ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ថា​ ការ​ស្នើ​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​ក្រុម​ដែល​ខ្លួន​ហៅ​ថា​ជា​ភេរវករ​គឺ​ផ្ទុយ​នឹង​ធម្មនុញ្ញ​អាស៊ាន


រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​កាត់​ទង់ជាតិ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​​​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។ (REUTERS/Edgar Su)

ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ រិះគន់​ថា​ ការ​អំពាវនាវ​ឱ្យ​ប្រេសិត​ពិសេស​របស់​អាស៊ាន​ជួប​ជា​មួយ​អង្គភាព​មួយ​ចំនួន​ដែល​របប​យោធា​ប្រកាស​ថា​ ជា​ក្រុម​ភេរវករ​នោះ​គឺ​ជា​ការ​អំពាវនាវ​ដែល​ផ្ទុយ​នឹង​គោលការណ៍​ធម្មនុញ្ញ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​ប្រឆាំង​អំពើ​ភេរវកម្ម។​

អង្គភាព​ទាំង​នោះ​គឺ​សំដៅ​ទៅ​លើ​តំណាង​រដ្ឋាភិបាល​រួប​រួម​ជាតិ ​ដែល​ជា​រដ្ឋាភិបាល​ស្រមោល​បង្កើត​ដោយ​អ្នក​ប្រឆាំង​នឹង​របប​សឹក​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​និង​ភាគី​ពាក់ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​ស្រមោល។ ​

ការ​រិះគន់​របស់​របប​យោធា​មីយ៉ាន់ម៉ា​ធ្វើ​ឡើង​បន្ទាប់ពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ដែល​ពេល​នោះ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​លើក​ឡើង​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បេសកជន​ក្នុង​ការ​ជួប​ភាគី​ទាំងអស់​នៅ​ក្នុង​ជម្លោះ​នោះ។​ ចំណែក​រដ្ឋមន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពិភាក្សា​ជាមួយ​តំណាង​រដ្ឋាភិបាល​រួប​រួម​ជាតិ ​(NUG) ​ដែល​ជា​រដ្ឋាភិបាល​ស្រមោល​បង្កើត​ដោយ​អ្នក​ប្រឆាំង​នឹង​របប​សឹក​ភូមា​ដែល​មិន​បាន​បញ្ជូន​តំណាង​មិនមែន​ជា​តួ​អង្គ​នយោបាយ​មក​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មីៗ​នេះ។​

យោង​តាម​លិខិត​របស់​ក្រសួង​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ចុះ​នៅ​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​នេះ​ ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​កត់​សម្គាល់​ថា ​ ខណៈ​ពេល​ដែល​ការ​ពិភាក្សា​មួយ​ចំនួន​មាន​លក្ខណៈ​ស្ថាបនា​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​នោះ​ សមាជិក​ពីរ​នាក់​បាន​ស្នើ​បេសក​ជន​ពិសេស​គឺ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន​ជួប​ជាមួយ​សមាគម​ខុស​ច្បាប់​ និង​ក្រុម​«ភេរវករ»។​

ក្នុង​លិខិត​នោះ​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ ​ «ការ​ស្នើ​ឱ្យ​ប្រេសិត​ពិសេស​ជួប​ជា​មួយ​ក្រុម​បែបនេះ​ មិន​ត្រឹមតែ​ផ្ទុយ​នឹង​គោល​ការណ៍​នៃ​ធម្មនុញ្ញ​អាស៊ាន​ប៉ុណ្ណោះ​ទេ ​ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ប្រឆាំង​អំពើ​ភេរវ​កម្ម​ផង​ដែរ។​ក្នុង​ន័យ​នេះ ​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​សូម​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត ​ដល់​សមាជិក​ទាំង​ពីរ​រូប​នេះ ​កុំ​ប្រើប្រាស់​វេទិកា​អាស៊ាន​ដើម្បី​បញ្ចេញ​មតិ ​និង​សូមឱ្យ​លើក​ទឹកចិត្ត​ថ្កោល​ទោស​ចំពោះ​អំពើ​ភេរវ​កម្ម»។​

ចាប់​តាំង​ពី​របប​យោធា​បាន​ឡើង​កាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី១ ​ខែកុម្ភៈ ​ឆ្នាំ​២០២១ ​មក​យ៉ាងហោច​ណាស់​មាន​ពលរដ្ឋ​មីយ៉ាន់ម៉ា​ចំនួន​ជាង​១.៥០០​នាក់​ ក្នុង​នោះ​មាន​កុមារ​ផង​ដែរ ​ ត្រូវ​បាន​ក្រុម​យោធា​សម្លាប់ ​និង​មនុស្ស​ជិត​១២.០០០​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ។​នេះ ​បើតាម​តួលេខ​ចងក្រង​ដោយ​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​របស់​មីយ៉ាន់ម៉ា។

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ​ជុំ សុន្ទរី​ បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ ​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ​ លោក ​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា ​ សំណើ​ជួប​ឥស្សរ​ជន​ផ្សេង​ទៀត​ក្រៅ​ពី​មន្ត្រី​របប​សឹក​នោះ​គឺ​ អាស្រ័យ​ទៅ​លើ​របប​ក្រុង​ណៃពិដោ ​«សម្រួល​ឱ្យ​ជួប»។​

លោក​ ប្រាក់ សុខុន​បន្ថែម​ថា​លោក​មាន​គម្រោង​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​អាស៊ាន​ទៅ​កាន់​រដ្ឋធានី​ណៃពិដោ ​និង​ទីក្រុង​រ៉ង់ហ្គូន​ប្រទេស​ភូមា​ នៅ​សប្ដាហ៍​ទី​ពីរ​ ខែ​មីនា​ខាង​មុខ។​

សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ក្រោយ​កិច្ច​ប្រជុំ​ចង្អៀត​កាល​ពី​ថ្ងៃ​សុក្រ លើក​ឡើង​ថា​របប​សឹក​មីយ៉ាន់ម៉ា​ត្រូវ​បាន​អាស៊ាន​ស្នើ​ឱ្យ​ចាត់​វិធានការ​ពេញ​លេញ ​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​អាស៊ាន​ កាល​ពី​ខែ​មេសា​ឆ្នាំ​២០២១​ ដើម្បី​ស្ថាបនា​ផ្លូវ​ឈាន​ទៅ​បញ្ចប់​វិបត្តិ​រ៉ាំរ៉ៃ​ក្រោយ​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា​ ការ​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១។​

កិច្ច​ព្រម​ព្រៀង​ទាំង​ ៥​ចំណុច​ដែល​បាន​មូលមតិ​ជា​ឯកច្ឆន្ទ​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​នោះ​រួម​មាន ​ទី១ ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ​ហើយ​គ្រប់​ភាគី​ត្រូវ​បង្កើន​ការ​អត់ធ្មត់។ ​ទី២ ​ចាប់​ផ្ដើម​ការ​សន្ទនា​ប្រកប​ដោយ​ស្ថាបនា ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី។ ​ទី៣ ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នឹង​សម្រួល​ដល់​ការ​សម្រុះ​សម្រួល​ដំណើរ​ការ​រៀបចំ​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។ ​ទី៤ ​អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ​និង​ទី៥ ​ប្រេសិត​ពិសេស ​និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។​

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(Asian Vision Institute) ​លោក​ ឈាង វណ្ណារិទ្ធ ​លើក​ឡើង​ថា​ បញ្ហា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​កាន់​តែ​ពិបាក​ដោះ​ស្រាយ ​នៅ​ពេល​ដែល​របប​យោធា​មីយ៉ាន់ម៉ា​មិន​សហការ​ជាមួយ​អាស៊ាន​ដើម្បី​រក​ច្រក​ចេញ​ចេញ​ពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ។​ លោក​បន្ថែម​ថា ​ ដំណោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​របប​យោធា​នេះ​យល់​ព្រម​ឲ្យ​បេសក​ជន​ពិសេស​អាស៊ាន​ជួប​ជាមួយ​គ្រប់​ភាគី​ទាំងអស់។​

លោក​បញ្ជាក់​ថា៖​ «បើ​របប​សឹក​យោធា​គាត់​អត់​សហការ​ជាមួយ​នឹង​អាស៊ាន​ ជាមួយ​នឹង​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ក្នុង​ការ​អនុវត្ត ​five-point consensus​ [កិច្ច​ព្រម​ព្រៀង​ទាំង​៥​ចំណុច] ​ហ្នឹង​ទេ ​ វា​ពិបាក​នឹង​មាន​ផ្លូវ​ចូល​ដល់​អាស៊ាន។ ​ ហើយ​បើ ​special envoy ​[បេសកជន​ពិសេស] របស់​អាស៊ាន​ហ្នឹង​មិន​អាច​ជួប​រាល់​ភាគី​ពាក់ព័ន្ធ​ទាំង​ឡាយ​ក្នុង​ប្រទេស​ភូមា​គឺ​អត់​មាន​អត្ថន័យ​អី​ទេ ​ពីព្រោះ​ដើម្បី​រក​ដំណោះ​ស្រាយ​នយោបាយ ​ វា​ត្រូវ​ការ​ពិភាក្សា ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់»។​

របប​យោធា​មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ដែល​មាន​កម្ពុជា​ធ្វើ​ជា​ប្រធាន​នោះ​ទេ​បន្ទាប់​ពី​មាន​សមាជិក​អាស៊ាន​មួយ​ចំនួន​ស្នើ​មិន​ឱ្យ​តំណាង​របប​សឹក​នេះ​ចូល​ប្រជុំ​ ក្រោម​ហេតុ​ផល​ថា​ ​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ​ជាមួយ​អាស៊ាន ​ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថាន​ការណ៍​បែក​បាក់​ផ្ទៃ​ក្នុង​ក្នុង​ប្រទេស​ភូមា៕​

XS
SM
MD
LG