ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនកិច្ច​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​មក​កាន់​កម្ពុជា​ត្រូវ​បាន​ចាត់ទុក​ថា​ ជា​ឱកាស​ស្វែង​រក​ជំហរ​រួម​លើ​បញ្ហា​មីយ៉ាន់ម៉ា


នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Dato' Sri Ismail bin Yaakob ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ (AP)
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Dato' Sri Ismail bin Yaakob ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ (AP)

នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក ​ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ​(Dato' Sri Ismail bin Yaakob)​ អម​ដោយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៣-២៤​ ខែ​កុម្ភៈ​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី២១​ ខែ​កុម្ភៈ។​

ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ យល់​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​ជា​ឱកាស​មួយ​សម្រាប់​មេ​ដឹកនាំ​កម្ពុជា​និង​ម៉ាឡេស៊ី​ស្វែង​រក​គោលជំហរ​ ឬ​ចំណុច​រួម​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ក្រុម​យោធា​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​និង​ចាប់ចង​អ្នក​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​របប​យោធា។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​ជាសាធារណៈ​កាលពី​ថ្ងៃចន្ទ​ លោក នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ និង​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី ​លោក ​ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ​នឹង​ជួប​ពិភាក្សា​ពី​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ ដែល​រួម​មាន​ វិស័យ​ពាណិជ្ជ​កម្ម​និង​ការ​វិនិយោគ​សេដ្ឋកិច្ច-សង្គម ​ការពារ​ជាតិ​និង​សន្តិសុខ ​ក៏ដូច​ជា​ការ​ស្តារ​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក ​គិន ភា ​ថ្លែង​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​អាច​មាន​លក្ខណៈ​ល្អ​និង​ស្ថាបនា ​ ប្រសិន​បើ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ពីរ​អាច​យក​បញ្ហា​ខ្វែង​មតិ​គ្នា​មក​ពិភាក្សា​ ដើម្បី​យល់​ឲ្យ​ច្បាស់​ពី​គោល​បំណង​របស់​កម្ពុជា​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

«​វា​ជា​រឿង​សំខាន់​ ដែលប្រទេស​ទាំងពីរ​ជា​ពិសេស​កម្ពុជា​ ដែល​ជា​ប្រធាន​អាស៊ាន​ហ្នឹង​ គឺ​ចាំបាច់ ត្រូវ​ពន្យល់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត​ឲ្យ​យល់​ពី​គោលបំណង​ និង​សុឆន្ទៈ​របស់​ខ្លួន​ ក្នុង​ការ​រួម​ចំណែក​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ​ ពីព្រោះ​វប្បធម៌​ការងារ​របស់​យើង​ហ្នឹង​គឺ​ វប្បធម៌​កុងសង់ស៊ីស​ អ៊ីចឹង​ទេ​ របៀប​វារៈ ​ឬ​ក៏​សេណារីយ៉ូ​ណា​មួយ​ដែល​មិន​មាន​ការ​យល់​គ្នា​ជា​មុន​ហ្នឹង ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​រាំង​ស្ទះ»។​

លោក​ គិន ភា​ ក៏​បាន​បញ្ជាក់​ថា ​ លោក​សង្កេត​ឃើញ​ថា ​ ម៉ាឡេស៊ី ​ដែល​ជា​សមាជិក​ចាស់​និង​សហ​ស្ថាបនិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា អាស៊ាន​ ហាក់​ដូចជា ​មាន​ឥទ្ធិពល​ច្រើន​លើ​សេចក្តី​សម្រេច​នានា​បើ​បៀប​ធៀប​នឹង​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ចំណូល​ថ្មី​ក្រោយ​មក។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស ​និង​សហប្រតិ្តការ​អន្តរជាតិ​កម្ពុជា​នោះនាយក​រដ្ឋ​មន្រ្តី​កម្ពុជា​និង​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ម៉ាឡេស៊ី​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ​នានា ​ដែល​ជា​ផល​ប្រយោជន៍ ​និង​ក្តី​បារម្ភ​រួម​ផង​ដែរ។​

នៅ​ក្នុង​ការ​ថ្លែង​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ប្រាប់​ក្រុម​មន្ត្រី​កម្ពុជា​ជាន់ខ្ពស់​ថា​ នាយក​រដ្ឋមន្រ្តី​ ម៉ាឡេស៊ី​លោក ​ដាតុ ស្រ៊ី ​អ៊ីស្មាអែល ​សាប្រ៊ី ប៊ីន ​យ៉ាកុប ​នឹង​មក​ដល់​កម្ពុជា​ នៅ​ល្ងាច​ ថ្ងៃ​ពុធ ទី​២៣​ ខែ​កុម្ភៈ។ ​

