ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រាជធានី​ភ្នំពេញ​ចោទ​​កូដករ​ណាហា្គវើលដ៍​ថា​​ ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​ នាំ​ឱ្យ​មាន​«ការ​​ប៉ះ​ទង្គិច​បន្តិច​បន្តួច»​


រូបថតនៅលើទំព័រហ្វេសប៊ុករបស់អង្គការលីកាដូ បង្ហាញរបួសស្នាមដែលស្ត្រីពីរនាក់បានរងគ្រោះក្នុងពេលប៉ះទង្គិចជាមួយអាជ្ញាធរ គ្រាពួកគេបានចូលរួមធ្វើកូដកម្មប្រឆាំងក្រុមហ៊ុនណាហ្គាវើលដ៍ នៅរាជធានីភ្នំពេញ។ (រូបថតដោយលីកាដូ/ហ្វេសប៊ុក)
រូបថតនៅលើទំព័រហ្វេសប៊ុករបស់អង្គការលីកាដូ បង្ហាញរបួសស្នាមដែលស្ត្រីពីរនាក់បានរងគ្រោះក្នុងពេលប៉ះទង្គិចជាមួយអាជ្ញាធរ គ្រាពួកគេបានចូលរួមធ្វើកូដកម្មប្រឆាំងក្រុមហ៊ុនណាហ្គាវើលដ៍ នៅរាជធានីភ្នំពេញ។ (រូបថតដោយលីកាដូ/ហ្វេសប៊ុក)

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចោទ​ក្រុម​បាតុករ​ជា​អតីត​បុគ្គលិក​ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ (NagaWorld) ប្រមាណ​៩០​នាក់​ថា​ កំពុងបន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ច្រំ​ដែលៗក្នុង​ចេតនា​ធ្វើ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បាក់​មុខ​ បាក់​មាត់​ ខណៈ​ក្រុម​នេះ​បន្ត​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​ក្នុង​ទីក្រុង​ភ្នំពេញ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

សេចកី្ត​ប្រកាស​របស់​អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ពន្យល់​ថា ក្រោម​ការ​រៀបចំ​ផែនការ​រួច​ជា​ស្រេច​របស់​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​នៅ​ពី​ក្រោយ​ការ​រៀបចំ​ឈុត​ឆាក​សម្តែង​ ក្នុង​ន័យ​បង្កើត​រូបភាព​អវិជ្ជមាន​ បង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នោះ ​«ក្រុម​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​យ៉ាង​គឃ្លើន​ជា​ដដែលៗ»។​

អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្តល់​ការ​កត់​សម្គាល់​ថា​ ជាក់​ស្តែង​នៅ​វេលា​ម៉ោង​ ១៥:១៥​នាទី​នា​ថ្ងៃ​ទី​១១​ខែ​សីហា​ ​ ក្រុម​បាតុករ​បាន​«រៀបចំ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ទម្លាក់​កំហុស​មក​លើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ (ថា ​បាន​ប្រើ​អំពើ​ហិង្សា​លើ​បាតុករ) ​ដោយធ្វើ​សកម្មភាព​ញុះញង់​ ដុត​កម្តៅ​ បញ្ឆេះ​កំហឹង​ បន្ត​ការ​ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សាធារណៈ​ ហើយ​ថែម​ទាំង​ជាន់​កម្ទេច​បំផ្លាញ​ប៉ារាស​ ធ្វើ​ឱ្យ​ខូច​ខាត​ជិត​២០​ផ្ទាំង»។​

សេចក្តី​ប្រកាស​ដដែល​របស់​អ្នក​នាំ​ពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញលើក​ឡើង​ទៀត​ថា​ ក្រុម​បាតុករ​បាន​ប្រើ​ហិង្សា​ថែម​ទៀត​មក​លើ​សមត្ថកិច្ច​រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច ​និង​ថា ​ដូច​ផែនការ​ដែល​បាន​គ្រោង​ទុក​ ក្រុម​អគតិ​មួយ​ក្តាប់តូច​បាន​ធ្វើការបង្ហោះ​ ចែក​ចាយ​នូវ​រូបភាព​ដែល​បាន​ចងក្រង​ទុក​ជា​មុន​ ក្នុង​ន័យ​ទម្លាក់​កំហុស​មក​លើ​សមត្ថកិច្ច។​ ​

