ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ឈប់​សំណួរ​អ្នក​កាសែតរឿង​ទាស់​សម្ដី​ជាមួយ​ប្រមុខ​ការ​ទូត​ម៉ាឡេស៊ី​


ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ថត​រូប​ជាមួយ​នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (AP)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​បញ្ចប់​សន្និសីទ​កាសែត​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ភ្លាមៗ​ក្រោយ​អ្នក​កាសែត​តាំង​សំណួរ​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ពាក្យ​សម្ដី​កាល​ពី​ខែ​មុន​រវាង​លោក​និង​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ជុំវិញ​ដំណើរ​ទស្សនកិច្ច​ទៅ​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​របប​យោធា​នៅ​ប្រទេស​ភូមា។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) បាន​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​និង​នៅថ្ងៃ​ព្រហស្បតិ៍នេះហើយបាន​ជួប​លោក ហ៊ុន សែន នៅ​វិមាន​សន្តិភាព​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

នៅ​ក្រោយ​ជំនួប​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​បាន​ធ្វើ​សន្និសីទ​កាសែត​រួមមួយដែល​អ្នក​សួរ​ទី​ពីរ​គឺ​លោក ជា ធីរិទ្ធ ​អ្នក​សារ​ព័ត៌មាន​ទូរទស្សន៍​បាយ័ន​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ស្រី ហ៊ុន ម៉ាណា កូនស្រី​លោក​ហ៊ុន សែន។

លោក​ ជា ធីរិទ្ធ ​បាន​ចោទ​សួរ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​យ៉ាងដូច្នេះ៖ «ហើយ​ទៅកាន់​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​របស់​ឯកឧត្ដម​បាន​ប្រើ​ពាក្យ​ទាក់​ទិន​ទៅនឹង​ការ​រិះគន់​សម្ដេច​តេជោ ហើយ​សម្ដេច​តេជោ​ក៏ឆ្លើយ​តប​ទៅវិញ ថា​ជា​ការ​ព្រហើន​និង​មិន​សម​ជា​អ្នក​ការ​ទូត ហើយ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​បន្តិច​បន្តួច​មិន​ដឹង​ថា​ប៉ះ​ពាល់​កម្រិត​ណា​ទេ ប៉ុន្តែ​សម្រាប់​ឯកឧត្ដម​ផ្ទាល់ ឯកឧត្ដម​មានការ​សោក​ស្ដាយ​ទេ ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន​ទេ ហើយ​ខ្ញុំ​មិន​បាន​ឮ​ឯកឧត្ដម​ឆ្លើយ​ទេ​ថា​ឯកឧត្ដម​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​មីយ៉ាន់ម៉ា»។

លោក ​ហ៊ុន សែន ក៏​បាន​ធ្វើអន្តរាគមន៍​ភ្លាមៗ​កាត់​ថា៖ «សំណួរ​នេះ​គឺ​មិន​គួរ​ឆ្លើយ​ទេ ទាំង​ខ្ញុំ​ទាំង​ឯកឧត្ដម​នាយក​រដ្ឋ​មន្ត្រី​មិន​គួរ​ឆ្លើយ​ទេ។ វាបាន​កន្លង​ហួស​រួច​ស្រេច​ទៅ​ហើយ។ អ្វីៗ​ក៏​បាន​ដោះស្រាយចប់​សព្វ​គ្រប់​ទៅ​ហើយ។ ដូច្នេះ​ខ្ញុំ​គិត​ថា​មិន​មាន​ការ​ចាំ​បាច់​ដើម្បី​នឹង​បំភ្លឺ​ឆ្លង​ឆ្លើយ​បែប​នេះ​ហើយ​ក៏​មិន​គួរ​មាន​សំណួរ​បែប​នេះ​កើត​ឡើង​នោះ​ទេ»។

ថ្លែង​ដល់​ចំណុច​នេះ​លោក ហ៊ុន សែន បាន​សម្រេច​បិទ​បញ្ចប់​សន្និសីទ​កាសែត​រួម​តែម្ដង។​