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(Asian Vision Institute) ​លោក​ ឈាង វណ្ណារិទ្ធ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ ក្រៅ​ពី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ផ្នែក​ពាណិជ្ជ​កម្ម​និង​វិនិយោគ ​ គោលដៅ​មួយ​ទៀត​នៃ​ជំនួប​រវាង​មេ​ដឹកនាំ​កម្ពុជា​និង​ម៉ាឡេស៊ី​គឺ​ ដើម្បី​ពង្រឹង​សាមគ្គី​ភាព​ និង​បង្ហាញ​ជំហរ​រួម​ចំពោះ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

លោក​បាន​ថ្លែង​ថា៖​ «ហើយ​ទីពីរ​ទាក់ទង​នឹង​បញ្ហា​អាស៊ាន​ហ្នឹង​គឺ​ធ្វើ​យ៉ាង​ណា​យើង​ពង្រឹង​សាមគ្គីភាព​ផ្ទៃ​ក្នុង​របស់​អាស៊ាន ​ឲ្យ​បាន​រឹងមាំ​ ហើយ​ឲ្យ​មាន​ជំហរ​រួម​ទាក់ទង​នឹង​បញ្ហា​ភូមា។ ​ ហើយ​កន្លង​ទៅ​ យើង​ឃើញ​ថា​ ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​ គេ​ហៅ​ថា​ ផ្លាស់ប្តូរ​នូវ​ការ​យល់​ឃើញ ​ក៏ដូច​ជា ​ជំហរ​របស់​ខ្លួន​ទាក់ទង​នឹង​បញ្ហា​ភូមា​ ហើយ​តួនាទី​របស់​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ហ្នឹង​ដែរ»។​

កាល​ពី​ខែ​មករា ​រដ្ឋមន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​គួរ​តែ​ពិភាក្សា​ជាមួយ​មេ​ដឹកនាំ​អាស៊ាន ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ជួប​មេ​ដឹកនាំ​យោធា ​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹក​នាំ​ជាប់​ឆ្នោត។ ​ នេះ​បើ​តាម​សារ​ព័ត៌មាន​បរទេស​ដែល​បាន​ដក​ស្រង់​សម្តី​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី។

បើ​តាម​សារ​ព័ត៌មាន Al Jazeera ​លោក ​Saifuddin Abdullah ​រដ្ឋមន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី ​និយាយ​ថា ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​មួយ​ចំនួន ​មិន​យល់​ស្រប​នឹង​ដំណើរ​ទស្សន​កិច្ច​នេះ​ឡើយ​ ដោយ​បារម្ភ​ថា ​វា​អាច​ត្រូវ​បាន​មើល​ឃើញ​ថា ​ជា​ការ​ទទួល​ស្គាល់​ថ្នាក់​តំបន់​ការ​ដឹកនាំ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

នៅ​ពេល​ក្លាយ​ជា​ប្រធាន​អាស៊ាន​ចាប់​តាំង​ពី​ដើម​ខែ​មករា​មក​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បង្ហាញ​បំណង​របស់​លោក​ចង់​ឲ្យ​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​មួយ​ឆ្នាំ​មក​ហើយ​នោះ​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ផាត់​ចោល​ដោយ​មេ​ដឹកនាំ​អាស៊ាន​កាល​ពី​កន្លង​ទៅ។​

លោក ​ហ៊ុន សែន​ ថែម​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ជួប​ជាមួយ​មេ​ដឹកនាំ​យោធា​ផង​ដែរ។​ ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​នេះ​ត្រូវ​បាន​រិះគន់​ថា​ មិន​បាន​ពិភាក្សា​ជាមួយ​សមាជិក​ផ្សេង​ទៀត​ ហើយ​វា​បង្ហាញ​ការ​ទទួល​ស្គាល់​របប​សឹក​ភូមា។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាល​ពី​ពេល​កន្លង​មក បាន​អះអាង​ថា​ លោក​នឹង​រង់ចាំ​មើល​ថា​ តើ​ប្រធាន​សមាគម​អាស៊ាន​ក្រោយ​ទៀត​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ឬ​យ៉ាង​ណា​ដោយ​លោក​បាន​ការពារ​វិធី​សាស្រ្ត​«ទន់»​របស់​លោក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មួយ​នេះ៕

XS
SM
MD
LG