ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖លោក​ឈូក បណ្ឌិត​ប្រគល់​ខ្លួន​ដើម្បី​ការពារ​មុខមាត់​គណបក្ស​កាន់​អំណាច


ស្ត្រី​រង​គ្រោះ​បី​រូប​ក្នុង​ករណី​អតីត​អភិបាល​ក្រុង​បាវិត​ ឈូក​ បណ្ឌិត​​បានដាក់​ញាតិ្ត​នៅ​រដ្ឋសភា​និង​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ ជួយ​រក​យុត្តិធម៌​សម្រាប់​រូប​ខ្លួន​ ដោយ​តាម​ចាប់​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ដូច​ករណី​អតីត​ពិធីការនី​ទូរទស្សន៍​ សាសា​ ឬ ​ឯក ​សុជាតា​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ដោយ​ ៖ មជ្ឍមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ CLEC)

សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​មេដឹកនាំ​សហជីព​ នៅ​ថ្ងៃ​ច័ន្ទនេះ​ ​ហៅ​ការ​ចូល​ខ្លួនទទួល​ទោស​របស់​លោក​ឈូក​ បណ្ឌិត​ថា ​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុងការ បន្ថយ​ការ​អាក់​អន់​ចិត្ត​របស់​សាធារណ​ជនខ្មែរ​ និង​ជា​ការ​ការ​ពារ​មុខមាត់​ និង​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់​អំណាច​បន្ទាប់​ពីលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បញ្ជា​កម្លាំង​ប៉ូលិស​ឲ្យ​តាម​ចាប់​សកម្ម​ជន​គណបក្ស​ជំទាស់​បន្ថែម​ទៀត​ ទាក់​ទិន​នឹងសំណុំ​រឿង​ហិង្សាដែល​បាន​កើត​ឡើង​នៅ​ក្បែរ​ស្ពាន​នាគ ​កាល​ពី​ឆ្នាំ​មុន។​

សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​មេដឹកនាំ​សហជីពថ្លែង​ដូច្នេះនៅ​ក្រោយ​ពេល​ដែល​លោក​ឈូក បណ្ឌិត​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅឯ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​រាជធានី​ភ្នំ​ពេញ ​ដើម្បី​ទទួល​ទោស​ដែល​តុលាការបាន​កាត់​ឲ្យ​ជាប់​គុក​១៨​ខែ​កាល​ពីរ​ឆ្នាំ​មុន​ និង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​ប្រកាស​ថា​ ​ កម្លាំង​ប៉ូលិស​នឹង​មាន​កំហុស​ ប្រសិន​ជា​សកម្ម​ជន​គណបក្ស​ជំទាស់​ និង​ទណ្ឌិត​ឈូក បណ្ឌិត​មិន​ត្រូវ​បាន​ចាប់​ខ្លួន។​

លោក​អំ សំអាត​ ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ មាន​ប្រសាសន៍​ថា លោក​ឈូក បណ្ឌិត​ពុំមាន​ចេត​នា​ចូល​ខ្លួន​មក​ទទួល​ទោស​នោះ​ទេ​ ប្រសិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនមិន​ប្រកាស​ពី​ការ​ចាប់​ខ្លួន​លោក​ ហើយ​ថា ​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​គឺ​មាន​គោល​បំណង​រក្សា​ប្រជាប្រិយ​ភាព​ជាមួយ​អ្នក​បោះ​ឆ្នោត​ ដោយ​សារ​តែ​លោក​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ដែល​ជាប់​សង្ស័យ​ថា​ មាន​ការ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​ប៉ះ​ទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ឆ្នាំ​២០១៤។​

«យើង​គិត​ទៅ​ អា​នេះ​ពាក់​ព័ន្ធ​ការ​ទាញ​ប្រជា​ប្រិយភាព​តាម​បែប​ផ្លូវ​នយោបាយ​ កុំ​ឲ្យ​គេ​រិះគន់​ថា​ ធ្វើ​តែ​ម្ខាង​ ហើយការ​ធ្វើ​នេះ​ក៏​វា​អាច​ដើម្បី​ឲ្យ​ឃើញ​ថា​ បង្ហាញ​តម្លាភាព​ថា​ អ្នក​ដែល​ពាក់​ព័ន្ធ​ត្រូវ​បាន​ចាប់​ដែរ»។​

លោក​អាត់ ធន​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ C-CAWDU​ ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កំពុង​បង្ហាញ​មហាជន​ខ្មែរ​អំពី​ការ​ធ្វើ​ឲ្យ​មាន​សិទ្ធិ​ស្មើ​ភាព​ចំពោះ​មុខច្បាប់​រវាង​អ្នកក្រ​ ខ្សត់​ខ្សោយ​និង​ អ្នក​មាន​អំណាច​ តាមរយៈការ​ប្រកាសចាប់​ខ្លួន​លោក​ឈូក បណ្ឌិត។​ លោក​បញ្ជាក់​ថា​ ​តុលាការ​សម្រេចឃុំ​ខ្លួន​លោក​ឈូក​ បណ្ឌិត​គឺ​ជាការ​ព្រមាន​ទៅ​ដល់​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ មិន​ឲ្យ​យក​គម្រូ​តាម​លោក​ឈូក បណ្ឌិត។​

«ការ​ចាប់​ឈូក​ បណ្ឌិត​ក៏ដូច​ជា​ករណី​ផ្សេង​ទៀត។​ ខ្ញុំ​គិត​ថា ​វា​អាច​ជាការ​ព្រមាន​ ទៅ​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​ដែរ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ធ្វើ​បែប​ហ្នឹង ​ព្រោះ​ទោះ​បី​អ្នក​ឯង​ធ្វើ​ក្នុង​កម្រិត​ណា​ក៏​ដោយ ​បើ​សិន​ជា​ប៉ះ​ពាល់​ទៅ​ដល់​រាង​កាយ​ ឬ​ក៏​លក្ខណៈ​ ជា​សិទ្ធិ​បុគ្គល​របស់​គេ ​អ្នក​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។​

លោក​បាន​បន្ថែម​ថា​ ​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ដោះ​ស្រាយ​សំណុំ​រឿង​ក្តី​ក្តាំធំៗនេះ​ ហើយ​ការ​រួច​ខ្លួន​របស់​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ពី​សំណាញ់​ច្បាប់​នេះ​ បាន​ក្លាយ​ជា​ទម្លាប់​មួយ​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា​ ទម្លាប់​នេះ​គួរ​តែ​ត្រូវ​លុប​បំបាត់​ដើម្បី​សង្គម​កម្ពុជា​ក្លាយ​ជា​សង្គម​មួយ​មាន​យុត្តិ​ធម៌​ពិត​ប្រាកដ។​

លោក​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង​ដែល​មក​ពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​តុលាការ​កាត់​ទោស​នៅ​ថ្ងៃ​ទី​២៥​ខែមិថុនា​ឆ្នាំ​២០១៣​ឱ្យ​ជាប់​ពន្ធនាគា​ ​ដោយ​សារ​បាន​បាញ់​ឱ្យ​របួស​កម្មការិនី​ចំនួន​៣​នាក់​ក្នុង​ពេល​ដែល​ពួក​គេ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​កាល​ពី​ឆ្នាំ​២០១២។​

ទោះ​បីជា​មាន​ការ​រិះគន់​ថា​ ស្ថាប័ន​តុលាការ​នៅ​រង​ឥទិ្ធពល​ពី​អង្គ​នីតិ​ប្រតិបត្តិ​ ក្តី​ លោក​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​ បាន​ពន្យល់​ថា៖​

«ចំពោះ​រឿង​នេះ​គួរ​បែង​ចែក​ដាច់​ពី​គ្នា។​ ទី​មួយ​ជា​យន្តការ​របស់​អំណាច​នីតិ​ប្រតិបត្តិ​ ទី​មួយ​ទៀត​ជា​យន្តការរបស់​តុលាការ ហើយ​រឿង​នេះ​វា​អត់​ពាក់​ព័ន្ធ​ដល់​ការដាក់​សម្ពាធ ឬ​ក៏​ការ​រំលោភ​ទៅ​លើ​អំណាច​តុលាការ​ទេ​ ដោយ​សារ​តែ​យន្តការ​របស់​តុលាការ​ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់​ទៅ​តាម​នីតិ​វិធី​ច្បាប់ដែល​មាន​ជា​ធរមាន​រួច​ទៅ​ហើយ​ ដោយ​បាន​ចេញ​នូវ​សាលក្រម​ស្ថាពរ​ ហើយ​បាន​ផ្តន្ទាទោស​នូវ​ទណ្ឌិត​រូប​នេះ។​ អញ្ចឹង​អ្វី​ដែល​នៅ​សល់​នោះ​គឺ​អំណាច​នីតិប្រតិបត្តិ​ ដែល​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ អនុវត្ត​សាល​ក្រម​ស្ថាពរ​នោះ​ ដោយ​តាម​ចាប់​ទណ្ឌិត​ហ្នឹង​ដើម្បី​មក​ទទួល​យក​អំណាច​សាលក្រម។ អញ្ចឹង​ការ​អំពាវនាវ​របស់​សម្តេច​នាយករដ្ឋ​មន្ត្រី​ក្នុង​នាម​ជា​ប្រមុខ​អំណាច​នីតិ​ប្រតិបត្តិ​ហ្នឹង​គឺ​ថា ​មិន​ពាក់​ព័ន្ធ​ដល់​អំណាច​តុលាការ ​ឬ​ក៏​ឯករាជ្យ​ភាព​នៃ​អំណាច​យុត្តាធិការ​ទេ»។​

រី​ឯ​លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ថ្លែង​ការ​ពារ​ដល់​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ​ អំពី​ការ​ចាប់​ខ្លួន​ទណ្ឌិត​ឈូក បណ្ឌិត​ ដោយ​លោក​អះអាង​ថា​ ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ដែល​ជាប្រធាន​គណបក្ស​កាន់អំណាចនេះ​ បាន​រួម​ចំណែក​ដល់​ការ​បង្ហាញ​ខ្លួន​របស់​ទណ្ឌិត​រូប​នេះ។​

«ខ្ញុំ​គិត​ផ្ទាល់​ខ្លួនខ្ញុំ​ទេ​ណា៎​ នែ​អា​ហ្នឹង​វា​ជា​ការ​រួម​ចំណែក​ដែរ។​ ប្រកាស​របស់​សម្តេច​នាយកជា​ការ​រួម​ចំណែក​ដែរ។​ យើង​មើល​កន្លង​មក​ ដូច​ជា​ផ្ទាល់​ខ្លួន​ខ្ញុំ​ទេ ​ ការ​រួម​ចំណែក​ បាន​សេចក្តី​ថា​ នែ​សាម៉ី​ខ្លួន​ឃើញ​ទេ​ សូម្បីតែ​ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​មិន​គាំទ្រ​ខ្លួន​ដែរ​ណា៎។​ ចង់​និយាយ​អញ្ចឹង»។​

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​ ជន​រងគ្រោះ​ទាំង​បី​នាក់​ដែល​រង​ការ​បាញ់​ប្រហារ​ពី​លោក​ឈូក បណ្ឌិត​បាន​ដាក់​ពាក្យ​ប្តឹង​មក​រដ្ឋ​សភា​ជាតិ​ដើម្បី​សុំ​អន្តរាគមន៍​តាម​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត ​និង​ទាមទារ​យុត្តិធម៌។ ​ពួកគេ​បាន​ប្រៀបធៀប​សំណុំ​រឿង​របស់​ពួក​គេ​ជាមួយ​នឹង​សំណុំ​រឿង​កញ្ញា​ឯក សុជាតា​ ​ហៅ​សាសា ​អតីត​ពិធីការិនី​ទូរទស្សន៍​ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​ នៅ​ពេល​ដែល​នាង​ត្រូវ​ឧកញ៉ា​សុខ ប៊ុន​វាយ​តប់​ធ្វើ​បាប​យ៉ាង​សាហាវ​ឃោរឃៅ។​

កញ្ញា​នុត សាខន វ័យ​២៥​ឆ្នាំ​ បាន​និយាយប្រាប់​វីអូអេ​ថា​ កញ្ញា​មាន​ក្តី​សប្បាយ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា​ លោក​ឈូក បណ្ឌិត​បាន​ចូល​ខ្លួន​ទទួល​ទោស​ ​តែ​កញ្ញា​ថ្លែង​ថា​ ស្នាម​របួស​របស់​នាង​ដែល​បង្ក​ដោយ​អតី​តអភិបាលក្រុង​បាវិត​នេះ​ ធ្វើ​ឲ្យ​នាង​ខាត​បង់​លុយ​កាក់​ជាច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺដោយ​គ្រាប់​កាំភ្លើង។​

«សម្រាប់​ខ្ញុំ​ គាត់​ចូល​មក​អញ្ចឹង​ ខ្ញុំ​មាន​អារម្មណ៍​អស់​ចិត្តបង។​ ខ្ញុំ​អត់​ចង់​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ​ទេ។​ ប៉ុន្តែ​ ខ្ញុំ​គិត​ថា ​សំណង​វា​តិច​ពេក​បង​ ព្រោះ​អី?​ សម្រាប់​ពួក​ខ្ញុំ​ រាល់​ថ្ងៃ​ បើ​សិនជា​ខ្ញុំ​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ឈូក បណ្ឌិត​ ខ្ញុំ​នឹងនិយាយត​ទល់​ជាមួយ​គាត់​ផ្ទាល់តែ​ម្តង​ថា​ ​តម្លៃ​ប៉ុណ្ណឹង​ ​ បាញ់​ខ្ញុំស្ទើរ​ស្លាប់​ ស្ទើរ​រស់​ រយៈ​ពេល​បួន​ឆ្នាំ​ហើយ​ ខ្ញុំ​ខាត​បង់​ពេល​វេលា​អស់​ប៉ុន្មាន​ ធ្វើការ​មិន​ដែល​ពេញ​ខែ ឈប់​អី​អញ្ចឹង​ណា៎បង»។​

ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ក្នុង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ប្រកាស​បញ្ជា​ឲ្យ​កម្លាំង​ប៉ូលិស​តាម​ចាប់​ជន​សង្ស័យ​ដែលជាប់​ពាក់​ព័ន្ធ​ក្នុង​ព្រឹត្តិ​ការណ៍​ប៉ះទង្គិចហិង្សា​មួយ​នៅ​ក្បែរ​ស្ពាន​នាគ​ កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៤ ​រវាង​ក្រុម​បាតុករ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​កង​កម្លាំង​សន្តិសុខ​ជួល​ដោយ​សាលា​ខណ្ឌ​ដូនពេញ។​ នៅ​ក្នុង​ពេល​ប្រកាស​នោះ ​លោក​នាយក​រដ្ឋ​មន្ត្រីក៏​បាន​រំឭក​ដល់​ទណ្ឌិត​ឈូក បណ្ឌិត​ផង​ដែរ៕​


អត្ថបទ​ទាក់ទង

XS
SM
MD
LG