ​រិះ​គន់​ថា​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ​មិន​បាន​ទៅ​ដល់​គ្រប់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​នោះ​ទេ ពោល​គឺ​អ្នកដែល​ធ្វើ​ការ​ក្នុង​វិស័យ​កម្សាន្តឬ​អ្នក​ផ្តល់​សេវា​ម៉ាស្សា​ជា​ដើម​នោះ​មិន​ត្រូវ​បាន​កំណត់​ជា​ក្រុម​អាទិភាព​សម្រាប់​ការ​ជួយ​សង្គ្រោះ​នោះ​ទេ។

អ្នកស្រី ឈឹម ស៊ីថរ ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​មាន​ប្រ​សាសន៍​ថា​អ្នកស្រី​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​តាម​ក្រសួង​ការងារ​ចំនួន​ពីរ​ដង​រួច​មក​ហើយ​គិត​ចាប់​ពី​ខែ​មិថុនា​មក​ដើម្បី​សុំ​ការ​ឧបត្ថម្ភ​៤០​ដុល្លារ​អាមេរិក​សម្រាប់​កម្មករ​ដែល​ត្រូវ​ព្យួរ​ពី​ការងារ។ ក៏​ប៉ុន្តែ​អ្នកស្រី​ថា​រដ្ឋាភិបាល​មិន​អើ​ពើ​ហើយ​រហូត​មក​ដល់ពេល​នេះ កម្មករ​ក្នុង​កាស៊ីណូ​ភាគ​ច្រើន​កំពុង​ប្រឈម​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ពេល​ពួក​គេ​បាន​ត្រឡប់​ចូល​ធ្វើ​ការ​តែ​ការ​ងារ​នោះ​មិន​ពេញ​ម៉ោង​ហើយ​នៅ​ជំពាក់​បំណុល​ធនាគារនិង​អ្នក​ចង​ការ​ប្រាក់។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «បងប្អូន​កម្មករ​នៅ​ខាង​សេវា​កម្សាន្ត​ដែល​កាល​ពី​ខែ​៦​ហ្នឹង​បាន​ដាក់​ញត្តិ​ដំណាល​គ្នា​ជាមួយ​នឹង​ពួក​ខ្ញុំ​ពី​ខាង​កា​សីណូ​ទៅ​ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ហ្នឹង​គឺ​គាត់​ថា​ដោយ​សារ​ក្រុម​ពួក​ខ្ញុំ​ហ្នឹង​គឺ​មិនមែន​ជា​ក្រុម​នៅ​ក្នុង​វិស័​យ​អាទិភាព​ដែល​ត្រូវ​តែ​រង​គ្រោះ​ដែលត្រូវ​ជួយ។ អ៊ីចឹង​ជាក់​ស្តែង​ទៅ​យើង​ក៏​មិន​យល់​អំពី​បច្ចេក​ទេស​ដែល​ពួក​គាត់​គិត​ដែរ​ម៉េច​បាន​ជាបច្ចេកទេស​របស់​គាត់​គិត​ហ្នឹង អ្នកដែល​រង​ផល​ប៉ះពាល់​ខ្លះ​បាន​ខ្លះ​មិន​បាន​ហ្នឹង»។

អ្នកស្រី​បន្ថែម​ថា៖ «យើង​វាមាន​ការ​ខក​ចិត្ត​ណាស់​ការ​ដែល​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​នៅ​ក្នុង​អំឡុង​វិបត្តិកូវីដ​១៩​នេះ។ អ៊ីចឹង​ ខ្ញុំ​មិន​ដឹង​ថា​សំណូម​ពរ​អី​ម៉េច​ទៀត​ពីព្រោះធ្វើ​ដល់​ទៅ​ញ្ញត្តិ​មាន​បុគ្គលិក​រាប់​ពាន់​នាក់​ស្នើ​ទៅរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ហ្នឹង​ហើយ​មិន​មាន​ការ​ឆ្លើយ​តប​ផង​ខ្ញុំ​អត់​ដឹង​ថា​វាត្រូវ​មាន​ពាក្យ​អី​ត្រូវ​ទៅសំណូម​ពរ​ទៀត»។

លោក ថេង បញ្ញាធន​អគ្គ​នាយក​ផែនការ​នៃ​ក្រសួង​ផែនការ​អះអាង​ថា​អ្នក​រិះគន់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ​មិន​បាន​យល់​ស៊ី​ជម្រៅ​នៃ​កិច្ច​ការ​បច្ចេកទេស​របស់​អ្នក​ជំនាញ​ក្នុង​ការ​កំណត់​ស្ថាន​ភាពជីវភាព​ពលរដ្ឋ និង​ស្ថាន​ភាព​គ្រួសារ​ដែល​សម​នឹង​ទទួល​បាន​ការ​ជួយ​ពី​រដ្ឋាភិបាល។​

លោក​មាន​ប្រសាសន៍​ថា៖ «​យើង​កំណត់​គ្រួសារ​ក្រីក្រ​ហ្នឹង​គឺ​មូលដ្ឋាន​ផ្អែក​ទៅ​លើ​ប័ណ្ណ​គ្រួសារ​ដែល​គាត់​កំពុង​តែ​កាន់។​អាហ្នឹង​គឺ​កន្លែង​ហ្នឹង​គឺ​យើង​ឯកភាព​គ្នា​ពី​ដំបូង​ប៉ុន្តែ​ការ​យល់​ឃើញ ឬ​ក៏​ការ​រិះ​គន់​របស់​អ្នក​រិះគន់​មួយ​ចំនួន​ដោយ​សារ​គាត់​មិន​មែន​អ្នក​បច្ចេកទេស។ អ៊ីចឹង​គាត់​អត់​យល់​ទេ...ដល់​ពេល​អត់​យល់​ទៅ​ចេះតែ​មាន​ការ​ទិតៀន​អ៊ី​ចឹង»។

បើ​តាម​របាយការណ៍​បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភព​លោក​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ​២០២០​នេះ​«សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០​នេះ​ត្រូវបាន​ព្យាករ​ទុក​ថានឹង​មាន​កំណើន​អវិជ្ជមាន​គឺដក​២​ភាគរយ​ដែល​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មីៗ​នេះ​របស់​កម្ពុជា​ជា​ហេតុ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សុខុមាល​ភាព​គ្រួសារ​និង​អាច​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​កើន​ឡើង​ទៀត​ផង»។​

កាល​ពី​ចុង​ខែ​ឧសភា​របាយការណ៍​ដាច់​ដោយឡែក​មួយ​ទៀត​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញថា​ដោយ​សារ​ជំងឺ​កូវីដ​១៩​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០២០ ​អាច​នឹង​កើន​ឡើង​ពី​៣​ទៅ​១១​ភាគ​រយ​ប្រសិន​បើ​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​រង​ផល​ប៉ះពាល់​បន្ត​បាត់បង់​ចំណូល​អស់​៥០​ភាគ​រយ​ក្នុង​រយៈ​ពេល​៦​ខែ​ជាប់​គ្នា។

​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា​អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​មាន​ជាង​១០​ភាគ​រយ មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ បើ​តាម​ធនាគារ​ពិភព​លោក​ដដែល​ជំងឺ​កូវីដ​នេះ​ធ្វើ​ឲ្យ​ការងារ​របស់​ប្រជា​ពលរដុ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧៦​លាន​នាក់​ស្ថិត​ក្នុង​ហានិភ័យ៕

XS
SM
MD
LG