ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅឃុំ​របស់​ផលិតករ​ភាពយន្ត​អូស្រ្តាលី


រូបឯកសារ៖ អ្នកផលិត​ភាពយន្ត​​ឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក​​ James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យក​​មក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ អ្នកផលិត​ភាពយន្ត​​ឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក​​ James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យក​​មក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

លោក​ James​ Ricketson​ វ័យ​ ៦៨​ ឆ្នាំ​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ ​ក្រោម​បទ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ «ចារកម្ម»​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តាម​មាត់​ទន្លេ​នៃ​ទីក្រុង​ភ្នំពេញ​ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧។

តុលាការ​កំពូល​បាន​សម្រេច​នៅព្រឹក​ថ្ងៃអង្គារនេះ​មិន​អនុញ្ញាត​ឲ្យ​អ្នកផលិត​ភាពយន្ត​ឯកសារ​សញ្ជាតិ អូស្ត្រាលី​ ឈ្មោះ​ James Ricketson ​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ​ ដោយសំអាង​ថា​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​មិន​ទាន់បញ្ចប់​កិច្ចស៊ើបសួរទៅលើ​ជន​ជាប់ចោទរូបនេះ​ ក្នុងសំណុំ​រឿង​ចារកម្ម​។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​ចៅក្រម​តុលាការ​កំពូល។

នៅក្នុង​ការ​ប្រកាស​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃទី​ ​៣០​ ខែ​មករា​ ឆ្នាំ​ ២០១៨​ នេះ​ លោក​ Ricketson ​ខកខាន​មិនបាន​ស្តាប់ការ​ប្រកាស​សេចក្តីសម្រេចនោះទេ​ ដោយសារ​លោក​ត្រូវគេ​ឃើញ​ថា​ បាន​មក​ដល់​ក្នុង​តុលាការ​ បន្ទាប់​ពី​តុលាការ​បាន​ប្រកាស​សេចក្តីសម្រេច​រួច​ទៅហើយ។ លោក​ត្រូវបាន​ឆ្មាំគុក ​នាំមក​ដល់តុលាការ​ប្រមាណជា​ជាង​៣០នាទី ក្រោយការ​ប្រកាស​សេចក្តី​សម្រេច​របស់​តុលាការ។

លោក​ ស៊ឹង បញ្ញាវុធ​ ប្រធាន​អង្គប្រឹក្សា​ជំនុំជម្រះ​ បាន​ប្រើពេល​ជិត​២០នាទី​ ប្រកាស​សេចក្តីសម្រេច​ចិត្ត​ក្នុងករណីព្រហ្មទណ្ឌ​ផ្សេងៗ​គ្នា​ចំនួន​ប្រាំ មុន​ឈាន​ដល់​ការ​ប្រកាស​សាលដីការ​លើការ​ស្នើសុំ​នៅ​ក្រៅឃុំ​របស់​លោក​ Ricketson។ លោកចៅក្រម​ ស៊ឹង បញ្ញាវុធ​ បានប្រកាសតម្កល់​ទុក​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ ដែលមិន​អនុញ្ញាត​ឲ្យលោក​ Ricketson ​បាន​ស្ថិត​នៅក្រៅ​ឃុំ​។ លោក​បានប្រកាស​នៅ​ក្នុង​សាលសវនាការ​ ដែលមានអ្នក​ចូលរួម​ស្តាប់​ភាគច្រើន​ជា​ក្រុម​អ្នកកាសែត​តាមន័យ​ដើម​យ៉ាង​ដូច្នេះ៖

«​សាលាឧទ្ធរណ៍​មិន​ដោះលែង ជាការ​ត្រឹមត្រូវ​ ខណៈដែល​សាលាដំបូង​រាជធានីភ្នំពេញ​កំពុង​ស៊ើប​អង្កេត»។

រូបឯកសារ៖ អ្នកផលិត​ភាពយន្តឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យកមក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ អ្នកផលិត​ភាពយន្តឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យកមក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

លោក​ James​ Ricketson​ វ័យ​ ៦៨​ ឆ្នាំ​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ ​ក្រោម​បទ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ «ចារកម្ម»​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តាម​មាត់​ទន្លេ​នៃ​ទីក្រុង​ភ្នំពេញ​ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧។

ការ​ឃុំ​ខ្លួន​ និងការ​ចាប់​ខ្លួន​របស់​លោក​ Ricketson​ ​បាន​ធ្វើ​ឡើង​ក្រោយ​អ្នក​ផលិត​កុន​ឯកសារ​ជន​ជាតិ​អូស្ត្រាលី​រូប​នេះ​ បាន​ប្រើ​ម៉ាស៊ីន​ដ្រូន​ (drone) ថត​យក​រូបភាព​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ហែរពី​វត្ត​ចាស់​កាត់​តាម​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​មក​ចំ​កណ្តាល​រាជ​ធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ២មិថុនា​ ឆ្នាំ​ ២០១៧។

អ្នកស្រី​ ពឹង យក់ហៀប​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ James Ricketson ​សុំមិនធ្វើការ​អធិប្បាយ​ ក្រោយ​សវនាការ​នៅតុលាការ​កំពូល។

អ្នកស្រី​ Alexandra Kennett​ ដែល​ជា​មិត្ត​ស្រីកូនប្រុស​របស់​លោក​ Ricketson បាន​សំដែង​ការ​ខកចិត្ត​សារ​ជាថ្មី​ ចំពោះ​ការណ៍​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក Ricketson ​បាន​ស្ថិតនៅក្រៅឃុំ​។ ទោះ​បី​ជា​យ៉ាង​ណាក៏ដោយ​ អ្នកស្រី​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​តុលាការ​កំពូល​ថា​ ដំណើរ​ការកាត់​ក្តី​ប្រកបដោយ​តម្លាភាព​ និង​នីតិវិធី​ច្បាប់ត្រឹមត្រូវនឹង​អាច​កើតមាន​ ចំពោះ​លោក Ricketson។

«គ្រួសារ​លោក​ Ricketson ​បាន​សុំ​ឲ្យខ្ញុំ​និយាយថា​ ពួកគេ​ពិតជាមានការ​អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​លទ្ធផល​នៃការ​កាត់​សេចក្តីថ្ងៃនេះ ហើយ​ជាពិសេសនោះ​ គឺសាលក្រម​ដែល​បានច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅឃុំ​ បាន​ធ្វើឡើង​ដោយ​កំបាំង​មុខ»។

អ្នកស្រីបានថ្លែងបន្តថា​៖

«​ប៉ុន្តែ​យើង​ពិតជាសង្ឃឹមថា​ យើង​អាចឃើញ​រឿងក្តីនេះ​នឹង​ដំណើរការទៅមុខ​ប្រកប​ដោយ​តម្លាភាព​ ហើយ​បញ្ចប់ក្តីនេះ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ស្ថាន​ទូតអូស្រ្តាលី​ប្រចាំ​ប្រទេសកម្ពុជា​ មិន​បានឆ្លើយតប​ទៅនឹង​សំណួរ​របស់​ VOA តាម​សារអេឡិក ត្រូនិក​អ៊ីម៉េល​ ពាក់​ព័ន្ធ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃ​អង្គារ​នេះ ​តែមន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជកម្ម​អូស្រា្តលី​ បាន​បញ្ជាក់​ថា​ ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជកម្ម​អូស្រា្តលី​ បាន​បន្ត​ផ្តល់​សេវាកុងស៊ុល​ដល់​លោក​ Ricketson។

រឿងក្តី​របស់​លោក​ Ricketson កំពុង​ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​នៅ​ប្រទេស​អូស្រា្តលី​ ពោល​គឺ​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​អូស្រា្តលី​ឲ្យ​ខ្នះខ្នែង​ការពារលោក​ Ricketson បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ជា​ទី​ដែល​ អ្នក​កាសែត​ម្នាក់​ឈ្មោះ​ Peter Greste ​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប កាល​ពី​ឆ្នាំ​ ២០១៤​ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​អ្នកស្រី​ Julie Bishop រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អូស្រា្តលី។

លោក​ Peter Greste​ បាន​ផ្តល់​ការ​គាំទ្រ​ដល់​លោក​ Ricketson ដោយ​លោក​បាន​បង្ហោះ​សារ​លើ​គណនី​ Twitter​ ​របស់​លោក​តាម​ន័យ​ដើម​កាល​ពី​ចុង​ខែ​ធ្នូ​ថា៖

«សូម​ជួយ​ធ្វើ​ឲ្យ​មាន​សេរីភាព​ដល់​អ្នក​កាសែត​ម្នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ។​ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បាន​បង្ហាញ​ថា​ លោក​ James Ricketson​ នៅ​ប្រទេស​កម្ពុជា មាន​ទោស​ចំពោះ​អ្វី​មួយ​ដែល​លោក​បាន​ធ្វើ​ ​ក្រៅ​តែ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​[លើ​កិច្ចការ​លោក] ​នោះ​ទេ»។

ឆ្លើយ​តប​នឹង​ព័ត៌មាន​អំពី​ការ​លើក​ពេល​សេចក្តី​សម្រេច​តុលាការកាលពីពេល​កន្លងមកនេះ លោក Peter Greste​ បាន​សរសេរ​ក្នុង​ Twitter ថា​កម្ពុជា​ត្រូវ​តែ​ដោះលែង​លោក James Rocketson ប្រសិន​បើ​មិន​មាន​ភស្តុតាង។

លោក​ Peter Greste​ បាន​ទទូច​សុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Twitter ដែល​តាម​រូប​លោក​ ធ្វើ​ញត្តិ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ Ricketson។ ញត្តិ​ដែល​អង្វរករ​លោក​ Malcolm Turnbull នាយក​រដ្ឋមន្ត្រី​ប្រទេស​អូស្រ្តាលី​ អ្នកស្រី​ Julie Bishop ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក​ Christian Porter ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​អន្តរាគមន៍​ បានប្រមូល​ហត្ថលេខា​ចំនួន​ជាង​ ៦០.០០០​ហត្ថលេខា គិត​មក​ត្រឹមចុង​ខែ​មករានេះ។

លោក​ Ricketson​ ត្រូវ​បាន​ចោទប្រកាន់​តាម​ខ​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ដែល​ហាម​ឃាត់​ការ​ប្រមូល​យក​ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​បរទេស ដែល​មាន​សក្ដានុពល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ប្រទេស​ [កម្ពុជា] ហើយ​អាច​ ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៥ ទៅ​ ១០​ឆ្នាំ។

មិន​ទាន់​មាន​ភស្តុតាង​ជា​ដុំ​កំភួន​សម្រាប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ Ricketson ​ដែល​មិន​ត្រឹម​តែជា​បុគ្គល​មួយ​រូប​ត្រូវ​បាន​គេ​កោត​សរសើរ​ចំពោះ​ការ​គាំទ្រ​របស់​លោក​ខាង​មនុស្សធម៌​ទៅ​លើ​គ្រួសារ​ក្រីក្រ​នោះ​ទេ​ តែ​លោក​ថែម​ទាំង​បាន​ប្រមូល​ផ្តុំ​សត្រូវ​ជាច្រើន​ តាម​ការណ៍​ដែល​លោក​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ក្រុម​អង្គការ​សង្គមស៊ីវិល​ ដែល​លោក​ចោទ​ថា​ បាន​ធ្វើ​ការ​កេង​ប្រវ័ញ្ច​លើ​ជន​ក្រ​ខ្សត់។

នៅ​មុន​ការ​បោះឆ្នោត​ជាតិ ​ខែ​កក្កដា​ ឆ្នាំ​ ២០១៨​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​បើក​ការ​បង្រ្កាប​មិន​រួញរា​ដៃ​ទៅ​លើ​អង្គការ​សង្គមស៊ីវិល​ ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ និង​សារ​ព័ត៌មាន​ឯករាជ្យ​ ក៏​ដូច​ជា​អង្គភាព​ព័ត៌មាន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

លោក​ Ricketson​ បាន​ជាប់​ឃុំ​បណ្ដោះអាសន្ន​ប្រមាណ​៧​ខែ​មក​ហើយ​ ​គិត​ចាប់​តាំង​ពី​ការ​ចាប់​ឃុំខ្លួន​លោកកាល​ពី ​ខែ​មិថុនា​ ឆ្នាំ​ ២០១៧៕

XS
SM
MD
LG