កាល​ពី​ពាក់​កណ្ដាល​ខែ​មករា លោក Saifuddin Abdullah រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី បាន​ចេញ​មុខ​រិះគន់​ចំៗ​លើ​ដំណើរ​ទស្សន​កិច្ច​លោក​ហ៊ុន សែន ទៅ​ជួប​ក្បាល​ម៉ាស៊ីន​របប​សឹក​ភូមា​នៅ​រដ្ឋធានី​ណៃពិដោ ថា​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​បណ្ដា​រដ្ឋ​អាស៊ាន​ផ្សេង​ទៀត។​

លោក ហ៊ុន សែន ក៏បាន​តប​វិញ អំឡុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​Jokowi Widodo ដោយ​បរិហារ​ប្រមុខ​ការ​ទូត​ម៉ាឡេស៊ី​ថា​«ព្រហើន»​និង​មាន​ឥរិយាបថ​ខុស​បែប​បទ​ការ​ទូត។

នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob ដើរ​កាត់​ទង់ជាតិ​កម្ពុជា​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (AP)
នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob ដើរ​កាត់​ទង់ជាតិ​កម្ពុជា​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (AP)

នៅឯសន្និសីទ​កាសែតក្នុង​ទីក្រុង​ភ្នំពេញកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Ismail Sabri Yaakob ក៏​មិន​បាន​ឆ្លើយ​ចំៗទៅនឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​Fresh News នោះ​ទេ ជុំវិញ​ថា​លោក​គាំទ្រ​ឬ​មិន​គាំទ្រ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា​កាល​ពី​ខែមករា​ឬ​យ៉ាងណា​នោះ។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah ក៏​មាន​វត្តមាន​អម​ដំណើរ​នាយករដ្ឋមន្ត្រី​ខ្លួន​មកទីក្រុងភ្នំពេញ​ផង​ដែរ​ក្នុង​សប្ដាហ៍​នេះ​ហើយ​អំឡុង​ពិធី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា​នៅ​វិមាន​សន្តិភាព លោក​ក៏​អង្គុយ​រួម​តុ​តែ​មួយ​ជាមួយ​លោក​ហ៊ុន សែន​ លោក​ Ismail Sabri Yaakob លោក​ឧប​នាយក​រដ្ឋមន្ត្រី​ប៊ិន ឈិន ​របស់​កម្ពុជា​លោក​ ប៉ាន សូរស័ក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Mohamed Azmin Ali រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ាឡេស៊ី។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ដែល​បាន​ចែក​ចាយ​អំឡុង​ពេល​ថ្ងៃ​ត្រង់​កម្ពុជា​និង​ម៉ាឡេស៊ី​ស្នើ​ឱ្យ​មាន​ការ​អនុវត្ត​ពេញលេញ​នូវ​កិច្ច​ព្រម​ព្រៀង​ជា​ឯក​ច្ឆន្ធ​៥ចំណុច​ដែល​ប្រមុខ​របប​សឹក​ភូមា Min Aung Hlaing បាន​សន្យា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​កាលពី​ឆ្នាំ​មុន​សំដៅ​ទៅ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​នៃ​សភាពការណ៍​ហិង្សា​នយោបាយ​ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​ជាសមាជិក​អាស៊ាន​មួយ​នេះ។

អំឡុង​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន លោក​ប្រមុខ​ការ​ទូត​ម៉ាឡេស៊ី Saifuddin Abdullah បាន​ស្នើ​ប្រធាន​អាស៊ាន​ស្វះ​ស្វែង​រក​ការ​សន្ទនា​ជាមួយ​រដ្ឋាភិបាល​និរទេស​ខ្លួន​ប្រឆាំងនឹងរបប​សឹក​របស់​ភូមា ឬNUGផង តែ​សំណើ​នោះ​ត្រូវ​បាន​របប​សឹក​បរិហារ​តប​ដោយ​ហៅ​NUG ជា​ក្រុម​«ភេរវករ»។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​ក៏​បង្ហាញ​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ទីក្រុង​គូឡាឡាំពួរ​ដល់​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ប្រាក់​ សុខុន ទៅ​កាន់​ភូមា​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា​(អាស៊ាន)​នៅ​សប្ដាហ៍​ទីពីរ​ខែ​មីនា​ខាងមុខ៕

XS
SM
MD
LG