នៅថ្ងៃអង្គារនេះ អង្គការសង្គមស៊ីវិលនិងក្រុមសកម្មជនស្ត្រីកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗតបនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានហៅស្ត្រីបាតុករមួយរូបថា «មីស្រី» និង «មីញី»។ សម្តីនេះពួកគេយល់ថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងជាការបន្ទុចបង្អាក់ការចូលរួមរបស់ស្ត្រីខ្មែរនៅក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេបាសាក់ក្នុងខេត្តកណ្តាលកាលពីថ្ងៃច័ន្ទកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិននឹងអំពើហិង្សានៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ ដោយក្នុងនោះលោកបានប្រកាសឲ្យអាជ្ញាធរ តាមចាប់ខ្លួនបាតុករ ជាពិសេសស្ត្រីម្នាក់ដែលបានធាក់សន្តិសុខដែលជួលដោយសាលាក្រុងភ្នំពេញ នាពេលនោះ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «នៅក្នុងចំណោមអ្នកវាយនឹងមានស្រីម្នាក់ ទាត់ឈូសដូចជាកីឡាកាសអញ្ចឹង តាមចាប់មីស្រីហ្នឹងមួយឲ្យបានមើល! អាហ្នឹងគេមិនមែនហៅនារីទេណា នេះគេហៅ មីស្រី ឬគេហៅញី។ លេងវ៉ៃ សុទ្ធតែធាក់សុទ្ធតែ វាហួសហេតុពេក។ មិនមែនរំលោភលើសិទ្ធស្ត្រីនោះទេណា វាហួសហេតុពេក។ អញ្ចឹងលោកប៉ូលិសនៅតែបន្តការងារ»។
ក្រុមអង្គការសង្គមស៊ីវិលនិងស្ត្រីដែលធ្វើការតស៊ូមតិនៅក្នុងប្រទេសកម្ពុជាបានសម្តែងការមិនសប្បាយចិត្តទាក់ទិននឹងសម្តីបែបនេះ។
លោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានប្រាប់VOA ថាបណ្តាញអង្គការសង្គមស៊ីវិលជាង ៥០ ដែលធ្វើការងារលើកកម្ពស់ស្ត្រីនៅកម្ពុជា បានធ្វើការប្រជុំពិសេសមួយទាក់ទិននឹង សម្តីរបស់លោកនាយករដ្ឋមន្ត្រី។ ហើយបើទោះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីមិនមែនជារឿងថ្មីក៏ដោយ ក៏ប៉ុន្តែពាក្យពេចន៍ដែលបានប្រើប្រាស់កាលពីម្សិលមិញគឺធ្វើឲ្យក្រុមស្ត្រីមានសេចក្តីកង្វល់ពីសមភាពយេនឌ័រនិងធ្វើជាគំរូមិនល្អសម្រាប់មន្ត្រីថ្នាក់ក្រោម។
«ហើយយើងក៏ដឹងដែរថាសម្តេច តែងតែ ជះកំហឹងនៅពេលដែលសម្តេចខឹង ហើយអញ្ចឹងទៅការប្រើប្រាស់ពាក្យសម្តីហ្នឹង វាធ្វើឲ្យយើងទាំងអស់គ្នាហ្នឹង មានអារម្មណ៍ថាវាពិតជាប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ស្ត្រីក្នុងសង្គមជាតិទាំងមូល ដែលអាចជះឥទ្ធិពល និងជាគំរូមិនល្អដល់មន្ត្រីខាងក្រោមឬក៏មនុស្សជំនាន់ក្រោយដែលអាចយកតម្រាប់តាម»។
លោកស្រី រស់ សុភាព បានឲ្យដឹងផងដែរថាការលើកឡើងនៅក្នុងវេទិការសាធារណៈដូច្នេះប្រៀបដូចជាបង្កើនការរើសអើងដល់ស្ត្រី ហើយវាផ្ទុយទៅនឹងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ការរើសអើងដល់ស្ត្រីភេទ។ លោកស្រីបន្ថែមថាក្រុមបណ្តាញអង្គការសង្គមស៊ីវិលនឹងធ្វើសេចក្តីថ្លែងការណ៍រួមនាថ្ងៃពុធខាងមុខនេះបន្ទាប់ពីធ្វើសេចក្តីសម្រេចលើអត្ថន័យ រួម។
អ្នកស្រី ធីតា ឃឹះ នាយិការអង្គការសីលការដែលជួយពង្រឹងសិទ្ធិស្ត្រីនៅកម្ពុជាបានឲ្យដឹងថា ការលើកឡើងនេះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីខែ្មរហើយជាការកាត់ទោសរបស់ស្ត្រីបាតុកររូបនោះមុនពេលតុលាការកាត់ទោសរូបគាត់នោះ។
«ខ្ញុំមានការសោកស្តាយដែរ ពីព្រោះថាលោកទើបតែចេញបញ្ជារឲ្យចាប់ ឧកញ៉ាសុក ប៊ុន ទាក់ទិននឹងកញ្ញាសាសា មើលឃើញថាបានលើកតម្កើង ហើយមើលឃើញការណ៍ហ្នឹងជាការខុស។ ក៏ប៉ុន្តែដល់ ចំពោះរឿងពាក្យសម្តីដែលទាក់ទងនឹងស្ត្រីមួយដែលខ្ញុំអត់ដឹងថានរណាទេ វាធ្វើឲ្យប៉ះពាល់ដល់ស្ត្រីយើងទាំងអស់គ្នាពីព្រោះអ្នកនោះឯងអត់មានឈ្មោះ ហើយការលើកឡើងសម្តីបែបនេះចំពោះថ្នាក់ដឹកនាំវាធ្វើឲ្យ ប្រជាពលរដ្ឋជាពិសេសស្ត្រី បុរសក៏អញ្ចឹងផងដែរ វាធ្វើឲ្យបន្ទាបបន្ថោក ដល់តម្លៃស្ត្រី»។
ជាមួយគ្នានោះដែរ លោកស្រីកែ សុវណ្ណារតន៍សមាជិកាសភាជាតិមកពីគណបក្សសង្គ្រោះជាតិនិងជាប្រធានគណៈកម្មាធិការទី៨នៃរដ្ឋសភាទទួលបន្ទុកកិច្ចការនារីបានបញ្ជាក់ពីភាពសោកស្តាយដែលលោកនាយករដ្ឋមន្ត្រីប្រើពាក្យមិនសមរម្យក្នុងទីសាធារណៈ។ លើសពីនេះទៀតវាធ្វើឲ្យមានន័យបន្ទុចបង្អាក់ដល់ការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
«អាហ្នឹងវាភាសាអ្នកដឹកនាំ វាអាចប៉ះពាល់ ទៅដល់ស្មារតី ទៅដល់ការបន្ទុចបង្អាក់ ទៅដល់ការរារាំង។ បើសម្តីថ្នាក់ដឹកនាំ គឺជាអ្នកចាត់ចែងកិច្ចការប្រទេសជាតិ អញ្ចឹងបើសម្តីវាប្រើទៅលើកទឹកចិត្តវាធ្វើឲ្យលើកទឹកចិត្ត តែបើប្រើគំរាម វាធ្វើឲ្យមានការភិតភ័យ»។
ទោះជាយ៉ាងនេះក៏ដោយក៏លោកស្រី កែ សុវណ្ណារតន៍លើកឡើងថាមិនមានភាពចាំបាច់សម្រាប់សភាក្នុងការកោះហៅលោកនាយករដ្ឋមន្ត្រី នោះទេ ដោយទុកឲ្យប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់ឆ្នោតធ្វើការវិនិច្ឆ័យដោយខ្លួនលោកផ្ទាល់។
យោងតាមវចនានុក្រមខ្មែរ ដែលបោះពុម្ពផ្សាយនាឆ្នាំ១៩៦៧ ដោយពុទ្ធសាសនបណ្ឌិតបានឲ្យដឹង ពាក្យថា «មី» មានដើមកំណើតពីពាក្យ «មេ» ក៏ប៉ុន្តែ វចនានុក្រមដែលមានវ័យចំណាស់មួយនេះបានឲ្យយោបល់ថាគួរប្រើ«មេ»ជំនួសវិញ។
អ្នកវិភាគនិងស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី បានឲ្យដឹងថាសម្តីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសង្គមជាតិដោយសារឥទ្ធិពលរបស់លោក។បើទោះជាគ្មានច្បាប់ណាដែរចាប់ទោសរឿងការប្រើប្រាស់ពាក្យដូច្នោះ ក៏លោកកែម ឡីបានបញ្ជាក់ថា៖
«មានពាក្យខ្មែរយើងថាសម្តីសរជាតិមាយាទសពូជ សម្តីបែបណាអត្តចរិតនិងការប្រព្រឹត្តបែបនោះ»។
លោកបានបន្តថា៖ «មនុស្សដែលនៅក្នុងសង្គមដែលមានភាពល្បីល្បាញឬក៏មានឋានៈខ្ពស់តែងតែមានឥទ្ធិពលយ៉ាងធំធេងទៅដល់សង្គមមិនត្រឹមតែស្ត្រីម្នាក់ដែលនៅស្ពាននាគមានព្រឹតិ្តការណ៍បាតុកម្មនោះទេ តែថែមទាំងប៉ះពាល់ កិតិ្តយស កិត្តិនាមស្ត្រីទូទៅ»។
ទោះជាយ៉ាងនេះក៏ដោយ លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងការពារលោក ហ៊ុន សែនដោយលើកឡើងថា លោកនាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជាមិនមានចេតនានិយាយចំពោះស្ត្រីកម្ពុជាទាំងអស់នោះទេ។ ហើយសម្តីនោះទៀតសោតវាមិនប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរអ្វីទេ។
«និយាយរួមគឺអ្នកមានមតិដែលរិះគន់សម្តេចថាធ្វើឱ្យបាត់បង់តម្លៃស្ត្រីទូទៅមិនអាចទទួលយកបាននោះទេអាហ្នឹងទី១។ ទីពីរគឺថានិយាយរួមគឺថាអ្នកដែលចាំតែសង្កេតមើលនិងចាំឲ្យតែមានចំណុចខ្សោយខុសអីតិចតួចគឺការខ្វះខាតគាត់សម្រុកយកមកពីព្រោះគាត់វាមាននិន្នាការប្រឆាំងរួចទៅហើយ»។
កាលពីឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏ធ្លាប់បានប្រើប្រាស់ពាក្យហៅស្ត្រីមួយរូបដោយលោកមិនបញ្ចេញឈ្មោះថាជាស្រ្តី «ជើងខ្លាំង»ដែលសម្តីនេះត្រូវបានគេដឹងថារូបលោក សំដៅទៅកាន់លោកស្រី មូរ សុខហួរអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនាពេលបច្ចុប្បន្ននោះ៕