ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​រៀបចំ​បញ្ជូន​ឯកសារ​បន្ថែម​ទៅ​តុលាការ​ឡាអេ

  • គង់ សុឋានរិទ្ធ

តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ ​គ្រោង​ប្រកាស​សាលដីកា​ស្ដីពី​សវនាការ​ផ្ទាល់មាត់​លើ​សំណុំរឿង​ប្រាសាទ ​ព្រះវិហារ​នា​ចុងខែ​ តុលា ​ខាងមុខ។
ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​កម្ពុជា​នឹង​ដាក់​សំណុំ​ឯកសារ​ផែនទី​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ទប់ទល់​ក្តី​ជាមួយ​ប្រទេស​ថៃ។

លោក​ឡុង វិ​សា​លោ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍​នេះ​ថា​កម្ពុជា​នឹងដាក់​សំណុំ​ឯកសារ​នេះ​ទៅកាន់​តុលាការ​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុងឡាអេ ​ប្រទេស​ហូ​ឡង់​នេះ​យ៉ាងយូរ​បំផុត​នៅ​ថ្ងៃ​សុក្រ​នេះ។

«យើង​អាច​ដាក់​ថ្ងៃនេះ​ឬ​ថ្ងៃស្អែក។ យើង​នឹងដាក់​ឲ្យ​ទាន់ពេល​កំណត់​របស់គេ។ ឯកសារ​មាន​ផែនទី​ភ្ជាប់​ជាមួយ»។

លោក​ឡុង វិសាលោ ​ថ្លែង​ដូច្នេះ​ក្រោយពី​ពិធី​ចុះហត្ថលេខា​ជាមួយ​ឯកអគ្គរដ្ឋទូត​អ៊ុយ​រា​ហ្គា​យ ​ប្រចាំ​កម្ពុជា​លោក ជេ​រ៉ា​ដូ ប្រ៉ា​តូ រ៉ូ​ឌ្រី​ហ្គេ (Gerardo Prato Rodriguez) លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ការទូត​និង​ទិដ្ឋាការ​លើ​លិខិត​ឆ្លងដែន​មន្ត្រី​ផ្លូវការ​នៃ​ប្រទេស​ទាំងពីរ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ ICJនៅ​ទី​ក្រុងឡាអេ​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​ទី១៥​ដល់​ថ្ងៃទី១៩​ខែមេសា​នេះ​ស្តីពី​បណ្តឹង​ស្នើសុំ​បកស្រាយ​សាលដីកា​នៅ​ឆ្នាំ១៩៦២​ដែល​សម្រេច​ឲ្យ​ភាគី​កម្ពុជា​ឈ្នះក្តី​លើ​ប្រទេស​ថៃ​អំពី​សំណុំរឿង​ប្រាសាទ​ព្រះវិហារ។

សំណើ​នេះ​ធ្វើឡើង​ដោយ​ប្រទេស​កម្ពុជា ​ក្នុងការ​បកស្រាយ​ដើម្បី​ដឹង​ពី​ការកំណត់​ដែនដី​អធិបតេយ្យ​របស់​ប្រាសាទ​ចំណាស់​៩០០ឆ្នាំ​របស់​ខ្មែរ​នេះ​ខណៈ​ដែល​ប្រទេស​ថៃ​បាន​បញ្ជូន​កងទ័ព​ជាច្រើន​រយ​នាក់​ចូលលុកលុយ​ប្រាសាទព្រះវិហារ​កាលពី​ខែកក្កដា​ឆ្នាំ២០០៨។ ជាមួយ​នោះដែរ​ប្រទេស​ថៃ​បានទាមទារ​កាន់កាប់​ដែនដី​ទំហំ៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាំជណ្តើរ​ផ្លូវ​ចូល​ប្រាសាទ​ដែល​បើកមុខ​ទៅរក​ប្រទេស​ថៃ។

ក្នុង​សវនាការ​ផ្ទាល់មាត់​នោះ​ភាគី​ទាំងពីរ​បាន​បកស្រាយ​រៀងៗ​ខ្លួន​តាម​ផែនទី​ដែល​ខ្លួន​មាន។
ប៉ុន្តែ​ប្រទេស​កម្ពុជា​អះអាង​ថា​ភាគី​ថៃ​មិនបាន​ប្រើប្រាស់​ផែនទី​នៃ​ឆ្នាំ១៩០៧​និង​១៩០៩​ដែល​ទទួលស្គាល់​ក្នុង​សន្ធិសញ្ញា​បារាំង សៀម​នោះ​ទេ។

ក្នុង​នោះ​ដែរ​តុលាការ​អន្តរជាតិ​កំពូល​ខាង​លើ​នេះ​បានស្នើ​ឲ្យ​ប្រទេស​មាន​ជម្លោះ​ទាំងពី​ដាក់​ឯកសារ​សារណា​យ៉ាងយូរ​បំផុត​ត្រឹម​ថ្ងៃ​សុក្រ​ស្អែក​នេះ​ហើយ​កម្ពុជា​ទំនងជា​ត្រូវ​បញ្ជូន​សំណុំ​ឯកសារ​ទាក់ទង​នឹង​ផែនទី​ទាំងនេះ។

លោក​ឡុង វិសាលោ ​ឲ្យ​ដឹង​ថា​ក្រុមមន្ត្រី​កម្ពុជា​ត្រូវ​ប្រជុំគ្នា​អំពី​បញ្ហា​នៃ​ការបញ្ជូន​ឯកសារ​នេះ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ដដែល​នេះ។

លោក​កុយ គួង ​អនុ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មាន​ប្រសាសន៍​ថា​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណុច​លម្អិត​បន្ថែម​នៃ​សំណុំ​រឿង​នេះ​ទេ​ប៉ុន្តែ​លោក​បញ្ជាក់​ថា​កម្ពុជា​នឹង​បញ្ជូន​ឯកសារ​នានា​ទៅតាម​កាលកំណត់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

យោងតាម​សេចក្ដី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ឲ្យ​ដឹងថា​ភាគី​ថៃ​ក៏​នឹង​ផ្ញើ​ផែនទី ​រួមទាំង​សេចក្ដី​ពន្យល់​មួយចំនួន​របស់​ខ្លួន​ទៅកាន់​តុលាការ​ក្រុងឡាអេ​នៅ​ថ្ងៃទី២៦ ​ខែមេសា​ដែរ​ហើយ​កម្ពុជា​ក៏​នឹង​ធ្វើ​ការ​ឆ្លើយតប​ប្រឆាំង​នឹង​ភាគី​ថៃ​ទៅកាន់ ICJ ​នា​ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០១៣។
សូមបញ្ជាក់​ថា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ ​គ្រោង​ប្រកាស​សាលដីកា​ស្ដីពី​សវនាការ​ផ្ទាល់មាត់​លើ​សំណុំរឿង​ប្រាសាទ ​ព្រះវិហារ​នា​ចុងខែ​ តុលា ​ខាងមុខ៕
XS
SM
MD
LG