ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​សរសើរ​ប្រភព​ជំនួយ​ពី​ចិន ​ដែល​គោរព​តាម​ការ​ចង់​បាន​របស់​កម្ពុជា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (Reuters)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (Reuters)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ថ្លែង​សរសើរ​ជំនួយ​ហិរញ្ញប្បទាន​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានានៅ​កម្ពុជា ​ដែល​លោក​ហៅ​ថា​ ជា​ជំនួយ​មាន​«ចំណុច​ពិសេស»។​

លោក​ថ្លែង​ថា៖ ​«ចំណុច​ល្អ​ពិសេស​របស់​មិត្ត​ចិន​ គឺ​នៅ​ត្រង់​ថា​កន្លែង​ណា​ដែល​ជា​អាទិភាព​របស់​កម្ពុជា​ សុំ​ដាក់​គម្រោង​ហ្នឹង​ទៅ ​ដោយ​មាន​ការ​សិក្សា​ហ្មត់ចត់​ ​មិត្ត​ចិន​ផ្តល់​ឥណទាន​ដោយ​គោរព​នូវ​ការ​ចង់​បាន​របស់​កម្ពុជា។​ នេះ​ជា​ចំណុច​ពិសេស ​ដែល​ខុស​ប្លែក​ពី​កន្លែង​ដទៃ​ ពី​ប្រភព​ទុន​ដទៃ ​ដែល​យើង​ចង់​ទៅ​នេះ​ គាត់​ថា​ចង់​ទៅ​នោះ។ ​ចំណុច​វា​ខុស​គ្នា​គឺ​នៅ​កន្លែង​ហ្នឹង»។​

លោក ​ហ៊ុន សែន ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ ស្ទឹងត្រង់-ក្រូច​ឆ្មារ​ដែល​តភ្ជាប់​ខេត្ត​កំពង់ចាម​ទៅ​ខេត្ត​ត្បូង​ឃ្មុំ។ ​ គម្រោង​ស្ពាន​នេះ​ជា​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចិន​ ដែល​បាន​ចំណាយ​ថវិកា​អស់​ជិត​៥៧​លាន​ដុល្លារ​អាមេរិក។​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ក៏​បាន​សង្កត់​ធ្ងន់​ពី​សារៈ​សំខាន់​នៃ​ជំនួយ​ និង​កម្ចី​បរទេស ​ដែល​កម្ពុជា​ទទួល​បាន​មួយ​ភាគ​ធំ​ពី​ចិន ​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ។​

បើ​តាម​លោក ​ហ៊ុន សែន ​សំណង់​ផ្លូវ​៣​ពាន់​គីឡូ​ម៉ែត្រ​ នៅ​ក្នុង​ចំណោម​គម្រោង​សាង​សង់​ផ្លូវ​នៅ​កម្ពុជា​សរុប​ប្រវែង​ប្រមាណ​១៥.០០០​គីឡូ​ម៉ែត្រ ​និង​គម្រោង​សាងសង់​ស្ពាន​ចំនួន​១០ ​ក្នុង​ចំណោម​គម្រោង​សរុប​ប្រមាណ​២០ ​គឺ​ស្ថិត​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចិន។ ​ លោក​បន្ថែម​ថា​ លោក​នឹង​ដាក់​គម្រោង​ស្នើ​ទៅ​រដ្ឋាភិបាល​ចិន​បន្ថែម​ទៀត​ដើម្បី​សាង​សង់​ផ្លូវ​ និង​ស្ពាន​ក្នុង​ប្រទេស ​ដែល​លោក​ថា​ ជា​ចំណុច​អាទិភាព​នៃ​នយោបាយ​របស់​លោក។​

ក្រៅ​ពី​ជំនួយ​ចិន​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា ​លោក​ ហ៊ុន សែន​ បង្ហាញ​ក្តី​សង្ឃឹម​ថា​ កម្ពុជា​អាច​នាំ​ចេញ​ទំនិញ​បន្ថែម​ទៅ​ប្រទេស​ចិន ​ក្រោយ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន។​

លោក​ថ្លែង​ថា៖​ «នាយក​រដ្ឋមន្ត្រី​ចិន​បាន​និយាយ​ថា ​ ខិត​ខំ​ទិញ​ពី​កម្ពុជា​ដោយ​ត្រង់​ ដោយ​មិន​ឆ្លង​កាត់​ប្រទេស​ដទៃ​ ដែល​មុន​នេះ​ទំនិញ​របស់​កម្ពុជា​ មួយ​ចំនួន​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ចិន​គឺ​ឆ្លង​កាត់​ប្រទេស​ទី​បី។ ​ តែ​ឥឡូវ​ហ្នឹង​ ត្រូវ​ទៅ​ផ្ទាល់​ជាមួយ​នឹង​ការ​មក​ដល់​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​កម្ពុជា​ចិន​ផង​ និង​រវាង​ គេ​ហៅ​ថា ​ ភាព​ជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​តំបន់​នឹង​ចូល​នៅ​ថ្ងៃ​១​ មករា​ ឆ្នាំ​២០២២»។​

កម្ពុជា​និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​ (Free Trade Agreement) ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០ ​ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ចូល​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​ក្រោយ។​

លោក ​ហ៊ុន សែន ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ លោក​លម្អៀង​ទៅ​ប្រទេស​ចិន ​ហើយ​ចោទ​ជា​សំណួរ​ថា​ បើ​លោក​មិន​ពឹង​ចិន​ តើ​លោក​ពឹង​អ្នក​ណា?​ ទោះ​ជា​យ៉ាង​ណា​ លោក​ប្រកាស​ថា​ លោក​ក៏​ទទួល​ស្វាគមន៍​គម្រោង​កសាង​ពិភព​លោក​ឲ្យ​ប្រសើរ​ឡើង​វិញ​(Build Better Back) ​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​ ហើយ​លោក​សង្ឃឹម​ថា​ កម្ពុជា​នឹង​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ពី​គំនិត​ផ្តួច​ផ្តើម​មួយ​នេះ។​

លោក ​សេង សារី ​អ្នក​វិភាគ​នយោបាយ ​បាន​លើក​ឡើង​ថា​ ខណៈ​មាន​លំហូរ​ជំនួយ​ហិរញ្ញ​វត្ថុ​ជា​បន្ត​បន្ទាប់​ពី​រដ្ឋាភិបាល​ចិន ​មន្ទិល​ពាក់​ព័ន្ធ​នឹង​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​អាច​បង្ក​ជា​ផលវិបាក​ផង​ដែរ​សម្រាប់​កម្ពុជា និង​សន្តិសុខ​ក្នុង​តំបន់។​

លោក​ថ្លែង​ថា៖ ​«ឥទ្ធិពល​នៃ​ជំនួយ​ហិរញ្ញ​វត្ថុ​ ឥទ្ធិ​ពល​នៃ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​តិច​ ឬ​ច្រើន​ វា​មាន​ឥទ្ធិពល​ខ្លះ​ ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ដើម្បី​ធានា​នូវ​ផល​ប្រយោជន៍​ជាតិ។​ ក៏​ប៉ុន្តែ​អ្វី​ដែល​រដ្ឋាភិបាល​គួរ​តែ​ប្រុង​ប្រយ័ត្ន​នោះ​គឺ ​អន្តរាគមន៍ ​ឬ​ក៏​វត្តមាន​កង​ទ័ព​បរទេស​ណា​មួយ​នៅ​ប្រទេស​កម្ពុជា​ ព្រោះ​អា​ហ្នឹង​វា​ខុស​ហ្នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។​ ទី​ពីរ​វា​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​សន្តិសុខ​តំបន់​ និង​អន្តរជាតិ ​ដែល​អាច​ឲ្យ​ប្រទេស​មួយ​ចំនួន​ហ្នឹង​យក​កម្ពុជា​ជា​ទីលាន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​អំណាច​របស់​ខ្លួន​ និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​កម្ពុជា​ទាំង​មូល»។​

លោក​ក៏​បាន​កត់​សម្គាល់​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ជំរុញ​ពី​ក្រោយ​ ដោយ​ការ​កើន​ឡើង​នូវ​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន ​និង​លទ្ធភាព​ដែល​កម្ពុជា​អាច​ទាញ​ប្រយោជន៍​ពី​ការ​ប្រជែង​គ្នា​រវាង​មហា​អំណាច​ចិន​និង​សហ​រដ្ឋ​អាមេរិក ​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ផង​ដែរ។​

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ ស្ថានទូត​ចិន​នៅ​ភ្នំពេញ​បាន​បញ្ជាក់​ធានា​ថា​ ខ្លួន​មិន​បាន​រាយ​អន្ទាក់​បំណុល​ ដើម្បី​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ហើយ​ក៏​មិន​បាន​ស្វែង​រក​ការ​ដាក់​វត្តមាន​យោធា​នៅ​កម្ពុជា​ដែរ។ ​ ប៉ុន្តែ​អ្នក​វិភាគ​នៅ​បន្ត​ក្រើន​រំឭក​ថ្នាក់​ដឹកនាំ​កម្ពុជា​ឲ្យ​ដើរ​នយោបាយ​ចិន​ដោយ​ប្រយ័ត្ន​ប្រយែង។​

នៅ​ត្រឹម​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ​២០២០ ​កន្លង​ទៅ ​ កម្ពុជា​មាន​ទំហំ​បំណុល​ជំពាក់​បរទេស​សរុប​៨.៨០០​លាន​ដុល្លារ ​ដែល​ក្នុង​នោះ​មាន​៣.៩០១​លាន​ដុល្លារ ​ឬ​ស្មើ​នឹង​៤៤,២៨% ​ជំពាក់​ចិន។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា៕​

XS
SM
MD
LG