ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្ពាធ​កើន​ឡើង​លើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​នាំ​អ្នក​វាយប្រហារ​តំណាងរាស្ត្រ​មក​កាត់ទោស

  • ម៉ែន គឹមសេង

នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ពី លោក​ គង់​ សភា​ ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​ នា​វេលា​ថ្ងៃ​ត្រង់​ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។

ការវាយ​តប់​ទាត់​ធាក់​យ៉ាង​ឃោរឃៅ​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​គេ​ថត​បាន​និង​បង្ហោះ​តាម​បណ្តាញ​សង្គម​​បង្ក​ឱ្យ​មាន​​ប្រតិកម្ម​ថ្កោសទោស​យ៉ាង​ខ្លាំង​​ក្លា​ពី​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ ​ស្ថានទូត​បរទេស​និង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហើយ។

ការវាយ​តប់​ទាត់​ធាក់​យ៉ាង​ឃោរឃៅ​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​គេ​ថត​បាន​និង​បង្ហោះ​តាម​បណ្តាញ​សង្គមបង្ក​ឱ្យ​មានប្រតិកម្ម​ថ្កោសទោស​យ៉ាង​ខ្លាំងក្លា​ពី​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ ​ស្ថានទូត​បរទេស​និង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហើយ​ទាម​ទារ​ឱ្យ​នាំ​យក​អ្នក​ប្រព្រឹត្ត​មក​ផន្តា​ទោស។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​«ថ្កោលទោស​សកម្មភាព​ទាំងនេះ‍» ​ហើយ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ធ្វើការ​«ស៊ើបអង្កេត​ឱ្យ​បានពេញលេញ ​និង​ប្រកប​ដោយ​តម្លាភាព‍»។

គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ថា​វាគឺ​ជា​«អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​និង​ជា​ការ​រំលោភ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នកតំណាងរាស្ត្រ‍»។ ​

តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​គឺ​លោក​ញ៉យ ចំរើន​ និង​លោក​គង់ សភា ​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​វាយប្រហារ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​កាលពីថ្ងៃ​ច័ន្ទ​ក្នុង​ពេល​ដែល​ពួកគេ​ចាកចេញ​ពី​វិមាន​រដ្ឋ​សភា​។

រូបភាព​វីដេអូ​ដែលបាន​បង្ហោះតាម​បណ្តាញ​សង្គម​បង្ហាញឱ្យឃើញ​ថាជនវាយ​ប្រហារមាន​ចងក្រម៉ា​នៅ​ នឹង​ចង្កេះ ​និង​មាន​ម្នាក់​រុំមុខ​នឹង​កន្សែង​ពណ៌​បៃតង​ខ្ចី​ជា​អ្នក​ទាត់​ធាក់​ចំលើ​ទ្រូង​លោក​ញ៉យ ចំរើន​មុន​នឹង​បក្ស​ពួក ​ហៅ​ឱ្យ​ដើរ​ចេញ។

លោកញ៉យ ចំរើន ​ដែល​ក៏ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​រៀបរាប់​ពី​ហេតុការណ៍​នោះ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដែល​តាម​សម្ភាស​ដល់​គ្លីនិក​សម្រាក​ព្យាបាល​ថា​លោក​មិន​បាន​ឆ្លើយឆ្លង​អ្វី​នឹង​ក្រុម​អ្នក​វាយ​ប្រហារ​នោះ​ទេ​គឺ​ពួកគេ​មក​ដល់​ហើយ​ចាប់ផ្តើម​វាយ​ប្រហារ​តែម្តង​ដោយ​មិន​បាន​សួរ​នាំ​អ្វី ទាំងអស់។

លោក​បាន​រៀបរាប់​ពី​ស្ថាន​ភាព​មុខ​របួស​របស់​លោក​ថា​លោក​រងរបួស​ត្រង់​ភ្នែក​ ច្រមុះ ​ថ្គាម ​និង​ដៃ៖

«ឥឡូវ​នេះ​គ្រោះ ​ថ្នាក់​ខ្លាំងណាស់​។ ភ្នែក​ខ្ញុំ​វា​មើល​អត់​ឃើញម្ខាង​ ហើយ​បែក​ភ្នែក​ ច្រមុះបាក់​ ហើយ​បាក់​ថ្គាម។ ចុកខ្លាំង​ណាស់​។ ហើយ​ដៃ​ក៏បាក់​ដែរ‍»។​

រីឯ​លោក​គង់ សភា ​ត្រូវ​បាន​ក្រុម​អ្នក​វាយ​ប្រហារ​ទាញ​ចេញ​ពី​រថយន្ត​មក​ព្រួត​គ្នា​ទាត់​ធាក់​ហើយ​ត្រូវ​អ្នក​បើក​បរ​មក​ជួយ​គ្រា​ដាក់​បញ្ចូល​រថយន្ត​ហៀប​នឹង​បើក​ចេញ​ក៏​ មាន​បុរស​ម្នាក់​ដែល​នៅ​ក្នុង​ដៃ​មាន​កាន់​វិទ្យុទាក់ទង​ស្ទុះ​ទៅ​ទាញ​ចេញពី​រថយន្ត​ជាលើក​ទីពីរ​មក​ទាត់​ធាក់​រហូត​អស់​ចិត្ត​មុន​នឹង​ពួកគេ​ទុក​ឱកាស​ឱ្យ​អ្នក​បើក​បរ​រថយន្ត​ជួយ​គ្រា​ជនរងគ្រោះបញ្ចូល​រថយន្តបើក​ចេញទៅ​ក្រោម​ក្រសែ​ភ្នែក​របស់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣០​នាក់​ដែរ។

លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​នៅ ​ក្នុង​គ្លីនិក​ព្យាបាល​មួយ​ថា៖

«ពេល​ដែល​ចាប់​អារម្មណ៍​ចេញ​ពី ​ច្រក​មក​ឃើញ​អ្នក​ចងក្រម៉ា​និយាយ​ID ថា​ឡាន​ហ្នឹង​ហើយ​។ ចឹង​វា​មាន​ឱ្យ​គ្នា​វា​មួយ​ឈប់​មុខ​ឡាន​ហើយ​វា​បើក​ទ្វារ​ឡាន​យើង​ទាញ​អូសទម្លាក់​វាយ​យក​តែម្តង‍»។

ការវាយ​ប្រហារ​នេះ​កើត​មាន​ឡើង​រយៈ​ពេល​ជាង​មួយ​ម៉ោង​ក្រោយ​ពី​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សាលារាជធានី​ភ្នំពេញ។ រូបភាព​វីដេអូ​នានា​បង្ហាញ​ថាទាំង​បាតុករ​និង​ក្រុម​អ្នក​វាយ​ប្រហារ​មាន​ចងក្រម៉ា​នៅ​នឹង​ចង្កេះ​និងមាន​ប្រើប្រាស់វិទ្យុ​ទាក់​ទង​គ្នា​ស្ទើរ​គ្រប់ដៃ។

​បាតុកម្ម​ដែល​បាន​បញ្ចប់​មុន​ពេល​វាយ​ប្រហារ​នោះ​រៀបចំ​ឡើងដោយ​ក្រុម​អ្នកតវ៉ា​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែនក្នុង​នោះមាន​ក្រុម​យុវជន​សម្ព័ន្ធសេនានាគ​ដែល​ធ្លាប់​បានស្បថស្បែរដើម្បី ​ការពារ​អំណាច​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​លុះ​ក្ស័យ​ជីវិត។

លោក ប៉ាន់ខែម ប៊ុនថន ​ប្រធាន​ប្រតិបត្តិ​ ក្រុមយុវជន​សម្ព័ន្ធ​សេនានាគ​បាន​ស្រែក​ប្រកាស​ក្នុង​ពេល​បាតុកម្ម​នោះ​ថា​លោក​តំណាង​ឱ្យ​ពលរដ្ឋ​ជាច្រើន​ខេត្ត​មក​ទាមទារ​ឱ្យ​លោក​កឹម សុខា​ចុះចេញ​ពី​តំណែង​អនុប្រធាន​សភា។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្តែង​ការសោកស្ដាយ ​និង​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​ហើយ​សន្យា​ថា​នឹង​ចាត់វិធានការ​ស្រាវជ្រាវ​ចាប់​ជនដៃដល់​ទាំងនោះមក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ប៉ុន្តែ​បាន​ថ្លែង​ការ​ពារ​ថា​បើ​ទោះបី​ជា​ការធ្វើ​បាតុកម្ម​ខាងលើ​នេះ​ពុំបាន​ជូន​ដំណឹង​ម​ក​សាលា​រាជធានី​ភ្នំពេញ​ក៏​បាតុកម្ម​នោះ​បានរំសាយ​នៅម៉ោង ១០ និង៣០នាទីព្រឹក​ថ្ងៃ​ដដែល ។

លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថ្កោលទោស​ការវាយប្រហារ​នោះ​ប៉ុន្តែ​លោក​ក៏​បាន​ចាត់​ទុក​ការ​អំពាវនាវ​របស់​សា្ថន​ទូត​សហរដ្ឋ​អាមេរិក​ថា​«គឺ​ជា​ប្រតិកម្ម​មួយ​ដែល​ញ៉ាំង​ឲ្យ​ករណី​នេះ​មាន​ភាពស្មុគស្មាញ​លើស​ដើម‍»។
លោក​បន្ថែម​ថា៖

«ខ្ញុំ​ជឿជាក់​ថា​សេចក្តី​អំពាវនាវ​នេះ ​មាន​ទិដ្ឋភាព​ជា​ការបង្គាប់​បញ្ជា​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់​ទាំង​សភាជាតិ​ផង​ដែរ។ ការអំពាវនាវ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ពេល​នេះ ​គឺ​រឹតតែ​បង្ហាញ​នូវ​ភាពក្រអឺត​ក្រទម​ និង​អាច​ចាត់​ជា​ការជ្រៀតជ្រែក ​ប្រាស់​ចាក​ពី​ការងារ​ទូត​ ដែល​មិនមែន​ជា​ការបង្គាប់​បញ្ជា​នៃ​ការងារ​របស់​ខ្លួន​ឡើយ‍»។

លោក​បាន​ចោទ​ជា​សំណួរ​ថា​ កាល​ពីមានឧប្បទ្ទវហេតុ​ កើត​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​បាតុករ​បង្ករ​របួស​ស្នាម ​ហិង្សា​ប្រឆាំង​និង​ភ្នាក់ងារ​សន្តិសុខ​ រក្សា​សណ្តាប់​ធ្នាប់​ហេតុអ្វី​ក៏ស្ថានទូត​មិន​ចេញ​ថ្កោលទោស៕

XS
SM
MD
LG