ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ថា​ វិធីសាស្រ្ត​រឹង​នឹង​មិន​អាច​នាំ​សន្តិភាព​ដល់​មីយ៉ាន់ម៉ា ​ទោះ​១០​ឆ្នាំ​ទៀត​ក៏​ដោយ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។

ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​អះអាង​ថា​វិធី​សាស្រ្ត​រឹង​ពេក​នឹង​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ឡើយ​បើ​ទោះ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ​ទៀត​ក៏​ដោយ។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​បញ្ជាក់​សាជា​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​ថា វិធីសាស្រ្ត​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​មិន​គួរ​រឹង​ពេក​ ហើយ​ក៏​មិន​គួរ​ទន់​ពេក​ឡើយ​ ខណៈ​ប្រទេស​មួយ​នេះ​គ្រប់គ្រង​ដោយ​របប​យោធា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​១​ឆ្នាំ​មក​ហើយ។​

លោក ​ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​៧​កន្លែង​ក្នុង​ខេត្ត​ក្រចេះ​និង​ព្រៃវែង​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន។​

លោក ​ហ៊ុន សែន​ ថ្លែង​ថា៖​ «រឹង​ពេក​ក៏​មិន​បាន​ទន់​ពេក​ក៏​មិន​បាន​...​ត្រូវ​រក​ចន្លោះ​កណ្តាល​មួយ​ទើប​អាច​ដោះ​ស្រាយ​បាន»។​

លោក ​ហ៊ុន សែន ​បន្ត​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​មេ​ដឹកនាំ​យោធា​កាល​ពី​ខែ​មករា​ដែល​លោក​យល់​ថា​នេះ​ជា​វិធីសាស្រ្ត​ទន់​មួយ​សម្រាប់​បើក​ផ្លូវ​ចរចា។​

លោក​បញ្ជាក់​បន្ថែម​ថា៖​«ផ្ទុយ​ទៅ​វិញ​ ដំណើរ​ស្វែង​រក​សន្តិភាព​មិន​មែន​ទៅ​ព្រឹក​មក​វិញ​បាន​ផល​ល្ងាច​ទេ​...​អត់​ទេ។ចាំ​មើល​ទៅ!ខ្ញុំ​វាយ​ក្រឡា​ទុក​ឲ្យ​៥​ឆ្នាំ​ទៀត។ ​បើ​សិន​ជា​ធ្វើ​របៀប​ហ្នឹង​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ​ទៀត!​ចាំ​មើល​ទៅ!​ ប្រសិន​បើ​ជា​បន្ត​ធ្វើ​ដំណើរ​ការ​បែប​នេះ។​ ប៉ុន្តែ​ខ្ញុំ​និយាយ​ក្នុង​នាម​កម្ពុជា​មិន​មែន​ជា​ប្រធាន​អាស៊ាន​ទេ។​ សូម​កុំ​ចង​ភ្ជាប់​ខ្ញុំ​ជាមួយ​នឹង​ប្រធាន​អាស៊ាន។​ ប៉ុន្តែ​ចក្ខុវិស័យ​របស់​ហ៊ុន សែន​ច្បាស់​ណាស់​ថាបើ​បន្ត​បែប​នេះ​ត​ទៅ​ទៀត​ ៥​ទៅ​១០​ឆ្នាំ​ទៀត​ប្រហែល​ជា​មិន​ទាន់​ឃើញ​ពន្លឺ​សន្តិភាព​នៅ​មីយ៉ាន់ម៉ា​ទេ»។​

លោក ​ហ៊ុន សែន​ ដែល​ចង់​នាំ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​វិញ​នោះ​បាន​បន្ថែម​ថា​ឥឡូវ​នេះ​វា​ស្ថិត​ក្នុង​«ស្ថាន​ភាព​ធ្វើ​ក៏​ខុស​មិន​ធ្វើ​ក៏​ខុស»។​

រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​ ពី​ដំបូង​ឡើយ​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​របស់​របប​យោធា​ចូលរួម​កិច្ច​ប្រជុំ​ប៉ុន្តែ​ត្រូវ​បាន​ជំទាស់​ដោយ​សមាជិក​អាស៊ាន​មួយ​ចំនួន​ដូច​ជា​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ជាដើម។ ​ប៉ុន្តែ​ក្រោយ​មក​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​អញ្ជើញ​តែ​មន្រ្តី​មិន​មែន​ថ្នាក់​នយោបាយ​ចូលរួម​តែ​ប៉ុណ្ណោះ។​ ការ​មិន​អញ្ជើញ​នេះ​គឺ​ដោយ​សារ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ប្រកាន់​ជំហរ​ថា​មិន​មាន​ការ​វិវឌ្ឍ​ចំណុច​ឯកភាព​ចំនួន​៥​ដែល​សម្រេច​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២១។​