កូដករ​ណាហ្គាវើលដ៍​បញ្ជាក់​ថា​ ស្ត្រី​ជា​កូដករ​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ក្រោយ​រង​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ដែល​បាន​វាយ​ ទាត់​ ធាក់​ ពួក​គេ​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​នៅ​ក្បែរ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ ចេញផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ ​

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់ត្រាល់​លោក​ ឃុន ថារ៉ូ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អាជ្ញាធរ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​រក​អ្នក​ដែល​បង្ក​ហិង្សា​ក្នុង​ព្រឹត្តិ​ការណ៍​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច​ និង​កូដករ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ ​លោក​ថ្លែង​ថា៖​ «អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេតឱ្យ​បាន​ច្បាស់​លាស់​ទៅ​នឹង​បុគ្គល​ដែល​គាត់​ប្រើ​ប្រាស់​ហិង្សា​ ជាពិសេស​សន្តិសុខ​អាជ្ញាធរ​ទាំង​អស់​ហ្នឹង​ ព្រោះ​យើង​មើល​ឃើញ​ថា​ វា​មាន​នូវ​ភ័ស្តុតាង​ច្បាស់​លាស់​ហើយ​ដែល​ខាង​អាជ្ញាធរ​ហ្នឹង​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅលើ​កូដករ»។​

បើ​តាម​លោក​ ឃុន ថារ៉ូ​ ចំណាត់​ការ​ផ្លូវ​ច្បាប់​ណាមួយ​ដែល​សាលា​រាជធានី​ប៉ុនប៉ង​ធ្វើ​មក​លើ​កូដករ​ណាហ្គាវើលដ៍​ជា​ចេតនា​ដាក់​សម្ពាធ ​គំរាម​កំហែង​ បំបាក់​ស្មារតី មិន​ឱ្យ​កូដករ​ប្រើប្រាស់​សិទ្ធិ​តវ៉ា​របស់​ពួក​គេ​ ដែល​មាន​ចែង​តាម​ច្បាប់​ស្តីពី​ការងារ​ និង​ច្បាប់​ពាក់​ព័ន្ធ​ផ្សេង​ទៀត។​

អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​១១​ ខែ​សីហា​ថា​ ចំពោះ​ព្រឹត្តិ​ការណ៍​កាល​ពី​ថ្ងៃព្រហស្បតិ៍​ តាម​រយៈ​ភ័ស្តុតាង​ដែល​មាន​ស្រាប់​នានា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចង​ក្រង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការដើម្បី​នាំ​ជន​ដៃដល់​មក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់​នូវ​សកម្មភាព​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ «ប្រើ​អំពើ​ហិង្សា​មក​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ចក៏ដូច​ជា​ប្រមាថ​មក​លើ​មន្ត្រី​រាជ​ការ​កំពុង​បំពេញ​ភារកិច្ច»។​

លោក ​ម៉េត មាសភក្តី ​អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ វិធាន​ការ​ច្បាប់​ដែល​នឹង​មាន​ទៅលើជន​សង្ស័យ​ដែល​បង្ក​អំពើ​ហិង្សា​ មិន​មែន​ជា​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ក្រុម​កូដករ​ទេ។​

លោក​ថ្លែង​ថា៖​ «ច្បាប់​ហ្នឹង​សម្រាប់​ដាក់​ពិន័យ​ ឬក៏​កម្រិត​អ្នក​ធ្វើ​ខុស​ត្រូវ​ទទួលទៅតាម​កំហុស​របស់​ខ្លួន ​ទៅ​តាម​ទោស​ទណ្ឌ​ ទៅ​តាម​ទំហំ​នៃ​អ្វី​ដែល​ខ្លួន​ធ្វើ​ខុស។​ អ៊ីចឹង​ច្បាប់​ហ្នឹង​ វា​ជា​បន្ទាត់​មួយ​សម្រាប់​តម្រង់​មនុស្ស​យើង​ ឱ្យ​ប្រជា​ពលរដ្ឋ​របស់​យើង​ហ្នឹង​ជា​ពលរដ្ឋ​ល្អ។ ​បើ​យើង​អត់​មាន​ច្បាប់​ទេ​ លួច​ឆក់​ប្លន់​អ៊ីចឹង​ទៅ​ ក៏ៗ​អត់​អី បាញ់​សម្លាប់​គេ​ក៏​អត់​អី​ លក់​គ្រឿង​ញៀន​ក៏​អត់​អី»។​

