ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​-អាមេរិកាំង​គាំទ្រ​ចលនា​សង្គ្រោះជាតិ


រូប​ឯកសារ៖​ បដា​​របស់​បាតុករ​ខ្មែរ​អាមេរិកាំង​ អំឡុងពេល​មហា​បាតុកម្ម​នៅ​ពី​មុខ​សេតវិមាន​ប្រចាំ​សហរដ្ឋអាមេរិក​​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
រូប​ឯកសារ៖​ បដា​​របស់​បាតុករ​ខ្មែរ​អាមេរិកាំង​ អំឡុងពេល​មហា​បាតុកម្ម​នៅ​ពី​មុខ​សេតវិមាន​ប្រចាំ​សហរដ្ឋអាមេរិក​​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

នៅ​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​មករា​​​នេះ ​ចលនា​សង្គ្រោះ​ជាតិ​នឹង​ប្រកាស​ចាប់​ផ្តើម​​សកម្មភាព​​របស់​ខ្លួន​នៅ​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វ័រញ៉ា​ ជាទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​រស់នៅ​ច្រើន​​ជាង​គេ​​បំផុត​នៅ​សហរដ្ឋ​អាមេរិក។

អង្គការ​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ (CAHRAD) ​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ទទួលស្គាល់​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិបើ​ទោះ​បី​ជា​អាជ្ញាធរ​កម្ពុជា​ចាត់​ទុក​ចលនា​នេះ​ថា​ខុស​ច្បាប់​និង​គំរាម​បង្ក្រាប​ក៏ដោយ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា​ អង្គការ CAHRAD ​បាន​ចាត់​ទុក​ចលនា​សង្គ្រោះជាតិ​ ថា​មាន​ផលប្រយោជន៍​ស្រដៀង​គ្នា​នឹង​សកម្មភាពរបស់​ពួកខ្លួន។

អង្គការ​នេះ​បាន​បន្ថែម​ថា៖

«នៅ​ពេល​ណា​មាន​ចលនា​ដោយ​សន្តិភាព​និង​អហិង្សា​ដើម្បី​ប្រមូល​ផ្តុំ​ពលរដ្ឋ​កម្ពុជា​ការពារ​សិទ្ធិរបស់​ពួកគេ​កាន់តែ​ច្រើន​គឺ​កាន់តែ​ប្រសើរ​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ យុត្តិធម៌​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា‍»។​

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា​ លោក សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្តី​ពី​ការ​រៀបចំ​បង្កើត​ចលនា​សង្គ្រោះ​ជាតិជា​ផ្លូវការ​នៅខែ​មករា​នេះ​ដោយ​ក្នុង​នោះ​លោក​បាន​បង្ហោះ​ឯកសារ​ស្តីពី​សមាសភាព​ស្ថាបនិក​ជាច្រើន​រូបដែលមក​ពី​គណបក្សសង្គ្រោះ​ជាតិ។ ក្នុង​នោះ​មាន​លោក​ សម​ រង្ស៊ី ​លោកស្រី​ ជូឡុង សូម៉ូរា លោក ​អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ ​ជាដើម។

នៅ​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​មករា​នេះ ​ចលនា​សង្គ្រោះ​ជាតិ​នឹង​ប្រកាស​ចាប់​ផ្តើមសកម្មភាពរបស់​ខ្លួន​នៅ​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វ័រញ៉ា​ ជាទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​រស់នៅ​ច្រើនជាង​គេបំផុត​នៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់របស់លោកស្រី មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ចលនា​នេះ​បង្កើត​ឡើងក្នុង​គោលបំណង​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុម​ស្ថាបនិក។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​ប្រកាស​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ មាន​ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។​ លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ដូចគ្នា​នេះ​ដែរ។

សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ​ថា​ជា​ការ​បំបិទ​សំឡេង​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

បន្ទាប់​ពី​មាន​ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​មាន​សេចក្តី​រាយការណ៍​នានា​ពី​ការ​ខ្វែង​គំនិត​គ្នារវាង​មន្ត្រី​គណបក្ស​ដែល​មាន​ប្រភព​ដើម​មកពី​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក ​កឹម សុខា​ និង​គណបក្ស​ សម រង្ស៊ី។

លោក អ៊ុង រិទ្ធី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥​ ខែ​មករា​លាលែង​ចេញ​ពី​ចលនា​នេះ​វិញ​បន្ទាប់​ពី​ចូលរួម​បាន​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​លោក​លើក​ហេតុផល​ពី​ការ​«មិន​យល់​ស្រប​គ្នា‍»ក្នុង​ការ​បង្កើត​ចលនា​នេះ​និង​ដើម្បី​ទុក​ពេលបន្ត​ទាមទារឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា​ និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត។

​លោក​ ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិក៏​ប្រកាស​មិន​ចូលរួម​ជាមួយ​ចលនា​នេះ​ដែរ។​

នៅ​ក្នុង​សារ​មួយ​ទៅកាន់​អ្នកសារព័ត៌មាន​លោក សម រង្ស៊ី​ បាន​បញ្ជាក់​ថា ​វា​ជា​ការ​យោគយល់​បាន​ដល់​អារម្មណ៍​របស់​លោក កឹម សុខា​ ដែល​មិន​អាច​សម្តែង​ការ​គាំទ្រ​ចលនា​នេះ​បាន​ព្រោះ​វា​ជាគ្រោះថ្នាក់​ចំពោះ​គាត់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​ ហ៊ុន សែន​ ក្នុង​ពេល​ដែល​ចលនា​សង្គ្រោះ​ជាតិ​ប្រកាស​ពី​គោលបំណង​ប្រឆាំង​ដើម្បី​បញ្ចប់​ការ​ដឹកនាំ​ផ្តាច់​ការ​របស់​លោក​ ហ៊ុន សែន។

លោក​ សម រង្ស៊ី ​បាន​បន្ថែម​ទៀត​ថា៖

«ដើម្បី​ហេតុផល​សន្តិសុខ​និង​ដើម្បី​ឱ្យ​ចលនា​របស់​យើង​ដែល​ទើប​បង្កើត​ថ្មី​នេះ​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ខ្ញុំ​សូម​ស្នើ​ឱ្យ​មេដឹកនាំ​ពិត​ប្រាកដ​នៃ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​បរទេស​កុំ​សម្តែង​ការ​គាំទ្រ​របស់​ពួកគេ​ដោយ​ចំហ​ និង​កុំ​បង្ហាញ​ឈ្មោះ​របស់​ពួក​គេ‍»។

អាជ្ញាធរ​កម្ពុជា​បាន​ចាត់​ទុកចលនា​សង្គ្រោះ​ជាតិ​ ថា​កំពុង​តែ​រៀបចំ​ធ្វើ​សកម្មភាព​«ភេរវកម្ម​‍» ​គឺ​«មិន​មែននយោបាយទេ‍» ​ហើយ​ថា​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​មាន​ទោស​ រួម​ទាំង​លោក ​កឹម សុខា​ ផង​ដែរ​បើ​ទោះ​បី​ជា​លោក​ប្រកាស​មិន​ចូលរួម​ក៏ដោយ។ ​

អង្គការ ​CAHRAD ​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​គឺ​អង្គការ​នេះ​មិន​មើល​ឃើញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដនៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​និង​យក​អាសនៈ​សភា​ទាំង​៥៥​និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជិត​៥.០០០​ទៅ​ចែក​ឱ្យ​បក្ស​ដទៃ​មក។

អង្គការ ​CAHRAD ​បាន​បន្ថែម​ថា៖

«សកម្មភាព​មិន​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​ប្រហែល​ពាក់​កណ្តាល​ប្រទេស​បាត់បង់​ជំនឿ​របស់​ពួកគេ​មក​លើ​រាជរដ្ឋាភិបាល​និង​ដំណើរការ​បោះឆ្នោត​ដែល​ជា​រូបមន្ត​មួយ​ដែល​អាច​នាំ​ទៅ​ដល់​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​និង​តំបន់‍»។

អង្គការ ​CAHRAD ​ធ្វើ​ការ​យ៉ាង​ជាប់​ជា​ប្រចាំ​ជាមួយ​នឹង​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រមូល​ផ្តុំ​សហគមន៍​ខ្មែរ​ធ្វើ​សកម្មភាព​លើកស្ទួយ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យក្នុង​នោះ​មាន​ការចូលរួម​រំឭក​ជា​ប្រចាំ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​ទាមទារ​ឱ្យ​ភាគី​កម្ពុជា​នានា​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមពៀង​ដែល​បាន​ចុះ​បាន​ចុះ​ហត្ថលេខាកាល​ពី​២៦​ឆ្នាំ​មុន​មួយ​នេះ។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​នេះ៕

XS
SM
MD
LG