ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ស្នើ​ប្រេសិត​អ.ស.ប.​ធ្វើ​របាយការណ៍​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​ និង​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា​


លោក ​វិទិត មុនតាប៊ន ​(Vitit Muntarbhorn) ប្រេសិត​​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចូល​​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាល​ពី​​ថ្ងៃ​​ទី​១៦ ​ខែ​សីហា ​ឆ្នាំ​២០២២​ នៅរាជធានី​ភ្នំពេញ។ (ហ្វេសប៊ុក/នាយករដ្ឋមន្ត្រី ហ៊ុន សែន)
លោក ​វិទិត មុនតាប៊ន ​(Vitit Muntarbhorn) ប្រេសិត​​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចូល​​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាល​ពី​​ថ្ងៃ​​ទី​១៦ ​ខែ​សីហា ​ឆ្នាំ​២០២២​ នៅរាជធានី​ភ្នំពេញ។ (ហ្វេសប៊ុក/នាយករដ្ឋមន្ត្រី ហ៊ុន សែន)

ក្នុង​ជំនួប​មួយ​ជាមួយ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុ​ជា ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ស្នើ​ឱ្យ​ប្រេសិត​រូប​នោះ​ធ្វើ​របាយការណ៍​ឱ្យ​មាន​ភាព​ត្រឹមត្រូវ ​តម្លាភាព ​និង​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​នេះ​បើ​យោង​តាម​លោក​ អ៊ាង សុផល្លែត ​ជំនួយ​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន។​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រេសិតរបស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក ​វិទិត មុនតាប៊ន​(Vitit Muntarbhorn) ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​ទី​១៦ ​ខែ​សីហា ​ឆ្នាំ​២០២២​ នៅ​វិមាន​សន្តិភាព ​ក្នុង​រាជធានី​ភ្នំពេញ។​

បើ​តាម​លោក​ អ៊ាង សុផល្លែត​ លោក​ ហ៊ុន សែន ​ចង់​ឃើញ​របាយការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​តុល្យភាព​ ដែល​មិនគួរ​លម្អៀង​ទៅ​ខាង​ភាគី​ណា​មួយ​ឡើយ។​

លោក ​អ៊ាង សុផល្លែត ​ថ្លែង​តាម​សម្តី​របស់​លោក ​ហ៊ុន សែន​ ថា៖​«របាយការណ៍​របស់​អ្នក​កាន់​អាណត្តិ​ពិសេស ​គួរ​រៀបចំ​របាយការណ៍​ដែល​ឆ្លុះ​បញ្ចាំង​ការណ៍​ពិត ​ជាក់ស្តែង​ ត្រឹមត្រូវ​ និង​មាន​តម្លាភាព​ និង​គួរ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​និន្នាការ​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​ ដូច​ជា​ការ​ប្រើ​សម្តី​ស្អប់​ខ្ពើម​ ការ​បង្កាច់​បង្ខូច​ ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ការ​អុច​អាល ​និង​ការ​ញុះញង់ ​ដែល​ជ្រក​ក្រោម​ស្លាក​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ»។​

លោក ​ហ៊ុន សែន ​បន្ថែម​ថា​ រដ្ឋាភិបាល​មិន​អាច​លូក​ដៃ​ចូល​កិច្ច​ការ​របស់​តុលាការ​ឡើយ។ ​នេះ​បើ​តាម​លោក ​អ៊ាង សុផល្លែត។​

វីអូអេ​មិន​ទាន់អាច​សុំ​ការ​ឆ្លើយ​តប​ពី​ការិយាល័យ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

យោង​តាម​គេហ​ទំព័រ​របស់​អង្គការ​សហ​ប្រជាជាតិ ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយ​ការណ៍​ពិសេស​មក​កម្ពុជា​នេះ​ ចាប់​ពី​ថ្ងៃទី​១៥ ​ដល់​២៦ ​ខែ​សីហា ​ឆ្នាំ​២០២២ ​គឺ​ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្សនៅ​កម្ពុជា។​

លោក ​ជិន ម៉ាលីន ​អនុ​ប្រធាន​និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​កម្ពុជា​ទទួល​ស្វាគមន៍ដំណើរ​ទស្សន​កិច្ច​របស់​លោក ​វិទិត មុនតាប៊ន ​ហើយ​ថា ​រដ្ឋាភិបាល​ត្រៀម​រួច​ជា​ស្រេចដើម្បី​ពិភាក្សាក៏ដូច​ជា​ពន្យល់​បន្ថែម​នូវ​អ្វី​ដែល​អ្នក​រាយ​ការណ៍​ពិសេស​ចង់​ដឹងដើម្បី​មាន​មូលដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ។​

ទោះ​ជាយ៉ាង​ណា ​អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា​ របាយការណ៍​នេះ​ជា​គំនិត​ និង​ការ​យល់​ឃើញរបស់​អ្នក​រាយការណ៍​ពិសេស​ ដែល​មិន​បង្ហាញ​ពី​ទស្សនៈ​របស់​អង្គការ​សហ​ប្រជាជាតិ​ឡើយ។​ លោក​បន្ថែម​ថា ​កម្ពុជា​រីករាយ​ទទួល​យក​អនុសាសន៍​ដែល​ស្រប​នឹង​ទិដ្ឋភាព​ជាក់​ស្តែងរបស់​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ព្រោះ​កន្លង​មក គាត់​ចេញ​អនុសាសន៍ ​អនុសាសន៍​មួយ​ចំនួន​ដែល​យើ​ង​អាច​ពិចារណា​បាន ​ហើយ​អនុសាសន៍​មួយ​ចំនួន​ទៀត​ដែល​វា​ខុស​ពី​ស្ថាន​ភាព​ពិត​ជាក់​ស្តែង​ ហើយ​ខុស​ពី​ទិដ្ឋភាព​ច្បាប់​ និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា»។​

លោក ​នី សុខា ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​ប្រាប់​វីអូអេ​ថា​ កន្លង​មក ​រដ្ឋា​ភិបាល​កម្ពុជា​តែង​តែ​បដិសេធ​របាយការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស ​ហើយ​មិន​ព្រម​ធ្វើ​ទៅ​តាម​អនុសាសន៍​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ឡើយ។​ លោក​បន្ថែម​ថា​ ការណ៍​នេះ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​យើង​ នៅ​ពេល​ដែល​គេ​រក​ឃើញ​ហើយ ​យើង​ចេះ​តែ​ច្រាន​ចោល​ ចេះ​តែ​បដិសេធ​គ្រប់​អនុសាសន៍​ទាំងអស់​ហ្នឹង​ ហើយ​យើង​មិន​បាន​ព្រម​កែ​ប្រែ ​ឬ​ក៏​មិន​បាន​ព្រម​ស្តារ​ឡើង​វិញ​នូវ​អ្វី​ដែល​គេ​បាន​រក​ឃើញ​ហ្នឹង​ អាហ្នឹង​ហើយ​ដែល​ជា​រឿង​ប៉ះ​ពាល់​ដល់​មុខ​មាត់ ​ហើយ​វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​ការ​ធ្វើ​ទំនាក់​ទំនង​ផ្សេងៗ​ទៀត»។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លើក​ឡើង​ថា​ កាល​ណា​អ្នក​រាយ​ការណ៍​ពិសេស​រក​ឃើញ​ថា​ បើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ទេ​ នោះ​មុខ​មាត់​កម្ពុជា​នឹង​កាន់​តែ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរ​ជាតិ ​និង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​ផង​ដែរ ​ដូច​ជា​ការ​បាត់​បង់​បន្ថែម​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​សព្វាវុធ​ ឬ​ EBA (Everything But Arms) ​ជា​ដើម។​

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​បញ្ហា​សិទ្ធិ​មនុស្ស​យើង​មិន​ត្រូវ​បាន​ស្តារ​ ឬ​ក៏​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើង​ទេ ​ក្រៅ​តែ​អំពី​មុខ​មាត់​រដ្ឋាភិបាល ​យើង​ក៏​អាច​ប្រឈម​នឹង​ការ​បាត់​បង់​បន្ថែម​ទៀត​ទៅ​លើ​ការ​អនុ​គ្រោះ​ពន្ធ​ផ្សេងៗ»។​

គួរ​បញ្ជាក់​ថា ​ដំណើរ​ទស្សន​កិច្ច​ដោយ​ផ្ទាល់​មក​កាន់​ប្រទេស​កម្ពុជា​របស់​លោក​ វិទិត មុនតាប៊ន​ នឹង​មាន​ការ​ពិភាក្សា​ក៏​ដូចជា​កិច្ច​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស ​ហើយ​បន្ទាប់​មក​លោក​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​ការ​រក​ឃើញ​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ​ខែ​សីហា ​វេលា​ម៉ោង​២​រសៀល។ ​អ្នក​រាយ​ការណ៍​ពិសេស​រូប​នោះ​ក៏ នឹង​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​របស់​លោក​ទៅ​កាន់​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជា​ជាតិ ​នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​២០២២​ផង​ដែរ៕

XS
SM
MD
LG