ទោះ​មាន​ការ​បកស្រាយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បែប​ណា​ក្តី ​ មេដឹកនាំ​សហជីព​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា​ ឈឹម ស៊ីថរ ​ថ្កោល​ទោស​ចំពោះ​ហិង្សា​ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មក​លើ​កូដករ​ ពី​សំណាក់​បុគ្គល​ដែលគេ​មិន​ស្គាល់​អត្ត​សញ្ញាណ​ ហើយ​ដែល​ត្រូវ​បាន​ការពារ​ដោយ​សាលា​រាជធានី​ភ្នំពេញ​ទៅ​វិញ។​

កញ្ញា​ថ្លែង​ថា៖​ «អ្នក​ដែល​មក​វាយ​កូដករ​ហ្នឹងគឺ​អាជ្ញាធរ​ស្លៀក​ឯក​សណ្ឋាន​ ហើយ​មាន​ជន​ស៊ីវិល​ទៀត​ មាន​ជន​ស៊ីវិល​អត់​មាន​ឯក​សណ្ឋាន​ទៀត​ គឺ​ក្រុម​អន្ធពាល​តែ​ម្តង។ ​យើង​ឃើញ​ថា​ គឺ​ប្រើប្រាស់​ពួក​អន្ធពាល​មក​ធ្វើ​សកម្ម​ភាព​ហិង្សា​លើ​កូដករ​ជា​ស្ត្រី​ទាំង​អស់​ហ្នឹង​តែ​ម្តង។ ​អ៊ីចឹង​ហើយ​យើង​ឃើញ​ បានន័យ​ថា​ យើង​ថ្កោល​ទោស​ ហើយ​នឹង​សោកស្តាយ​ណាស់​ដែល​សាលាក្រុង​បែរ​ជា​ចេញ​មុខ​មក​កាង​ពួក​អន្ធពាល»។​

ដោយ​ឡែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី ​ចក់ សុភាព​ ធ្វើ​ការ​កត់​សម្គាល់​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ហ្វេសប៊ុក​ ​ថា​ រាល់​ពេល​ជួប​ជុំ​របស់​កូដករ​ណាហ្គាវើលដ៍​តែង​ត្រូវ​រង​ការ​រឹត​ត្បិត​និង​ករណី​ខ្លះ​មាន​ប្រើ​ហិង្សា​បង្ក​របួស​ស្នាម​ដល់​ស្ត្រី​កូដករ​ជាច្រើន ​ដែល​ទង្វើ​នេះ​អាជ្ញាធរ​គួរ​មាន​ចំណាត់​ការ​ទប់​ស្កាត់​មិន​ឱ្យ​កង​កម្លាំង​សមត្ថ​កិច្ច​ធ្វើ​បែប​នេះ។ ​អ្នកស្រី​បន្ត​ថា​ តែ​ជា​រឿយៗ ​ អាជ្ញាធរ​បែរ​ជា​ការ​ពារ​ការ​ប្រើ​ទម្រង់​ហិង្សា​ និង​បន្ត​ចោទ​ប្រកាន់​កូដករ​ថា​ បង្កើត​រូបភាព។ល។ ​និង​ចោទ​តំណាង​សហជីព ​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ករណី​នេះ​ថា​ នៅ​ពីក្រោយកូដកម្ម​ជាដើម។​

អ្នកស្រី​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​ «ការ​ចេញ​មុខ​ការ​ពារ​រាល់​ទម្រង់​ហិង្សា​លើ​ស្ត្រី​គឺ​ជា​រឿង​ខុសឆ្គង​ ខណៈ​កម្ពុជា​ចង់​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ [និង]​កុមារ​ ហើយ​យើង​ប្រកាស​ថា ​កម្ពុជា​ជា​ប្រទេស​សន្តិភាព​ ឬ​ស្រឡាញ់​សន្តិភាព​នោះ»៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG