ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែននៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឲ្យអតីតអ្នកទោសគុកទួលស្លែងគឺលោកជុំ ម៉ីផ្អាកការធ្វើបាតុកម្មប្រឆាំងលោកកឹម សុខាមួយរយៈក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោត។
ថ្លែងក្នុងពិធីសម្ពោធន៍អគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងក្រុងភ្នំពេញ លោកហ៊ុន សែនបានលើកហេតុផលថា ការផ្អាកនេះគឺដើម្បីធានាឲ្យមានបរិយាកាសល្អសម្រាប់ការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ដើម្បីបង្កើតបរិយាកាសអនុគ្រោះសម្រាប់ការបោះឆ្នោត ខ្ញុំព្រះករុណាខ្ញុំអំពាវនាវចំពោះលោកពូជុំ ម៉ី ក៏ដូចជាអំពាវនាវដល់បាតុករនៅគ្រប់ទីកន្លែង។ សូមមេត្តាបញ្ឈប់ ផ្អាកបាតុកម្ម។ ចាំបោះឆ្នោតហើយ ចាំគិតគូរគ្នាទៀត»។
លោកជុំ ម៉ី ប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យហៅថា ក្សេម ក្សាន្ត បានដឹកនាំបាតុកម្មធំមួយជាលក្ខណៈឯកជនកាលពីថ្ងៃទី៩ខែមិថុនាប្រឆាំងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្រោយពីលោកកឹម សុខាមិនព្រមសុំទោសជនរងគ្រោះនៅគុកទួលស្លែង។
លោកកឹម សុខាត្រូវបានរាយការណ៍ថា បាននិយាយថា គុកទួលស្លែងជាគុកសិប្បនិមិត្ត និងរៀបចំដោយប្រទេសវៀតណាម។ ប៉ុន្តែលោកបានច្រានចោលការលើកឡើងដូច្នេះ នៅពេលដែលលោកជុំ ម៉ីបានទទូចឲ្យលោកសុំទោសជនរងគ្រោះដោយសាររឿងនេះ។
លោកជុំ ម៉ី នៅថ្ងៃដដែលនេះបានយល់ស្របនឹងជំហររបស់លោកប្រមុខរដ្ឋាភិបាល។លោកនិយាយថា៖ «បើកាលណាយើងធ្វើបាតុកម្មតទៅទៀត វាជិតថ្ងៃបោះឆ្នោត។ អញ្ចឹងយើងធ្វើទៅមិនកើតទេ។ ដូច្នេះខ្ញុំប្រហែលជាដាក់ពាក្យបណ្តឹងប្រឆាំងលោកកឹម សុខាវិញ»។
កាលពីថ្ងៃពុធម្សិលមិញនេះ លោកកឹម សុខាបានអំពាវនាវឲ្យរដ្ឋាភិបាលធានាឲ្យមានការបោះឆ្នោត«សេរីនិងយុត្តិធម៌»នៅកម្ពុជា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការជួបជុំសំណេះសំណាលរបស់គណបក្សសង្គ្រោះជាតិចំនួនពីរកន្លែងបានរងនូវការរំខានពីក្រុមសកម្មជនដែលគេជឿថា ជាអ្នកគាំទ្រគណបក្សកាន់អំណាច នៅខេត្តកណ្តាល។
លោកកឹម សុខាបានលើកពីករណីរារាំង និងការរំខានការជួបជុំសកម្មជននៃគណបក្សលោកនៅតាមបណ្តាខេត្តនានា ដែលលោកយល់ថា ជាសកម្មភាពដែលនឹងនាំឲ្យប៉ះពាល់ដល់ការបោះឆ្នោតនាពេលខាងមុខនេះ។ លោកកឹម សុខាក៏បានព្រមានផងដែរថា ប្រសិនបើនៅតែបន្តមានការធ្វើបាតុកម្មប្រឆាំងរូបលោក នោះលោកនឹងស្នើឲ្យមានបាតុកម្មតបទៅនឹងក្រុមបាតុករដែលលោកហៅថា ជាបាតុករគាំទ្រដោយគណបក្សកាន់អំណាចនោះ។
លោកយ៉ែម ប៉ុញ្ញាឫទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនអធិប្បាយចំៗលើសេចក្តីអំពាវនាវរបស់លោកហ៊ុន សែននោះទេ ដោយចាត់ទុកថា ការធ្វើបាតុកម្មគឺជាសិទ្ធិរបស់ពលរដ្ឋទូទៅ។
លោកនិយាយថា៖ «យើងមិននិយាយរឿងផ្អាក ឬមិនផ្អាកទេ ពីព្រោះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែយើងយល់ឃើញថា ត្រូវគិតពិចារណា ថាតើប្រទេសយើងមានបញ្ហាអ្វីខ្លះ? ហើយគ្រោះថ្នាក់ដល់កម្រិតណា? គួរនាំគ្នាបង្រួបបង្រួម ផ្សះផ្សារជាតិបែបណា?»
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣នេះ។ មានគណបក្សនយោបាយចំនួនប្រាំបីចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត។
ដោយឡែកការឃោសនាបោះឆ្នោតរយៈពេល៣០ថ្ងៃនឹងចាប់ផ្តើមនៅថ្ងៃទី២៧ខែមិថុនានេះ។
នៅក្នុងពេលនេះ គណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានប្តូរវោហាសាស្ដ្រដាក់គ្នាទៅវិញទៅមកស្ទើររាល់ថ្ងៃ៕