ទោះ​ជា​យ៉ាង​ណា​លោក ​ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ថ្លែង​ថា​លោក​ទុក​ឲ្យ​សមាជិក​អាស៊ាន​ទាំង​អស់​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ប៉ុន្តែ​លោក​ថា​លោក​ក៏​មាន​បទ​ពិសោធន៍​មួយ​ផ្នែក​ក្នុង​ការ​ស្វែង​រក​សន្តិ​ភាព​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក ​ហ៊ុន សែន​ បន្ថែម​ថា​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មករា​ធ្វើ​ឡើង​មិន​មែន​មាន​ន័យ​ថា​ទទួល​ស្គាល់​របប​យោធា​ឡើយ​ តែ​លោក​ថា​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​អ្នក​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស។​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ដែល​ជា​ប្រមុខរដ្ឋ​មីយ៉ាន់ម៉ា ក្នុង​អំឡុងពេល​នៃ​ជំនួប​លោក​ទាំងពី​រ​នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ដែល​ជា​ប្រមុខរដ្ឋ​មីយ៉ាន់ម៉ា ក្នុង​អំឡុងពេល​នៃ​ជំនួប​លោក​ទាំងពី​រ​នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (AP)

លោក ​ហ៊ុន សែន​ ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថាកម្ពុជា​ប្រើ​«ការ​ទូត​ប្រថុយ​ប្រថាន»​ឬ​ភាសា​អង់​គ្លេស គេ​ហៅ​ថា ​Cowboy diplomacy។​

លោក​ថ្លែង​ថា៖​ «ក្នុង​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ធ្វើ​អត្ថាធិប្បាយ​ថា​ជា​ការ​ទូត​ប្រថុយ​ប្រថាន​ តើ​វា​ងាប់​ហើយ​ស្អី?​ខ្ញុំ​សូម​សួរ​តែ​មួយ​មាត់ តើ​វា​ងាប់​ហើយ​អី?​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ហើយ​ងាប់​ដោយ​សារ​ទស្សនកិច្ច​របស់​ខ្ញុំ?»​

អ្នកស្រី​បណ្ឌិត ​Astrid Norén-Nilsson ​អ្នក​ជំនាញ​កិច្ចការ​កម្ពុជា​នៅ​សាកល​វិទ្យាល័យ​Lund​ប្រទេស​ស៊ុយអែត​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​កាល​ពី​សប្តាហ៍​មុន​ថា​មិន​មាន​អ្នក​ណា​រំពឹង​ថា​កម្ពុជា​នឹង​ទទួល​ជោគជ័យ​លើ​កិច្ចការ​ធំ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដូច​ជា​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ឡើយ។​ អ្នកស្រី​បន្ថែម​ថា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​មាន​ទស្សនៈ​ថា​ការ​ទទួល​បាន​ជោគ​ជ័យ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្លាយ​ជា​បញ្ហា​មួយ​ដែល​កម្ពុជា​ត្រូវ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ទៅ​កាន់​អាស៊ាន​ដែល​ជា​ប្លុក​មួយ»។​

អ្នកស្រី​ Astrid​Norén-Nilsson ​យល់​ថា​យុទ្ធសាស្រ្ត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​បាន​ជួប​ជាមួយ​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក​ Min Aung Hlaing ​គឺ​ដើម្បី​ស្វះ​ស្វែង​កសាង​នូវ​«រូបភាព​លើ​ឆាក​អន្តរ​ជាតិ​ដែល​មាន​លក្ខណៈ​វិជ្ជមាន​មួយ»​និង​«ជា​កេរដំណែល»​សម្រាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​លោក​ចុង​ក្រោយ​នេះ។​

កាល​ពី​ថ្ងៃ​ចន្ទ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ចាត់​ទុក​ថាចំណាត់ការ​របស់​សមាគម​អាស៊ាន​មិន​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​របស់​ខ្លួន​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ជា​ការ​សម្រេច​មួយ​«មិន​អាច​ទទួល​យក​បាន​ឡើយ»។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។​ របប​សឹក​មីយ៉ាន់ម៉ា​ថែម​ទាំង​សម្រេច​មិន​បញ្ជូន​តំណាង​មិន​មែន​នយោបាយ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ផង​ដែរ។​ រដ្ឋាភិបាល​យោធា​នេះ​បញ្ជាក់​ថា​ការ​សម្រេច​មិន​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​ខ្លួន​គឺ​«ផ្ទុយ​នឹង​គោល​ការណ៍​និង​ការ​អនុវត្ត​នៃ​តំណាង​ស្មើ​ភាព​គ្នា​ក្នុង​អាស៊ាន»៕​

XS
SM
MD
LG