ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ការពារ​បាតុកម្ម​របស់​​កង​ទ័ព​ទាមទារ​ដក​តំណែង​លោក​កឹម សុខា​


មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ លោក ទៀ បាញ់ និង លោក សុខ អាន ទទួលស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ កាល​ពីថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ២០១៥​ (ហ៊ាន សុជាតា/ VOA)។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក្នុង​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​ពី​ប្រទេស​បារាំង​វិញ​មាន​ប្រតិកម្ម​​ចំពោះ​ការ​វាយ​អ្នក​តំណាង​រាស្ត្រ​ និង​​ចំពោះ​បញ្ហា​នយោបាយ​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា​ កងទ័ព​មាន​សិទ្ធិ​ក្នុង​ការ​គាំទ្រ​សកម្ម​ភាព​បាតុកម្ម​ ខណៈ​ដែល​លោក ​ហ៊ីង ប៊ុនហៀង​ មេ​បញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​អគ្គ​បញ្ជាការ​ដ្ឋានកង​យោធពលខេមរភូមិន្ទ និយាយថា​ កង​ទ័ព​មិនមែន​បង្កើត​ឡើង​ដើម្បី​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ​ តែ​បង្កើត​ឡើង​ដើម្បី​ការ​ពារ​ជាតិ​ប៉ុណ្ណោះ។​

មេ​ដឹកនាំ​យោធា​កម្ពុជា​ទាំង​ពីរ​រូបនេះ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ នៅ​ពេល​ដែល​កំពុង​រង់​ចាំ​ការទទួល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ត្រឡប់​មក​ពី​ប្រទេស​បារាំង​វិញ។ លោក​ទៀ បាញ់​មាន​ប្រសាសន៍​បញ្ជាក់ប្រាប់អ្នក​យក​ព័ត៌មាន​ថា៖​

«អាហ្នឹង​គេ​គាំទ្រ​ មាន​កំហុស​អី?​ ឥឡូវ​សុំ​សួរមើល!​ ឥឡូវ​គេ​គាំទ្រ​គឺ​ទាំង​អស់​គ្នា​គេ​គាំ​ទ្រ។​ អា​រឿង​បញ្ហា​ហ្នឹង​គឺ​អត់​មានអីកំហុស​ទេ។​ ធ្វើ​នេះ​គឺ​ការ​បញ្ចេញ​មតិ​របស់​គេ​ គឺ​មិន​មាន​ប្រព្រឹត្ត​អ្វី​ទៅ​លើ​ហិង្សា​អី​ទាំង​អស់។​ ទាំង​អស់​ហ្នឹង​គឺ​សុទ្ធ​សឹង​តែ​សិទ្ធិ​ទាំង​អស់​ ព្រោះ​ទាំង​អស់​គ្នា ​យោធា​ក៏​វា​ជាមនុស្ស​ដូច​ប្រជាជន​ដែរ​ មាន​អារម្មណ៍​ដូច​តែ​គ្នា​ហ្នឹង​ គឺ​ចេះ​ឈឺ ចេះ​ឃ្លាន​អី​ គ្រប់​ទាំង​កំហឹង​អារម្មណ៍​ តែ​បញ្ហា​ហ្នឹង​ហើយ​ណ៎ា​ មាន​អី​ដែល​ត្រូវ​ប្លែក​ជា​មួយនឹង​ប្រជាជន​ទូទៅ»។​

ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​សួរ​អំពី​អព្យាក្រិត្យ​ភាព​របស់​កងទ័ព​ទាក់​ទិន​ជំហរ​គំាទ្រ​បាតុកម្ម​ដ៏ហិង្សានេះ​ ​លោក​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​បន្ថែមថា៖​

«អព្យាក្រិត្យក្នុង​តំណែង​ហ្នឹង​ទេ​ អ្វី​នៅ​ក្នុង​តំណែង​ហ្នឹង។ ក៏​ប៉ុន្តែ​ សិទ្ធិ​ក្នុង​ការ​គាំទ្រ​ សិទ្ធិ​ក្នុង​ការ​ដែល​នរណា​មក​ មិន​ពេញ​ចិត្ត​ជាមួយ​អ្នកណា​ហ្នឹង​ អាហ្នឹង​គឺសិទ្ធិ​របស់​មនុស្ស​ម្នាក់ៗ»។​

រី​ឯ​លោក ​ហ៊ីង​ ប៊ុនហៀង​ ​ដែល​ឈរ​គៀក​នឹង​លោក​ ទៀ បាញ់​ ថ្លែង​ថា​ កងទ័ព​កម្ពុជា​មិន​មែន​បង្កើត​មក​សម្រាប់​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ។

«ខ្ញុំ​សូម​បញ្ជាក់​បន្តិច​ កងទ័ព​នៅ​ក្រោម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ មាន​ភារកិច្ច​ការពារ​ជាតិ​ ការពារ​សន្តិ​សុខ​សង្គម​ ឬ​ក៏​ប្រជា​ពលរដ្ឋ»។​

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ក្រុម​អ្នក​តវ៉ា​ប្រឆាំង​លោក​កឹម សុខា​ជាង​១.០០០​នាក់​ ​ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា​ ​ធ្វើ​ការ​ស្រែក​សុំ​ឲ្យប្តូរ​លោក​កឹម សុខា​ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋសភា។​ ​ក្រុម​អ្នក​តវ៉ា​ភាគ​ច្រើន​បាន​រំសាយ​ពី​មុខ​រដ្ឋសភា​ ​ក្រោយ​ពេល​ដែល​អ្នក​តំណាង​រដ្ឋ​សភា​ចេញ​មក​ទទួល​ញតិ្ត។​ ក៏​ប៉ុន្តែក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​ដែល​គេ​ជឿថា​ នៅ​សេស​សល់ ​បាន​រារាំង​រថយន្ត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មុន​នឹង​អូសតំណាងរាស្ត្រចេញ​ពី​រថយន្ត​ ​និង​ធ្វើ​ការ​វាយ​តប់​នោះ។​

មួយ​ថ្ងៃ​ក្រោយ​ពី​ការ​វាយ​តប់​យ៉ាង​ហិង្សានេះ​ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ ​ហើយ​និង​ក្រុម​សង្គម​ស៊ីវិល​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ ថ្កោល​ទោស​អំពើ​ហិង្សា​នោះ​ និង​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ស្វែងរកជន​ដៃ​ដល់។​ ក្នុង​ចំណោម​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​អស់​នោះ​មាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ផង​ដែរ។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​មាន​ទីតំាង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ ​សហ​រដ្ឋ​អាមេរិក​នេះ បាន​និយាយ​ថា «ការ​វាយ​ប្រហារ​យ៉ាង​យង់​ឃ្នង»​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​គឺ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ធ្លាប់​បាន​កើត​ឡើង​ចំពោះ​គណបក្ស​ជំទាស់​ ដែល​ធ្លាប់​បានប្រកួត​ប្រជែង​នឹង​លោក​នាយ​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នា​អំឡុង​ឆ្នាំ​១៩៩០។​ ​អង្គការ​សិទ្ធិ​មនុស្ស​ដដែល​នេះ​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដ៏​ជាក់​លាក់​មួយ​ដោយអង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស។​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ក៏​បាន​បញ្ជាក់​បន្ថែមថា​ បាតុកម្ម​ប្រឆាំង​លោក​ កឹម សុខា គឺ​មាន​ការ​គាំទ្រ​ពី​លោក​ឧត្តមសេនីយ៍​ គន់ គីម​ សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​កា​រទម្លាក់​លោក​ កឹម សុខា ​ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា​ក្នុង​ថ្ងៃ​បាតុកម្ម​នោះ​ផង​ដែរ។​

សេចក្តី​ថ្លែងការណ៍​រួមមួយ​ផ្សេង​ទៀត​របស់​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ស្រុក​ រួមមានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​សិទ្ធិ​មនុស្ស​ ​ADHOC​ អង្គការ​សិទ្ធិ​មនុស្ស​ ​LICADHO​ ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ CLEC​ និង​សមាគម​ធាង​ត្នោត​ជា​ដើម​ ​បាន​បញ្ជាក់​ពី​ការ​បារម្ភ​ ​និង​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​នាថ្ងៃ​ច័ន្ទ។​ សេចក្តី​ថ្លែង​ការណ៍រួម​ ដែល​បាន​ចេញ​កាល​ថ្ងៃ​អង្គារ​កន្លងនេះ​ ​បាន​អះ​អាង​ថា​ ក្នុង​ចំណោម​បាតុករ​ ​ដែល​ធ្វើ​ការ​ស្រែក​ប្រឆាំង​នឹង​លោក​កឹម សុខា​ ​នៅ​មុខ​រដ្ឋសភា​កាលថ្ងៃ​ច័ន្ទ​នោះ​ ក៏​មាន​កង​សន្តិសុខ ​និង​មន្ត្រី​នគរបាល​ ​ហើយ​ភាគ​ច្រើន​មាន​ចង​ក្រមា​ ឬ​មាន​ក្រណាត់​ក្រហម​បិទ​ភ្ជាប់​នឹង​អាវ​សម្រាប់ជា​សញ្ញា​ផង​ដែរ។ ​អ្នក​តវ៉ា​ជា​ច្រើន​រយ​នាក់​បាន​ឡោម​ព័ទ្ធ​ផ្ទះ​លោក​កឹម សុខា​ជា​ច្រើន​ម៉ោង ​ដោយ​មាន​ការ​គប់​ដុំ​ថ្ម​ផង​ដែរ​ ​បន្ទាប់​ពី​ពួក​គេ​បាន​រំសាយ​គ្នា​ពី​មុខ​រដ្ឋ​សភា​នា​ថ្ងៃ​ច័ន្ទ​នោះ។ មួយ​ថ្ងៃក្រោយការ​កើតឡើង​នៃ​បាតុកម្ម​ហិង្សា​នេះ​ រដ្ឋ​សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​អំពើ​ហិង្សា​នេះដែរ។​

តំណាងរាស្ត្រ​ ដែល​រង​ការ​វាយ​ដំនោះ​ គឺ​លោក​ គង់ សភា​ តំណាងរាស្ត្រ​ខេត្ត​ស្វាយរៀង​ និង​លោក ​ញ៉យ ចំរើន​ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។​ ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ទាំងពីរ​នាក់​នេះ​ ​បាន​ចាក​ចេញ​ទៅ​ព្យាបាល​របួស​នៅប្រទេស​ថៃ។​ លោក ​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​របស់លោក​ទៅ​សួរ​សុខ​ទុក​តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់​នោះ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នា​ទីក្រុង​បាងកក​ប្រទេស​ថៃ។​ ​

នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ ក្រសួង​មហា​ផ្ទៃ​បាន​បើក​កិច្ច​ប្រជុំ​ស្តី​ពី​ការ​បើក​កិច្ច​ប្រតិបតិ្តការ​ស្រាវជ្រាវ​ស្វែង​រក​ជន​សង្ស័យ​ដែល​បង្ករបួស​ស្នាម​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពី​រនាក់នោះ​ បន្ទាប់​ពី​លោក​ ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវ​ជាវ​មួយ​ស្វែងរក​ជន​សង្ស័យ​ក្នុង​ហេតុ​ការណ៍​វាយ​ដំ​តំណាងរាស្រ្ត​ដ៏ហិង្សា​នេះ​ កាលពី​ថ្ងៃ​អង្គារ។ ​គណៈកម្មការ​នេះ​នឹង​ស្វែង​រក​សាក្សី​ ភស្តុ​តាង​ដែល​ពាក់​ព័ន្ធ​ ដើម្បី​ស្វែង​រក​ជន​សង្ស័យ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ ឲ្យ​បានលឿន​បំផុត​ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​សហការ​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​របស់​ គេហ​ទំព័រ​ព័ត៌មាន​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។

ការ​បើក​ការ​ស្រាវជ្រាវ​នេះ​ធ្វើឡើង​ទន្ទឹម​គ្នា​នឹង​មាន​សេចក្តី​រាយ​ការណ៍​មក​ថា​ អ្នក​បើក​បរ​រថយន្ត​របស់​អ្នក​តំណាង​រាស្ត្រ​ដែល​រង​ការ​វាយ​ប្រហារ​ ត្រូវ​គេ​កោះ​ហៅ​ទៅ​សាកសួរ​អំពី​ព្រឹត្តិការណ៍​វាយ​ប្រហារ​នោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក្នុង​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​ពី​ប្រទេស​បារាំង​វិញ​មាន​ប្រតិកម្មចំពោះ​ការ​វាយ​អ្នក​តំណាង​រាស្ត្រ​ និងចំពោះ​បញ្ហា​នយោបាយ​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាននាំ​មក​ជាមួយ​នូវ​ប្រាក់​កម្ចី​សម្បទាន​ជា​ច្រើន​លាន​អឺរ៉ូ​ពី​ប្រទេស​បារាំង​ និង​បាន​ធ្វើ​សន្ធិ​សញ្ញា​បត្យាប័ន​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា​ និង​បារាំង​ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ចំនួន​បួន​ថ្ងៃ​នៅ​ប្រទេស​បារំាង។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ ដែល​បាន​អម​ដំណើរ​លោក​នាយក​រដ្ឋ​មន្ត្រី​ទៅ​កាន់​ប្រទេស​បារាំង។

លោកបណ្ឌិត​កៅ គឹមហួន ​រដ្ឋ​មន្ត្រី​អម​ប្រតិភូ​នាយករដ្ឋ​មន្ត្រី​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ថា​ រដ្ឋាភិបាល​បារាំង​ដឹកនាំ​ដោយលោក​ប្រធានាធិបតី ​François Hollande ​បាន​យល់​ព្រម​ផ្តល់​ប្រាក់​កម្ចី​ចំនួន​១០៤​លាន​អឺរ៉ូ​ គឺ​ប្រហែល​ជា​១១៥​លាន​ដុល្លារ​អាមេរិកដល់​រដ្ឋាភិបាល​កម្ពុជា​ សម្រាប់​អនុវត្ត​គម្រោងទឹក​ស្អាត​នៅ​ខេត្ត​សៀមរាប​ ការ​សាង​សង់​សាលាបណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ និង​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​ខេត្ត​កោះកុង​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​ក្រចេះ។ ​លោក​និយាយថា​ ចាប់​ពី​ឆ្នាំ​១៩៩៣​រហូត​មក​ដល់​ឆ្នាំ​២០១៥​នេះ​ រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ជំនួយ​ឥត​សំណង​ និង​ប្រាក់​កម្ចី​សម្បទានពី​រដ្ឋាភិបាល​បារាំង​ចំនួន​៤០៦​លាន​អឺរ៉ូ​គឺ​ប្រហែល​ជា​ជាង​៤៤៨​លាន​ដុល្លារ​អាមេរិក៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG